សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកំពង់ឆ្នាំង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងជាសាធារណៈអំពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកំពង់ឆ្នាំង ដើម្បីជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង នៅអំឡុងឆ្នាំ២០២៥ ឬក៏ឆ្នាំ២០៣០ខាងមុខ។ ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋ នៅស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ដែលជាអតីតព្រលានយន្តហោះ នៅខេត្តកំពង់ឆ្នាំង កាលពីសម័យមុននោះ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១២ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា "ខ្ញុំសូមជម្រាបថា ចក្ខុវិស័យ នៃអាកាសយានដ្ឋានអន្តរជាតិ ដែលនឹងត្រូវធ្វើ ដែលខ្ញុំនិយាយថា មិនបញ្ចេញឈ្មោះនោះ ឥឡូវសូមបញ្ចេញឈ្មោះទៅចុះ គឺកំពង់ឆ្នាំងនឹងឯង។ យើងមិនអាចប្រើប្រាស់ពោធិ៍ចិនតុង ( ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ) នៅក្រោយឆ្នាំ២០៣០ ទៀតទេ។ អាចថា ២០២៥ ឬ២០៣០ អាចថា មកធ្វើនៅហ្នឹង ហើយដែលភ្ជាប់ទំនាក់ទំនងជាមួយក្រុងភ្នំពេញ ក្នុងរយៈចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ព្រោះនឹងមានអារថភ្លើងល្បឿនលឿន និងមានអាអូតូរ៉ូដ ( Auto Road ) ស្អីៗដទៃទៀត"។ ...