សម្តេចតេជោ ហ៊ុន សែន រំលឹកក្នុង ហ្វេសប៊ុក ពីដំណើរការចរចារ រហូតសម្រេចបានជាកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស (២៣/១០/១៩៩១-២៣/១០/២០១៥)
អត្ថបទ៖ CNV ១៩ តុលា ២០១៥ ថ្ងៃ ១៩ តុលាសម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវកាលប្បវត្តិ ស្តីពី ការស្វែងរកការចរចាជាមួយព្រះ នរោត្តម សីហនុ ដំណាក់កាលនានានៃការចរចា រហូតដល់សម្រេចបានជា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅថ្ងៃ ២៣ តុលា ១៩៩១ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ នៅប៉ុន្មានថ្ងៃទៀតទេ ខួបលើកទី ២៤ នៃកិច្ចព្រមព្រៀងប៉ារីស (២៣/១០/១៩៩១-២៣/១០/២០១៥) នឹងឈានមកដល់។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានរំលឹកខ្លះៗ ពីប្រវត្តិពាក់ព័ន្ធទៅនឹងដំណើរការរកសន្តិភាពនៅកម្ពុជា។ ដោយយល់ឃើញថា ការបន្តសង្គ្រាមមានតែធ្វើឲ្យប្រជាជនរងទុក្ខវេទនាតែប៉ុណ្ណោះ និងក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនាសម័យនោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយមួយ។ ដើម្បីសម្រេចបាននូវដំណោះស្រាយនយោបាយ តម្រូវការចាំបាច់ត្រូវតែមានការចរចា។ ឆ្នាំ ១៩៨៤ នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ស្ថិតនៅជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស មានការរៀបចំជំនួបមួយ រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស ប្រទ...