Skip to main content

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ថ្លែងក្នុង​ពិធី​បិទ​​សន្និ​សីទ​អន្តរ​ជាតិ​លើក​ទី៣ ស្តីពី​«ខួប​៥៥​ឆ្នាំនៃ​ទំនាក់​ទំនង​ការទូត​កម្ពុជា-ចិន

សុន្ទរកថា
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
ក្នុងពិធីបិទ​សន្និសីទអន្តរជាតិលើកទី៣ ស្តីពី«ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន»
រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣

- លោកជំទាវ ពូ ជានគ័រ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល
បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និសីទទាំងមូល ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីមេត្រី!
          ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួម​ក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី៣ ស្តីពី «ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន» ដ៏មានសារៈសំខាន់នាពេលនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមសម្តែងនូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​ថ្នាក់ដឹកនាំ​និងមន្ត្រី​រាជការ​ទាំងអស់​នៃរាជ​បណ្ឌិត្យ​សភាកម្ពុជា ជាពិសេស​​វិទ្យាស្ថាន​ខុងជឺ ដែលបានរៀបចំ​​សន្និសីទនេះឡើង។ ខ្ញុំក៏សូមសម្តែងនូវអំណរគុណ ​​ចំពោះ​ការចូលរួមឧបត្ថម្ភគាំទ្ររបស់ស្ថានទូតនៃសាធារ​ណ​រដ្ឋ​ប្រជាមានិតចិនប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា និងទីស្នាក់ការកណ្តាលនៃវិទ្យាស្ថានខុងជឺ នៅទីក្រុងប៉េកាំង ដែលបានធ្វើឱ្យសន្និសីទនេះ ទទួលបានលទ្ធផល​គួរជាទីមោទនៈ។ ជាការពិត លទ្ធផលនេះ ក៏អាស្រ័យដោយការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និសីទទាំងមូល ក្នុងការចែករំលែកនូវលទ្ធផលស្រាវជ្រាវ ទស្សនវិស័យ យុទ្ធសាស្ត្រ និងបទពិសោធន៍រវាងគ្នាទៅវិញទៅមក។

ខ្ញុំនៅចាំបានថា កាលពី៤ឆ្នាំមុន គឺនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ ខ្ញុំនិងឯកឧត្តម ហ្ស៊ី ជីងពី កាលនោះ ឯកឧត្តមជាអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកកាន់ទីនេះ ដើម្បីបើកសម្ពោធជាផ្លូវការ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងរយៈពេលតែ៤ឆ្នាំប៉ុណ្ណោះ វិទ្យាស្ថានខុងជឺ មានការរីកចម្រើន និងសម្រេចបានលទ្ធផលជាច្រើន។ ជាក់ស្តែង វិទ្យាស្ថានបាន​ទទួល​ពាន​រង្វាន់​ជាបន្ត​បន្ទាប់​ពីទីស្​នាក់​ការ​កណ្តាល​នៃវិទ្យាស្ថានខុងជឺ នៅទីក្រុងប៉េកាំង ក្នុងនោះមានពានរង្វាន់អ្នកដឹកនាំឆ្នើមនៅឆ្នាំ២០១០ ពាន​រង្វាន់​វិទ្យា​ស្ថាន​គំរូនៅឆ្នាំ២០១១ ពានរង្វាន់មាសភាព​​ជាអ្នកដឹកនាំ​​នៅឆ្នាំ២០១២ និងនាពេលថ្មីៗនេះ ក្នុងឆ្នាំ២០១៣ ទទួល​បាន​ពាន​រង្វាន់​វិទ្យាស្ថានគំរូ ហើយខ្ញុំ​សូមយក​ឱកាសនេះ សម្តែងនូវការកោតសរសើរ ​​និងចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវិទ្យាស្ថានខុងជឺ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ការជួបជុំគ្នានៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍លើកទីនៃសន្និសីទអន្តរជាតិ ស្តីពី «​ខួបនៃទំនាក់​​ទំនងការទូតកម្ពុជា-ចិន» ដែល​វិទ្យាស្ថាន​ខុងជឺ​នៃរាជបណ្ឌិត្យ​សភាកម្ពុជា បាន​​​​រៀបចំឡើងចំនួន​២លើក​រួចមកហើយ។ ការ​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ទៀងទាត់នូវសន្និសីទដ៏មានសារសំខាន់នេះ សបញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពីការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់រដ្ឋាភិបាលកម្ពុជា និងចិន ក្នុងការពង្រឹង​និង​ពង្រីក​ឱ្យកាន់តែល្អផូរផង់ នូវ​ទំនាក់​ទំនង​ជាមិត្ត​ភាព​របស់​ប្រទេស​យើង​ទាំងពីរ ដែលមានតាំងតែពីយូរលង់ណាស់មកហើយ។  ទំនាក់ទំនងការទូតកម្ពុជានិងចិន ត្រូវបាន​បង្កី​ត​ឡើង​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់ប្រទេសយើងទាំងពីរ។

ដោយ​ដើរ​តាម​​មាគ៌ា​ដ៏វិសេសវិសាល​របស់ ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រាជរដ្ឋាភិបាល​កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែននាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តពូនផ្តុំ រឹតចំណងមិត្តភាព​និងកិច្ចសហប្រតិបត្តិការ ​រវាង​កម្ពុជា និងចិន​​ ឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ។ ក្នុងន័យនេះ​ វិទ្យាស្ថានខុងជឺនៃ​រាជបណ្ឌិត្យ​សភា​​​កម្ពុជា​​​​​ពិតជាបាន​និង​កំពុងដើរតួនាទីយ៉ាងសំខាន់ ចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុង​បេសកកម្មដ៏ថ្លៃថ្លានេះ តាមរយៈការសិក្សាស្រាវជ្រាវ ចងក្រង និង​ផ្សព្វផ្សាយឱ្យកាន់តែ​ទូលំ​ទូលាយអំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និងភាសា របស់ប្រជាជាតិទាំងពីរ ដែលសុទ្ធតែមានអារិយធម៌​ដ៏ចំណាស់ ព្រមទាំងមានតួនាទី​ជាស្ពានមិត្តភាព​សម្រាប់​សម្រួល​ដល់ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ទាំង​វិស័យទេសចរណ៍ ក៏ដូចជា​ការវិនិយោគផងដែរ។ បច្ចុប្បន្ននេះ ភ្ញៀវទេសចរ​និងវិនិយោគិនចិន បានចូលមកកម្ពុជាកាន់តែ​ច្រើន​ឡើងៗ។ ជាមួយគ្នានេះ វិទ្យុ​មិត្តភាព​​កម្ពុជា-ចិន FM 96.5 MHz ក៏បាន​ដើរតួ​នាទី​សំខាន់​ផងដែរ ជា​ស្ពាន​លំហអាកាសនៃទំនាក់ទំនង​កម្ពុជា-ចិន តាមរយៈការ​ផ្សាយ​ជា​​ខេមរភាសា ចេញ​ពីក្រុងប៉េកាំង ក្នុងកិច្ចខិតខំប្រឹងប្រែង​ដើម្បីផ្តល់​ព័ត៌មាន ចំណេះដឹង ការអប់រំ​ និងការកំសាន្ត ក៏ដូចជាចូលរួម​បង្កើនការស្វែងយល់​ពីគ្នាទៅវិញ​ទៅមក និងរឹតចំណងមិត្តភាព​រវាង​ប្រជាជនទាំងពីរ ឱ្យកាន់តែ​ជ្រាល​​ជ្រៅផងដែរ។

ជាងនេះទៀត ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល៤ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា លទ្ធផលជាផ្លែផ្កាជាច្រើនត្រូវបានសម្រេចឡើង សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែជ្រាលជ្រៅបន្ថែមទៀត។ ជាក់ស្តែង ប្រមុខ​ដឹកនាំ​នៃប្រទេស​ទាំងពីរ​បានចេញ​នូវសេច​ក្ដីថ្លែង​ការណ៍​រួម​គ្នា​មួយ បញ្ជាក់ឡើងវិញពីជំហរដ៏រឹងមាំ នៃ​កិច្ចសហប្រតិបត្ដិការ ភាព​ជាដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុង​ជ្រោយ​នៃប្រទេស​យើងទាំងពីរ។ នៅក្នុងឱកាសនោះដែរ  ឆ្នាំ២០១៣នេះ ដែលជាខួបលើកទី៥៥ នៃការ​បង្កើត​ទំនាក់​ទំនង​ការទូតរវាងចិន-កម្ពុជា ក៏ត្រូវបានប្រកាសថា ជាឆ្នាំមិត្ដភាពចិន-កម្ពុជា ផងដែរ។ ប្រទេសយើងទាំងពីរ ក៏បានព្រមព្រៀងគ្នាលើផែនការរៀបចំពិធីរំលឹកខួបនានា ព្រមទាំងបានឯកភាពរៀបចំឱ្យ​មាន​សកម្មភាពផ្សេងៗ ដើម្បី​ពង្រឹងការផ្លាស់ប្ដូរ និងការបង្កើនភាពយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសយើងទាំងពីរ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ជាការពិត ទំនាក់ទំនងកម្ពុជា-ចិន ធ្លាប់មានតាំងតែពី​សម័យបុរាណមកម្ល៉េះ គឺមិនតិចជាង២០០០ឆ្នាំនោះទេ បើគិតចាប់តាំងពីពេលដែលបេសកជន​ចិន លោក ជូយីង និងលោក កាំងថៃ បានធ្វើដំណើរ​ទស្សន​កិច្ច​មក​កាន់​កម្ពុជា​នៅ​សម័យហ្វូណន។ ជាងនេះទៀត យើងសុទ្ធ​តែ​​បាន​ស្គាល់​អ្នកការទូត​ចិនឈ្មោះ ជីវតាក្វាន់ ដែលបាន​កត់ត្រា​ពីប្រពៃណី និងជីវភាពសង្គមទូទៅរបស់កម្ពុជានាសម័យអង្គរ។ កំណត់ត្រាទាំងនោះ​ត្រូវបាន​ចាត់​ទុក​ជា​ស្នាដៃ​ដ៏មាន​តម្លៃមហាសាល និងត្រូវបាន​គេប្រើប្រាស់​ជា​មូលដ្ឋានដ៏មានសារៈសំខាន់ក្នុង​ការសិក្សា​​ស្រាវជ្រាវ​អំពី​ប្រវត្តិ​សាស្រ្ត​​​សម័យ​អង្គរ។ ខ្ញុំ បានផ្តួចផ្តើមគំនិតជូនរាជបណ្ឌិត្យ​សភាកម្ពុជា ឱ្យចងក្រង​ឡើង​វិញ​នូវ​សំណៅ​ឯកសារ​ដ៏មាន​អត្ថ​ប្រយោជន៍​ទាំងនោះ និងបានចែក​​ជូនដល់អង្គសន្និសីទទាំងមូលនៅក្នុងថ្ងៃនេះផងដែរ។ រហូតមកដល់ពេលនេះ មានរយៈ​ពេល៧១៧ឆ្នាំ ហើយ បើគិតពីពេលដែលលោកបានមកបំពេញទស្សនកិច្ចនៅអង្គរនាឆ្នាំ១២៩៦ ប៉ុន្តែ​ឯកសារ​របស់​លោក​​នៅតែមានតម្លៃជាសារវន្ត និងបានក្លាយជាឯកសារគោលសម្រាប់អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិ​សាស្រ្ត​កម្ពុជានាសម័យអង្គរ។

យើងសង្កេតឃើញថា ក្រោយសម័យអង្គរ ពុំឃើញមានឯកសារបន្សល់ទុកស្តីពីទំនាក់ទំនង​កម្ពុជា-ចិនឡើយ ដែលជាហេតុធ្វើឱ្យអ្នកស្រាវជ្រាវមួយចំនួន​យល់ថា ប្រទេសកម្ពុជានិងចិនមាន​​ទំនាក់​ទំនងនឹងគ្នាតិចតួច។ ប៉ុន្តែនៅក្រោយសម័យ​អាណានិគមនិយម​ ទំនាក់​ទំនង​​ការទូតរវាង​កម្ពុជា​និងចិន​បានចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ១៩៥៨​ ដែលគិតមកដល់ឆ្នាំ២០១៣នេះមានរយៈពេល៥៥ឆ្នាំ។ ជានិច្ចកាល ប្រទេស​យើងទាំង​ពីរបាន​ជួយគ្នា​ទៅវិញទៅមក ដោយឈរលើការគោរពអធិបតេយ្យភាព មិត្តភាព សមភាព ភាតរភាព និងការ​ផ្តល់​ផល​ប្រយោជន៍​ដល់គ្នាទៅវិញទៅមក។ ដូចដែលខ្ញុំបានលើកឡើងខាងលើ ទំនាក់ទំនង​កម្ពុជា-ចិន ត្រូវបាន​ពង្រឹង​និង​ពង្រីក​​លើ​គ្រប់វិស័យជាបន្តបន្ទាប់ រហូតសម្រេចបាន​នូវដំណាក់កាលថ្មីដ៏គួរឱ្យកត់សម្គាល់​នាពេល​បច្ចុប្បន្ននេះ គឺភាព​ជា​ដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រការនេះធ្វើឱ្យអ្នកសង្កេតការណ៍មួយចំនួន តែងតែពោលថា កម្ពុជា និងចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ និងជាដៃគូល្អ

ដោយឡែក សន្និសីទដែលរៀបចំឡើងដោយវិទ្យាស្ថានខុងជឺ នេះ គឺពិតជាវិភាគទាន​ដ៏​មាន​តម្លៃ ចូល​រួមជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា នៅក្នុងបេសកកម្ម​ដ៏​វិសេសវិសាលនេះ។ ដូចដែល​លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា បានបញ្ជាក់​​ក្នុង​របាយ​ការណ៍​បូកសរុប ​សន្និសីទរយៈពេលមួយថ្ងៃនេះបាន​ប្រព្រឹត្តទៅ​​ដោយ​មាន​ការ​​ចូលរួមពីអ្នកស្រាវជ្រាវ និង​វាគ្មិនសំខាន់ៗ ជាច្រើនរូប ដែលបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទ​ពិសោធន៍​ល្អៗ ដោយ​ផ្តោត​លើ​វិស័យសំខាន់ៗមួយចំនួន ដូចជា វប្បធម៌កម្ពុជា-ចិន ការអប់រំ បរិស្ថាន ព័ត៌មាន និងការទូត ជាដើម។ ក្នុងបរិបទនេះ ខ្ញុំសូមឱ្យអ្នកចូលរួមទាំងអស់ យកចំណេះដឹង និងបទពិសោធន៍ ដែល​ទទួល​បាន​ពីវេទិកា​ដ៏មាន​សារសំខាន់នេះ ជាមូលដ្ឋានសម្រាប់ការស្វែងយល់ និងការសិក្សា​ស្រាវជ្រាវ​បន្តទៀត។  ខ្ញុំសូម​លើកទឹក​ចិត្តនិង​គាំទ្រឱ្យមានការងារសិក្សា​ស្រាវជ្រាវ និង​រៀបចំវេទិកា​វិទ្យាសាស្ត្រ​ដ៏មានសារៈ​សំខាន់​បែប​នេះ​ជា​បន្តបន្ទាប់ទៀត ​ដើម្បីពង្រីកការយល់ដឹងអំពីវប្បធម៌ សិល្បៈ​​ ភាសា និង​ទំនាក់ទំនង​ការទូត ឱ្យកាន់តែ​ទូលំទូលាយ សំដៅ​រួម​ចំណែកដល់ការរឹត​ចំណង​មិត្តភាព សាមគ្គីភាព​​ជាប្រពៃណី​រវាង​ប្រជាជាតិយើងទាំងពីរ ក៏ដូចជាការរអភិវឌ្ឍសេដ្ឋកិច្ច​-សង្គម ឱ្យកាន់តែប្រសើរ​ឡើង​​ថែមទៀត។ ចំណែកឯលទ្ធផលនៃ​ការសិក្សាស្រាវជ្រាវ​អំពីកម្ពុជា និង​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-ចិន គួរត្រូវបានចងក្រង​និង​បោះ​ពុម្ព​ផ្សាយ​ដល់មហាជនជាតិនិង​អន្តរជាតិ​ផងដែរ។

មុននឹងបញ្ចប់​ ខ្ញុំសូមសម្តែងនូវ​អំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ​និង​​​ប្រជាជន​​​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និង​សូម​សម្តែង​នូវការ​កោត​សរសើរ​ចំពោះវា​គ្មិននិង​សិក្ខាកាម​ទាំងអស់​ដែល​បាន​បញ្ចេញ​អស់នូវ​កម្លាំង​កាយចិត្ត​និង​ប្រាជ្ញា​ស្មារតី ក្នុងការធ្វើឱ្យសន្និសីទនេះដំណើរការបានយ៉ាងល្អ ប្រកបដោយលទ្ធផលគួរជាទីមោទនៈ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទាំងអស់ សូម​ទទួល​បាន​ជោគជ័យគ្រប់ភារកិច្ច មានសុខភាពល្អ និងសុភមង្គលក្នុងក្រុមគ្រួសារ និងសូម​ឱ្យចំណង​មិត្តភាពរ​វាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា-ចិន ស្ថិតស្ថេរ​អមតៈ រុងរឿង​ជាភិយ្យោភាព តរៀងទៅ។

ខ្ញុំសូមប្រកាសបិទសន្និសីទអន្តរជាតិលើកទី៣ ស្តីពី «ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន» នាពេល​នេះ។
សូមអរគុណ!

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...