Skip to main content

សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍

 CNV:

បណ្ឌិត វ៉ាន់ ហា រូ​ (Van Ha Ryu) សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍
គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិត
ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួល​នូវសញ្ញាបត្របណ្ឌិតកិត្តិយសលើ​ផ្នែក «ភាពជាអ្នក​ដឹកនាំ និង ការកសាងសន្តិភាព» នៅក្នុង​ទឹកដីនៃ​ខេត្តឃ្យុងសាងប៊ុកដូ ដ៏ស្រស់ស្អាត​ និងសម្បូរទៅដោយ​​គុណតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈ។ ខ្ញុំសូមថ្លែង​អំណរគុណចំពោះ​ សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ សម្រាប់ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស និងការរៀបចំកម្មវិធីដ៏អធិកអធមនេះ។

សម្រាប់ខ្លួនខ្ញុំ​ផ្ទាល់ សញ្ញាបត្រកិត្តិយសនេះ គឺ​ជាការ​ទទួលស្គាល់អំពីការលះបង់ បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់ខ្ញុំ​ ដើម្បី​រំដោះជាតិ ពីក្រញាំ​នៃរបបប្រល័យពូជសាសន៍ និងការខិតខំ​កសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹង​ការខិតខំ​កសាងសន្តិភាព ផ្សះ​ផ្សា និងបង្រួបបង្រួមជាតិ​ ទម្រាំប្រទេសកម្ពុជា ទទួលបាន​សុខសន្តិភាពពេញបរិបូរណ៍ មាន​ឯកភាពទឹកដី មាន​កម្លាំងប្រដាប់អាវុធតែមួយ​ នៅ​ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។ នេះគឺជាសន្តិភាពពេញលេញ​ និងឯកភាពទឹកដី​ ដែល​ប្រជាជាតិខ្មែរ ពុំ​ដែល​បានស្គាល់ ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ។

សម្រាប់ប្រទេសកម្ពុជា សញ្ញាបត្រកិត្តិយសនេះ គឺជា​ការទទួលស្គាល់​គុណតម្លៃ​នៃ​ភាព​ជាអ្នកដឹកនាំ បញ្ញាញាណ​ ស្មារតីស្នេហាជាតិ ភាពទន់ភ្លន់ អត់ឱន និងភាពជាម្ចាស់​របស់​ជនជាតិខ្មែរ ទៅលើ​សុខសន្តិភាព និងជោគវាសនា​របស់ប្រជាជាតិខ្លួន​។ នេះគឺជា​ការទទួលស្គាល់ថា បទពិសោធប្រវត្តិសាស្ត្រ និងគុណតម្លៃដឹកនាំ កសាងសន្តិភាព កសាងជាតិរបស់​កម្ពុជា អាចផ្តល់​ជាប្រយោជន៍យ៉ាងសំខាន់​ សម្រាប់ការ​បណ្តុះ​ស្មារតីសន្តិភាព បង្រួបបង្រួម​ជាតិ ការអភិវឌ្ឍ និងកិច្ច​សហប្រតិបត្តិការ​ នៅលើ​មជ្ឈដ្ឋាន​អន្តរជាតិ។

នេះក៏ជាសក្ខីភាពយ៉ាងជាក់ច្បាស់ផងដែរថា អ្វីៗ​ដែល​រាជរដ្ឋាភិបាលបានខិតខំ​ធ្វើ​​កន្លងមក គឺជាការ​​ដើរលើមាគ៌ាដ៏ត្រឹម​ត្រូវបំផុត​​ សម្រាប់សន្តិភាព​ជាតិ និងអន្តរជាតិ។

ខ្ញុំសូមឧទ្ទិសសមិទ្ធផលនេះជូនចំពោះបងប្អូនខ្មែរគ្រប់រូប ជាពិសេស កងកម្លាំងប្រដាប់អាវុធ ដែលបាន​ពលីជីវិត ក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។ ទាញចេញពីសមិទ្ធផលទាំងនេះ ខ្ញុំ​សង្ឃឹមថា មេរៀន​របស់កម្ពុជា នឹង​អាច​ជួយ​បណ្តុះ និងពង្រឹងស្មារតីស្រលាញ់សន្តិភាព សម្រាប់យុវជនជំនាន់ក្រោយ នៅជុំវិញពិភពលោក ជំរុញ​ឱ្យ​ពួក​គេ​ស្គាល់តម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្គ្រាម ស្គាល់ពីការឈឺចាប់​នៃការ​បាត់បង់​មនុស្សជាទីស្រលាញ់របស់ខ្លួន និងបណ្តុះឆន្ទៈ​ចូលរួមចំណែក​ នៅក្នុងការ​ការពារសន្តិភាពដែលមានស្រាប់ បញ្ចប់សង្គ្រាម​ដែលកំពុងឆាបឆេះ​ ដើម្បី​ឱ្យ​មនុស្សជាតិយើង ស្គាល់ភាពសុខសាន្ត ការអភិវឌ្ឍ និងវិបុលភាព។ ក្នុងន័យនេះ ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​ សាកលវិទ្យាល័យ ដុងហ្គុក ដែល​បាន​ដើរ​តួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធន​ធានមនុស្ស ដែលយល់ដឹង​ពី​គុណតម្លៃសន្តិភាព បន្ថែមលើចំណេះដឹងជំនាញ ដែលចាំបាច់សម្រាប់ប្រកប​ការងារវិជ្ជាជីវៈរបស់ពួកគេ​។

សង្គ្រាម​អាចឆេះបានយ៉ាងលឿន ហើយ​ងាយ ប៉ុន្តែ ការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់។ ជាក់ស្តែង ចាប់តាំងពីប្រទេសកម្ពុជា ធ្លាក់ក្នុងភ្នក់ភ្លើង​សង្រ្គាម ដោយសារ​រដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅឆ្នាំ ១៩៧០ កម្ពុជាត្រូវការពេលវេលា​ជិត ៣០ ឆ្នាំ ទម្រាំអាចកសាងបាន​នូវសន្តិភាពពិតប្រាកដ ជាមួយនឹង​ជោគជ័យដ៏ត្រចះត្រចង់នៃ​ នយោបាយ​ឈ្នះ-ឈ្នះ នៅចុង​ឆ្នាំ១៩៩៨។ ខ្ញុំ​សូមឆ្លៀតឱកាសនេះ រំលឹកផងដែរថា ក្នុងចំណោមប្រទេសដែលទទួលបាន​អន្តរាគមន៍ពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចកម្ពុជា នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសជាច្រើន​​កំពុង​តែនៅវិលវល់​នៅក្នុង​ភ្លើងសង្គ្រាមនៅឡើយទេ។ នេះគឺជា​សក្ខីភាពបង្ហាញយ៉ាងច្បាស់​ថា​ កម្ពុជា​មាន​ភាពម្ចាស់ការខ្ពស់​លើ​សុខសន្តិភាពរបស់ខ្លួន។ ​ខ្លួនខ្ញុំ​ផ្ទាល់គឺជា​អ្នក​ពុះពារស្វែងរក​ការជួប​ចរចា​សន្តិភាពដំបូង​ក្នុងឆ្នាំ១៩៨៧ ជាមួយ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដែលជាចំណុចចាប់ផ្តើម​ជំរុញ​ឱ្យ​មានការចរចាជាមួយ​ភាគីខ្មែរដទៃទៀត ទម្រាំ​សម្រេច​បាន​​​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ពេលខ្លះការចរចាមាន​ភាពតានតឹង​ ហើយ​ខ្ញុំ​ត្រឡប់មកវិញ​ដោយដៃទទេ ប៉ុន្តែ​ សន្តិភាពសម្រាប់ប្រជាជនខ្មែរទាំងមូល​ គឺជាកម្លាំងចិត្តរុញឱ្យ​ខ្ញុំ​ខិតខំ​ចរចា ព្រោះខ្ញុំ​ដឹងថា យើង​មិន​អាចយក​សង្គ្រាមទៅ​បញ្ចប់សង្គ្រាមបានទេ។ ទស្សនៈវិជ្ជានេះ​ ក៏ខ្ញុំ​​យក​មកប្រើ​ដូចគ្នា នៅក្នុងការអនុវត្ត​ នយោបាយឈ្នះ-ឈ្នះ ដើម្បីជំរុញ​ការបង្រួបបង្រួមជាតិ និងការ​ធ្វើ​សមាហរណកម្ម​​កម្លាំង​ខ្មែរក្រហម​ ទៅក្នុង​កងយោធពលខេមរភូមិន្ទ។

ជាមួយនឹងបទពិសោធឆ្លងកាត់ និងកាន់ចង្កូតប្រទេសជាតិ នៅក្នុងរបត់នៃប្រវត្តិសាស្ត្រ​រាប់មិន​អស់ ខ្ញុំ​អាចចែករំលែកគំនិត​ជា​មូលដ្ឋានមួយថា ភាពជាអ្នកដឹកនាំ គឺការហ៊ានសម្រេចចិត្ត ក្នុងស្ថានភាពស្រពិចស្រពិល មាន​គ្រោះថ្នាក់ និងហានិភ័យខ្ពស់ ទោះបីជាមិនមានការគាំទ្រ និងមធ្យោបាយ​ពេញលេញ​យ៉ាងណាក្តី។ ប៉ុន្តែ ការសម្រេចចិត្តក៏ត្រូវមាន​ត្រីវិស័យ និងគោលការណ៍កំណត់ច្បាស់លាស់ ហើយ​សម្រាប់ខ្ញុំ​គោលការណ៍ដែល​សំខាន់បំផុត​នោះ គឺផលប្រយោជន៍ជាតិ​ និងភាពសុខសាន្តរបស់ប្រជាជាតិខ្មែរទាំងមូល។ ការសម្រេចចិត្តរបស់ខ្ញុំ គឺតែងតែ​ឈរលើ​គោលការណ៍​បង្កើតសន្តិភាព និងការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងការអភិវឌ្ឍ មិនមែន​ដើម្បី​បង្កើតសង្គ្រាម ការបែកបាក់ និងចលាចលសង្គមនោះទេ។ ដូច្នេះ នយោបាយ​ដែលផ្តល់​គុណតម្លៃ​ដល់​សន្តិភាព គឺជាចន្ទល់បង្អែក និងខែលការពារ​ដ៏រឹងមាំ​បំផុត ដែល​ជួយ​ការពារធម្មានុរូប និងសុចរិតភាពនៃ​​ភាពជាអ្នកដឹកនាំរបស់ខ្ញុំ ក៏ដូចជាសង្គមជាតិទាំងមូល នៅលើ​មាគ៌ា​ដ៏សែន​លំបាកនៃការកសាង និងអភិវឌ្ឍជាតិ។

ក្នុងស្មារតីដូចគ្នានេះ ទស្សនវិស័យរបស់កម្ពុជា ចំពោះសន្តិភាពក្នុងតំបន់ និងពិភពលោក គឺស្ថិតនៅលើការខិតខំ​រក្សាសណ្តាប់ធ្នាប់អន្តរជាតិ​ ដែលផ្អែកលើវិធាន​ច្បាប់ និងការជំរុញ​កិច្ចសហប្រតិបត្តិការ ​ដែលផ្អែក​លើ​គោលការណ៍ពហុភាគីនិយម បូក​រួមទាំងគោលការណ៍នៃការគោរព ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បី​ធានាបាននូវសាមគ្គីភាពអន្តរជាតិ ភាពសុខដុម និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ។ ពិភពលោក​យើង​រស់នៅក្នុង​ស្ថានភាពដែលពឹងផ្អែកគ្នាទៅវិញទៅមក ដូច្នេះ​ហើយ​សន្តិភាព និងសន្តិសុខរបស់ប្រទេសនីមួយៗ​ និងអាយុជីវិតរបស់ប្រជាជាតិនីមួយៗ គួរតែ​មាន​តម្លៃដូចគ្នា​។​ ខ្ញុំ​ចង់គូសបញ្ជាក់ថា នេះគឺជាកាតព្វកិច្ចរបស់​អ្នក​ដឹកនាំ​គ្រប់រូបនៅលើពិភពលោក នៅក្នុង​ការកសាងសន្តិភាព និងវិបុលភាព ប្រកបដោយបរិយាប័ន្ន សម្រាប់មនុស្សជាតិ​យើងទាំងមូល។ នៅពេលដែល​យើង​បាន​គិតគូរដល់​គុណប្រយោជន៍ជារួមនៃសន្តិភាព ដោយ​គ្មានការរើស​អើង ខ្ញុំ​ជឿជាក់ថា យើងនឹង​អាច​ស្វែងរកចំណុចរួម និងចំណុចចាប់ផ្តើម នៅក្នុងការចូលទៅកាន់តុចរចា ដើម្បីបង្រួម​ការខ្វែងគំនិតគ្នា បន្ធូរបន្ថយភាពតានតឹង និងការដោះស្រាយជម្លោះដោយសន្តិវិធី។​

ដូចដែលខ្ញុំបានគូសបញ្ជាក់ខាងដើម សន្តិភាពគឺងាយនឹងបាត់បង់ ដូច្នេះ ទន្ទឹមគ្នានឹង​ការខិតខំ​កសាងសន្តិភាព យើង​ទាំងអស់គ្នា​ ក៏ចាំបាច់​ត្រូវ​មាន​កាតព្វកិច្ច​ ការពារសន្តិភាពដែល​មាន​ស្រាប់​ផងដែរ ដោយ​ត្រូវ​ដាក់ចិត្តដាក់កាយ​ រំលឹកនឹកដល់​អ្នកជំនាន់មុនដែល​បាន​ឆ្លងកាត់សង្គ្រាមនិង រំលឹកខ្លួនឯងជានិច្ចជាកាល​ ប្រៀបធៀបជាមួយ​នឹង​ប្រជាជន និងប្រទេសនានា ដែល​ពុំ​ទាន់បាន​ស្គាល់អ្វីដែល​ហៅថា ​សន្តិភាពនោះ​។

ជាចុងក្រោយ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ និងសូមបួងសួងឱ្យ​ពិភពលោក​ទាំងមូល មានសន្តិភាព កាន់តែទូលំទូលាយ សម្រាប់កូនចៅជំនាន់ក្រោយរាប់ជំនាន់តទៅ​មុខ​។

សូមអរគុណ!

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...