សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការជាតិ យូណេស្កូកម្ពុជា សហគមន៍អន្តរជាតិផ្តល់កិត្តិយសដ៏ធំធេងដល់កម្ពុជា
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញ, ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២
សេចក្តីប្រកាសព័ត៌មាន
សហគមន៍អន្តរជាតិផ្តល់កិត្តិយសដ៏ធំធេងដល់កម្ពុជា
ក្រោមមគ្គុទេសក៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ-មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងដោយមានការណែនាំការងារដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា គណៈប្រតិភូកម្ពុជាដែលបានអញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី៣៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុង St. Petersburg សហព័ន្ឋរុស្ស៊ី បានបំពេញការងារយ៉ាងមមាញឹកតាមរបៀបវារៈដែលបានគ្រោងទុក។ ក្នុងឱកាសសម័យប្រជុំនេះ គណៈប្រតិភូបានជួបពិគ្រោះយោបល់ជាមួយលោក ជំទាវ Eleonora Mitrofanova ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងបានពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូនិងឯកអគ្គរដ្ឋទូតទាំងអស់នៃបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការ និងគណៈប្រតិភូសំខាន់ៗមួយចំនួនទៀតដែលមិនមែនជាសមាជិកគណៈកម្មាធិការ ព្រមទាំងគណៈប្រតិភូតំណាងឲ្យស្ថាប័នសំខាន់ៗរបស់យូណេស្កូ ដើម្បីចលនាស្វែងរកការគាំទ្រដល់កម្ពុជាដែលបានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
ជាលទ្ធផល នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១២ គណៈកម្មាធិការបានសម្រេចជាឯកច្ឆច័ន្ទលើបេក្ខភាពរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៣៧ និងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១៣។
១. កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ជាតិ និងការការពារបេតិកភណ្ឌវប្បធម៌ ជាពិសេសតំបន់បេតិកភណ្ឌអង្គរ និងព្រះវិហារ។
២. តួនាទីយ៉ាងសកម្មរបស់កម្ពុជានៅក្នុងកិច្ចការអន្តរជាតិ ជាពិសេសក្នុងការងារអង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលកម្ពុជាបានចូលជាសមាជិកអស់រយៈពេល៣ឆ្នាំកន្លងមក។
៣. សមត្ថភាពរបស់កម្ពុជាលើការថែរក្សាស្ថេរភាពនយោបាយ និងការងារការពារសន្តិសុខនិងសុវត្ថិភាពក្នុងការរៀបចំសន្និសីទកម្រិតអន្តរជាតិ និងការទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនេះ កម្ពុជានឹងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិប្រហែល ៨០០នាក់ រួមមានអ្នកការទូត និងអ្នកជំនាញខាងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលមកពីទ្វីបទាំង ៥ នៃពិភពលោកទាំងមូល តំណាងឲ្យវប្បធម៌នៃបណ្តាប្រទេស ១៨៩ ដែលជារដ្ឋសមាជិកអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក ក្នុងចំណោមសមាជិកទាំង១៩៥ នៃអង្គការយូណេស្កូ។
នេះគឺជាអង្គពិធីជាសាកលមួយ ដែលប្រជាជាតិនៃពិភពលោកទាំងមូលជួបជុំគ្នាដើម្បីពិភាក្សានិងផ្លាស់ប្តូរទស្សនៈនិងបទពិសោធន៍គ្នា សំដៅជម្រុញការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចេរភាព និងសម្តែងនូវការគោរពដល់បេតិកភណ្ឌរបស់មនុស្សជាតិ។