Skip to main content

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការ​ងារ​វប្បធម៌​ឆ្នាំ​២០១៤ និង លើកទិស​ដៅកា​រងារ​សម្រាប់​ឆ្នាំ២០១៥ ​សាល​សន្និសីទ​ចតុម្មុខ ថ្ងៃទី​២២ ខែ​មករា ឆ្នាំ២០១៥

- លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
- អង្គសន្និបាតជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានមកចូលរួមជាមួយ លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ឆ្នាំ២០១៤ និងលើកទិសដៅការ​ងារ​​​​​ឆ្នាំ២០១៥ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាពេលនេះ។ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ខ្ញុំសូម​សម្តែង​នូវ​ការកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និង​វិចិត្រ​សិល្បៈ​​ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន ដើម្បី​​បុព្វហេតុវប្បធម៌ជាតិ ប្រកបដោយស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និងទទួលបានលទ្ធផលជាច្រើនគួរជាទីមោទនៈ ។

តាមរបាយការណ៍របស់លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គសន្និបាតបានធ្វើការពិភាក្សាយ៉ាងផុលផុសទៅលើប្រធានបទនានា ដែលពាក់ព័ន្ធនឹង​សមត្ថកិច្ច​របស់ក្រសួង ជាលក្ខណៈផ្ទៃក្នុង ស៊ីជម្រៅ និងត្រង់ៗចំបញ្ហា ដោយឆ្លុះបញ្ចាំង​អំពី​លទ្ធផល​​ជាក់ស្តែងដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម និងទិសដៅ​ការងារ​សម្រាប់អនុវត្តបន្ត​នៅក្នុង​ឆ្នាំ២០១៥។ ខ្ញុំសូម​អបអរ​សាទរ​ចំពោះលទ្ធផលដែលសន្និបាតនេះសម្រេចបាន និង​ចាត់​ទុក​​ថា លទ្ធផលនៃ​កិច្ចពិភាក្សា​​នេះ​​​ពិតជាមានសារសំខាន់ណាស់ ក្នុងការផ្តល់ជាធាតុចូល​សម្រាប់​ការរៀបចំ​​ផែនការសកម្ម​ភាព​​ការងារ និង​ផែនការថវិកាឱ្យមានសង្គតិភាព សំដៅកែលម្អ​ការអនុវត្ត​ការងារអភិរក្ស និងអភិវឌ្ឍ​វប្បធម៌​​​ជាតិ។

លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី
ដូចដែលយើងទាំងអស់គ្នា​បាន​ដឹង​ហើយថា វប្បធម៌គឺជាដួងព្រលឹងជាតិ ជាកោសិកា​នៃ​សង្គម ប៉ុន្តែគួរឱ្យសោកស្តាយ វិស័យវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗដទៃទៀត​ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង​ដោយ​​របបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងបានខិតខំ​កសាង​​ប្រទេសលើគ្រប់វិស័យពីបាតដៃទទេ ហើយនៅពេលនោះ វរៈសិល្បករ-សិល្បការិនី​យើង​​ដែលនៅ​សេសសល់ពីការស្លាប់ បានខិតខំរួមគ្នាតាមគ្រប់រូបភាពនិងតាមគ្រប់លទ្ធភាព ដើម្បី​ស្រោច​ស្រង់​វិស័យវប្បធម៌ឱ្យរស់រានឡើងវិញ។ ខ្ញុំនៅចាំបានថា ក្នុងរយៈពេលតែប្រមាណពីរ-បីខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសត្រូវបានរំដោះ ក្រុមសិល្បៈរបាំល្ខោន និងតន្ត្រីត្រូវបាន​បង្កើតឡើង​នៅតាម​គ្រប់ខេត្ត ក្រុង ហើយក្រុមសិល្បៈទាំងអស់បានស្ម័គ្រចិត្តសម្តែងបម្រើប្រជាជន ដោយពុំខ្លាចនឿយហត់ និងពុំគិតផលកម្រៃអ្វីឡើយ គឺទទួលបានត្រឹមតែម្ហូបអាហារនៅពេលសម្តែងតែប៉ុណ្ណោះ។ ទាំងអស់នេះ សបញ្ជាក់​ឱ្យឃើញនូវការលះបង់ ​និងទំហំទឹកចិត្តស្រឡាញ់​យ៉ាងជ្រាលជ្រៅ​របស់​បង​ប្អូន​សិល្បករ-សិល្បការិនីចំពោះវប្បធម៌​ជាតិ។ ការរស់​ឡើងវិញ​នូវ​បេតិកភណ្ឌ​អរូបី​យ៉ាង​ឆាប់រហ័ស​បែបនេះ ក៏ដោយ​សារ​បេតិកភណ្ឌ​អរូបី កើត​ចេញ​ពីចិត្ត​គំនិត និង​បាន​ដក់ជាប់ក្នុង​បេះដូង​របស់​ប្រជាពល​រដ្ឋគ្រប់រូប​។ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវគារវ​ភក្ដី និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសិល្បករ-សិល្បការិនីចាស់ទុំជាព្រឹទ្ធាចារ្យ វរៈសិល្បករ-សិល្បការិនី មរតកមនុស្សរស់ ដែលបានខិតខំលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ​ឱ្យរស់រានឡើងវិញ និងមានការរីកចម្រើនជាលំដាប់ដូចសព្វថ្ងៃនេះ។

ជាងនេះទៅទៀត បច្ចុប្បន្ន បេតិកភណ្ឌវប្បធម៌សំខាន់ៗរបស់យើង មិន​ត្រឹម​តែជា​កេតនភណ្ឌ​​របស់ជាតិ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​​ត្រូវបានចាត់ទុកជាធនធានសេដ្ឋកិច្ចមួយប្រកបដោយសក្តានុពល​ខ្ពស់ផងដែរ។ ជាការពិត សម្បត្តិវប្បធម៌ដ៏សម្បូរណ៍បែបរបស់ប្រទេសយើង ដែល​ត្រូវ​បាន​បន្សល់ទុកដោយ​បុព្វបុរសខ្មែរ​ជាច្រើនតំណមក បានចូល​រួមចំណែកយ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច​សង្គម​ និង​ការ​កាត់​បន្ថយភាពក្រីក្រ ជាពិសេសតាមរយៈទេសចរណ៍បេតិកភណ្ឌ​និង​វប្បធម៌ដែលជា​វិស័យ​កំពុងមានសន្ទុះយ៉ាង​ខ្លាំងក្លា ដោយបាននាំមកនូវចំណូលរាប់ពាន់លាន​ដុល្លារទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​​ជាតិ។ ជាក់ស្តែង វិស័យ​​ទេសចរណ៍នៅកម្ពុជាទាំងមូលបានក្លាយជាក្បាលម៉ាស៊ីន​នៃកំណើនសេដ្ឋកិច្ច ដោយបានរួមចំណែករហូតដល់​ប្រមាណ​ជា ១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបាន​​បង្កើត​​ការងារ​ជូនប្រជាជន​​ដោយ​ផ្ទាល់​ជាង ៥០០ពាន់ និង​ដោយប្រយោល​រាប់សិបពាន់​​ផ្សេង​ទៀត កាលពីឆ្នាំ២០១៤ កន្លងទៅ ខណៈដែលមានភ្ញៀវទេសចរបរទេសប្រមាណ៤,៥លាននាក់ បានចូលមកទស្សនាកម្ពុជា ក្នុងនោះ​ ប្រមាណ​ ២លាននាក់​ បាន​ទៅ​ទស្សនា​តំបន់​សៀមរាប​អង្គរ។

ដោយហេតុនេះ រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បាននិងកំពុង​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះវិស័យវប្បធម៌ និងមានការគិតគូរ​យ៉ាងច្បាស់​លាស់ក្នុង​ការការពារ អភិរក្ស និង​​អភិវឌ្ឍ​​បេតិកភណ្ឌវប្បធម៌ជាតិប្រកប​ដោយចីរភាព ដោយឈរលើ​គោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្របសម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ និងផ្ទេរមរតក​ដ៏មានតម្លៃនេះដល់ជំនាន់ក្រោយៗទៀត។

ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងវិស័យបេតិកភណ្ឌវប្បធម៌ បានស្តែងចេញតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ និងការដាក់ចេញនូវគោលនយោបាយផ្សេងៗ ដោយទទួលបានសមិទ្ធផលយ៉ាងច្រើនជាបន្តបន្ទាប់នាពេលកន្លងមក និងបានប្រែក្លាយកម្ពុជាដែល​​គេធ្លាប់​ស្គាល់ថាជាវាលពិឃាត មកជាព្រះរាជាណាចក្រនៃវប្បធម៌ ជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក។ ជាក់ស្តែង បន្ទាប់ពីការទទួលបានជោគជ័យដ៏ធំធេងក្នុងការចុះប្រាសាទព្រះវិហារជាទីសក្ការៈរបស់យើងក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨ រួចមក ថ្មីៗនេះ យើងបានខិតខំកៀរគរការគាំទ្រពីសហគមន៍អន្តរជាតិ សម្រាប់ការបង្កើតគណៈកម្មាធិការ​សម្របសម្រួលអន្តរជាតិមួយទៀតសម្រាប់រមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) ដោយ​ជោគជ័យ ដែលសម័យប្រជុំលើកដំបូងទើបត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ដោយមានប្រទេសជាមហាមិត្តរបស់យើង គឺ ចិន និង ឥណ្ឌា ជា​សហប្រធាន។ សម័យប្រជុំលើកដំបូងនោះ អាចចាត់ទុកថាជាជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និង​​ជារណសិរ្សបង្រួបបង្រួមបណ្តាភាគីទំនាស់ពីមុន ឱ្យក្លាយជាភាគីមិត្តភាព និងសហប្រតិបត្តិការ ហើយតំបន់ប្រាសាទព្រះវិហារ ដែលពីមុនតែងតែចាត់ទុកថាជាតំបន់មានសក្តានុពលទំនាស់យោធា និងការទូត បច្ចុប្បន្នត្រូវបានប្រែក្លាយជាតំបន់មានសន្តិភាព សាមគ្គីភាព និងសហប្រតិបត្តិការ សមដូចអត្ថបទរបស់អ្នកកាសែតដ៏ល្បីឈ្មោះអ៊ីតាលី កាលពីពេលថ្មីៗនេះ ដែល​បានដាក់ចំណង​ជើង​ធំៗថា «សន្តិភាពរាំជាមួយព្រះសិវៈនៅប្រាសាទព្រះវិហារ (La paix danse avec Shiva à Preah Vihear»។ ជាក់ស្តែង គណៈប្រតិភូថៃដែលមានសមាជិក ១៤នាក់ បានឡើងថ្លែងសុន្ទរកថា​មុនគេ គាំទ្រការបង្កើត ICC-ព្រះវិហារ។ រីឯ ឯកអគ្គរដ្ឋទូតអាមេរិកបានចាត់ទុកការបង្កើត ICC-ព្រះវិហារ ជាដំណើរការសន្តិភាពដ៏ប្រពៃ និងជាការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍អំពីវប្បធម៌រវាងគ្នានិងគ្នា (cultural exchange)។ ដោយឡែក ឯកអគ្គរដ្ឋទូតជប៉ុនក៏បានសម្តែងនូវសេចក្តីរីករាយ និងអំណរសារទរចំពោះការបង្កើត ICC-ព្រះវិហារនេះ និងបានប្រកាសអំពីសេចក្តី​សម្រេច​របស់រដ្ឋាភិបាលជប៉ុន ក្នុងការលុបចោលការហាមប្រាមប្រជាពលរដ្ឋជប៉ុនមិនឱ្យទៅតំបន់ប្រាសាទ​ព្រះវិហារ ដែលត្រូវបានដាក់ចេញកាលពីឆ្នាំ២០០៨ បន្ទាប់ពីមានការផ្ទុះអាវុធនៅតំបន់នោះ។ ឯកឧត្តម Hao Ping ក្នុងឋានៈជាប្រធានមហាសន្និបាតអង្គការយូណេស្កូ បានប្រកាសតាមរយៈបទសម្ភាសន៍​នៅប្រាសាទព្រះវិហារ​ថា ឯកឧត្តមអញ្ជើញមកក្នុងនាមប្រទេសចំនួន១៩៥ ជា​សមាជិក​នៃមហាសន្និបាតអង្គការយូណេស្កូ និងបានសម្តែងការប្តេជ្ញាចិត្តដើម្បីជួយជំរុញការងារ​​អភិរក្សប្រាសាទព្រះវិហារ តាមរយៈ ICC-ព្រះវិហារ ហើយឯកឧត្តមថែមទាំងបានមានប្រសាសន៍ថា មិនមែន​តែប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺប្រជាជនពិភពលោកទាំងមូលដែលស្រឡាញ់ប្រាសាទព្រះវិហារ។ នេះ​គឺជាជោគជ័យដ៏ធំធេងថ្មី​មួយ​ទៀត​សម្រាប់វិស័យ​បេតិកភណ្ឌរបស់កម្ពុជា បន្ថែមលើ សមិទ្ធផល​​​ជាច្រើននៅក្នុងក្របខ័ណ្ឌនៃ ICC-អង្គរ ដែលបានសហការយ៉ាងជិតស្និទនិងមាន​ប្រសិទ្ធភាព​​​​​​ជាមួយ​អាជ្ញាធរអប្សរា អស់រយៈពេលជាង២០ឆ្នាំមកនេះ ក្នុងការអភិរក្ស​និងអភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ ហើយក្របខ័ណ្ឌ ICC-អង្គរនេះ ត្រូវបានពិភពលោកចាត់ទុកជាគំរូ​និងបានយក​ទៅ​អនុវត្ត​នៅបណ្តាប្រទេសមួយចំនួនថែមទៀតផង។ ផ្អែកលើជោគជ័យទាំងនេះ កិត្យានុភាពជាតិ និង​ទំនាក់ទំនងល្អនៅក្នុងមជ្ឈដ្ឋានបេតិកភណ្ឌពិភពលោក កម្ពុជាយើងមានសង្ឃឹមថា រមណីយដ្ឋាន​សំបូរព្រៃគុក ដែល​​​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិងកំពុងរៀបចំបញ្ចប់សំណុំឯកសារស្នើសុំ​ចុះបញ្ជី​ជាបេតិកភណ្ឌ​​​​ពិភពលោក​នៅពេលខាងមុខឆាប់ៗនេះ នឹងទទួលបាន​ការគាំទ្រ​សម្រាប់​ការចុះ​ប​ញ្ជី​ជាបេតិកភណ្ឌពិភពលោកដោយជោគជ័យ។

លោកជំទាវ  ឯកឧត្តម អស់លោក លោកស្រី
ទន្ទឹមនឹងសមិទ្ធផលជាច្រើន ដែលយើងសម្រេចបាននៅក្នុងវិស័យវប្បធម៌នាពេលកន្លងមក យើង​​​ក៏​នៅមានបញ្ហាប្រឈមជាច្រើនផងដែរ ដោយហេតុថា ការថែរក្សាអភិរក្ស និងអភិវឌ្ឍ​បេតិកភណ្ឌ​​​វប្បធម៌ គឺជាកិច្ចការគ្មានទីបញ្ចប់ ប្រកបដោយវិសាលភាពធំធេង ដែលត្រូវការនូវ​ធនធាន​​មនុស្សប្រកបដោយចំណេះដឹងនិងជំនាញពិតប្រាកដ ព្រមទាំងថវិកាសមស្រប។ ជាងនេះ​ទៅ​ទៀត វាទាមទារ​នូវការខិតខំប្រឹងប្រែងជាប់ជាប្រចាំពីក្រសួង​ ស្ថាប័នពាក់ព័ន្ធ និងការចូលរួម​យ៉ាងសកម្ម​​ពីសំណាក់ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ វិស័យឯកជន និងមហាជន។

បន្ថែមលើអ្វីដែលអង្គសន្និបាតបានពិភាក្សា ខ្ញុំសូមផ្តល់ជា​អនុសាសន៍​​​​ខ្លះៗ ដូចខាងក្រោម៖
        -  ត្រូវបន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស​ក្នុងវិស័យ​វប្បធម៌និងវិចិត្រសិល្បៈ​​ ដោយយកចិត្តទុកដាក់ទាំងបរិមាណនិងគុណភាពនៃការបណ្តុះបណ្តាល នៅក្នុងក្របខ័ណ្ឌនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ ឬសាលា​សិល្បៈ​ភូមិភាគ ដើម្បីសម្រិតសម្រាំងអ្នកបន្តវេន​ពីក្នុងចំណោមអ្នកដែលមានចំណង់ចំណូលចិត្ត​ និង​ទេពកោសល្យសិល្បៈ។

       - ត្រូវបន្តពង្រឹងការគ្រប់គ្រង  និងការរៀបចំតំ​ប​ន់​បេតិក​ភណ្ឌវប្បធម៌ រមណីយដ្ឋាន​វប្បធម៌​និងប្រវត្តិសាស្ត្រ ​ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅថែរក្សាអភិរក្សនូវមរតក​វប្បធម៌​​ដ៏មានតម្លៃរបស់ជាតិផង និងប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ផង។ ចំពោះ​មុខ​ ក្រសួង​ត្រូវ​គិត​គូរ​អំពី​​ការ​រៀប​ចំបង្កើត​អាជ្ញាធរដើម្បីទទួល​បន្ទុក​អភិរក្ស​ និង​អភិវឌ្ឍ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក។ ការរៀបចំតំបន់រមណីយដ្ឋានឱ្យបានល្អ ក៏អាចធ្វើឱ្យកម្ពុជាក្លាយជាទីកន្លែងសម្រាប់ការថតខ្សែ​ភាព​​យន្ត​អន្តរជាតិ ផងដែរ។

        ៣- ត្រូវបន្តយកចិត្តទុកដាក់បង្កើនធនធានមនុស្សសម្រាប់ការគ្រប់គ្រង និង​លើក​ស្ទួយ​​​សកម្មភាព​​​​វប្បធម៌របស់ជនជាតិ​ភាគតិច និងជនជាតិដើមភាគតិច និងភាពផ្សេងគ្នានៃ​វប្បធម៌   ជាពិសេសនៅតាមតំបន់ដាច់ស្រយាល​។

        ៤- គួរជំរុញការបង្កើតមជ្ឈមណ្ឌលវប្បធម៌នៅតាមរាជធានី ខេត្ត ដើម្បីបង្ហាញពីប្រពៃណី ទំនៀមទំលាប់ និងរបៀបរបប​រស់នៅរបស់ប្រជាជន​ខ្មែរ ក៏ដូចជាភាពសម្បូរណ៍បែបនៃវប្បធម៌ខ្មែរ​  សំដៅ​ផ្សព្វ​ផ្សាយ និងចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងស្រទាប់​យុវជន។ គួរយកចិត្តទុកដាក់ដល់ការពង្រឹង  និងពង្រីកសកម្មភាព​វប្បធម៌នៅតាមវត្តអារាម  ដូចជាចំណេះដឹង​អំពីល្បែង​និងរបាំ​ប្រជាប្រិយ ប្រពៃណី និងសកម្មភាពវប្បធម៌នានា ពីព្រោះទីវត្តអារាមបានដើរតួនាទី​យ៉ាង​សំខាន់​​នៅក្នុងសង្គមខ្មែរ ជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយ និងថែរក្សាអភិរក្សវប្បធម៌​របស់​ជាតិ ​​តាំង​ពី​យូរលង់ណាស់មកហើយ។

        ៥- ត្រូវបន្តយកចិត្តទុកដាក់បង្កើនការផលិត និងការផ្សព្វផ្សាយផលិតផល​វប្បធម៌ សិល្បៈទស្សនីយភាព សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម តាមរយៈការជំរុញ​ការរៀបចំ​មហោស្រព ការតាំងពិព័រណ៌ និងការបង្ហាញស្នាដៃថ្មីឱ្យបានច្រើន ទាំងកម្រិតជាតិនិងអន្តរជាតិ សំដៅបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក បង្កើនគុណភាព​ស្នាដៃ និងផលិតផល​សិល្បៈ​វប្បធ​ម៌ឱ្យ​កាន់តែមានលក្ខណៈទាក់ទាញ និងមានគុណភាពប្រកួតប្រជែង​ខ្លាំង​ឡើងៗ។ ជាមួយគ្នានេះ គួររិះរក​វិធី​ជំរុញ​លើកទឹកចិត្តដល់ការផលិតខ្សែភាពយន្ត និងសិល្បៈខែ្មរទាំងបរិមាណ និងគុណភាព ក្នុង​គោលដៅ​​កាត់​បន្ថយការនាំចូលសិល្បៈ និងភាពយន្តបរទេស។

        - ត្រូវបន្តយកចិត្តទុកដាក់ដល់ការកសាងបញ្ជីសារពើភណ្ឌ និងធ្វើផែនទីកំណត់​ធនធាន​វប្បធម៌ ពីព្រោះការងារនេះមានសារសំខាន់ខ្លាំងណាស់ មិនគ្រាន់តែដើម្បីដឹងអំពីសក្តានុពលវប្បធម៌​របស់​ជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានឯកសារដ៏រឹងមាំ​សម្រាប់ការទាមទារយកមកវិញ​នូវ​វត្ថុបុរាណដែលត្រូវបានលួច ឬចរាចរដោយខុសច្បាប់ ។

        - ត្រូវបន្តសិក្សាស្រាវជ្រាវអំពីបេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបី ដែលកំពុងប្រឈម​នឹង​ការបាត់បង់ ដើម្បីចងក្រងទុកជាឯកសារ ដូចជា តាមរយៈការសិក្សាស្រាវជ្រាវ​ជាលក្ខណៈ​វិទ្យា​សាស្ត្រ និងការប្រមែប្រមូលព័ត៌មាន ចំណេះដឹង និងចំណេះធ្វើពីព្រឹទ្ធាចារ្យ ចាស់ទុំ និងអ្នកមាន​ចំណេះជំនាញក្រៅប្រព័ន្ធ សំដៅថែរក្សាអភិរក្សបេតិកភណ្ឌដ៏មានតម្លៃទាំងនោះឱ្យបានគង់វង្ស។

        -  ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមានស្រាប់ និងកសាង​បទដ្ឋានគតិយុត្តថ្មីដែលចាំបាច់បន្ថែមទៀត ដើម្បីធានាដល់ការអភិរក្ស និងអភិវឌ្ឍ​វប្បធម៌ជាតិ​ប្រកបដោយចីរភាព។

         - ក្នុងកាលៈទេសៈដែលវិភាជន៍ថវិការដ្ឋនៅមានកម្រិត ហើយការងារមានទំហំធំធេង ក្រសួង​​​ត្រូវធ្វើសនិទានកម្ម និងកំណត់ជា​អាទិភាព​នូវកម្មវិធី​ការងារ​របស់ខ្លួន ហើយទន្ទឹមនឹង​នោះ គួរបន្តស្វះ​ស្វែង​រក​​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ជាតិនិងអន្តរជាតិ អង្គការ សមាគម និង​វិស័យ​ឯកជន សំដៅកៀរគរការចូលរួម​គាំទ្រ​កាន់តែសកម្មបន្ថែមទៀត ដូចដែលក្រ​សួង​ធ្លាប់បានអនុវត្ត​កន្លងមក ដោយឈរលើគោលការណ៍​​​​​​​​ «រដ្ឋគាំទ្រ ដៃគូឯកជន​ជាអ្នកអនុវត្ដ» ស្របតាម​គោល​នយោបាយ​ជាតិ​ស្តីពី​វិស័យវប្បធម៌។

លោកជំទាវ  ឯកឧត្តម អស់លោក លោកស្រី
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រមទាំងការរួមចំណែករបស់បណ្តាក្រសួង ស្ថាប័​ន វិស័យ​ឯកជន និង​ដៃគូអភិវឌ្ឍ​​ន៍ជាតិនិងអន្តរជាតិ ជាពិ​សេស​អង្គការយូណេស្កូ ក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ខ្មែរ។  ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរដ៏ស្មោះ និងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះ​លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងព្រឹទ្ធាចារ្យសិល្បៈវប្បធម៌​ទាំងអស់ ដែល​បានរួមចំណែកយ៉ាងសកម្មក្នុងការបង្ហាត់​បង្រៀន​ ផ្ទេរចំណេះជំនាញដល់យុវជន​ដែលជាអ្នកបន្តវេន​ និង​សូមលើកទឹកចិត្តឱ្យបន្តចលនា​នេះ ទៀត។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរលោកជំទាវ ឯកឧត្តម អស់លោក លោកស្រី សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គល​ក្នុង​ក្រុមគ្រួសារ។

        ខ្ញុំសូមប្រកាសបិទសន្និបាតបូកសរុបការងារវប្បធម៌ឆ្នាំ២០១៤ និងលើកទិសដៅការ​ងារ​​​ឆ្នាំ​២០១៥ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាពេលនេះ។
សូមអរគុណ!

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...