សម្រង់ព័ត៌មានក្នុងវេទិកាបញ្ញាជនរបស់ទូរទស្សន៍ CTN រវាង លោក បណ្ឌិត ឈឹម ផលវរុណ ជាមួយ លោក ជុំ កុសល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១
លោក ជុំ កុសល
សំណួរ៖ លោក ប្រែដ អាដាម ដែលជានាយកអង្គការ Human Right Watch ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៅអាស៊ីប៉ាស៊ីហ្វិក បានលើកចំៗសំដៅមកលើប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាការដឹកនាំប្រទេសយូរទៅធ្វើឲ្យមានអំណាចផ្តាច់ការ មិនគោរពសិទ្ធមនុស្ស ហើយ សុំឲ្យចុះចេញពីតំណែង និងរៀបចំបោះឆ្នោតជាថ្មីឡើងវិញ ឲ្យមានលក្ខណៈសេរីយុត្តិធម៌ និងការដឹកនាំយូរទៅធ្វើឲ្យគណបក្សប្រឆាំងកាន់តែចុះខ្សោយជាដើម។ស្របពេលនេះដែរជាមួយនឹងព្រឹត្តិការណ៍នៅប្រទេស ទុយនេស៊ី ក៏មានអ្នកវិភាគនយោបាយនៅក្រៅប្រទេសមួយចំនួននោះបានលើកយកបញ្ហានេះមកផ្សព្វផ្សាយថាឲ្យកម្ពុជាមើលគំរូនៅប្រទេស ទុយនេស៊ី ដែលទិដ្ឋភាពនេះគឺមានការផ្ទុយគ្នាស្រឡះពីកម្ពុជា។ទាក់ទងនឹងបញ្ហានេះតើលោកបណ្ឌិតយល់ឃើញយ៉ាងណាដែរ?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-បាទ សូមអរគុណ រឿងបុគ្គលដែលជាជនបរទេសទោះបីជាខ្លួនពាក់ផ្លាកជាអង្គការសិទិ្ធមនុស្សអ្វីក៏ដោយ អ្នកទាំងនោះមិនមែនជាអ្នករែកពន់ នូវការទទួលខុសត្រូវ និងសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ហើយប្រជាពលរដ្ឋខ្មែរបានចាត់ទុកនូវទស្សនៈរបស់លោក ប្រែដ អាដាម នេះគឺជាទស្សនៈគ្មានសុភវិនិច្ឆ័យ និងគ្មានឧត្តមគតិសម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ គឺគ្រាន់តែជាទស្សនៈនៃការស្អប់រាជរដ្ឋាភិបាល ស្អប់ប្រជាជនខ្មែរ និងកាន់ជើងចំពោះគណបក្សប្រឆាំងតែប៉ុណ្ណោះ។លោកប្រែដ អាដាម និងសហសេវិករបស់គាត់គឺមិនដែលឲ្យតម្លៃដល់កម្ពុជាតាំងពីដើមមកម្លេះ។គាត់មិនបានជួយអ្វីដល់ប្រជាពលរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញ គាត់គ្រាន់តែបានចូលរួមអូសទាញពួកវង្វេងមួយចំនួន ឲ្យប្រឆាំងនឹងភាពរីកចម្រើនរបស់រដ្ឋាភិបាលទៅវិញ។ អ្នកដែលចូលរួមជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋគឺមានតែគណបក្សប្រជាជនកម្ពុជាទេ គឺយើងបានជួយប្រជាជនតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩មក។
-ហេតុអ្វីបានជាលោក ប្រែដ អាដាម និងក្រុមគណបក្សប្រឆាំងមិនទទួលស្គាល់នូវសុភវិនិច្ឆ័យនៃភាពរីកចម្រើននៅកម្ពុជា ពីព្រោះគាត់មិនមែនជាអ្នកសិទ្ធិមនុស្សទេ នេះគឺខ្ញុំហ៊ានអះអាង។កន្លងមកការវិនិច្ឆ័យនូវសិទ្ធិមនុស្សរបស់គាត់តាមបែបទស្សនវិជ្ជាគឺមិនមាននិយាយអំពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហមនោះទេ។បើសិនជាអ្នកណាក៏ដោយដែលគិតថាខ្លួនជាអ្នកសិទ្ធិមនុស្សគឺខ្លួនត្រូវហ៊ានទទួលស្គាល់ និងហ៊ានឲ្យតម្លៃនូវការរស់ឡើងវិញនៃប្រជាជាតិខ្មែរ។
-ឥឡូវនេះដោយសារតែគាត់ចង់ឲ្យគណបក្សប្រឆាំងដ៏គ្មានសមត្ថភាពនោះមកដឹកនាំប្រទេសឲ្យរលត់រលាយ នៅពេលដែលប្រជាពលរដ្ឋខ្មែរមិនគាំទ្រគណបក្សប្រឆាំងផង ហើយប្រជាជនកាន់តែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនទៅៗនោះ បានធ្វើឲ្យពួកគេក្តៅក្រហាយណាស់។ដូច្នេះគណបក្សប្រឆាំង ក្រុមអង្គការប្រឆាំង និងជនបរទេសឯកជនដែលប្រឆាំងនោះ គេមិនសប្បាយចិត្តនឹងការដឹកនាំរបស់រាជរដ្ឋភិបាល គេមិនសប្បាយចិត្តនឹងប្រជាពលរដ្ឋដែលមិនព្រមបោះឆ្នោតផ្លាស់ប្តូរឲ្យពួកក្រុមនិន្នាការប្រឆាំងរបស់គេបានដឹកនាំប្រទេស។ពួកគេបានចោទប្រកាន់ថាការបោះឆ្នោតសុទ្ធតែអយុត្តិធម៌ មិនត្រឹមត្រូវ។ប្រសិនពួកគេយល់ថាខ្មែរធ្វើការស្ទង់មតិពួកគេមិនឲ្យតម្លៃ ឥឡូវអង្គការបរទេសសហរដ្ឋអាមេរិក គឺអង្គការ IRI គេធ្វើការស្ទង់មតិ ក៏អង្គការនេះស្ទង់ឃើញថាគណបក្សប្រជាជនមិនដែលចាញ់ម្តងណានោះទេ ហើយក៏មិនដែលស្ទង់ឃើញថារាជរដ្ឋាភិបាលដើរលើផ្លូវខុសនោះទេ។លទ្ធផលសុទ្ធតែគាំទ្ររាជរដ្ឋាភិបាល ទទួលស្គាល់ការដឹកនាំប្រទេសតាមរយៈរាជរដ្ឋាភិបាលបានដើរលើផ្លូវត្រូវដែលមានការគាំទ្រជាង៧០% គឺរហូតដល់៧៦% គឺដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយការស្ទង់នេះក៏វាមិនខុសប៉ុន្មានទៅនឹងលទ្ធផលនៃការបោះឆ្នោតនោះទេ។វិទ្យាស្ថានពលរដ្ឋវិជ្ជាក៏បានធ្វើការស្ទង់មតិនេះដូចគ្នា ហើយលទ្ធផលក៏មិនខុសគ្នាដែរ។ក្រោយពីការស្ទង់មតិនេះអង្គការ IRI បានឲ្យតម្លៃចំពោះមុខរាជរដ្ឋាភិបាលថាមានការគាំទ្ររហូតដល់៧៦% ក្នុងការដឹកនាំប្រទេស និងការអភិវឌ្ឍប្រទេស មានន័យថារាជរដ្ឋភិបាលកម្ពុជាកំពុងដើរលើផ្លូវត្រូវ ដូច្នេះយើងត្រូវទទួលស្គាល់ទាំងអស់គ្នា។តួលេខនេះប្រសិនបើមានការបោះឆ្នោតនាពេលនេះគឺគណបក្សប្រជាជនកម្ពុជា នឹងទទួលបាន៩៦អសនៈ ។ រីឯការស្ទង់មតិរបស់វិទ្យាស្ថានពលរដ្ឋវិជ្ជានាពេលថ្មីៗនេះដែរគឺគណបក្សប្រជាជនកម្ពុជាអាចទទួលបានដល់៩៩អសនៈឯណោះបើសិនជាមានការបោះឆ្នោតនៅឆ្នាំ២០១០កន្លងទៅ។
លោក ជុំ កុសល
សំណួរ៖ នៅក្នុងពិភពលោកយើងបច្ចុប្បន្ននេះ នៅក្នុងសង្គមប្រជាធិបតេយ្យតាមបែបសភានិយមពុំទាន់មានប្រទេសណាមួយគេកំណត់អាជ្ញាយុកាលអំណាចឬអាណត្តិរបស់នាយករដ្ឋមន្ត្រីទេ គឺមួយជីវិតឲ្យតែប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ មាន័យថា បើប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺបានន័យថាបោះឆ្នោតគាំទ្រសម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តហើយ ។ប៉ុន្តែនៅពេលដែលជនបរទេសម្នាក់គឺលោក ប្រែដ អាដាម បានទាមទារឲ្យសម្តេច ហ៊ុន សែន ចុះចេញពីអំណាច និងធ្វើការបោះឆ្នោតឡើងវិញបែបនេះប្រជាជនកម្ពុជាបានចាត់ទុកថា គាត់គឺជាមនុស្សសរសៃប្រសាទ ហើយក៏មានគណបក្សប្រឆាំងមួយចំនួនខំបន្ទរនូវបញ្ហានេះផងដែរ ។ដូច្នេះបើតាមនីតិវិធីនៃលទ្ធិប្រជាធិបតេយ្យតាមបែបសភានិយម តើអំណាចនាយករដ្ឋមន្ត្រីត្រូវមានការកំណត់ដូចអ្វីដែលគេស្រែកឡើងឬទេ? ហើយតើវាសមស្របទៅនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដឬទេ? សូមលោកបណ្ឌិតជួយធ្វើអត្ថាធិប្បាយ បាទ។
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ បាទ សូមអរគុណ ត្រង់ចំណុចនេះហើយដែលបងប្អូនប្រជាពលរដ្ឋត្រូវយល់ អំពីប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសពីរបែបខុសគ្នា គឺមួយតាមបែបប្រជាធិបតេយ្យប្រធានាធិបតីនិយម និងមួយទៀតតាមបែបប្រជាធិបតេយ្យសភានិយម ។ ជាគោលការណ៍តាមទ្រឹស្តីនីតិរដ្ឋធម្មនុញ្ញ ក៏ដូចជាទ្រឹស្តីវិទ្យាសាស្ត្រនយោបាយ ហេតុផលចាំបាច់ក្នុងការកំណត់នូវអាណត្តិនយោបាយ និងអាណត្តិបុគ្គលសម្រាប់ឈរឈ្មោះ តំណែងជានាយករដ្ដមន្ត្រី ឬជាប្រធានាធិបតីនេះ គឺគេមានហេតុផលជាក់លាក់របស់គេ។ យើងឃើញថានៅក្នុងរបបប្រជាធិបតេយ្យប្រធានាធិបតីនិយម ប្រជាពលរដ្ឋបោះឆ្នោតឲ្យបុគ្គល តែបុគ្គលនោះមានអំណាចទាំងអស់ គឺទាំងអំណាចប្រមុខរដ្ឋាភិបាល ប្រមុខយោធា ប្រមុខការទូត រួមនិងអំណាចវិនិច្ឆ័យក្តី តែងតាំងចៅក្រម ក៏ប្រធានាធិបតីកាន់ទាំងអស់។ដូច្នេះអំណាចទាំងអស់ប្រមូលផ្តុំនៅក្នុងបុគ្គលម្នាក់ជាប់ឆ្នោតដោយប្រជាពលរដ្ឋ ក្នុងតួនាទីជាប្រធានាធិបតី។ហើយគេមានអំណាចសភាមួយទៀតដែលតាមដានអំណាចរបស់ប្រធានាធិបតី ខាងផ្នែកថវិកា។ដូច្នេះហើយទើបគេមានតុល្យភាពអំណាចរបស់ប្រធានាធិបតី ដោយមិនអនុញ្ញាត្តិឲ្យឈរឈ្មោះពីរអាណត្តិនោះទេ។
សម្រាប់អំណាចតាមបែបសភានិយមវិញគឺខុសអំពីប្រធានាធិបតេយ្យនិយម ដោយគេកំណត់តាមរដ្ឋធម្មនុញ្ញក្នុងការឈរឈ្មោះគ្មានកាលកំណត់ជានាយករដ្ឋមន្ត្រី។ដោយសារនាយករដ្ឋមន្រ្តី ទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និងទទួលខុសត្រូវចំពោះមុខរដ្ឋសភា រីឯប្រធានាធិបតី ដូចលោក អូបាម៉ា គឺមិនទទួលស្គាល់ចំពោះមុខរដ្ឋសភាអាមេរិកទេ សូមអ្នកនយោបាយរឡេះរឡោះមួយចំនួន និងប្រជាពលរដ្ឋកុំយល់ច្រឡំ។លោកស្រី ហ៊ីលឡារី គ្លីន តុន ក៏មិនទទួលខុសត្រូវចំពោះមុខរដ្ឋសភាដែរ ហើយគណៈរដ្ឋមន្ត្រីអាមេរិកក៏មិនទទួលខុសត្រូវចំពោះមុខរដ្ឋសភាដែរ។គ្មានសមាជិករដ្ឋសភាណាហ៊ានកោះហៅសមាជិករដ្ឋាភិបាលមកសួរនោះទេ។ដែលខុសពីប្រព័ន្ធសភានិយម នាយករដ្ឋមន្ត្រី រដ្ឋាភិបាល រដ្ឋមន្ត្រី ទាំងអស់គឺទទួលខុសត្រូវចំពោះរដ្ឋសភា នៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួង ដែលជាអំណាចនីតិប្រតិបត្តិ ដែលទទួលខុសត្រូវចំពោះអំណាចនីតិប្បញ្ញត្តិ។ម្យ៉ាងទៀត នាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីសុទ្ធតែត្រូវបានឆ្លងកាត់ការបោះឆ្នោតទុកចិត្តពីសមាជិកសភា។នេះហើយជាយន្តការបែបសភានិយម។ដរាបណាក្រុមមតិភាគច្រើនធ្វើការការពាររដ្ឋាភិបាលនៅក្នុងរដ្ឋសភា ដរាបនោះនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីនៅដំណើរការបាន។នៅពេលណា នាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីបាត់បង់នូវការគាំទ្រនៅក្នុងរដ្ឋសភា ដរាបនោះគណរដ្ឋមន្ត្រីបាត់បង់នូវដំណើរការ និងមានការធ្វើញ្ញត្តិតវ៉ា នោះទើបអាចដកនាយករដ្ឋមន្ត្រីបាន។ម្យ៉ាងទៀតតួនាទីរបស់គណបក្សប្រឆាំងនៅប្រទេសនានា គេមិនធ្វើដូចគណបក្សប្រឆាំងនៅកម្ពុជាទេ គឺគេធ្វើយ៉ាងណាបង្ហាញនូវសកម្មភាពនយោបាយរបស់ខ្លួន យកមកតស៊ូមតិនៅក្នុងវេទិកាសភា ហើយនិងពិនិត្យមើលសកម្មភាពរបស់រដ្ឋាភិបាល ថាតើបានយកគោលនយោបាយដែលខ្លួនបានឃោសនានៅពេលបោះឆ្នោតមកអនុវត្តឬទេ ហើយមានប្រសិទ្ធភាពឬទេ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ និងប្រជាពលរដ្ឋអាចបែងចែកថាតើគោលនយោបាយរបស់គណបក្សប្រឆាំងវាល្អជាង គណបក្សដឹកនាំប្រទេស ឬគណបក្សដឹកនាំប្រទេសល្អជាង។ដូច្នេះវាជាការប្រកួតប្រជែងផ្នែកគោលនយោបាយ។ វាមិនដែលអ្នកចាញ់ទៅប្រាប់អ្នកឈ្នះនោះទេ។ បើគិតមកទល់ពេលនេះ គណបក្សប្រឆាំងមួយចំនួនមានអាយុ ១៧ឬ១៨ឆ្នាំហើយ ប៉ុន្តែគណបក្សប្រឆាំង និងអង្គការដែលប្រឆាំងនៅកម្ពុជាទាំងនោះនៅតែអសមត្ថភាព នៅតែល្ងង់ខ្លៅដដែល។ដូច្នេះត្រូវតែហ៊ានទទួលស្គាល់ថាខ្លួនអត់ចេះទៅនោះទើបប្រសើរ។
លោក ជុំ កុសល
សំណួរ៖ បើតាមសម្តីរបស់លោក ប្រែដ អាដាម បាននិយាយថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យូរទៅធ្វើឲ្យគណបក្សប្រឆាំងកាន់តែចុះខ្សោយ។ដើម្បីឲ្យគណបក្សប្រឆាំងអាចឈ្នះបានតើគួរធ្វើយ៉ាងដូចម្តេច?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-បើចង់ឈ្នះទីមួយ អ្នកត្រូវទទួលស្គាល់នូវស្នាដៃនៃឥស្សរៈភាពរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសិន ថាតើគណបក្សប្រជាជនកម្ពុជាបានធ្វើអ្វីខ្លះសម្រាប់ប្រជាជាតិខ្មែរ។បើអ្នកមិនទទួលស្គាល់ទេ ១០០ជីវិតទៀតក៏មិនអាចឈ្នះបានដែរ។ពួកលោកត្រូវដឹងថាសម្លេងឆ្នោតដែលទទួលបាន គឺជាសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋ គឺម្ចាស់ឆ្នោតគេទទួលស្គាល់ស្នាដៃរបស់គណបក្សប្រជាជន ជាពិសេសគឺស្នាដៃដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។តើស្នាដៃនោះជាអ្វី គឺស្នាដៃនៃថ្ងៃ៧មករា។បើអ្នកឯងមិនទទួលស្គាល់នូវស្នាដៃនៃការរស់ឡើងវិញ ពីរបបខ្មែរក្រហម គឺអ្នកឯងមិនបាច់ធ្វើនយោបាយទៀតទេ។សូម្បីតែសមាជិករបស់គណបក្សលោក សមរង្ស៊ី និងសមាជិករបស់គណបក្សលោក កឹម សុខា ក៏ពួកគេទទួលស្គាល់ថ្ងៃ៧មករាដែរ។
-មួយទៀត បើមិនទទួលស្គាល់សមិទ្ធផល តាំងពីថ្ងៃ៧មករារហូតមកដល់ឆ្នាំ១៩៩៣ទេ ក៏គ្មានជោគវាសនា សម្លឹងមើលកៅអីនាយករដ្ឋមន្ត្រីដែរ។
-ទីបីបើអ្នកឯងមិនទទួលស្គាល់នូវសមិទ្ធផលដែលកើតមានពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨
និងរហូត ដល់បច្ចុប្បន្នទេ ជាពិសេសគឺសមិទ្ធផលសន្តិភាពនៅឆ្នាំ១៩៩៨ដែលជាស្នាដៃរបស់សម្តេច ហ៊ុន សែនក្នុងនយោបាយឈ្នះឈ្នះទេ ទោះបីជាខំ១០០ជាតិទៀតក៏មិនឈ្នះដែរ។
ដូច្នេះត្រូវហ៊ានសារភាពចុះចាញ់ថាខ្លួនមិនអាចធ្វើបានដូចប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលជាស្ថាប័នជាតិសព្វថ្ងៃទេ។ហ៊ានសារភាពថាដរាបណា សម្តេច ហ៊ុន សែន នៅតែឈរឈ្មោះតំណែងជានាយករដ្ឋមន្ត្រីគឺខ្លួនមិនអាចឈ្នះបានទេ ក្រែងលោពេលនោះប្រជាពលរដ្ឋអាចមានការអាណិត ប្រសើរជាងការជេរ ប្រមាថឲ្យចុះចេញពីតំណែង។
ប្រសិនបើគណបក្សប្រឆាំង មិនទទួលស្គាល់នូវសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលបានធ្វើតាំងពីដើមរហូតមកដល់ពេលនេះទេ គឺប្រជាពលរដ្ឋក៏មិនគាំទ្របោះឆ្នោតឲ្យដែរ។ដូច្នេះ គឺត្រូវហ៊ានសារភាបចុះចាញ់ ហ៊ានទទួលស្គាល់សមិទ្ធផលនានា និងត្រូវដូរបេក្ខជនថ្មី ។ សម្រាប់គណបក្សសិទ្ធិមនុស្សត្រូវដូរលោក កឹម សុខា ចេញ ឯ គណបក្សសម រង្ស៊ី ត្រូវដូរ លោក សម រង្ស៊ី ចេញ ក្រែងលោអាចយល់សប្តិបានឈ្នះខ្លះ។
សរុបមកការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីក្នុងរបបសភានិយម គឺជាសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយ ហើយគណបក្សប្រជាជនកម្ពុជាបានបង្ហាញព្រមគ្នា តាំងកម្មវិធីនយោបាយ និងបេក្ខភាពនាយករដ្ឋមន្ត្រី គឺសម្តេច ហ៊ុន សែន ដូច្នេះបើប្រជាពលរដ្ឋបោះឆ្នោតឲ្យសមាជិកសភាគណបក្សប្រជាជនកម្ពុជា បានន័យថាប្រជាពលរដ្ឋ គាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងទីពីរគឺប្រជាពលរដ្ឋគាំទ្រនូវស្នាដៃដឹកនាំ និងសមិទ្ធផលនានារបស់សម្តេច ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសជាបន្តទៀត។ការបោះឆ្នោត នៅឆ្នាំ២០១៣ ខ្ញុំហ៊ានអះអាង គឺជាការបោះឆ្នោតបន្តអភិវឌ្ឍប្រទេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ម្យ៉ាងទៀតការធ្វើនយោបាយ គឺត្រូវចេះសិក្សាពីចិត្តសាស្ត្ររបស់ប្រជារាស្ត្រ បើយើងមិនដឹងថាប្រជារាស្ត្រចង់បានអ្វីផង តើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យម្តេចកើត។សម្រាប់សម្តេច ហ៊ុន សែន លោក ត្រូវបានទទួលការគាំទ្រ និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋយ៉ាងច្រើន ដូច្នេះហើយទើបលោកតែងទទួលបានជោគជ័យនៅរាល់ពេលបោះឆ្នោត។
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី