បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ ១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅ ៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដង ៗ ។ នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូនកូនចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ ។ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះ គេហៅថា “ កាន់បិណ្ឌ” ។ ពាក្យថាបិណ្ឌ មកពីពាក្យបាលីថា “ បិណ្ឌៈ” មានន័យថា “ ដុំបាយ” ។ ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័ន ដែលទ្រង់សោយរាជសម្បត្តិក្នុងរវាង គ.ស. ៨៨៩ ដល់ ៩១០ យើងដឹងថា នៅក្នុងអាវាសជាច្រើនដែលព្រះអង្គទ្រង់បានកសាង គេតែងធ្វើពិធីបូជាបាយ...