លោក កូអ៊ីជីរ៉ូ ហ្គេមបា (Koichiro Gemba ) រដ្ឋមន្ត្រីការបរទេសជប៉ុន បាននិយាយកាលពីថ្ងៃសៅរ៍ថារដ្ឋាភិបាលក្រុងតូក្យូបានកំពុងពិចារណាអំពីការស្នើអោយតុលាការអន្តរជាតិជួយដោះស្រាយជម្លោះដ៏ជូរចត់ជាមួយប្រទេសកូរ៉េខាងត្បូងអំពីប្រជុំកោះដែលមានជម្លោះនេះ។
ការប្រកាសនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក លី មីយ៉ុងបាក់ បានធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ប្រជុំកោះនេះដែលហៅថាប្រជុំកោះ“Takeshima”ជាភាសាជប៉ុននិង“Dokdo”ជាភាសាកូរ៉េដែលស្ថិតនៅសមុទ្រជប៉ុន(ឬសមុទ្រខាងកើត)។
លោក កូអ៊ីជីរ៉ូ ហ្គេមបា បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា “ យើងត្រូវពិចារណាលើវិធានការដែលអាចដោះស្រាយជម្លោះនេះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ដោយរួមទាំងការដាក់ពាក្យប្តឹងតវ៉ាទៅតុលាការអន្តរជាតិ”។
លោក កូអ៊ីជីរ៉ូ ហ្គេមបា បាននិយាយថា “ យើងចង់ចាត់វិធានការនេះនៅពេលអនាគតដ៏ឆាប់ៗនេះ ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានកំពុងពិចារណាអ្វីដែលជាផលប៉ះពាល់ដល់ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង បើសិនមានចំណាត់ការបែបនេះនោះ។
លោក បានថ្លែងកត់សំគាល់បែបនេះ បន្ទាប់ពីបានជួបជាមួយ លោក ម៉ាសាតូស៊ី ម៉ូតូ(Masatoshi Muto) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានកោះហៅត្រឡប់មកទីក្រុងតូក្យូវិញ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោកលី មីយ៉ុងបាក់កាលពីថ្ងៃសុក្រ ទៅកាន់ប្រជុំកោះនេះដែលជាចំណុចកណ្តាលនៃជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនេះ៕