សម្តេចតេជោថ្លែងអំណរគុណប្រធានគណៈប្រតិភូគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិក្នុងបេសកកម្មជាង ៣០ឆ្នាំនៅកម្ពុជា
លោក ហ្សាកគេ ស្ទូន (Jacques Stoun) ប្រធានគណៈប្រតិភូគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលត្រូវបញ្ចប់បេសកកម្មពីប្រទេសកម្ពុជា មានប្រសាសន៍ជម្រាបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅវិមានសន្តិភាពថា ក្នុងបេសកកម្មរយៈពេលជាង៣០ ឆ្នាំរបស់លោកនៅក្នុងប្រទេសកម្ពុជា លោកទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អអំពី ស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការងារមនុស្សធម៌ និងការងារកាកបាទក្រហមជាដើម ហើយលោកមានមោទនភាពណាស់ចំពោះកិច្ចសហប្រតិបត្តិការ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនរូបលោកនោះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីឲ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះ លោក Jacques Stoun ដែលបានចំណាយពេលប្រមាណពាក់កណ្ដាលជីវិតរបស់ខ្លួនធ្វើការបម្រើ និងជួយដល់កម្ពុជា។
ចំពោះវីរភាពនេះ សម្ដេចនាយករដ្ឋមន្ត្រីសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះលោកប្រធានគណៈប្រតិភូគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងបានជូនពរឲ្យលោកទទួលបានជោគជ័យលើភារកិច្ចរបស់លោកជាបន្តបន្ទាប់នោះ៕
