បទសម្ភាសន៍លោកសាស្ត្រាចារ្យបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ ដា គណនេយ្យ ស្តីពីនយោបាយពន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១ លោកជុំ កុសល សំណួរ៖ ពាក់ព័ន្ធទៅនឹងរឿងពន្ធដារ សូមលោកសាស្ត្រាចារ្យបណ្ឌិតជួយពន្យល់ប្រជាពលរដ្ឋបន្តិចបាទ ដូចម្តេចដែលហៅថាពន្ធ? លោកសាស្ត្រាចារ្យបណ្ឌិត ហេង វ៉ាន់ដា ចម្លើយ៖ ហេតុដូចម្តេចបានជាខ្ញុំយល់ដឹងច្រើនអំពីបញ្ហាពន្ធនេះ ពីព្រោះថាខ្ញុំមានអាជីពជាអតីតអ្នកធ្វើការខាងពន្ធដារតាំង ពីឆ្នាំ១៩៨២ រហូតដល់ឆ្នាំ២០០៤ គឺរយៈពេល២២ឆ្នាំ។ពន្ធនេះវាមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយ គណនេយ្យ និងសវនៈកម្មនេះតែម្តង បើសិនជាយើងមិនចេះគណនេយ្យក៏យើងមិនយល់ពីបញ្ហាពន្ធ ហើយបើយើងរៀនអំពីពន្ធ តែយើងមិនចេះគណនេយ្យក៏អត់កើតដែរ ទាំងពីរនេះគឺស្ទើរតែផ្សារសាច់ផ្សារឈាមចូលគ្នា គឺត្រូវចេះទាំងពីរ។ ដូចម្តេចដែលហៅថាពន្ធ? ពន្ធគឺជាចំនួនទឹកប្រាក់ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ច ដកទឹកប្រាក់របស់ខ្លួនមួយចំនួន ដើម្បីបង់ជូនរដ្ឋ ដើម្បីរដ្ឋយកប្រាក់នេះទៅធានាចំណាយសាធារណៈ ចំណាយទូទៅរបស់រដ្ឋ របស់ជាតិ។ បើយើងមើលប្រវត្តិរបស់ពន្ធកន្លងមក គឺមានប្រវត្តិជាយូរលង់...