ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងរាជាណាចក្រថៃត្រូវតែផ្អែកទៅលើកិច្ចព្រមព្រៀង នានា ដែលចុះហត្ថលេខា ដោយតំណាងភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងទាំងនោះ។ នៅក្នុងឆ្នាំ១៩០៤ និង ១៩០៧ នៅពេលដែលកម្ពុជាស្ថិតក្រោម អាណាព្យាបាលរបស់បារាំង កិច្ចព្រមព្រៀង នានារវាងបារាំង និងសៀម មានជាអាទិ៍អនុសញ្ញាក្នុងឆ្នាំ១៩០៤ និងជាពិសេសសន្ឋិសញ្ញា ឆ្នាំ១៩០៧ ត្រូវនៅក្រោមបទដ្ឋានច្បាប់អន្ដរជាតិ។ ក្នុងឆ្នាំ២០០០ អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីខ័ណ្ឌសីមាព្រំដែនគោកត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងថៃដែលជារដ្ឋអធិបតេយ្យពីរ ជាសមាជិកអាស៊ាន និងជាសមាជិករបស់អង្គការសហប្រជាជាតិ។ អនុស្សរណៈ ឆ្នាំ២០០០ នេះមានតម្លៃគតិយុត្តិដែលត្រូវគោរពតាម។
ប្រសិនបើអ្នកនយោបាយថៃទាំងអស់ រួមទាំងនាយករដ្ឋមន្ដ្រី អាប់ភីស៊ីត វេចាជីវ៉ា ដឹកនាំ រដ្ឋាភិបាលថៃប្រកបដោយ សេចក្ដីថ្លៃថ្នូរជាអន្ដរជាតិ ដោយគោរពតាមខ្លឹមសារ និងស្មារតីនៃកិច្ច ព្រមព្រៀង អន្ដរជាតិទាំងអស់ដែលមាន និងកំពុងតែចូលជា ធរមានពេញលេញនោះ ទំនាក់ ទំនងរវាងកម្ពុជា និងថៃនឹង តែងតែជាទំនាក់ទំនងប្រកបដោយក្ដីសង្ឃឹម សម្រាប់ការអភិវឌ្ឍ និង អន្ដរសកម្មដោយសន្ដិវិធីរវាងប្រជាជន កម្ពុជានិងប្រជាជនថៃ ដែលរស់នៅតាមបណ្ដោយព្រំដែនរួមគ្នារវាងប្រជាជាតិទាំងពីរ និង រវាងរដ្ឋាភិបាល ទាំងពីរ។ ប៉ុន្ដែអ្នកនយោបាយថៃខ្លះ រួមទាំង អាប់ភីស៊ីត វេចាជីវ៉ា គឺមានប្រពៃណីជាអ្នកជាតិនិយម ឬជា អ្នក ជាតិនិយមជ្រុលក្នុង មហិច្ឆិតា ដណ្ដើមទឹកដីកម្ពុជា។ ឥរិយាបថប្រភេទនេះគឺជាបុព្វហេតុនៃជម្លោះ និងជួនកាល គឺជាបុព្វហេតុនៃ ការប៉ះទង្គិចគ្នាផ្នែកយោធារវាងប្រទេសទាំងពីរ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ទាហានរបស់ថៃបានឈ្លានពានប្រទេស កម្ពុជា និងបានកាន់កាប់ទឹកដីក្បែរប្រាសាទព្រះវិហារ រួមមានវត្ដកែវ សិក្ខាគីរីស្វារៈ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ ទាហាន ថៃបានវាយប្រហារទៅលើទី តាំងផ្សេងៗ របស់ប្រទេសកម្ពុជានៅវាលឥន្ទ្រីយ៍ ភ្នំទ្រព្យ និងវត្ដកែវសិក្ខាគីរីស្វារៈ។ នៅខែមេសា ឆ្នាំ២០០៩ កងទ័ពថៃ បានប្រើប្រាស់អាវុធធុនធ្ងន់វាយប្រហារ និងដុតឲ្យរាបដល់ដីភូមិផ្សារដែលស្ថិតនៅក្បែរជណ្ដើរ ខាងជើង ប្រាសាទព្រះវិហារ បានបង្កឲ្យមានវិនាសកម្ម ដែលមិនធ្លាប់មានពីមុន មកដល់ ប្រជាជនកម្ពុជាចំនួន ៣១៩គ្រួសារ ហើយនិងបំផ្លាញ ផ្នែកខ្លះនៃប្រាសាទព្រះវិហារទៀតផង។
ជំហររបស់ព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលគឺមានភាពច្បាស់លាស់និងរឹងមាំថា រវាងកម្ពុជានិង ថៃមានខ្សែបន្ទាត់ព្រំដែន អន្ដរជាតិចុងក្រោយ និងមានស្ថិរភាព ដែលត្រូវបានកំណត់ដោយ គណៈកម្មការ ចម្រុះ ដែលមានសមាសភាពមន្ដ្រីបារាំង និង សៀម ដែលបានបង្កើត ឡើងក្រោម នៃអនុសញ្ញាឆ្នាំ១៩០៤ ដែលបានព្រមព្រៀង និងចុះហត្ថលេខាដោយ បារាំងនិងសៀម ទទួល ស្គាល់ដោយបារាំង និងសៀម និង ទទួលស្គាល់ដោយបណ្ដាប្រទេសមហាអំណាចពិភពលោក បណ្ដាប្រទេសជាច្រើន និង សហគមអ្នក បោះពុម្ពផែនទីជាច្រើនទៀតនាពេលនោះ។ ដូចនេះ ពុំមានទាល់តែសោះនូវតំបន់ត្រួតស៊ីគ្នា ឬតំបន់មានវិវាទ នៅក្នុងតំបន់ក្បែរប្រាសាទព្រះវិហារ ដោយផ្អែកទៅលើផែនទីដងរែក ដែលត្រូវបានគេស្គាល់ ផងដែរថា ជាផែនទីឧបសម្ព័ន្ឋ ១ នៅសាលក្រមរបស់តុលាការយុត្ដិធម៌អន្ដរជាតិនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ យោងតាម កត្ដាខាងលើ កម្ពុជាអាចប្រើប្រាស់ និងបង្ហាញនូវអធិបតេយ្យរបស់ខ្លួនក្រោម រូបភាពបែប ណាក៏ដោយ ដែលកម្ពុជាចង់ធ្វើនៅលើទឹកដីទាំងអស់របស់ព្រះរាជាណាចក្រ កម្ពុជា ជាពិសេស នៅលើខ្សែព្រំដែនខាងកម្ពុជា ដែលបានគូសនៅលើផែនទីដងរែក ឬផែនទីឧបសម្ព័ន្ឋ ១។
វាគឺជាសេចក្តីប្រកាសបែបប្រមាថ ដែលបានធ្វើឡើងដោយនាយករដ្ឋមន្រ្តី អាប់ភីស៊ីត វេចាជីវ៉ា នៃរាជា ណាចក្រថៃ ដូចដែល បានចេញផ្សាយដោយសារព័ត៌មានដឺណេសិន នៅថ្ងៃទី២៨ ខែមករា ថា “ប្រសិនបើមាន ទង់ជាតិកម្ពុជា (បង្ហូតឡើងនៅវត្តកែវ សិក្ខាគីរីស្វារៈ)វាត្រូវតែដក ចេញវិញ”។ អាប់ភីស៊ីត វេចាជីវ៉ា ត្រូវតែ ដកសេចក្តីប្រកាស ដែលមិនអាចទទួលយកបាននេះចេញវិញ ពីព្រោះវត្តនេះស្ថិតនៅចំងាយប្រមាណជាង៣០០ម៉ែត្រ ខាងលិចប្រាសាទព្រះវិហារ និងប្រមាណជា ៧០០ម៉ែត្រពីបន្ទាត់ ព្រំដែនខាងក្នុងប្រទេស កម្ពុជា។
វាបាន ក្លាយទៅជាទម្លាប់ទៅហើយនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺនៅពេលដែលប្រទេស ថៃធ្លាក់ទៅក្នុងការប្រឈម មុខរវាងបក្ស និងបក្ស និងជម្លោះផ្ទៃក្នុងរវាងរដ្ឋាភិបាលក្រុមអាវលឿង បណ្តាញអ្នក ជាតិនិយមថៃនិកាយសន្តិអាសោក រឺក្រុមអាវ ក្រហម។ អ្វីដែលពួកគេតែងតែគិត នោះ គឺយកប្រទេស កម្ពុជា ធ្វើជាចំណាប់ខ្មាំង។ នាយករដ្ឋមន្រ្តី អាប់ភីស៊ីត វេចាជីវ៉ា បង្ករឿង ដដែលៗ នៅពេលដែលខ្លួនបានចេញសេចក្តីប្រកាសបែបប្រមាថ និងមិនអាចទទួលយកបាន ដែលមិនត្រឹមតែបង្ហាញនូវសកម្មភាព ប្រទូស្តរាយយ៉ាង ច្បាស់ក្រឡែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញទង្វើដើម្បីជាលេសសំរាប់ឈ្លានពានកម្ពុជាថែមទៀតផង។
(Waddhana P, អ្នកស្រាវជ្រាវ និងវិភាគជាន់ខ្ពស់ពីទំនាក់ទំនងកម្ពុជា-ថៃ នៃវិទ្យាស្ថានកិច្ចការអន្តរជាតិកម្ពុជា)