សេចក្តីថ្លែងការណ៍ របស់គណៈប្រតិភូសង្កេតការណ៍របស់ប្រធានអាស៊ាន ស្តីពីការបោះឆ្នោតបំពេញ បន្ថែមនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ ទីក្រុងយ៉ាងហ្គូន ថ្ងៃទី២ ខែមេសា ឆ្នាំ២០១២
សេចក្តីថ្លែងការណ៍
របស់គណៈប្រតិភូសង្កេតការណ៍របស់ប្រធានអាស៊ាន
ស្តីពីការបោះឆ្នោតបំពេញ បន្ថែមនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១២
ទីក្រុងយ៉ាងហ្គូន ថ្ងៃទី២ ខែមេសា ឆ្នាំ២០១២
១. ឆ្លើយតបទៅនឹងការអញ្ជើញពិសេសរបស់ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ដែលនាពេលច្ចុប្បន្នជាប្រធានអាស៊ានបានបញ្ជូនគណៈប្រតិភូសង្កេតការណ៍
របស់ប្រធានអាស៊ាន ទៅពិនិត្យមើលការបោះឆ្នោតបំពេញបន្ថែម
ដែលបានប្រព្រឹត្តទៅ ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១២
នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
២. គណៈប្រតិភូត្រូវបានដឹកនាំដោយឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការព័ត៌មាន សហប្រតិបត្តិការអន្តរជាតិ និងកិច្ចការ បរទេស នៃរដ្ឋសភា។
៣. នៅពេលដែលមកដល់ទីក្រុង យ៉ាងហ្គូន
(Yangon) នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
គណៈប្រតិភូសង្កេតការណ៍បានចាប់ផ្តើមសកម្មភាពសង្កេតការណ៍ដ៏សំខាន់
ដើម្បីស្វែងយល់ ពីស្ថានភាពទូទៅជុំវិញការបោះឆ្នោតបំពេញបន្ថែមនេះ។
បរិយាកាសជាទូទៅគឺមានភាពស្ងប់ស្ងាត់ សន្តិភាព និងគ្មានអំពើហឹង្សា។
ទោះបីជាមានការប្តឹងអំពីភាពមិនប្រក្រតី និង ការគំរាមកំហែងក៏ដោយ
ប៉ុន្តែគណៈប្រតិភូបានសង្កេតឃើញថា ពុំមានហេតុការណ៍ណាមួយ
ដែលអាចជះឥទ្ធិពលដល់ដំណើរការ ឬលទ្ធផលនៃការបោះឆ្នោតបំពេញបន្ថែមនេះឡើយ។
៤. ការបោះឆ្នោតបំពេញបន្ថែមនៅថ្ងៃទី0១
ខែមេសា ឆ្នាំ២០១២ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ដើម្បីបោះឆ្នោតជ្រើសរើសតំណាងសភាសម្រាប់កៅអីទំនេរចំនួន៤៥បានប្រព្រឹត្ត
ទៅក្នុងបរិយាកាសសេរី យុត្តិធម៌ និងមានតម្លាភាព
ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន១៧
រួមមានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD)។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ
បានធ្វើសកម្មភាពដោយសេរីក្នុងយុទ្ធនាការ បោះឆ្នោត
ហើយប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី
អាចធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងប្រទេសដើម្បីគៀងគរការគាំទ្រសម្រាប់
គណបក្ស របស់ លោកស្រី
និងបានធ្វើសន្និសីទកាសែតនៅឯភូមិគ្រឹះរបស់លោកស្រីនៅទីក្រុងយ៉ាងហ្គូន
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ ដែលមានការចូលរួមពីអ្នកសង្កេតការណ៍បរទេស
និងអ្នកកាសែត ជាច្រើននាក់។
៥. អ្នកការទូត អ្នកសង្កេតការណ៍
និងអ្នកកាសែតបរទេសរាប់រយនាក់មកពីទូទាំងពិភពលោកត្រូវបានអញ្ជើញដោយ
រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីធ្វើជាសាក្សីក្នុង
ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ការអញ្ជើញនេះ
គឺជាកាយវិការដ៏វិជ្ជមានបំផុតរបស់រដ្ឋាភិបាល មីយ៉ាន់ម៉ា
ហើយត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ អ្នកកាសែត និង
អ្នកសង្កេតការណ៍បរទេសត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរដោយសេរី
ទៅកាន់មណ្ឌលបោះឆ្នោត ទាំងអស់ ដើម្បីបំពេញការងារសង្កេតការណ៍របស់ខ្លួន។
៦. គេសង្កេតឃើញថា
នៅថ្ងៃបោះឆ្នោតបំពេញបន្ថែម ប្រជាជនមីយ៉ាន់ម៉ាបានចូលរួមបោះឆ្នោត
ប្រកបដោយភាពត្រេកអរយ៉ាងខ្លាំងនៅតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួនរបស់ពួកគេ។
អ្នកបោះឆ្នោតបាននិយាយថា
ពួកគេបានស្វាគមន៍យ៉ាងខ្លាំងចំពោះការបោះឆ្នោតបំពេញបន្ថែមនេះ
ហើយជឿជាក់ថាការបោះឆ្នោតនេះនឹងត្រួសត្រាយផ្លូវឲ្យមានការបង្រួបបង្រួមជាតិ
និង លទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។
៧. ជោគជ័យនៃការបោះឆ្នោតបំពេញបន្ថែមនេះ
គឺជាជំហានដ៏មានសារៈសំខាន់មួយទៀតសម្រាប់
មីយ៉ាន់ម៉ានៅក្នុងដំណើរការនៃការកែទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន
ព្រមទាំងបានបង្ហាញអំពីការសម្រេចបាននូវផែនទីបង្ហាញផ្លូវ៧ជំហានរបស់ប្រទេស
ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
៨.
ក្នុងនាមជាគណៈប្រតិភូសង្កេតការណ៍របស់ប្រធានអាស៊ាន
យើងសូមអំពាវនាវដល់គ្រប់រដ្ឋជាសមាជិកអាស៊ាន
និងសហគមន៍អន្តរជាតិសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃសាធារណ
រដ្ឋសហភាពមីយ៉ាន់ម៉ាបន្តផ្តល់ជំនួយ និងគាំទ្រ
ក្នុងដំណើរការកែទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។
៩. យើងសូមស្នើដោយទទូចដល់សហគមន៍អន្តរជាតិ
ពិនិត្យពិចារណាលុបទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា
ដើម្បីឲ្យប្រជាជនមីយ៉ាន់ម៉ាអាចទទួលបានកាលានុវត្តភាពកាន់តែប្រសើរ
សម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួនក្នុងការទទួលបានសន្តិភាព
ការផ្សះផ្សាជាតិ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។
១០. ជាទីបញ្ចប់
គណៈប្រតិភូសង្កេតការណ៍របស់ប្រធានអាស៊ានដែលមានកិត្តិយសមកធ្វើការសង្កេត
ការណ៍ក្នុងនាមប្រជាជនអាស៊ាន
សូមអបអរសាទរដល់ប្រជាជនមីយ៉ាន់ម៉ាចំពោះការសម្រេចបាននូវសមិទ្ធផល
ប្រកបដោយជោគជ័យ និងសន្តិភាពជាប្រវត្តិសាស្រ្តនេះ ។