មន្ត្រីព័ត៌មាន មន្ត្រីទំនាក់ទំនងសាធារណៈ មកពីអង្គភាព និងស្ថាប័ននានា របស់រាជរដ្ឋាភិបាល ទទួលការបំពាក់បំប៉នសមត្ថភាពជាអ្នកនាំពាក្យ
វគ្គហ្វឹកហ្វឺនដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី បានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ។ មានប្រសាសន៍ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះវត្តមានមន្ត្រី មកពីស្ថាប័ននានា ដែលបានមកចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលបើកចំហរ និងផ្តល់សេរីភាព គ្រប់យ៉ាងក្នុងការផ្សព្វផ្សាយព័ត៌មាន និងទទួលព័ត៌មាន។ ព័ត៌មានច្រើនដែលប្រជាពលរដ្ឋមានសិទ្ធិសេរីភាពទទួលបាន គឺមានគ្រប់បែបយ៉ាង តាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជា វិទ្យុ ទូរទស្សន៍ កាសែត និង អ៊ីនធើណេត ពិសេសប្រព័ន្ធបណ្តាញសង្គម ដែលកំពុងពេញនិយម។ ទោះបីយ៉ាងណាព័ត៌មានទាំងនោះ មិនមែនសុទ្ធតែជាព័ត៌មានល្អទាំងអស់នោះទេ ដូច្នោះ អ្នកនាំពាក្យមានតួនាទី ត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ សុច្ចរិត ទាន់ពេលជូនប្រជាពលរដ្ឋឲ្យបានជ្រាបអំពី គោលជំហរ និងការដឹកនាំរបស់រាជរដ្ឋាភិបាល និងដោយឡែកសំរាប់ស្ថាប័ន ដែលខ្លួនកំពុងធ្វើការផងដែរ។
ក្នុងឱកាសនោះដែរ ជាមួយនឹងការលើកឡើងនូវបទពិសោធន៍ និងការងារ ដែលធ្លាប់ធ្វើក្នុងតួនាទីជា អ្នកកាសែត ជាអ្នកនាំពាក្យ និងជាអ្នកការទូតនាពេលកន្លងមក ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ផ្តល់ជាអនុសាសន៍ថា ដើម្បីធ្វើជាអ្នកនាំពាក្យ ត្រូវប្រកាន់ភ្ជាប់៤ចំណុចសំខាន់ៗរួមមាន៖
ទី២,អ្នកនាំពាក្យ ត្រូវមានសមត្ថភាពខាងវិនិច្ឆ័យអ្វីខុស អ្វីត្រូវ អ្វីដែលត្រូវនិយាយ អ្វីដែលមិនត្រូវនិយាយ ហើយនៅពេលណា។
ទី៣,អ្នកនាំពាក្យ ត្រូវមានគំនិតសំយោគព័ត៌មាន និយាយឲ្យខ្លីៗ ចំបញ្ហា ចំប្រធានបទ ដើម្បីឲ្យគេស្រួលស្តាប់ និងស្រួលយល់។
ទី៤,អ្នកនាំពាក្យ ត្រូវមានចរិកជាអ្នកការទូតផងដែរ ក្នុងពេលដែលខ្លួនត្រូវឆ្លើយសំណួរអ្នកសារព័ត៌មាន។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំវគ្គហ្វឹហ្វឺន បានមានប្រសាសន៍ឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉ន សមត្ថភាពមន្ត្រីព័ត៌មាន មន្ត្រីទំនាក់ទំនងសាធារណៈ និងអ្នកនាំពាក្យ បានផ្តោតសំខាន់ទៅលើបញ្ហា២យ៉ាង ទី១,ការងារព័ត៌មាន នៅក្នុងស្ថានភាពវិបត្តិ និងទី២,វិបត្តិសារគមនាគមន៍ នៅក្នុងរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ក្រៅពីការបង្កើតឲ្យមានអ្នកនាំពាក្យតាមស្ថាប័ននានារបស់រដ្ឋាភិបាល ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋតាមរយៈអ្នកសារព័ត៌មាន រាជរដ្ឋាភិបាលក៏បានបង្កើតឌឹប៉ាតឺម៉ង់ផ្សព្វផ្សាយ និងសារគមនាគមន៍នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីធ្វើការបណ្តុះបណ្តាល វិជ្ជាជីវៈសារព័ត៌មាន ដល់សិស្ស និស្សិត ដើម្បីឲ្យក្លាយទៅជាអ្នកសារព័ត៌មាន មានវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងអាជីពរបស់ខ្លួនក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីផងដែរ៕