Skip to main content

សុន្ទរកថា៖ ឯកឧត្តម សុខ អាន ឧបនាយក​រដ្ឋមន្រ្តី តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​ចំនួន​បីខ្នង នៅ​ខេត្ត​កំពុង​ចាម


សុន្ទរកថា
ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ថ្លែង​ក្នុងពិធីសម្ពោធ​អគារសិក្សា​ថ្មីចនួនបីខ្នង៖ វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ​វិទ្យាល័យខ្ពបអាទាវ និងវិទ្យាល័យសំពៅពូន
នាព្រឹក​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២
 
-   សូមថ្វាយបង្គំព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
-   លោកបណ្ឌិត Wolfgang KOPETZKY អគ្គលេខាធិការកាកបាទក្រហមអូទ្រីស
-   ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ
-   បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ទាំងអស់ជា ទីស្រឡាញ់ រាប់ អាន!

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និង​ភរិយាមានសេចក្តី​សោមនស្ស​រីករាយ ​ចូលរួម​ជា​មួយ​ព្រះ​ថេរា​នុថេរៈ​គ្រប់​ព្រះអង្គ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនរួមជាតិ ព្រម​ទាំង​កាកបាទ​ក្រហមអូទ្រីស ក្នុងពិធី សម្ពោធអគារសិក្សា​ថ្មីចំនួនបីខ្នង​គឺ វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម វិទ្យាល័យ​ខ្ពបអាទាវ ឃុំ​ខ្ពបអាទាវ ស្រុកលើក​ដែក ខេត្ត​កណ្តាល និងវិទ្យាល័យ​សំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងឱកាសនេះ យើងនាំគ្នា​ប្រារព្ធពិធី​សម្ពោធ​អគារសិក្សា​ថ្មីទាំង​បីខ្នង សង់ ២ជាន់​ មាន ៣០បន្ទប់ ជា​ការរំលឹក និងសម្តែង​នូវការដឹងគុណ​យ៉ាងជ្រាល​ជ្រៅជូន​ចំពោះ​សព​លោក ហ្គែហាម៉ូតាលីក (GERHARD MOTALIK) ជា​អ្នកនិពន្ធ​ជនជាតិ​អូទ្រីស ដែល​បានទទួល​មរណភាព​នៅថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០០៩ និង​ដែលបាន​ធ្វើអំណោយ​ជាកេរមរតក​ដ៏ថ្លៃថ្លាជូន​កាកបាទ​ក្រហម​កម្ពុជា តាមរយៈ​តុលាការ​ក្រុងវីយ៉ែន។ សូម​រំលឹកថា ដើម្បីទទួលបាន​មរតក​ចំនួន​សរុប ៩៩៩.២៩៣,២៣ ដុល្លារសហរដ្ឋអាមេរិក កាកបាទ​ក្រហម​កម្ពុជា​បាន​ខិតខំ​បំពេញការងារ​យ៉ាងខ្លាំង​ដោយ​ខ្លួនឯង ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​បានសហការជា​មួយ​កាកបាទក្រហម​អូទ្រីស តាមនី​តិវិធី​នានា​ទៅតាម​ច្បាប់​របស់ប្រទេស​អូទ្រីស អស់រយៈ​ពេលរហូតដល់ ១៣ខែ ទើបសម្រេច​បានលទ្ធផល​គួរជាទី​មោទនៈ​ដូចដែល​យើងបាន​ឃើញ​នាពេលនេះ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ក្នុងនាម​សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមសម្តែងនូវ​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ​ ៖

-   ចំពោះ​កាកបាទក្រហម​អូទ្រីស និងលោកបណ្ឌិត Wolfgang KOPETZKY អគ្គលេខា​ធិការ​កាក​បាទ​ក្រហមអូទ្រីស ដែល​បានជួយ​ជ្រោមជ្រែង និង​សហការ​ក្នុងដំណើរ​ការដោះ​ស្រាយ​ មរតក​នេះ

-       ចំពោះលោក មីសែល ហ្រ្វែនហ្សែល មន្រ្តី​កាកបាទក្រហម​អូទ្រីស ដែលបានធ្វើ​ជាតំណាង​កាកបាទ​ក្រហម​កម្ពុជា សម្រាប់ទទួល​ខុសត្រូវការងារ​មរតក​នេះ

-       ចំពោះឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដែលបាន​ជួយ​ជ្រោមជ្រែង និងផ្តល់​កិច្ចសហការល្អ​ក្នុងកិច្ច​ដំណើរ​ដោះស្រាយ​ដើម្បីទទួល​យកមរតក

-       ចំពោះឯកឧត្តម ហោ ណាំបូរ៉ា ឯក​អគ្គរាជ​​ទូត​កម្ពុជាប្រចាំ​ចក្រភព​អង់គ្លេស និងលោក មាស ដាវីត មេធាវី​រាជរដ្ឋាភិបាល ដែល​ជា​តំណាងកាកបាទ​ក្រហមកម្ពុជា​ធ្វើការផ្ទាល់​ជាមួយលោក មីសែល ហ្វ្រែនហ្សែល

          លើសពីនេះទៀត ខ្ញុំ​ព្រះករុណាខ្ញុំ សូមថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់ចំពោះ​បេសកកម្ម​មនុស្សធម៌ដ៏​ថ្លៃថ្លា​​របស់​កាកបាទ​​ ក្រហម​កម្ពុជា ក្រោមការ​ដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់​លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល ​បានខិតខំ​ប្រឹងប្រែង ដើម្បី​ទទួលបានមរតក​ដ៏​ថ្លៃថ្លា​នេះសម្រាប់​ជាប្រយោជន៍​ជូនជាតិមាតុ​ភូមិ ជាពិសេស​ប្រជាជន​កម្ពុជា និងកុមារ​ទីទ័ល​ក្រ។

កាយវិការដ៏​សប្បុរសធម៌ និង​សមានចិត្ត​ដ៏ថ្លៃថ្លា​របស់​សពលោក ហ្គែហាត ម៉ូតាលីក ព្រម ​ទាំង​ទឹក​ចិត្ត​ និងសកម្មភាព​គាំទ្រពីកាក​បាទក្រហម​អូទ្រីស រដ្ឋាភិបាល​អូទ្រីស ក្រសួង​ការបរទេសនិង​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​ពីកាកបាទក្រហម​កម្ពុជា គឺពិតជាកាយ​វិការដ៏គួរឱ្យ​គោរព និងស្ញប់ស្ញែង​ជា​ទីបំផុត ដែលខ្ញុំព្រះ​ករុណា​ខ្ញុំ និងភរិយា សូមគាំទ្រយ៉ាង​ពេញទំហឹង និងចូលរួម​យ៉ាងសកម្មក្នុង​បេសក​កម្ម​មនុស្សធម៌​នេះ។ ខ្ញុំ​ព្រះ​ករុណាខ្ញុំ​យល់ថា យើងគួរលើក​កម្ពស់ និងបង្កើនការ​យល់ដឹង​អំពី​កាយវិការ​ដ៏​សប្បុរសធម៌ និងបេសកកម្ម​មនុស្សធម៌របស់​យើងឱ្យបាន​ជ្រួតជ្រាប​ជា​សារធារណៈ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ពិសេសលើក​ទឹកចិត្ត និង​គាំទ្រចំពោះ​សមានចិត្ត​ជួយខ្មែរ ក្នុងចំណោម​ជនជាតិ​បរទេស​ និង​ជនជាតិខ្មែរ។

-   ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ
-   ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរ ជាតិ
-   បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស

តាមគំនិតផ្តួចផ្តើម​របស់លោក​ជំទាវកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា មរតក​ដែលទទួល​បានពីលោក ហ្គែហាត ម៉ូតាលីក ត្រូវបាន​ប្រើប្រាស់​សម្រាប់​ជាប្រយោជន៍ សាធារណៈ និង​ប្រជាជនខ្មែរ​យើងនោះ គឺការ​កសាងអគារ​សិក្សាចំនួន ៣ខ្នង ដែល​មានប្លង់​រួមមួយ ហើយ​មួយខ្នងៗ​មានកម្ពស់ ២ជាន់ និង​មាន​បន្ទប់រៀនចំនួន ១០ ដែល​សរុបថវិកា​សាងសង់អស់ ៤៥៩.០៤៨ ដុល្លារសហរដ្ឋអាមេរិក ដោយឡែក ​ចំពោះថវិកា​ដែលនៅ​សល់នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​កុមារកំព្រា។ ខ្ញុំសូម​គាំទ្រគំនិត​ផ្តួចផ្តើមនេះ និងលើក​ទឹកចិត្តឱ្យ​កាកបាទក្រហម​កម្ពុជា​បន្ត​បំពេញ​បេសកកម្ម​នេះ ប្រកបដោយ​ជោគជ័យ ពិសេស​គឺ​ជួយ​ដល់កុមារី ក្រោមអាយុ ១៤ ឆ្នាំ ដែល​គ្មាន​ទីជម្រក។

យោងតាមខ្លឹមសារព័ត៌មាន​របស់កាកបាទ​ក្រហមកម្ពុជា​អំពីលោក ហ្គែហាត ម៉ូតាលីក និង​មរតក​​របស់​លោក ខ្ញុំសូមកត់​សម្គាល់នូវ​ចំណុចសំខាន់​មួយចំនួនដូច​ខាងក្រោម៖

ទី១- ប្រ​ ទេសកម្ពុជាដែល​ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ មិន​ត្រឹម​តែធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាប់ចិត្ត និង​កម្សាន្តសប្បាយ​ជាមួយនឹងធម្មជាតិ និងវប្បធម៌​របស់យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​​ថែមទាំងជាប់​ចិត្តនឹងទឹក​ដី និង​ប្រជាជនខ្មែរ​ទៀតផង។ ប្រការនេះ​បានធ្វើ​ឱ្យវិស័យ​ទេសចរណ៍​ និង​វប្បធម៌យើង​ក្លាយ​ជាគោល​ដៅ​គួរឱ្យ​ចាប់ចិត្ត ចង់មក​ទស្សនា ចង់មករស់​នៅ ចង់មកជួយ និង​ចង់បន្សល់​ទុកនូវ​អនុស្ស​វរីយ៍​នានា​របស់​ភ្ញៀវ​ទេសចរ ជាក់ស្តែង​ដូចដែល​លោក ហ្គែហាត ម៉ូតាលីក បាន​បន្សល់​ទុក​សម្រាប់កម្ពុជា ដែលនេះ​ជា​កាយវិការ​បង្ហាញពីសមាន​ចិត្តដិតជាប់​ជាងគេបំផុត​របស់លោក​ចំពោះកម្ពុជា ។  

ទី២- តុលារការទីក្រុង​វីយ៉ែន​បានជួយ​ដោះស្រាយ​តាមនីតិ​វិធីច្បាប់​នូវមរតក​របស់លោក ហ្គែហាត ម៉ូតាលីក ដែលបាន ​បន្សល់​ទុកនូវមរតក​សម្រាប់​ប្រជាជនកម្ពុជា ពិសេសសម្រាប់​កុមារីគ្មាន​ទីជម្រក ដែលមាន​អាយុក្រោម ១៤ឆ្នាំ។ តាមរយៈនេះ បង្ហាញឱ្យ​ឃើញថា បេសក​កម្ម​របស់​តុលាការ​ទីក្រុង​វីយ៉ែន ពិតជា​មានសារៈ

សំខាន់ណាស់ ដើម្បីធ្វើឱ្យ​បណ្តាំផ្ញើរ​បស់លោក ហ្គែហាត ម៉ូតាលីក សម្រេចបាន ​ពេញលេញ ហើយនេះ​ជាកិច្ចចាប់​ផ្តើមសម្រាប់​ឱ្យកាកបាទ​ក្រហមកម្ពុជា​ទទួល​បាន​មរតក និង​ចាត់ចែង​តាមមរតក​សាសន៍។ ក្នុង​នាមរាជរដ្ឋាភិបាល​ ខ្ញុំ​សូមថ្លែង​អំណរគុណ និង​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​បេសកកម្ម​ដ៏​ថ្លៃថ្លា​របស់តុលាការ​ ទីក្រុងវីយ៉ែន ដែលបាន​ដោះស្រាយ​កិច្ចការ​មរតក​នេះ។​

ទី៣- តាម​រយៈកាកបាទ​ក្រហមអូទ្រីស កាកបាទក្រហម​កម្ពុជា​បានទទួល​ព័ត៌មាន​ពី​តុលាការ​​ទីក្រុងវីយ៉ែន​ស្តីពី​មរតក​លោក ហ្គែហាត ម៉ូតាលីក នៅក្នុង​ខែកញ្ញា ឆ្នាំ២០១០។ លើស​ពីនេះទៀត កាកបាទ​ក្រហម​អូទ្រីស​ថែមទាំងបាន​ធ្វើជាតំណាង និង​បានចាត់​តាំង​លោក មីសែល ហ្វ្រែនហ្សែល ឱ្យ ​ទទួល​ខុសត្រូវ​ដោះស្រាយ​ការងារមរតកនេះ​ទៀតផង។ ខ្ញុំសូម​ចាត់ទុកថា ទាំងនេះគឺជា​បេសកកម្ម​មនុស្ស​ធម៌​ដ៏ត្រចះត្រចង់​របស់កាកបាទ​ក្រហមអូទ្រីស ចំពោះ​ប្រជាជន​កម្ពុជា តាមរយៈ​កាកបាទ​ក្រហមក​ម្ពុជា។ ខ្ញុំមានជំនឿ​យ៉ាង​មុតមាំថា​កាកបាទក្រហម​អូទ្រីស​នឹងនៅតែ​បន្តធ្វើកិច្ច​ សហការ​ជាមួយ​កាកបាទ​​ក្រហម​កម្ពុជា និងបំពេញ​ការងារមនុស្សធម៌​ដទៃទៀត សម្រាប់​ជួយដល់​កម្ពុជា។

ទី៤- ដើម្បីទទួលបាន​នូវមរតក​ដ៏ថ្លៃថ្លានេះ ឯកឧត្តម ហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីការ​បរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ បានជួយ​ជ្រោម​ជ្រែង​ជា​ប្រចាំដល់​កាកបាទក្រហម​កម្ពុជា ថែមទាំង​បានចាត់តាំង​មន្ត្រីជាន់ខ្ពស់​ពីររូប ឱ្យធ្វើជាតំណាង​របស់កាក​បាទក្រហម​កម្ពុជា ដើម្បី​ធ្វើការ​ផ្ទាល់​ជាមួយតំណាង​កាកបាទក្រហម​អូទ្រីស​ និងពិគ្រោះ​យោបល់​គ្នាអំពី​ដំណោះស្រាយ​មរតកនេះ។ នេះគឺ​ជាបេសកកម្ម​ដ៏វិសេស ដែលមានចរិត​ការទូតផង និងមនុស្សធម៌​ផងរបស់​ក្រសួងការ​បរទេសនិង​សហប្រតិបត្ត​ការ​អន្តរជាតិ ហើយ​ដែលអនុវត្តបាន​យ៉ាងល្អ ក្នុង​ការសម្រប​សម្រួល និង​ដោះស្រាយ​​​បញ្ហា​មរតក​​ក្នុង​កម្រិត​អន្តរជាតិ។

ទី៥-​ ដោយ​សារ​បេសកកម្ម និងសកម្មភាព​មនុស្សធម៌​ពិតៗរបស់​កាក​បាទ​ក្រហម​កម្ពុជានៅ ទូទាំងព្រះ​រាជាណាចក្រ​កម្ពុជា ដែលធ្វើឱ្យ​សាធារណ​ជន​​ទូទៅមាន​ការជឿជាក់​និងចូលរួម ព្រមទាំង​មានការ​ទទួលស្គាល់​នៅលើឆាក​អន្តរជាតិ ទើបធ្វើ​ឱ្យលោក ហ្គែហាត ម៉ូតាលីក មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយបាន​ប្រគល់មរតកជូន​ចំពោះសកម្ម​ភាព​របស់កាក​បាទក្រហម​កម្ពុជា ដែលមាន​សេចក្តី​ជាអាទិ៍ថា ទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ ទាំងចលនៈ និងអចលនទ្រព្យ សូមប្រគល់ជូនកាកបាទ​ក្រហម​កម្ពុជា...” ។ ទន្ទឹម​នេះ ខ្ញុំសូមវាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់កាកបាទ​ក្រហម​ កម្ពុជា​ ក្នុងការ​រក្សាតម្លៃ​ម​រតកនេះឱ្យ​បានយូរអង្វែង តាមរយៈ​ការកសាង​អគារសិក្សា ៣ខ្នង នៅវិទ្យាល័យ​ខ្ពបអាទាវ ស្រុកលើក​ដែក ខេត្ត​កណ្តាល វិទ្យាល័យ​សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និង​វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​នេះ គឺពិត​ជាបេសកកម្ម​ដ៏ឧត្តុង្គ​ឧត្តម​ដែលបាន​ឆ្លើយតប​ទៅនឹងគោល​បំណង​​ របស់ម្ចាស់​មរតក ហើយបាន​ធ្វើ​ឱ្យ​​ឈ្មោះ​របស់គាត់ស្ថិត​នៅដិតជាប់​ជាមួយ​ប្រជាជន និងទឹកដី​កម្ពុជាថែមទៀត​ផង។ ជាមួយគ្នា​នេះដែរ ខ្ញុំ​សូមគាំទ្រ​ដល់​កាកបាទ​ក្រហម​កម្ពុជា​ក្នុងការ​ប្រើប្រាស់​ថវិកាដែល​ នៅសល់ក្នុង​កញ្ចប់ថវិកា​មរតក​នេះ សម្រាប់​ជួយដល់​កុមារី​គ្មានទីជម្រក ដែល​មាន​អាយុក្រោម ១៤ ឆ្នាំ។

ទី៦- ជាការពិតណាស់ យើងត្រូវ​មាន​ការគាំទ្រ​ និងកិច្ចសហការពីស្ថាប័ន​ពាក់ព័ន្ធ​ និងរដ្ឋបាល​ថ្នាក់​ក្រោមជាតិ ដើម្បីប្រើប្រាស់​មរតកនេះ​ឱ្យ​ចំ​ទិសដៅ មានតម្លាភាព និង​អាចជឿ​ទុក​ចិត្តបាន។ ខ្ញុំជឿ
ជាក់ថា បេសកកម្ម​មនុស្សធម៌​របស់ស្ថាប័ន​ពាក់ព័ន្ធ​ និងរដ្ឋបាល​ថ្នាក់​ក្រោមជាតិ គឺ​ជាវប្បធម៌​គំរូដ៏ល្អ សម្រាប់​យើង​ទាំងអស់គ្នា ពោល​គឺ​យើងទាំងអស់គ្នារួមគ្នា​ដើម្បី​កម្លាំង​មនុស្សធម៌

តាមរយៈចំណុចទាំង ៦ ​ខាងលើ បេសកកម្ម​មនុស្សធម៌​អាចសម្រេច​បាន អាស្រ័យ​ដោយ​យើង​រួបរួមគ្នា និង​មានការ​ឧបត្ថម្ភ​​គាំទ្រពីគ្រប់​មជ្ឈដ្ឋាន។ ជាក់ស្តែង អំណោយ​ឬ​មរតក​មនុស្សធម៌ នឹង​ពុំមាន​សម្រាប់​យើងទេ ប្រសិន​បើយើងពុំ​មានបេសកកម្ម​មនុស្សធម៌។ ក្នុងន័យនេះ ខ្ញុំសូម​អំពាវនាវ​ឱ្យមាន​បេស​កកម្ម​មនុស្សធម៌ និង​ការកៀរគរ​ការចូលរួម​ពីគ្រប់មជ្ឈដ្ឋាន សំដៅ​ជួយជាតិ​មាតុភូមិ ពិសេស​ជួយដល់​ជន​ក្រីក្រនិង​ជនងាយ​រងគ្រោះ។

-   ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ
-   ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ​និងអន្តរជាតិ
-   បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស

កាយវិការដ៏សប្បុរស​ជា​មរតក​របស់លោក ហ្គែហាត ម៉ូតាលីក ពិតជាបាន ​ស្ថិតដក់ជាប់​ក្នុងអារម្មណ៍ និងក្រាំង​ប្រវត្តិសាស្ត្រ​របស់កម្ពុជា និង​ជាគំរូដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ទាំង​ក្នុង​បច្ចុប្បន្ន និងអនាគត ក្នុងការចូលរួម​ចំណែកក្នុង​វិស័យអប់រំ បណ្តុះបណ្តាល និង​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ប្រកប​ដោយ​ចិរភាព និងផ្តល់​ឱកាសប្រកប​ដោយ​សមធម៌​ជូនក្មួយៗសិស្សានុសិស្ស​ទាំងអស់​បានសិក្សា​ រៀនសូត្រ សម្រាប់សេចក្តី​សង្ឃឹមក្នុងជីវិត និងរួម​ចំណែក​ដល់ការអភិវឌ្ឍន៍​ប្រទេសជាតិ​មាតុភូមិជាទី​ស្នេហារបស់​ខ្លួន​។

ដោយសារមរតកនេះ និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់ក្រសួង-ស្ថាប័ន​ទាំង​នៅអូទ្រីស និង​នៅកម្ពុជា ទើបយើង​ទទួល​បាន​នូវអគារសិក្សា​ថ្មីទៀត ដែល​ជាសមិទ្ធផល​សម្រាប់វិស័យ​អប់រំនៅ​កម្ពុជា ជាពិសេស​​សម្រាប់​សិស្សានុ​សិស្សនៅ​ស្រុកជើងព្រៃ ខេត្ត​កំពង់ចាម ស្រុក​លើកដែក និង​ស្រុកកោះធំ ខេត្ត​កណ្តាល។ មុននឹង​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារ​សិក្សាទាំងនេះ យើងទាំង​អស់គ្នាសូម​ឧទ្ទិស​គោរព​ចំពោះ​វិញ្ញាណក្ខ័ន្ធ​សព​ ព្រមទាំង​នឹកដល់​គុណូបការៈ និង​ទឹកចិត្ត​ដ៏សប្បុរ​សធម៌​របស់លោក ហែហ្គា ម៉ូតាលីក អតីត​អ្នកនិពន្ធ​ជនជាតិ​អូទ្រីស ដែល​បានធ្វើ​មរតក​ជូន​កាកបាទ​ក្រហម​កម្ពុជា។​

ជាថ្មីម្តងទៀត ក្នុងនាម​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងលោក​ជំទាវកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន ​កាកបាទ​ក្រហម​កម្ពុជា​ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមកោត​សរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​តុលាការ​ ទីក្រុងវីយ៉ែន កាកបាទ​ក្រហម​អូទ្រីស ក្រសួងការ​បរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ កាកបាទ​ក្រហម​កម្ពុជា ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាលថ្នាក់​ក្រោមជាតិ ដែលបាន​ជួយ​សម្របសម្រួល​ដើម្បី​ទទួលបាន​មរតក​ដ៏សប្បុរស​នេះ។

ជាមួយនឹងការប្រកាស​សម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ អគារសិក្សា​វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម វិទ្យាល័យខ្ពបអាទាវ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល និងវិទ្យាល័យ​សំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ខ្ញុំព្រះ​ករុណាខ្ញុំ និងភរិយា សូម​ប្រគេនពរ​ព្រះតេជគុណ​ព្រះសង្ឃ​គ្រប់ព្រះ​អង្គ សូមជូនពរ លោកបណ្ឌិត វ៉ុលហ្គាង កូផេតស្គី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ព្រមទាំង​លោកគ្រូ អ្នកគ្រូ និងក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ មាន​សុខភាពល្អ ជោគជ័យ​គ្រប់ភារកិច្ច និង​មាន​សុភមង្គល​នៅក្នុង​ក្រុម​គ្រួសារ។
សូមអរព្រះគុណ និងសូមអរគុណ

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...