Skip to main content

សម្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារី យុវតី និងបុគ្គលិក នៃមជ្ឈមណ្ឌលបណ្ដុះវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP)


 CNV:

បន្ទាប់ពីបានផ្លាស់ប្តូរការសន្ទនាសួរសុខទុក្ខនិងសំណេះសំណាល ជាមួយកុមារី យុវតី និងបុគ្គលិកនៃមជ្ឈ​មណ្ឌលបណ្ដុះវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP) សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភា បានថ្លែងការណ៍ ដែលមានការដកស្រង់សេចក្តីដូចតទៅ៖

[…] ថ្ងៃនេះ មុនពេលភ្ជុំ តាយាយបានមកជួបជាមួយចៅៗ។ តាមពិត ទម្រាំរកកម្មវិធីដែលអាចមកបាន គឺវាលំបាកសម្រាប់មជ្ឈមណ្ឌលបន្តិច ​ដោយសារតែម្សិលមិញនេះ យាយមានកម្មវិធីជាមួយសមាគមស៊ីក្លូ ដែលឯកឧត្តម ឃួង ស្រេង ចាត់ចែង។ យើងមានមូលនិធិស៊ីក្លូមួយ សម្រាប់ជួយពួកគាត់។ នៅសល់តែថ្ងៃនេះ។ ថ្ងៃស្អែកយាយទៅវត្ត។ ខានស្អែក ត្រូវដង្ហែព្រះករុណាព្រះមហាក្សត្រយាងទៅប្រទេសបារាំង។ ដូចនេះ មានតែមកថ្ងៃនេះ។ អញ្ចឹង ចៅៗខ្លះបានទៅដល់មូលដ្ឋានហើយត្រូវត្រឡប់មកវិញដើម្បីជួបជុំគ្នាមុនបុណ្យភ្ជុំបិណ្ឌរបស់យើងថ្ងៃនេះ។

(១) ប្រែក្លាយស្ថានភាពលំបាក ជាសសហគមន៍សុខសាន្ត

ខ្ញុំអរគុណចំពោះការគ្រប់គ្រងដ៏ពិសេសរបស់កូន សុម៉ាលី ទៅលើមជ្ឈមណ្ឌលនេះ។ អរគុណដល់ចៅៗដែលជាគ្រូៗ នៅទីនេះ ចំនួន២៧នាក់ ហើយថែម៤នាក់នៅថ្ងៃនេះទៀត សម្រាប់(ការបញ្ចូល)ក្របខ័ណ្ឌ។ តាមកនេះ ទី១ គឺចង់សួរសុខទុក្ខចៅៗ។ ទី២ ​គឺចង់ដឹងអំពីស្ថានភាពរបស់ចៅៗ។ ដូចតាធ្លាប់និយាយពីមុនមកហើយ រឿងបង្កើតឱ្យមានវាពិបាកទៅហើយ តែរឿងធ្វើឱ្យមាននិរន្តរភាព ដែលហៅថាឱ្យដំណើរការទៅបានល្អ ជារឿង​​​មួយទៀត។ អញ្ចឹង មិនអាចឱ្យកន្លែងនេះក្លាយទៅជាទីកន្លែងមួយដែលខ្វះការយកចិត្តទុកដាក់ទេ។ តាមរយៈនៃជំនួយនេះ ក៏បានទាញយកនូវការជួយឧបត្ថម្ភពីក្រុមហ៊ុន ក៏ដូចជាអង្គការអន្តរជាតិនានា មកចំពោះមជ្ឈមណ្ឌលដែរ។ ដោយយើងយល់អំពីការលំបាក យើង​ក៏បានប្រែក្លាយស្ថានភាពលំបាក ជាស្ថានភាពដែលអម្បាញ់មិញយើងនិយាយគ្នាថា ជាសហគមន៍សុខសាន្តមួយ ដោយចៅៗ ដែលមានអាយុច្រើន ក៏បានទៅធ្វើការ ខ្លះមានគ្រួ​សារ ហើយក៏បានត្រឡប់មកធ្វើការនៅកន្លែងនេះ។ (ជួយ)ថែទាំគ្នា។

(២) រឿងកន្លងហួសជាអតីតកាលមិនអាចផ្លាស់ប្ដូរបាន តែត្រូវដាក់ទិសដៅតម្រង់ទៅអនាគត

ខ្ញុំអរគុណសប្បុរសជននានាដែលបានជួយដល់ចៅៗ។ រឿងរ៉ាងអតីតកាល ទោះបីថាយើងនឹកទៅដល់វាតែយើងមិនអាចផ្លាស់ប្ដូរវាបានទេ វាជារឿងពិតយ៉ាងដូច្នោះ។ រឿងបានកើតឡើងរួចទៅហើយ ក្លាយទៅជារឿងអតីតកាល ប៉ុន្តែបើទោះបីយើងរំលឹកវាយ៉ាងម៉េចក៏ដោយ តែវាមិនអាចផ្លាស់ប្ដូរស្ថានភាពនោះបានទេ។ តែអ្វីដែលជាការខិតខំរបស់យើង ទាំងអ្នកគ្រប់គ្រង និងទាំងចៅៗទាំងអស់ដែលជាគ្រូ ដែលមើលថែទាំគ្នា និងអ្នកជួយឧបត្ថម្ភទាំងឡាយដាក់ចេញគោលដៅ តម្រង់ឆ្ពោះទៅអនាគត (ក្នុងនោះគឺ)សំដៅទៅលើការបណ្ដុះបណ្ដាល។ ថ្ងៃនេះ តាសុំដាក់ចេញជាកាតព្វកិច្ច ទោះបីថាពីមុន អាចនឹងនិយាយហើយក៏ដោយ ប៉ុន្តែថ្ងៃនេះ តាត្រូវចេញជាកាតព្វកិច្ចសម្រាប់មជ្ឈមណ្ឌលនេះ។

(៣) កុមារីរងគ្រោះនៅមជ្ឈមណ្ឌល AFESIP ត្រូវទទួលការបណ្ដុះបណ្ដាលហោចបំផុតបរិញ្ញាបត្ររង

កុមារីរងគ្រោះមកកាន់ទីនេះទាំងអស់ ត្រូវតែបានទទួលការបណ្ដុះបណ្ដាល ហោចបំផុតបានបរិញ្ញាបត្ររង។ ប៉ុន្តែគោលដៅ គឺបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ហើយបើមានលទ្ធភាព ចូលថ្នាក់បណ្ឌិត។ ហេតុអ្វីបានជាតាមកនិយាយអំពីបរិញ្ញាបត្ររង? ប្រព័ន្ធអប់រំរបស់យើង មានការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលហៅថាប្រលងបាក់ឌូប្លិ៍ ដែលគេនឹងប្រឡងប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងករណីចៅប្រឡងមិនជាប់បាក់ឌូប្លិ៍ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឱ្យរៀនយកបរិញ្ញាបត្ររង​។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏អនុញ្ញាតឱ្យមានការរៀន(ជំនាញ)បណ្ដុះបណ្ដាលនៅទីនោះផងដែរ។ តាគ្រាន់តែចង្អុលបង្ហាញដល់ចៅៗ ជាពិសេស ចំពោះកូន សុម៉ាលី ឱ្យបានដឹងថា ក្នុងករណីចៅណាមួយប្រឡងមិនជាប់បាក់ឌុប្លិ៍ ត្រូវឱ្យចៅនោះចូលទៅរៀនយកបរិញ្ញា​បត្ររងសិន រួចហើយឆ្នាំក្រោយបានមកប្រឡងបាក់ឌូប្លិ៍ឡើងវិញ។

(៤) ឬរៀនដើម្បីប្រឡងបាក់ឌូប្លិ៍ជាថ្មី ឬចូលរៀនបរិញ្ញាបត្ររង ហើយទៅប្រឡងបាក់ឌូប្លិ៍នៅឆ្នាំបន្ទាប់

មានករណីច្រើនដែលគេធ្វើបែបនេះ។ វាអត់ខាត។ យើងប្រឡងបាក់ឌូប្លិ៍មិនជាប់ យើងមានជម្រើស ២យ៉ាង៖ ជម្រើសទី១ ប្រឹងប្រែងរៀនទៀតដើម្បីប្រឡងបាក់ឌូប្លិ៍ជាថ្មីនៅឆ្នាំក្រោយ ឯជម្រើសមួយទៀត ដែលជាជម្រើស​ល្អមួយដែរ យើងដាក់ពាក្យចូលរៀនបរិញ្ញាបត្ររង ដល់ឆ្នាំក្រោយយើងទៅប្រឡងបាក់ឌូប្លិ៍។ ក្នុងករណីដែលយើងជាប់បាក់ឌូប្លិ៍ យើងមានសិទ្ធិរៀនយកបរិញ្ញាបត្រ បរិញ្ញាជាន់ខ្ពស់ ឬរហូតខ្ពស់ជាងហ្នឹង។ ​ហ្នឹងដើម្បីកុំឱ្យខាតឆ្នាំ។ អញ្ចឹងត្រូវដាក់ចេញគោលដៅ អោយចៅៗនៅមណ្ឌលនេះទាំងអស់ត្រូវមានបរិញ្ញាបត្រ។ ហោចបំផុតមានបរិញ្ញាបត្ររង។ ដោយសារក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតអោយអ្នកមិនអាចប្រឡងជាប់បាក់ឌូប្លិ៍ ចូលរៀនបរិញ្ញាបត្ររងបាន យើងអាចអនុញ្ញាតឱ្យពួកគេរៀនបរិញ្ញាបត្ររង ហើយអាចវិលមកប្រ​ឡងបាក់ឌូប្លិ៍វិញ។ បន្ទាប់ពីមានសញ្ញាបត្របាក់ឌូប្លិ៍ហើយ យើងបំពេញលក្ខខណ្ឌសម្រាប់យកថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ហ្នឹងជាកាតព្វកិច្ចដែលដាក់ចេញសម្រាប់មជ្ឈមណ្ឌលនេះ។

(៥) ត្រកូល ហ៊ុន តជំនាន់ បន្តជួយឧបត្ថម្ភមជ្ឈមណ្ឌល អាហ្វេស៊ីប

សូមកុំបារម្ភអំពីការដួលរលំនៃមជ្ឈមណ្ឌលនេះ។ (ថ្វីត្បិតតែ)មានអ្នកចង់ផ្ដួលរម្លំត្រកូល ហ៊ុន តែគេមិនអាចមានលទ្ធភាពផ្ដួលរម្លំត្រកូល ហ៊ុន ទេ។ ទោះបីតាមិនធ្វើជានាយករដ្ឋមន្រ្តីទៀតក៏ដោយ ប៉ុន្តែការទ្រទ្រង់មជ្ឈមណ្ឌលនេះ គឺតាមានអ្នកបន្តវេន កុំសូម្បី(ទៅថ្ងៃមុខ)អត់តាយាយក៏ដោយ។ ឥឡូវថ្ងៃនេះ ប្រពន្ធនាយករដ្ឋមន្រ្តីមកដែរទេ។ កូនត្រូវចាំ។ អត់ពីពុកម៉ែទៅ កូនត្រូវរក្សាអ្វីដែលជាកេរ្ដិ៍ដំណែលដែលពុកម៉ែបានធ្វើនៅទីនេះ ហើយអាចចែកទៅប្អូនៗ បន្តទៀត។ អញ្ចឹង បើទោះបីជាអត់ពីតាយាយទៅ ក៏នៅសល់កូន។ បន្ទាប់ពីកូនទៅ នៅសល់ចៅ។ មជ្ឈមណ្ឌលនេះមិនដួលរលំទេ។ ទោះបីថាវាលំបាករកជំនួយពីខាងក្រៅ ក៏ប៉ុន្តែយើងអាចបំពេញ(សេចក្តីត្រូវការ)នៅទីនេះបាន។

(៦) អ្នករំលោភបំពានកុមារជាមនុស្សតិរច្ឆាន

ខ្ញុំក៏នៅតែទទូចអង្វរក ចំពោះក្រុមជនអនាចារ បើទោះបីជាឪពុកបង្កើត ឪពុកចុង ឬអ្នកដែលចូលចិត្តរំលោភទៅលើកុមារ គឺសូមបញ្ឈប់(អំពើររច្ឆាននេះ)ទៅ។ ពិតមែនហើយ កាលដែលខ្ញុំមកនិយាយនៅទីនេះថា ត្រៀមរៀបចំឱ្យមានទោសប្រហារជីវិត។ ពេលនោះ ក៏មានប្រតិកម្មភ្លាមៗ មក។ ឥឡូវ យើងមិនមាន(ទោស)ហ្នឹងទេ ប៉ុន្តែយ៉ាងណាក៏ដោយ គឺយើងអំពាវនាវឱ្យចៀសវាងនូវអំពីអនាចារ ដែលសូម្បីតែក្មេងគ្មានដឹងអី ក៏អាចធ្វើរឿងនេះទៅកើត។ វាលើសពីសត្វធាតុទៅទៀត លើសពីតិរច្ឆាន។

(៧) មកដើម្បីស្វែងយល់ពីតម្រូវការ មិនមែនមកដើម្បីមកទេ

អ្វីដែលពុក ក៏ដូចជាតាយាយបានសន្យា ក៏បានបំពេញ។ ថ្ងៃនេះ សូមឆ្លៀតពេលសួរទាំងអ្នកគ្រប់គ្រង ក្មួយ សុម៉ាលី សួរទាំងចៅៗ ដើម្បីឱ្យដឹងពិតប្រាកដថាមានតម្រូវការអ្វីខ្លះ? បញ្ហាមិនមែនមក ដើម្បីមកទេ។ យើងត្រូវស្វែងយល់ពីបញ្ហាទាំងឡាយ។ ច្បាស់ណាស់ (ក្មេង)ប៉ុណ្ណឹងៗឱ្យដាក់ដេកលើគ្រែ វាច្បាស់ជាធ្លាក់ ប៉ុន្តែថ្ងៃខ្លះស្រាប់តែគេថតយកទៅបង្ហោះថា កន្លែងអាហ្វេស៊ីប (AFESIP) ឱ្យក្មេងដេកនឹងឥដ្ឋ។ ជួនកាល មនុស្សមិនយល់ការខ្លះ មកទិតៀនអ្នកគ្រប់គ្រងមណ្ឌលថា មិនយកចិត្តទុកដាក់ចំពោះកុមារ ឱ្យកុមារដេកនឹងឥដ្ឋ។ មានជនធុនហ្នឹង។ អ្នកដែលខ្វះការចេះដឹង តែងសំដែងថា គួរឱ្យអាណិតក្មេងណាស់ព្រោះឱ្យដេកនឹងឥដ្ឋ។ យើងមិនខ្វះគ្រែទេ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនៅត្រង់ថា ក្មេងវាបំរាសទៅធ្លាក់ពីលើគ្រែ។ បើអញ្ចឹងទេ(អត់ដាក់គ្រែ) ដាក់មួយបន្ទប់ ៦នាក់ៗ អញ្ចឹងទៅ។

(៨) មុននឹងឱ្យទៅរស់នៅក្នុងសង្គមឡើងវិញ ត្រូវពិនិត្យគ្រួសារ និងបញ្ជូនសំណុំលិខិតឱ្យអាជ្ញាធរមូលដ្ឋាន ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ជាពិសេសបុស្ដិ៍រដ្ឋបាល

ចៅៗ បានកម្សត់ខ្លួនទៅហើយ មិនត្រូវឱ្យបន្តការកម្សត់ខ្លួនបន្ថែមទៀតទេ។ ដូចជាករណីអម្បាញ់មិញ គ្រាន់តែភ្លាម យើងបានពិនិត្យឃើញ ២ទៅហើយ អំពីការលែងលះគ្នា។ អញ្ចឹង សូមជម្រាបទៅ សុម៉ាលី កូនឯងត្រូវមើលឱ្យច្បាស់ នៅពេលដែលចៅៗ ធំពេញវ័យ បានរៀន ​បានបណ្ដុះបណ្ដាល ហើយត្រូវម្ដាយនាំត្រឡប់ទៅវិញ ចៅត្រូវមើលឱ្យច្បាស់កន្លែងហ្នឹង។ ជួនកាល ម្ដាយខ្លះយកកូនត្រឡប់ទៅវិញ ស្មើនឹងយកទៅធ្វើបាបឱ្យមានសោក​នាដកម្មកើតសាជាថ្មី។ កាលមកតាមឡាន ឮថាដូចជាមានប៉ុន្មានករណីហើយ​។

(ម៉ម សុម៉ាលី៖ មាន ៤ករណី ដែលកូនយកមកវិញ ដោយសារកូនៗ ដែលគាត់បានទៅរៀនរស់នៅក្នុងសង្គមវិញហ្នឹង បានត្រឡប់ទៅវិញ។ ខ្លួនកូនខ្លួន​ឯងបានចុះទៅមើលពួកគាត់។ ចុះទៅមើល ចែកសម្ភារៈ ហើយបើសិនជាកូន​ណា ដែលមើលទៅមានបញ្ហាមិនប្រក្រតី (ក៏នឹងយកមកវិញ)។ ដូចកូនមួយនោះ ដល់ផ្ទះត្រូវម្ដាយឪពុកគាត់ធ្វើបាប។ ​យើងយកគាត់មកនៅអង្គការវិញ។ មានកូនខ្លះ ទៅដល់ ម្ដាយមានប្ដីចុង។ អញ្ចឹង ប្ដីចុងបៀតបៀន ហើយនិងរំលោភម្ដងទៀត។ យកត្រឡប់មកវិញ។ ករណីមួយទៀត អ្នកជិតខាងធ្វើបាប យកត្រឡប់មកវិញ។ ប៉ុន្តែ កូនៗមិនដែលលាក់ជាមួយនឹងអង្គការទេ។ ឱ្យតែគាត់មានបញ្ហា គឺគាត់ទាក់ទងមកមណ្ឌលភ្លាម។)

ហ្នឹងជាបញ្ហា។ ត្រូវគ្រប់គ្រងសភាពការណ៍នេះឱ្យបាន។ មុននឹងឱ្យទៅ ត្រូវពិនិត្យគ្រួសារនោះ(ជាមុនសិន)។ ជាសេ​រីភាពរបស់ពួកគាត់ ប៉ុន្តែយើងត្រូវតែផ្ដល់នូវការប្រឹក្សា ផ្ដល់មតិឱ្យគាត់។ បន្ថែមលើនោះ យើងត្រូវតែបញ្ជូនសំណុំលិខិតនេះទៅឱ្យអាជ្ញាធរមូលដ្ឋាន ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ជាពិសេសបុស្ដិ៍រដ្ឋបាល ក្រែងលោវាមានរឿងកើតឡើងច្រំដែល។

ទុក្ខសោកកាលពីក្មេងខ្ចីហើយ ពេលពេញវ័យ ត្រឡប់ទៅវិញ ត្រូវទទួលនូវការប្រមាថ ទទួលនូវការបំពានទៀត រឿងនេះត្រូវតែយកចិត្តទុកដាក់ឱ្យបានមែនទែន។ ដោយហេតុនេះហើយ បានជានៅទីនេះ គ្មានកុមារាទេមានតែកុមារី។ មិនគួរមានរឿងនេះកើតឡើង ហើយចំនួនកុមារ(រងគ្រោះ)មិនថមថយ និងចេះតែកើនចំនួនទេ។ អញ្ចឹង ភាពតិរច្ឆានរបស់មនុស្សនៅក្នុងប្រទេសយើងនេះ វាយ៉ាងម៉េច? ស្ថានភាពនេះ គឺជាស្ថានភាពមួយដ៏ពិបាកយល់។ ពីដើម វាមានដែរ គេបណ្ដែតពោងពាយ។ យើងមិនដែលឃើញទេ លឺតែគេថា។ គឺយកទៅដាក់នៅលើក្បូន រួចហើយយកដែកគោលវាយជើងទាំងសងខាង ហើយបណ្ដែតទៅ។ អញ្ចឹងត្រូវសង្កេតមើលឲ្យបានច្បាស់ទៅលើរឿងនេះ។

(៩) ចង់ឲ្យចៅៗ មានការចេះដឹងជាកំណប់លុយដែលចាយមិនអស់

សម្រាប់ចៅៗ ទាំងអស់ ដែលបានធ្វើការងារ បានរៀន និយាយរួម ជាកាតព្វកិច្ចគឺត្រូវឲ្យចប់ ឲ្យមានបរិញ្ញា ហោចបំផុតបរិញ្ញារង បានឲ្យចេញ។ បើមិនទាន់ជាប់ទេ គឺមិនឲ្យចេញទេ។ កុំអាលបង្ខំឲ្យមានប្ដីអី។ ចំណេះ(សំ​ខាន់ជាង)។ តាយាយមកទីនេះ មានសប្បុរសជនដែលបានជួយទាំងក្នុងនិងក្រៅប្រទេសផ្ដល់ឲ្យចៅៗដើម្បីរំ​លែកការលំបាកតែប៉ុណ្ណោះ។ អ្វីដែលសំខាន់ តាយាយក៏ដូចជាសប្បុរសជនទាំងឡាយ ចង់ឲ្យចៅៗមានកំណប់ គេហៅថា លុយដែលចាយមិនអស់ ហ្នឹងគឺនៅក្នុងខួរក្បាលយើងទៅវិញ។ លុយដែលចាយអស់ គឺលុយដែលតាចែកឲ្យចៅៗមួយខែ ១០ម៉ឺនរៀលហ្នឹង។ ចៅយកទៅចាយ(អស់) តែនៅពេលដែលចៅចាយលុយនេះអស់ ចៅនៅមានលុយនៅក្នុងខួរក្បាលរបស់ចៅ ដែលចៅរៀនចេះដឹង ចៅចាយមិនអស់ទេ។ អញ្ចឹងត្រូវខំរៀន។

កន្លងទៅ តាយាយបានជួយនៅក្នុងមជ្ឈមណ្ឌលនេះ ក្រៅពីសប្បុរសជនដទៃ តាំងពីឆ្នាំ២០១៩។ ក្នុងហ្នឹង សម្រាប់តារឿងនេះមិនមែនជារឿងងាយទេ។ តាសម្លឹងឃើញចៅៗ សុទ្ធតែជាស្រ្តី។ តាមានប្រពន្ធក៏ជាស្រ្តី មានកូនក៏ស្រី ចៅក៏ស្រី។ អញ្ចឹងតាយល់ណាស់ពីអ្វីទៅជាស្រ្តី ឬកុមារី។ វាខុសពីកុមារា។ តម្រូវការតាំងពីចិញ្ចៀន ក្រវិលនេះ/នោះ។ ប្រាក់សន្សំក្នុងមួយខែ ១០ម៉ឺនរៀល មួយឆ្នាំវាស្មើនឹង ១លាន ២សែន ស្មើនឹងប្រហែល ៣០០ដុល្លារ​ដែរ។ ល្អហើយដែលចៅខ្លះបានយកប្រាក់នោះទៅទិញម៉ូតូសម្រាប់ជិះទៅមហាវិទ្យាល័យ។ អញ្ចឹង ចៅៗមួយចំនួនផ្សេងទៀតក៏អាចធ្វើដូចគ្នា ប៉ុន្តែចៅៗមួយចំនួនយកមកទិញមាស ជាចិញ្ចៀន ខ្សែក ក្រវិល។ អត់មានអីខុសទេ ព្រោះជាតិជាស្រ្តី គឺចង់ល្អ។ ចៅត្រូវការសម្លៀកបំពាក់។ នោះជាការគិតដោយឡែករបស់តា។ បើទោះបីតាមិនមែនជាមនុស្សស្រី តែតាយល់ពីស្រី រាប់ទាំងស្រីថ្ងៃនេះ។

(១០) សូមនាយករដ្ឋមន្រ្តីអនុម័តអោយទទួលបុគ្គលិក ៤នាក់នៅ AFESIP ដោយមិនបាច់ប្រឡង

សូមសួរមួយម៉ាត់ យាយថ្ងៃហ្នឹងក្មេងឬអត់? សមជា​មួយតា ឬអត់សម? កាលពីក្រមុំស្អាតណាស់ បើមិនស្អាតប៉ុណ្ណឹង មិនអាចទាញមេបញ្ជាការកងទ័ពពិសេសមួយបានទេ។ ខ្ញុំចង់ដែរ មិនមែនអត់ទេ កុំថាតែម្ខាង វាទាំងអស់គ្នាហ្នឹង។ ថ្ងៃនេះ យើងនៅបន្តរក្សាស្ថានភាពដដែល។ ប៉ុន្តែ ស្រ្តីទីមួយរបស់កម្ពុជា ពីដើមស្រ្តីទីមួយនៅក្នុងប្រ​ទេសយើងកំណត់ជាប្រពន្ធនាយករដ្ឋមន្រ្តី។ អញ្ចឹង យាយនេះគាត់ធ្វើស្រ្តីទីមួយរយៈពេល ៣៨ឆ្នាំ។ ឥឡូវហ្នឹងស្រ្តីទីមួយធ្លាក់ទៅលើកូនប្រសារ តួនាទីនាយករដ្ឋមន្រ្តីធ្លាក់ទៅលើកូន។ ទោះបីតាកាន់ឋានានុក្រមពិធីការខ្ពស់ជាងនាយករដ្ឋមន្រ្តី តែនាយករដ្ឋមន្រ្តីអ្នកកាន់អំណាច។ ការប្រាប់ទៅរដ្ឋមន្រ្តីឲ្យទទួលយកនូវបុគ្គលិកជាដើមហ្នឹង គឺការងាររបស់នាយករដ្ឋមន្រ្តីទេ។ សង្ឃឹមថា នាយករដ្ឋមន្រ្តីនឹងអនុម័តដោយមិនចាំបាច់ឆ្លងកាត់នូវការប្រឡងទេ។ បើគាត់ប្រឆាំងនឹងការជ្រើសរើសបុគ្គលិកបន្ថែម ៤នាក់ ស្មើនឹងប្រឆាំង AFESIP ហើយតាយាយនៅឈរខាង AFESIP ប្រឆាំងនាយករដ្ឋមន្រ្តីម្ដង។​ ប៉ុន្តែ គាត់មិនធ្វើអញ្ចឹងទេ ការងារមនុស្សធម៌ត្រូវបានគ្រប់គ្រង។

(១១) មិនខ្វះអាហារូបករណ៍រៀនមហាវិទ្យាល័យ

ទាក់ទងនឹងអាហារូបករណ៍ក៏ដូចគ្នា។ ក្នុងពេលដែលចៅៗបានជាប់បាក់ឌូប្លិ៍ភ្លាម ត្រូវរកអាហារូបករណ៍ពីសមាគមអាហារូបករណ៍និស្សិតក្រីក្រ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ (ស្រ្តីទីមួយ) អ្នកកាន់អាហារូបករណ៍ស្រាប់ហើយ TYDA ខាងពេទ្យនោះ ម៉ាណែត ប្រធាន (ស្រ្តីទីមួយ)គេអនុប្រធាន។ ដល់ទៅសមាគមអាហារូបករណ៍ ស្រ្តីទីមួយប្រធានតែម្ដង។ ថ្ងៃមុន ឃើញសកលវិទ្យាល័យជាតិគ្រប់គ្រងផ្ដល់ឲ្យពុក ១០កន្លែង ហើយពុកចារ ធ្វើលិខិតថ្លែងអំណរគុណហើយប្រគល់ទៅកូនឯង។ ចៅៗមិនខ្វះអាហារូបករណ៍រៀននៅមហាវិទ្យាល័យទេ

(១២) AFESIP ជាគ្រួសារមួយធំ ដែលចៅមានអាយុច្រើនជួយមើលនិងបង្រៀនចៅៗដែលមានអាយុតិច 

បន្តមក យើងឧបត្ថម្ភមណ្ឌលមួយឆ្នាំ ៥ម៉ឺនដុល្លារនិងអង្ករ១តោនប្រចាំខែ (ព្រមទាំងប្រាក់)សម្រាប់ម្ហូប ២០លានរៀល។ ចៅៗ ក្នុងមួយខែគឺ ១០ម៉ឺនរៀល។ ខំសន្សំចៅ។ ប្រាក់ខ្មែរយើងគិតជាអត្រាប្ដូរប្រាក់អត់មានប្រែប្រួលធំទេ។ អញ្ចឹងប្រាក់រៀលយើងនៅតែមានតម្លៃ។ សង្ឃឹមថាចៅៗនឹងបន្ត។ ចៅដែលមានអាយុច្រើនជួយមើល និងជួយបង្រៀនចៅៗដែលមានអាយុតិច។ យើងជាគ្រួសារមួយដ៏ធំនៅក្នុង AFESIP ដែលមានម្ដាយមានបងនៅទីនេះជាមួយគ្នា។ រឿងវាបានកើតឡើងរបៀបនេះ តែយើងក៏មិនអាចចៀសវាងបាននូវអ្វីដែលវាបានកើតឡើងរួចមកហើយនោះទេ។ ថ្ងៃនេះមាន(នាំមក)សៀវភៅ ៤ក្បាល សម្រាប់ចៅៗ ដាក់ក្នុងបណ្ណាល័យ …។

(១៣) “តានៅមាន ១០ឆ្នាំ ៣ដងទៀត”

ល្មមនឹងឃ្លានបាយហើយ។ ម៉ោង១១ហើយ។ រវល់តែជជែកគ្នា។ ថ្ងៃនេះ មានកុមារី និងយុវនារី ១៧២នាក់ បូកនឹងគ្រូ ៣២នាក់ ទាំងអស់ ២០៤នាក់ ក្នុងម្នាក់ៗ ទទួលបាន ផ្លែប៉ោម ២ផ្លែ ក្រូចឃ្វិច ២ផ្លែ ទំពាំងបាយជូរ ២ចង្កោម ទឹកសុទ្ធ និងទឹកក្រូច ព្រមទាំងថវិកាជូនទាំងសិស្សទាំងគ្រូស្មើៗគ្នាគឺ ៥០ម៉ឺនរៀល​ ដើម្បីឲ្យចៅយកទៅធ្វើបុណ្យភ្ជុំ ឧទ្ទិសដល់(ញាតិសណ្ដាន)។ ជាថវិកាដែលយើងកម្រផ្ដល់(បែបនេះ)។ ធម្មតាតែ ៥ម៉ឺន ១០ម៉ឺនអីប៉ុណ្ណឹងទេ។ គ្រូ ២០ ឬ៣០ម៉ឺនអីទេ តែករណីពិសេសក្នុងរដូវភ្ជុំនេះ។ បើទោះបីតាឈប់ធ្វើប្រធានព្រឹទ្ធសភា ក៏តានៅតែមានលទ្ធភាពជួយចៅៗដែរ ព្រោះតាប្រមូលកូន ចៅ និងសប្បុរសជននានា មកជួយចៅៗ ទាល់តែបាន។ តាមាន ១០ឆ្នាំ ៣ដងទៀត។ ចៅខ្លះ ឥឡូវហ្នឹងមានអាយុ ១៥ឆ្នាំ ត្រឹមតែ ១០ឆ្នាំម្ដង ចៅចប់បរិញ្ញាបត្របាត់ទៅហើយ។ ចុះទំម្រាំ ១០ឆ្នាំ ២ដង ឬ៣ដង វាមិនច្រើន? អ្នកខ្លះថា ពេលតាឈប់ធ្វើនាយករដ្ឋមន្រ្តីហ្នឹងគឺមានជំងឺធ្ងន់ហើយ។ យល់​ខុសស្រឡះតែម្ដង។ តាអាយុវែង។ ចៅៗក៏ចង់ឲ្យតាអាយុវែងដែរដើម្បីនៅជាមួយចៅៗ? ចង់ឲ្យតាអាយុប៉ុន្មាន? ២០០? នៅមិនបានទេចៅអើយ ចាំជាតិក្រោយជួបគ្នាទៀត។ ថវិកាជូន AFESIP ដោយឡែក ក្រៅពីថវិកាប្រចាំខែ គឺថវិកា ២០លានរៀល ក្រៅពីនោះគឺរៀបចំបាយមួយពេល។

(១៤) អត់ពីតាយាយ នៅមានកូនៗ នៅមានចៅៗ និង/ឬសប្បុរសជនបន្តជួយចៅៗ តាមមណ្ឌល

តាយាយមិនចោលចៅទេ។ តាយាយ បញ្ជាក់សាជាថ្មីថា «អត់ពីតាយាយ នៅសល់កូន អត់ពីកូន សល់ចៅ»។ ពេលនោះ ក៏ជាពេលអស់ពួកតិរច្ឆានដែរ។ ថ្ងៃក្រោយ AFESIP អាចក្លាយទៅជាមណ្ឌលផ្សេង ដែលមិនមែនជាមណ្ឌលនៃកុមាររងគ្រោះដោយគេបំពាន(ទៀតទេ)។ សង្ឃឹមយ៉ាងដូច្នេះ។ សីលធម៌សង្គមសម្រាប់បុរសអនាចារត្រូវបានលុបបំបាត់បណ្ដើរៗ។ AFESIP នៅតែជានិមិត្តរូបនៃការជួយដល់មនុស្ស ជាពិសេសស្ដ្រីដែលមានវិបត្តិ។ ជួនកាលមានបញ្ហានេះ/នោះ ហើយ AFESIP មិនដួលរលំទេ។ យើងមានសប្បុរសជនកម្ពុជា បូកនឹងសប្បុរសជនក្រៅប្រ​ទេស។ បើអត់មានសប្បុរសជនក្រៅប្រទេស ក៏មានសប្បុរសជននៅក្នុងប្រទេស ក្នុងហ្នឹងតាក៏នៅតែជាបង្គោល។ អស់ពីតា ក៏នៅកូនរបស់តា។ បងប្អូនគាត់ ៥នាក់ ចែកគ្នាទៅ។

ពីដើម ថាប្រគល់ឲ្យស្រីពៅ និងស្រីពេជ្រ។ ឥឡូវចាំទៅពិភាក្សាគ្នាទៅ។ ស្រីពៅ និងស្រីពេជ្រ បូកគ្នាទៅអាចជួយនៅនេះបានហើយ។ តែយកល្អ (ស្រ្តីទីមួយ)ខ្លួនឯងហ្នឹងទទួលខុសត្រូវ។ ឥឡូវពុកនៅទទួលខុសត្រូវទេ។ តែដល់ក្រោយទៅ ត្រូវចែក។ យើងមានមណ្ឌលច្រើន។ យើងខានទៅកុមារគថ្លង់ប៉ុន្មានឆ្នាំហើយ។ យើងនៅឧបត្ថម្ភ(ធម្មតា) តែខានទៅទទួលទានអាហារមួយឆ្នាំម្ដង។ ការឧបត្ថម្ភស្អីៗ នៅតែបន្តជូន។ ករណីខុសគ្នា ត្រង់ថា កុមារនៅទីនោះ មិនមានប្រាក់ប្រចាំខែទេ។ នៅទីនេះមានប្រាក់ប្រចាំខែ ដោយសារតាយល់ពីសេចក្ដីត្រូវការរបស់ស្រ្តី ព្រោះតាក៏មានប្រពន្ធ កូន និងចៅជាស្រ្តី តាយល់។ អញ្ចឹងកន្លែងដទៃទៀត សុំការអនុគ្រោះ។

សូមជូនពរ ឯកឧត្ដម លោកជំទាវ ដែលបានមកកាន់ទីនេះជាមួយគ្នា ដើម្បីចូលរួម ដោះស្រាយបញ្ហាជាមួយគ្នា និងបន្តដំណើរជាមួយគ្នា។ ជាពិសេស ជូនពរចំពោះថ្នាក់ដឹកនាំ គ្រូៗ និងអ្នកមើលថែ ហើយក្នុងហ្នឹងក៏មានចៅៗទាំងអស់ ទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...