Skip to main content

ប្រវត្តិ ពិធី​បុណ្យភ្ជុំបិណ្ឌ និង ពិធីបុណ្យកាន់បិណ្ឌ

បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ ១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅ ៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដង ៗ ។ នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូនកូនចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ ។ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះ គេហៅថា “ កាន់បិណ្ឌ” ។ ពាក្យថាបិណ្ឌ មកពីពាក្យបាលីថា “ បិណ្ឌៈ” មានន័យថា “ ដុំបាយ” ។



ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័ន ដែលទ្រង់សោយរាជសម្បត្តិក្នុងរវាង គ.ស. ៨៨៩ ដល់ ៩១០ យើងដឹងថា នៅក្នុងអាវាសជាច្រើនដែលព្រះអង្គទ្រង់បានកសាង គេតែងធ្វើពិធីបូជាបាយបិណ្ឌ ចំពោះវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងចំបាំងរាំងជល់ និង ចំពោះខ្មោចដែលគ្មានបងប្អូនជាទីពឹងទាំងឡាយជារៀងរាល់ខែ ។

សម័យសព្វថ្ងៃបុណ្ឌជាដុំបាយដំណើប ដែលគេចំអិនដោយខ្ទិះដូង ហើយលាយ ឬ បុកជាមួយគ្រឿងផ្សំឯទៀត តាមទម្លាប់ស្រុក ។ គេរៀបបាយបិណ្ឌ នៅជុំវិញបាយបត្តបូរ បាយបត្តបូរ ក៏ធ្វើដូចជាបាយបិណ្ឌដែរ គ្រាន់តែពូត ជាពំនូតធំ ៗ មានកំពូលស្រួចហើយគ្របដោយសាជីស្លឹកចេក និង មានដោតទៀតធូបភ្ញីផ្កាជាលំអផង ។ តាមទម្លាប់នៅថ្ងសកាន់បិណ្ឌទី ១ គេដាក់បាយបិណ្ឌតែ ១ ពំនូតទេ ។ ហើយគេចេះតែថែម ១ ថ្ងៃ ១ ដុំ លុះត្រាតែគ្រប់ ១៥ ដុំ ។ ប៉ុន្តែមានស្រុកខ្លះ មានទំនៀមធ្វើប្លែកពីនេះ ភូមិខ្លះ គេធ្វើបាយធ្វើបាយបិណ្ឌតែ ៥ ទេ ដេលគេទុកជានិមិត្តរូបព្រះពុទ្ធ ទាំង ៥ ព្រះអង្គប្រចាំកប្បយើងនេះ ។ នៅភូមិខ្លះទៀត, ជុំវិញជើងបាយបត្តបូរ មានដាកបាយកន្ទោង ៨ ផង ហើយកន្ទោងនិមួយ ៗ មានតាំងពីបាយ ១ ដុំ ដល់ ១៥ ដុំ ។ កន្ទោងបាយទាំង ៨ នោះ គេទុកបម្រុង យកទៅដាក់ជុំវិញ ព្រះវិហារគ្រប់ទិសទាំងប្រាំបី ។

តាមទម្លាប់ ជាធម្មតា គេត្រូវទុកបាយបត្តបូរនៅទីវត្ត, ឯបាយបិណ្ឌ គេត្រូវនាំយកទៅ ផ្ទះ ដើម្បីនឹងប្រើការនៅពេលដែលគេបញ្ចប់បុណ្យនេះ ។ ក្រៅពីបាយបិណ្ឌ និង បាយបត្តបូរ គេមានធ្វើផ្កាបិណ្ឌ ដែលមានបាច់ផ្កា ១ រាងដូចសាជីជ្រុង ថែមទៀត ។ ផ្កាបិណ្ឌមានឆ្អឹង កណ្ដាលធ្វើអំពីឫស្សី កំពស់ប្រហែលជា ១ម. មានស៊កកង់ឈើមូល ៗ ជាថ្នាក់រាងធំក្រោម រៀវតូចទៅលើ ។ នៅកន្លែងកង់ជាថ្នាក់ ៗ នោះមានដោតផ្កាញ័រ ធ្វើដោយស្ពាន់ក្រាបនឹងក្រដាសគ្រប់ពណ៌ ដោយនៅចុងទង់ ធ្វើដោយខ្សែលួស តែកាលណាមានខ្យល់បក់មក សូម្បីតិចយ៉ាងណា ក៏អាចធ្វើផ្កាទាំងនោះ ឲ្យរញ្ជួយញ័រ ៗ ដែរ នៅកំពូលស៊ុម ផ្កានោះមានរូបហ្សតូចមួយធ្វើដោយឈើ នៅលើខ្នងហង្សមានដោយទៀន ១ ផង ។ នៅវត្តខ្លះ ពួកទាយក ទាយិកា នាំគ្នាផ្លាស់ទៀននេះ រាល់យប់ ។គេធ្វើផ្កាបិណ្ឌ ដើម្បីឧទ្ទិសបូជាដល់ប្រះចូឡាមណីចេតិយ នៅឯឋានត្រៃត្រឹង្ស ដែលជាទីតម្កល់ព្រះកេសានៃព្រះបរមសាស្ដា ដែលទ្រង់បានកាត់នៅពេលដែលទ្រង់ចេញសាងព្រះផ្នួស ។

ចាប់តាំងពីថ្ងៃពេញបូរមី ខែភទ្របទមក ទាយក ទាយិកា នាំគ្នាទៅប្រជុំនៅទីសាលាវត្ត ដែលគេវានចាត់ចែង រៀបចំលំអរ ជាស្រេចសម្រាប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រមន្ត និង សំដែងធម្មទេសនា ។ លុះចប់ធម៌ទេសនា ហើយគេនាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួនដល់ថ្ងៃបន្ទាប់មក ទើបនាំគ្នាក្រោកពីយប់ទីប្រជុំនៅឯទីវត្តទៀត ។អ្នកណាទៅដល់វត្តមុនគេ អ្នកនោះ ទូងស្គរជាសញ្ញា ដល់អ្នកជើងវត្តឯទៀត ។ ពេលឮសញ្ញាស្គរវត្តហើយ គេប្រញាប់ប្រញាល់នាំបាយបិណ្ឌ បាយបត្តបូរ និង ម្ហូបចំណីផ្សេង ៗ ទៅកាន់វត្តយ៉ាងរួសរាន់ ។ ដល់ហើយនាំគ្នាដើរទក្ខិណាព័ត៌ព្រះវិហារ ៣ ជុំ រួចទើបនាំគ្នាចូលទៅស្ដាប់ព្រះសង្ឃស្វាធ្យាយធម៌ ។ ធម៌ដែលព្រះសង្ឃសូត្រនៅពេលនោះមាន ២ យ៉ាង, ធម៌មួយយ៉ាង សម្រាប់ឧទ្ទិសគ្រៀងសំណែនដល់ខ្មោច ធម៌មួយទៀត សម្រាប់តឿនព្រះអាទិត្យឲ្យរះឆាប់ឡើង ។ព្រលឹមឡើង អ្នកវេនរៀបចង្ហាន់ប្រគេនព្រះសង្ឃស្រស់ស្រូបហើយ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ យកទាំងបាយបិណ្ឌទៅផង ។ ដល់ថ្ងៃជិតត្រង់ ទើបនាំគ្នាយកចង្ហាន់ ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ម្ដងទៀត ។ គេធ្វើដូច្នេះរហូតដល់គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃទី ១៥ នេះហើយដែលជាថ្ងៃសំខាន់ជាងគេ ។




ពិធីក្នុងព្រះបរមរាជវាំងៈ
នៅព្រះបរមរាជវាំង ព្រះមហាក្សត្រខ្មែរតែងធ្វើព្រះរាជកុសលកាន់បិណ្ឌជាទម្លាប់មក ចាប់តាំងពីថ្ងៃ ១១ រោច ។
នៅពេលនេះ យើងសូមជូនអំពី ព្រះរាជពីធីយ៉ាងសង្ខេប, ព្រោះថាក្រៅអំពីការរុងរឿង អធិកអធមក្នុងការរៀបចំពិធី ពុំមានទំនៀមប្លែកប៉ុន្មានអំពីទំនៀមរាស្ត្រឡើយ ។
ខាងទំនៀមព្រះមហាក្សត្រ ធ្វើផ្កាបិណ្ឌច្រើនជាំងនៅទីដទៃ ព្រោះគេធ្វើជំនួសបាយ បត្តបូរយើងធម្មតា ។ ផ្កាបិណ្ឌដែលប្រើក្នុងព្រះរាជពីធី ក៏មានរាងធំក្រោម ស្រួចលើដែរ ប៉ុន្តែនៅចន្លោះផ្កាញ័រ មានដោតក្បាច់កញចាំងឆ្លាក់ភ្ជាប់ នឹងសាច់អំពៅព្រោះតែម្ដង ហើយនៅថ្នាក់ក្រោមបង្អស់មានដោតទង់រូបក្រពើ និង ទង់រូបនាគធ្វើដោយស្ពាន់ក្រាប ។ ព្រះរាជពិធីតែងធ្វើនៅក្នុងព្រះទេវាវិនិច្ឆ័យ, នៅលើតុមួយគេតំកល់ប្រះពុទ្ធរូប ១ អង្គដែលគេបានអភិសេកពីឆ្នាំមុនរួចហើយ ដល់ថ្ងៃបង្ហើយបុណ្យ គេត្រូវអភិសេកព្រះពុទ្ធរូបមួយអង្គថ្មីទៀត ។

នៅថ្ងៃ ១១ រោច ដែលជាថ្ងៃផ្ដើមបុណ្យ ព្រះសង្ឃចំរើនព្រះបរិត្តនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ។ ស្អែកឡើងគឺថ្ងៃ ១២ រោច ព្រះសង្ឃត្រូវនិមន្តតាំងពីម៉ោង ៤ ភ្លឺដើម្បីស្វាធ្យាយ ធម៌រហូតដល់ម៉ោង ១០ ទើបក្រុមសង្ឃការី រៀបចង្ហាន់ប្រគេនព្រះសង្ឃការីរៀបចង្ហាន់ប្រគេនព្រះសង្ឃឆាន់ ។ វេលារសៀល ថ្ងៃដដែល ត្រូវវេនព្រះសង្ឃដ៏ទៃទៀត ទៅបំពេញកិច្ចដូចថ្ងៃទី ១ ដែលយើងបានពោលរួចមកហើយ ។ថ្ងៃ ១៣ រោច ពិធីដែលធ្វើតាំងពីរសៀលថ្ងៃនេះ ទៅទល់នឹងព្រឹកថ្ងៃស្អេកទៀត ជាពីធីថ្វាយព្រះរាជកុសលចំពោះព្រះអតីតមហាក្សត្រទាំងឡាយ ជាពិសេសគឺប្រះរាជា ៥ ព្រះអង្គដែលទ្រង់សោយទីវង្គតក្រោយគេ គឺព្រះករុណា ព្រះអង្គឌួង ព្រះករុណាព្រះនរោត្ដម ព្រះករុណាព្រះស៊ីសុវត្ថិ ព្រះករុណាព្រះមុនីវង្ស និង ព្រះករុណាព្រះសុរាម្រិត ។

នៅថ្ងៃ ១៤ រោច ព្រះករុណា, ព្រះរាជវង្សានុវង្ស ស្ដេចចេញជាព្រះរាជាធិបតីជាមួយ នឹងនាម៉ឺនសព្វមុខមន្ត្រី ។

បន្ទាប់មក គេនិមន្តព្រះសង្ឃបង្សុកូល គឺជាការពិចារណាដល់ភាពឥតខ្លឹមសារនៃមនុស្សជាតិ និង ជាកិច្ចបញ្ជូនកុសលចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ឲ្យបានរំដោះផុតពីទុក្ខវេទនា ។ នៅវេលាលោកសង្ឃកំពុងសូត្រគេយកអំបោះឆៅប្រគេនព្រះសង្ឃគ្រប់អង្គកាន់ ហើយយកចុងសរសៃអំពោះម្ខាងដាក់ទៅក្នុងផ្តិលទឹកមន្តមួយ ។ ដែលតម្កល់នៅមុខព្រះសង្ឃនាយក ហើយចុងម្ខាងទៀត យកទៅដាក់ព័ទ្ធជុំវិញហោព្រះអដ្ឋិឯណោះ ។ អំពោះនៅជានិមិត្តរូបនៃការចម្លងកម្លាំងធម៌ ខាងសាសនាពីអ្នករស់នៅទៅកាន់អ្នកស្លាប់ ។

រួចពីនោះមក ព្រះករុណាទ្រង់យកបាច់ផ្កាទៅថ្វាយចំពោះព្រះបរមរូប រូបចាងហ្វាងក្រុមព្រះរាជមន្ទីរចូលថ្វាយផ្កា និង ថ្វាយបង្គំព្រះបរមរូប ជាបន្ទាប់ក្រោយព្រះអង្គ ។ តមកទៀត ក្រុមបារគូចូលទៅសូត្រប្រសិទ្ធិពរថ្វាយព្រះបរមរូប រូបចាងហ្វាងក្រុមព្រះរាជមន្ទីរ ថ្វាយព្រះរាជកុសលចំពោះព្រះបរមរូបទៀត ដើម្បីសូមព្រះអង្គបានប្រកបដោយព្រះសុភមង្គលគ្រប់យ៉ាងក្នុងបរលោក ។
នៅម៉ោង ៩ យប់ ព្រះករុណាទ្រង់យាងមកជួបជុំ និង ព្រះរាជវង្សានុវង្ស ចៅជិតចៅចម ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី ម្ដងទៀតដើម្បីធ្វើពិធី “ ប្រជុំបិណ្ឌ” ។ នៅឱកាសនោះ ព្រះខ័នស្ដេចត្រាញ់ទាំង ៤ ក៏ត្រូវអញ្ជើញមកតម្កល់ក្នុងពិធីនោះដែរ ។

សម័យបុរាណ តែកាលណាព្រះរាជអាណាចក្រត្រូវបានរីកធំឡើង ព្រះករុណាទ្រង់ជ្រើសតាំង ព្រះរាជវង្សានុវង្ស ១ អង្គ ជាស្ដេចត្រាញ់ដើម្បីគ្រប់គ្រងតំបន់ដែលនៅជិតព្រំប្រទល់ ។ កាលនោះ មានតែស្ដេចត្រាញ់បួនទេ ប្រចាំទិសទាំង ៤ នៃព្រះនគរ ។ ព្រះអង្គទ្រង់ព្រះរាជទាន មកុដ ១ ព្រះខ័ន ១ និង ត្រា ១ ដល់ស្ដេចត្រាញ់ទាំងនោះ មួយគ្រឿង ៗ មួយអង្គ ។

ប៉ុន្តែមកុដ និង ត្រាបាត់បង់អស់ទៅហើយ នៅសល់តែព្រះខ័ន ដែលមានពួកបាគូមួយក្រុម នៅវត្តបារាយណ៍ក្នុងខេត្តកំពង់ធំ នៅរក្សាដល់សព្វថ្ងៃនេះ ។ ព្រះខ័ន ទាំងបួនមានសភាពដូចគ្នា នៅលើមុខព្រះខ័ន មានឆ្លាក់មន្តអាគមផង ហើយនៅលើដងមានឆ្លាក់រូបសត្វ ៤ បែប ។ សត្វទាំង ៤ បែបនោះ ទំនងជាតំណាងចតុទិសនោះឯង ។ ដោយហេតុថាសម័យមុន ពួស្ដេចត្រាញ់ទាំង ៤ ត្រូវចូលខ្លួនទៅ រាជធានី ដើម្បីគោរពបូជាចំពោះវិញ្ញាណក្ខ័ន្ធ នៃបុព្វបុរស របស់ខ្លួន ទើបព្រះខ័ន ទាំងបួន ដែលជាតំនាងស្ដេចត្រាញ់ ក៏ត្រូវយកមកតម្កល់ ក្នុងរាជពិធីថ្វាយព្រះរាជកុសលនោះដែរ ។

ក្រៅពីនោះ មានតុពីរទៀត នៅចំពីមុខកន្លែង តម្កល់ព្រះបរមរូប ។ តុមួយមានគ្រឿងប្រដាប់សុទ្ធសឹងមាស គឺជាដង្វាយថ្វាយ ព្រះបិតរចំពោះព្រះសពនៃព្រះមហាក្សត្រ ទ្រង់រាជ្យ ។ តុ ១ ទៀតមានសុទ្ធតែគ្រឿងប្រាក់ ជាដង្វាយសម្រាប់ថ្វាយព្រះបិតរ ចំពោះវិញ្ញាណក្ខ័ន្ធ នៃព្រះរាជវង្សានុវង្ស ។ នៅជិតតុនោះ មានតុមួយតូចមួយទៀត តម្កល់កែវទឹកដូង ។

កាលព្រះករុណាទ្រង់យាង ដល់ទីប្រជុំហើយ ព្រះអង្គទ្រង់ព្រះរាជទានភ្លើងអុជទៀន គោលទាំងគូ ដែលដាក់នៅចំពោះព្រះភក្ត្រ ព្រះបរមរូប ។ បារគូ ៩ នាក់ សូត្រថ្វាយជ័យរួចចាក់ទឹកស័ង្ខលើបាតព្រះហស្ថព្រះរាជា ហើយថ្វាយស័ង្ខ រួចថ្វាយស្លឹកព្នៅខ្ចី ១ សន្លឹក ដែលព្រះរាជាទ្រង់ទទួលសៀតនៅព្រះកាណ៌ឆ្វេង ដើម្បីសិរីសួស្ដី ។

បន្ទាប់មកទៀត ចាងហ្វាងក្រុមព្រះរាជមន្ទីរ សូត្របួងសួងព្រះបិតរ សូមឲ្យលោកទ្រទ្រង់ព្រះមហាក្សត្រ និង រាស្ត្រប្រជា ធំ-តូច មាន-ក្រ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទោះជាជាតិសាស្ត្រណាក៏ដោយ សូមឲ្យបានសេចក្ដីសុខ ចម្រើនទាំងអស់ ។

លុះចប់កិច្ចបួងសួងហើយ ព្រះករុណាទ្រង់យាងថ្វាយបង្គំព្រះបរមរូបរួចទើបទ្រង់យាងចាក់ដូងជាក្រោយ ។ តមកតៀត ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ចូលម្ដង ៤ នាក់ ៗ ដូចមុនដែរ ។

បន្ទាប់មកទៀត, ព្រះមហាក្សត្រីយានីយាងចាក់ទឹកដូងតែមួយព្រះអង្គឯង រួចទើបក្រុមក្សត្រី ចៅជិត ចៅចម និង ភរិយានាម៉ឺនសព្វមុខមន្ត្រី ចូលចាក់ទឹកដូង ម្ដង ៤ នាក់ ៗ ជាលំដាប់ ។ លុះចប់ពិធីចាក់ទឹកដូងហើយ គេនិមន្តព្រះសង្ឃទេសនា រឿងពុទ្ធប្រវត្តិ រួចរៀបអភិសេកព្រះពុទ្ធរូបមួយព្រះអង្គ នៅក្នុងយប់ជាមួយគ្នានោះ ។ នៅទីវត្តទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានធ្វើពិធីដូចគ្នានេះដែរ ដែលយើងនឹងជូនសេចក្ដីអធិប្បាយទៅខាងមុខ ។

ប៉ុន្តែ សូមកត់សម្គាល់ថា ពិធីចាក់ទឹកដូង និង បិធីអភិសេកព្រះពុធ្ធរូប តែងធ្វើនៅព្រះបរមរាជវាំង ២៤ ម៉ោង មុនទំនៀមរាស្ត្រក្នុងព្រះនគរជាដរាប ។

ព្រះសង្ឃសូត្រពុទ្ធាភិសេកទល់ភ្លឺ ។ លុះភ្លឺស្រាង ៗ ហើយ ពួកភ្នាក់ងារយកគ្រឿងផ្ទុកក្នុងសង្ឃឹកឈើមួយតូច ដែលមានភាពដូចជាតំណាក់ផែ រួចសែងយកទៅឯងកំពង់ផែ ទៅដល់គេផ្ទេរគ្រឿងទាំងនោះដាក់ទៅក្នុងក្បូនដើមចេក ។ គេយកទូក ១ មកសណ្ដោងអូសរហូតដល់កណ្ដល់ទន្លេ ៤ មុខ ទើបលែងក្បូនឲ្យអណ្ដែតទៅតាមខ្សែទឹក បញ្ជូនទាំងវិញ្ញាណក្ខ័ន្ធ ព្រះបិតរទៅស្រុកទេសវិញផង ។
លុះត្រឡប់មកវិញ ពួកភ្នាក់ងាររៀបធ្វើពិធីបង្សុកូល និង ប្រគេនចង្ហាន់សង្ឃជាការស្រេច ។ ក្នុងពេលជាមួយនឹងព្រះរាជពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ក្រុមបារគូក៏ធ្វើពិធីបូជាចំពោះទេវរូបនៅនាយោព្រះបញ្ចក្សេត្រដែរ ។ គេធ្វើពិធីអញ្ជើញទេវរូបទាំងនោះឲ្យចេញវស្សាជាមួយផង ។




ទំនៀមរាស្ត្រៈ
ថ្ងៃខែដាច់ខែភទ្របទ ជាថ្ងៃសំខាន់ជាងគេក្នុងរដូវបិណ្ឌ គឺជាថ្ងៃ “ ប្រជុំបិណ្ឌ” ឬ “ ភ្ជុំបិណ្ឌ” ។
មុនថ្ងៃភ្ជុំ ជាថ្ងៃភ្ជុំធំ, នៅគ្រប់គ្រួសារខ្មែរគេនាំគ្នាធ្វើនំអន្សម នំគម ដើម្បីយកទៅវត្តអារម ចែកញាតិមិត្តជិតឆ្ងាយ និង សែនជីដូនជីតា ដែលធ្វើមរណកាលទៅហើយនោះ ។ ចំនែកនៅឯវត្ត គេរៀបចំបោសសំអាតតុបតែងសាលាបុណ្យឲ្យសរម្យ តាមរបៀប ព្រោះនៅវេលាយប់ ១៤ រោចនោះ ព្រះសង្ឃត្រូវនិមន្តស្វាធ្យាយធម៌ និង ទេសនាទល់ភ្លឺ ហើយគេមានធ្វើពិធីបង្សុកូល និង អភិសេកព្រះពុទ្ធរូប ដូចជាយើងបានពោលមកហើយក្នុងព្រះរាជពិធី ។

មានរឿងដំណាលថា កាលនោះ ព្រះបរមពោធិសត្វទ្រង់មានសេក្ដីតក់ស្លុត នឹងជរាព្យាធិ និង មរណៈជាពន់ពេក ទ្រង់យាងចាកភេទជាក្សត្រ ដើម្បីទៅស្វែងរកព្រះនិព្វានជាឋានបរមសុខ ។ ព្រះអង្គទ្រង់ធ្វើទុក្ខកិរិយាអស់រយៈកាល ៦ ឆ្នាំ ទាល់តែមានប្រះ កាយស្គាំងស្គមយ៉ាងខ្លាំង ប៉ុន្តែក្រោយបន្តិចមក ប្រះអង្គទ្រង់ពិចារណាឃើញថា ការដេលទ្រង់ប្រព្រឹត្តនេះ មិនអាចធ្វើឲ្យសម្រេចមគ្គផលបានទែ ទើបព្រះអង្គចាប់ឆាន់ចង្ហាន់ឡើងវិញ ។ តពីនោះមក ប្រះអង្គក៏ព្រមទទួលចង្ហាន់ដែលនាងសុជាតាបានធ្វើដោយផ្ចិតផ្ចង់អស់ពីចិត្តថ្វាយព្រះអង្គ ។

ព្រះអង្គទ្រង់បានសម្រេចព្រះសម្ពោធិញ្ញាណ នៅពេលដែលព្រះអង្គទ្រង់គង្គនៅក្រោមដើមពោធិព្រឹក្សមួយ ប៉ុន្តែមុននឹងទ្រង់បានត្រាស់ដឹង មារាធិរាជដែលជាសត្រូវ តាមព្យាបាទព្រះអង្គជាយូរណាស់មកហើយ ហើយដោយសេចក្ដីក្ដៅក្រហាយនឹងបំបែរព្រះទ័យព្រះអង្គឲ្យចុះអំពីរតនបល្ល័ង្ក ។ ព្រះបរមសាស្ដាទ្រង់អាងដល់នាងគង្ហីងព្រះធរណី ជាកស្សិណ នាងគង្ហីងចាង់ផ្នួងសក់ច្បូតចេញជាទឹកលិច​លង់​ពល​មារ​បរាជ័យក្នុងពេលនោះហោង ។ ឯទំនៀមធ្វើបុណ្យ អភិសេកព្រះពុទ្ធរូប ជាទំនៀមរំឭកដល់រឿងពុទ្ធប្រវត្តិ ត្រង់ដែលព្រះអង្គផ្ចាញ់មារាធិរាជនេះឯង ។ ហេតុនេះហើយ បានជាក្នុងពិធីពុទ្ធាពិសេកមានក្មេងព្រហ្មចារី អង្គុយបកស្រូវភោជសាលី និង ចំអិនមធុបាយាស ដោយទឹកដុង និង ភ្លើងទៀនជាតំណាងនាងសុជាតា ។ ដល់ពេលទៀបភ្លឺ មានយវជនជាច្រើនរូបតំណាងពលមារ ចូលទៅធ្វើអាការហាក់ជាកំហែងព្រះអង្គ ពេលនោះពួកកុមារីបានព្រាចនូវស្រទាប់ផ្កាឈូក ជាការរំឭកដល់កាលដែលនាងគង្ហីងធរណីច្បូតសក់បង្ហូរទឹកឲ្យលិចលង់ពលមារ ។

ពេលភ្លឺស្រាង ៗ ទាយកទាយិកា នាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួន ទៅសំរាកបន្តិច ដើម្បីនឹងត្រឡប់មកកាន់វត្តវិញ នៅពេលថ្ងៃជិតត្រង់ ។

ជិតដល់ពេលហើយ អ្នកស្រុកជើងវត្តនាំគ្នាទូលបាយបត្តបូរ បាយបិណ្ឌម្ហូបចំណីផ្សេង ៗ ដែលធ្វើដោយផ្ចិតផ្ចង់ទៅប្រគេនព្រះសង្ឃ ដើម្បីឲ្យបានផលដល់ខ្មោចជីដូនជីតា ដែលគេលែងឲ្យមកជួបជុះក្នុងពេលនោះ ។ នៅស្រុកខ្លះ គេបង្វិលពពិលបំបួស ដូនជីមួយផង នៅឱកាសនោះ ។

ពេលព្រលប់ថ្ងៃដដែល អ្នកស្រុកប្រមូលក្រុមញាតិនៅផ្ទះរៀងខ្លួន ដើម្បីសែនជីដូនជីតា ។ គេក្រាល់កន្ទេល ១ ដាក់សំពត់សក្រាលពីលើ មានខ្នើយ ១ ផង នៅអមកន្ទេលទាំងសង្ខាង មានថាសចំអាប បង្អែម បាយបិណ្ឌ និង បាយបត្តបូរ ។ លុះរៀបចំស្រេចកាលនា មនុស្សចាស់ម្នាក់ក្នុងគ្រួសារ អុចធូបទៀន សំបូងសំរូង អញ្ជើញជីដូនជីតា ញាតិមិត្ត ដែលបានធ្វើមរណកាលទៅនោះ ឲ្យអញ្ជើញមកសេពសោយ អាហារភោជនដែលគេរៀបជូន និង ឲ្យសព្ទសាធុការពរ ដល់កូនចៅញាតិសន្ដានផង ។

ថ្ងៃជាបន្ទាប់មក គឺថ្ងៃ ១ កើតខែអស្សុជ គេក្រោកតាំងពីយប់នាំយកក្បូនដើមចេក ផ្ទុកដោយស្បៀងអាហារ ស្រូវអង្ករ នំនែកគ្រប់យ៉ាង យកទៅបណ្ដែតឲ្យរសាត់តាមខ្សែទឹកហូរ ហើយនិយាយថា សូមឲ្យជីដូនជីតាអញ្ជើញត្រឡប់ទៅស្រុកដើមវិញចុះ ។

ក្នុងភូមិខ្លះនៅក្បែរក្រុងភ្នំពេញ នាថ្ងៃដដែលនោះ គេមានថ្វើពីធីសេន ឬ ថ្វាយព្រះភូមិផង ។ គេរៀបចំកន្ទេលខ្នើយ បាយទឹក និង សំណែនផ្សេង ៗ ដូចជាសែនដូនតាពីល្ងាចដែរ រួចគេអញ្ជើញព្រះភូមិ ព្រះធរណី ឲ្យមកសេពសោយព្រមទាំងសុំឲ្យកើតផល្លានុផលបរិបូរផង ។ ជួនកាល បន្ទាប់ពីការសែនព្រេន និង បួសងួងនោះមក កូនក្មេងដែលនៅចាំក្រោមផ្ទះ នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ វាយសរសរផ្ទះក្ដុងក្ដាំង បណ្ដើរថា “ ឱ ! ព្រះភូមិករ ព្រះធរណី យាងមកឲ្យយើងសុខសប្បាយហើយ” រួចនាំគ្នាសើចលាន់យ៉ាងសប្បាយទៅ ។

បន្ទាប់មកទៀត កេយកអំពោះឆៅទៅចងដៃម្ចាស់ផ្ទះប្រុសស្រី ចង់សរសរកន្ទោង ចងស្នែងគោក្របី នង្គ័ល និង រនាស់ ។ អំបោះនេះ ជានិមិត្តរូបនៃសម្ពន្ឌមួយយ៉ាងតឹងរ៉ឹង រវាងភ្ញៀវចូលមកជួបជុំ និង អ្នកផ្ទះ ។ គេយកប្រេង ម្សៅទៅលាបស្នែងសត្វពាហនៈទាំងនោះ ហើយសុំខមាទោស កុំឲ្យមានកម្មពៀរ ដោយបានប្រើ និង វាយដំសត្វនោះ ក្នុងការធ្វើស្រែចំការ ។ រួចអ្នកស្រែចំការ នាំគ្នាយកច្រមទៅដោតមួយ ៗ គ្រប់រែស ។ ច្រមនោះធ្វើអំពីដើមឫស្សីមួយកំណាត់ គេច្រៀកចុងម្ខាងជាបន្ទះស្ដើង ៗ ហើយយកវល្លិ៍ក្រងឲ្យមានរាងរីកចុងរួមគល់ ដូចជីវឡាវ មានដាក់បាយ នំ ចំណី និង ចងស្លាបមាន់ខ្មៅ ១ នៅមាត់ច្រកនោះផង ។ អ្នកស្រែយកច្រមនោះទៅដោតនៅទិសឥសានស្រែ ហើយថយមកអង្គុយ បួងសួងមួយសន្ទុះ សុំឲ្យធ្វើស្រែបានផលច្រើន ។ នៅកន្លែងខ្លះទៀត គេយកបាយបិណ្ឌទៅចោលក្នុងស្រែដើម្បីឲ្យបានផលច្រើន ។

ដកស្រង់ចេញពី ដោយ៥០០០ឆ្នាំ





















Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...