កម្ពុជាកំពុងយកចិត្តទុកដាក់បំផុសស្មារតីមហាជនឱ្យកាន់តែស្រលាញ់ និងគាំទ្រកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ តាមរយៈការខិតខំរៀបចំការប្រកួតកីឡាក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ ដើម្បីលើកកម្ពស់កិត្តិសព្ទកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែល្បីល្បាញថែមទៀតនៅលើឆាកអន្តរជាតិ។ ថ្លែងបើកការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ និងដណ្តើមខែ្សក្រវ៉ាត់ CBF លក្ខណៈអន្តរជាតិ នៅទីរួមខេត្តស្វាយរៀង នាល្ងាចថ្ងៃទី០១ វិច្ឆិកា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៏ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ថ្ងៃនេះ មិនត្រឹមនាំមកនូវភាពសប្បាយរីករាយ និងជួយលើកកម្ពស់ស្មារតីសន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាព និងសហប្រតិបត្តិការរវាងគ្នានិងគ្នាក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យកីឡា ដែលជាឱកាសសម្រាប់ការផ្លាស់ប្តូរទាំងបច្ចេកទេស និងបទពិសោធន៍ក្នុងការប្រកួតក្បាច់គុនបុរាណ ដែលជាមរតកនៃសិល្បៈការពារខ្លួនរបស់ប្រជាជាតិខ្មែរ...