Skip to main content

បទ​សម្ភាសន៍​​លោក​​បណ្ឌិត ឈឹម ផលវរុណ ស្តីពី​ ចរឹត​​ផ្តាច់ការ​​នៅ​ក្នុង​គណបក្ស​ប្រឆាំង

ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១២
លោក សត្យា រក្ស​
សំណួរ​៖ មកទល់ថ្ងៃនេះ គណបក្សប្រឆាំង​គេប្រើប្រាស់រូបភាពមួយដែលគេហៅថាជា​ការ​ប្រមូល​​ផ្ដុំដើម្បីបង្រួប​​បង្រួម ដែលគេឲ្យឈ្មោះថា គណបក្សសង្រ្គោះជាតិ។ បើយើង​ពិនិត្យ​សំបក​ខាង​ក្រៅ​ គឺ​ហាក់បីដូចជាមានភាពល្អូកល្អើន ដោយ​សារ​តែ​យើង​ឃើញ​ថា មន្រ្តី​របស់​គណបក្ស​ទាំង​ពីរ​ហ្នឹង​ គេទៅណាទៅត្រសងទាំងអស់គ្នា។ ហើយបើគេស្រែកពីរឿងបញ្ហា ផ្ដល់​​លុយ​ជូន​ចាស់ៗ​ ៤ ម៉ឺន​​ឬក៏ប្រាក់ខែប៉ុណ្ណេះលានៗ ជូនមន្រ្តីរាជការអីជាដើមហ្នឹង គឺគេ​មូល​មាត់​​គ្នា​​និយាយ​​ព្រម​គ្នា​តែ​ម្ដង​​។​ ចំណុច​នេះ ខ្ញុំធ្លាប់ឃ្លាំមើលកាលពីគណបក្សទាំងពីរហ្នឹង នៅ​បែក​គ្នា ពេល​នោះ គឺ​គណបក្ស​ សម រង្ស៊ី ដែល​ជា​គណបក្ស​មួយ​ហាក់​បី​ដូចជាមានភាព​សមរម្យ​​ជាងគណបក្ស កឹម សុខា ដែលយើងកោតសរសើរអំពីក្រមសីលធម៌ កោតសរសើរ​អំពី​​យុទ្ធសាស្រ្ត​​អំពីការឃោសនា ឃើញថា​គណបក្ស សម រង្ស៊ី នេះភាពសមរម្យ​ជាង​គណបក្ស​ កឹម សុខា។ ប៉ុន្តែឥឡូវនេះ យើង​ឃើញ​ថា​ គណបក្សសម រង្ស៊ី ដែលយើងឃើញ​ថា​ប្រសើរ​ជាង​​គណបក្ស​ កឹម សុខា ហ្នឹង ឥឡូវនេះ ​គឺវា​ទៅច្របល់ចូលគ្នាទៅ គឺកំពុងតែ​ធា្លក់​តម្លៃ​ព្រមៗ​គ្នា​តែ​ម្តង​​។ ប៉ុន្តែ​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ នៅក្នុងផ្ទៃបក្សប្រឆាំងហ្នឹង ដែលកំពុង​រង្គោះ​រង្គើ​។ អញ្ចឹង​បញ្ហា​នេះ តើ​លោកបណ្ឌិត យល់ឃើញថា វាកើតចេញ​ពីការ​ដែល​រៀបចំ​តំណែង​នៅ​ក្នុង​​បក្ស​​មិន​ស្មើ​គ្នា ឬក៏វា​កើតឡើង​ដោយ​សារ​តែ​អំណាច​បុគ្គលដែល​បង្ក​ឲ្យ​មាន​ជម្លោះ​នោះ​​​?​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ដូចដែលវេទិកា​យើងធ្លាប់លើកជាច្រើនលើកមក​ហើយ គឺគណបក្ស​ប្រឆាំង​គាត់​​ពុំ​ទាន់​រៀប​ចំ​​​លក្ខណៈ​សម្បត្តិរបស់ខ្លួន ឲ្យទៅជាលក្ខណៈ​សម្បតិ្ត​គណបក្ស​ក្នុង​តួអង្គ​ជា​គណបក្ស​​ប្រឆាំង​បែប​​ប្រជាធិបតេយ្យ​ទេ។ គាត់រៀប​ចំបាន​គណ​បក្ស​ត្រឹម​តែផ្លូវច្បាប់ ដែល​ក្រសួង​​មហាផ្ទៃ​​ផ្ដល់​​សុពល​​ភាព​ប៉ុណ្ណោះ​ ប៉ុន្តែលក្ខណៈ​សម្បត្តិ​នយោបាយ​ក្នុងការរៀបចំ​ជា​តួ​អង្គ​​នយោបាយ​នោះ​ គឺ​នៅ​ខ្សោយណាស់​​ ខ្សោយត្រង់ថា គាត់អត់ទាន់មានលក្ខណៈ​សម្បត្តិ​ជា​គណបក្ស​ទេ គឺ​មាន​​លក្ខណៈ​សម្បត្តិគា្រន់តែ​ជាក្រុមមួយដែលមានអ្នកដង្ហែតាមមេ។​ ឧទាហរណ៍​​ ដូចជា​គណបក្ស​ កឹម សុខា គឺ​មួយ​ក្រុមហ្នឹង គេហែរ​តាម កឹម សុខា។ កឹម សុខា និយាយអី គឺគេ​ត្រូវ​និយាយ​ឲ្យ​​ដូច​ កឹម សុខា។ ចំណុច​អស់នេះ មិនមែនជា​កម្មវិធី​នយោបាយ​គណបក្ស​ទេ​ គឺ​ជា​​វោហាស័ព្ទ​​របស់​ កឹម សុខា ។​វាមានន័យ​ស្មើ​នឹងអ្វីដែលហែរ​ហមត្រូវតែ​បន្ទរ​តាម​។​ ឯខាង​គណបក្ស​សម រង្ស៊ី​ ក៏​អញ្ចឹងដែរ គឺជាក្រុមដង្ហែតាម​លោក សម រង្ស៊ី មួយបែប​ទៀត​ទៅ​។ ដល់​អញ្ចឹង​ហើយ​ ដោយសារតែអត់​មានលក្ខណៈ​សម្បត្តិ​​ជា​​គណបក្ស​ ទើបខាង​គណបក្ស​សម រង្ស៊ី ក្ដី គណបក្ស កឹម​ សុខា ក្ដី ឃើញតែបែកបាក់ ឬក៏យើង​និយាយឲ្យចំ ឃើញថា មានការដើរចេញ រហូត​ដល់​ កឹម សុខា​ ដើរចេញដោយប្អូនឯងបង្កើត។ ដល់ខាង សម រង្ស៊ី ដើរចេញនូវ​អ្នក​ដែល​ជា​ស្ថាប​និក​ជា​មួយ​គ្នា​​។​ ​​​មានន័យថា អ្នកដែលដង្ហែហ្នឹង គឺដង្ហែ​តាម​ដោយ​​ឈរ​លើ​គោលការណ៍​នៃ​ផល​ប្រយោជន៍​​ មុខ​នាទី​ តួនាទី ឬ​តំណែងទេ មិនមែនទៅ​ចូល​រួម​ក្នុង​គណបក្ស​សម រង្ស៊ី ឬ​ក្នុង​គណបក្ស​ កឹម សុខា ដើម្បី​ធ្វើ​នយោបាយ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ឬក៏កែ​លម្អ​ដំណើរ​ការ​កសាង​ប្រទេស​ជាតិ​ទេ​។​ គឺពួកគេចូលរួមជា​មួយ​ កឹម សុខា ក្ដី​ ចូលរួមជាមួយ សម រង្ស៊ី ក្ដី គឺដើម្បីសម្លឹងមើលលើមុខ​តំណែង ហើយ​មុខ​តំណែង​ទី​មួយ​សំខាន់​ គឺមុខតំណែង​ជា​សមាជិក​រដ្ឋសភា​ហ្នឹង​ឯង​។​
លោក សត្យា រក្ស​
សំណួរ​៖ ​ត្រង់ចំណុចនេះ ខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបន្ថែមបន្ដិច។​ ជា​​ទូទៅ​ទាំង​គណបក្ស​​សម រង្ស៊ី​ និង​គណបក្ស​ កឹម សុខា​ ដែល​ទទួលបាន ​២៦ អាសនៈ ក្ដី ៣ អាសនៈ​​ក្ដី គឺសុទ្ធ​តែ​កើត​ចេញ​ពី​ការ​គាំទ្រ​ និងកើតចេញពីការខិតខំប្រឹងប្រែងរបស់​សកម្ម​ជនក្នុងស្រុក។​ បានន័យថា សកម្មជន​នៅ​ក្នុង​ប្រទេស​។ ប៉ុន្តែផលដែលគណបក្សទាំងពីរនេះ ទទួល​បាន ច្រើន​តែ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​ជា​អ្នក​ទទួល​ផល​។ ដូចជា កឹម សុខា តំណាងរាស្រ្ត ៣ នេះ គឺដក កឹម​ សុខា មួយចេញ​គឺ​ ពីរនាក់​ទៀតមកពីក្រៅប្រទេស ហើយចំណែកគណបក្ស សម រង្ស៊ី ហ្នឹង ភាគ​ច្រើន គឺមកពី​ក្រៅ​ប្រទេស​​​។ អញ្ចឹងខ្មែរនៅក្នុងស្រុកដែលខំលះបង់កម្លាំង​កាយ​កម្លាំង​ចិត្ត​​កម្លាំង​ប្រាជ្ញា​គ្រប់​បែប​គ្រប់​យ៉ាង​នេះ​ ដូចជាមិនទទួលផល។ ត្រង់​ចំណុចនេះ លោក​បណ្ឌិតមាន​អ្វី​ដើម្បី​ជា​ការ​បំភ្លឺ​ទៅ​ដល់​បង​ប្អូន​ ដែល​កំពុង​ច្រឡំដើរ​តាម កឹម សុខា​ ឬ សម រង្ស៊ី ដូច​ពាក្យខ្មែរមួយម៉ាត់គេថា ធ្វើក្របីឲ្យ កឹម សុខា និង សម រង្ស៊ី ជិះចម្លងភក់​នោះ​?​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ នេះជាការពិតណាស់ ដូចដែលយើងបានលើកឡើងជាញឹកញាប់ហើយ ថា​ពួក​​អ្នក​​នៅក្រៅប្រទេសនោះ​ គឺ​​គាត់​គ្រាន់​តែ​​សម្លឹ​ង​មើល​ផល​ប្រយោជន៍​ ហើយរកវិធីទៅឲ្យ​កៀក សម រង្ស៊ី និង កឹម សុខា។ ប៉ុន្តែអ្នកគាំទ្រលោក​កឹម សុខា ក្ដី លោក សម រង្ស៊ី ក្តី​ដែល​មាន​​បំណង​​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ហ្នឹង គឺគាត់ភ្លេច​​គិត​ថា ពួក​គាត់​ដែល​ជា​អ្នក​នៅ​ស្រុក​ខ្មែរ​ហ្នឹង កឹម សុខា និង សម រង្ស៊ី ឲ្យតម្លៃទាបជាងអ្នកដែល​ឧបត្ថម្ភនៅឯក្រៅប្រទេសទេ ត្រង់ហ្នឹង បើ​គាត់​ចេះ​ពិចារណា​ នោះជាការល្អ​។ គាត់សកម្មជាមួយ​ សម រង្ស៊ី និងជាមួយ​ កឹម សុខា រៀងរាល់ថ្ងៃ​ រៀង​រាល់​ពេល​ ចំណាយទាំងថវិការ កម្លាំង​កាយ​រហូត​ដល់​​លះ​បង់​ពេល​វេលា​ ដែល​ធ្វើ​ការងារ​ចិញ្ចឹម​ជីវិត​ទៅ​ទៀត​​។ ​បើយើងគិតទៅ ក្នុងមួយ​ថ្ងៃ​ៗ ពលកម្ម​ដែល​គាត់​ធ្វើ​សម្រាប់​ កឹម សុខា ឬ​សម្រាប់​ សម រង្ស៊ី គឺវាមានតម្លៃណាស់ បើយើងគិតជា​លុយ​ក្នុង​មួយឆាំ្នៗ​មិន​តិច​ទេ​។ ប៉ុន្តែ​ឯ​អ្នក​គាំទ្រ​លោក​ កឹម សុខា​ ក្ដី​ លោក សម រង្ស៊ី នៅឯបារាំង នៅ​ឯ​អាមេរិកឥឡូវវាថយហើយ កាលមុន គឺ​អ្នក​អស់​ហ្នឹង​គេអត់បាន​ចំណាយ​ពេល​អ្វីសម្រាប់​ កឹម សុខា​ និង សម រង្ស៊ី ទេ។ គេចំណាយ​ពេល​ទៅ​ធ្វើការ​នៅ​ឯ​បារាំង នៅឯអាមេរិក អញ្ចឹងចាំ​ដល់​ថ្ងៃ​ដែល​​ត្រូវ​ឈរ​បោះ​ឆ្នោត​ គេយក​តែ​លុយ​ ៤​ទៅ​៥ ម៉ឺន​មក​ ចប់ ដោយសារតែ​មានក្ដី​សង្ឃឹម​មួយ​ថា​ កឹម សុខា និង សម រង្ស៊ី នឹង​ឲ្យ​ឈរ​ជា​តំណែ​ង​​តំណាងរាស្ត្រ​​។
ចំណែក​​នៅ​​ផ្ទៃ​ក្នុងអ្នកគាំទ្រ កឹម សុខា និង សម រង្ស៊ី ក៏វា​មាន​ការ​បែង​ចែក​គ្នា​រវាង​ជួរ​ដឹក​នាំ​ និងមន្រ្តីសកម្មជន ហើយហ្នឹង គឺក្នុងប្រទេសផង អត់ទាន់និយាយក្រៅប្រទេសទេ​ ហើយ​​មួយ​​ទៀត​ អស់​លោក​ទាំង​អស់​​ហ្នឹង ប្រហែលជាគិតមិនដល់ បើអ្នកបោះឆ្នោត ច្រឡំ​បោះឆ្នោត​ តែ​អ្នក​ដែល​ជា​សមាជិក​មិន​មែ​​ន​​​ច្រឡំ​ទេ គឺគិតអត់ដល់។ គឺគិតអត់ដល់នៅត្រង់ថា ឧទាហរណ៍​ ដូច​លោក​ កឹម សុខា សន្យាថា ទិញឡានសម្រាប់ឃុំដែលឈ្នះឆ្នោត ឥឡូវឈ្នះ​បាន​ ១៨ ឃុំ សួរថា បាន​លុយ​ពី​ណាទិញ​ឡាន គឺគាត់ទៅរៃអង្គាសខ្មែរនៅឯក្រៅប្រទេស។ សួរថា​ ខ្មែរ​នៅ​ក្រៅ​ប្រទេស​ហ្នឹង​ ល្ងង់ឬ​អី ដែល​ឲ្យលុយ​មក​លោក កឹម សុខា ទិញឡាននោះ​?​ គឺ​មិនមែនទេ គឺគេ​ឲ្យ​ដោយ​ថ្នូរ​។ គេមិនមែន​បរិច្ចាក​សម្រាប់ឲ្យ កឹម​ សុខា ទិញឡានទៅឲ្យ​ឃុំ​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​ សម្រាប់​ដឹក​ប្រជា​ពលរដ្ឋ​ទៅ​មន្ទីរពេទ្យ​ទេ។ ​ចំណុចហ្នឹង គឺមិនមែន​ជា​សប្បុរស​ធម៌​រប​ស់​​ខ្មែរ​​នៅ​​ក្រៅ​​ប្រទេស​​ទេ​ តែ​ជាថ្នូរ​ដើម្បី​យក​​តំណែង​។ តើ​ថ្នូរ​យកតំណែង​នៅ​ត្រង់​ណា​​?​​ បើគណបក្ស កឹម សុខា ក្ដី​គណបក្សសម រង្ស៊ី ក្ដី​ពុំ​មាន​ជោគ​វាសនា​​ទៅដឹកនាំ​ប្រទេស​ផង​នោះ?​ គឺ​តំណែង​តែ​មួយ​គត់​ គឺ​ឈរ​បេក្ខជនលំដាប់លេខរៀងទីមួយ ឬ​ទីពីរ នៅ​ឯ​ខេត្តធំៗ​ដែល​ខ្លួន​សង្ឃឹម​ថា​ឈ្នះ។ ហើយ​តំណែង​លេខមួយ លេខពីរនេះ កឹម សុខា ចាត់ទុក​ជា​ទំនិញ ឲ្យតែជិតដល់បោះឆ្នោត កឹម សុខា រៀបអាហ្នឹងយកទៅលក់ហើយ​​ ហើយ​រៀប​អាហ្នឹង​​យក​​ទៅ​លក់​ទៅ អញ្ចឹងសន្យាថា នឹង​ឲ្យ​លោក​នេះ​ ឬ​លោកនោះ ឲ្យចេញថ្លៃឡាន​មួយ ហើយ​នឹង​​ថែម​លុយប៉ុណ្ណេះៗ នឹង​បាន​ឈរ​នៅ​ទីនេះ​ ឬ​ទីនោះ។ ដូច្នេះ កឹម សុខា ជំពាក់​ខ្មែរ​នៅ​ខាង​ក្រៅ​ប្រទេស​​រួច​ទៅ​ហើយ កឹម សុខា មិន​អាច​ទៅ​រៀប​យក​សកម្មជន​​ ឬក៏អ្នក​គាំទ្រ​លោក​ កឹម សុខា​ ជាយូ​រ​អង្វែងនៅក្នុង​ស្រុក​ខ្មែរ​​​ឲ្យ​មក​ឈរ​នៅ​លេខ​រៀង​ល្អ​ទេ​ គឺយក​អស់​លោកនៅ​ខាង​ក្រៅ​​នោះហើយ បើមិន​អញ្ចឹង​ទេ អ្នក​នៅ​ក្រៅ​ប្រទេស​នឹង​បក​​អាក្រាត​​លោក​​ កឹម​ សុខា ជាមិនខាន​។ ​សម រង្ស៊ី ក៏ដូចគ្នា​ដែរ​ អញ្ចឹងហើយ​ទីផ្សារ​នៃ​ទំនិញ​នយោបាយ​របស់​​ កឹម សុខា និង សម រង្ស៊ី គឺ​នៅខាងក្រៅប្រទេសទេ។ ហើយ​បង​ប្អូន​ត្រូវ​ដឹង​ថា​ ពិសេស​អ្នក​ជា​សមាជិក​​គាំទ្រ​​របស់​​គណបក្ស កឹម សុខា និង សម រង្ស៊ី ត្រូវគិតថា ខ្មែរ​នៅ​ក្រៅ​ប្រទេស​អត់ មានសិទ្ធិ​​បោះឆ្នោតទេ ត្រូវចាំឲ្យ​ច្បាស់​។ ហេតុអ្វីបានជា​ កឹម សុខា និង​សម រង្ស៊ី យកចិត្ត​ខ្មែរ​នៅក្រៅ​​ប្រទេស?​​ ពីព្រោះ​គេ​យកចិត្ត​ខ្មែរនៅក្រៅប្រទេសគឺ​មិនមែន​​​ដោយ​សារ​តែ​សន្លឹក​ឆ្នោត​ទេ តែ​ដោយសារសន្លឹកលុយ ចំណុចហ្នឹងត្រូវចែកគ្នាឲ្យច្បាស់។
មតិ​លោក សត្យា រក្ស​
ដោយសារតែខ្ញុំបានតាមដាននូវ​រឿងរ៉ាវឡានហ្នឹងដែរ ហើយ​ខ្ញុំចង់​ជម្រាប​ជូន​ បងប្អូន​ដែល​​កំពុង​តែ​តាមដាន​ទស្សនាហ្នឹង​ឲ្យ​បាន​ជ្រាប​​។ តាមពិតឡានរបស់ កឹម សុខា នេះ ឃើញ​ថា​ បានទៅដល់ឃុំ​មួយចមនួនមែន​ ប៉ុន្តែ​​អត់ទាន់​​គ្រប់ទេ ​មានឃុំ​មួយចំនួនគឺបានទៅដល់។ ហើយ​​សម្រាប់​​សម្ដី​​របស់​ កឹម សុខា ​បងប្អូនក៏បានជ្រាបដែរ គឺ​អ្នកឈឺទាំងអស់មិនថា បក្សណា​ជា​បក្ស​​ណា​​ទេ​ ឲ្យ​តែឈឺ​​ គឺ​​ថា​អាចយកឡានហ្នឹង​ ដឹកទៅមន្ទីរពេទ្យ។ ហើយ​ឥឡូវនេះ ធាតុពិត​ពី​ឃុំ​មួយ​ចំនួន​​ប្រហែល​ជា ៤ ទៅ ៥ ឃុំ ហើយ ដែលខ្ញុំបានធ្វើការតាមដាន និង​ស៊ើបសួរ​ដោយ​ផ្ទាល់​​ដល់​ប្រជាពលរដ្ឋហ្នឹង។ ឡានហ្នឹង គឺគ្រាន់តែជាឡានកញ្ចាស់​មួយ ហើយ​​បញ្ឈរ​​ចោល។​ ​បងប្អូន​អាច​ប្រើ​បា្រស់​បាន​មែន ប៉ុន្តែទៅកាន់មន្ទីពេទ្យបង្អែកហ្នឹង ត្រូវ​ចំណាយប្រេងមួយកាន ហើយបើ​រៀង​ឆ្ងាយ​បន្តិ​ច​​ មួយកានទៅមួយកានមក។ អញ្ចឹង​មួយកាន ៣០​លីត្រ យើងគិតទៅវាជាង​ ៣០​ដុល្លារ អញ្ចឹងបើពីរកានវាជាង ៦០​ដុល្លារ ហើយនៅ​ជួល​អ្នក​បើកទៀត ចំនួន ១០ដុល្លារ ហើយ​មួយ​វិញ​ទៀត​ បើសិនណាករណីដឹកអ្នកជម្ងឺហ្នឹង ឡាន​វា​បែក​កង់ វាផ្ទុះកង់​ត្រូវចេញ​ថ្លៃ​ជួសជុល​ ខូចខាត​ដោយ​ប្រការ​​ណា​​មួយ​ ត្រូវចេញថ្លៃ​ជួសជុស​ទៀត​។​ អញ្ចឹងសួរថា តើឡានរបស់ កឹម សុខា នេះ មាន​គុណ​សម្បត្តិ​ដែរ​ឬ​ទេ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​​ក្នុង​​ឃុំ​នោះ​​? បើសិន​​ កឹម សុខា ជា​មនុស្ស​ថ្លៃថ្នូរ​ ដាក់ឡាន ដាក់​អ្នកបើក បង្កើត​ស៊ីទែន​​​ប្រេង​​​មួយ​​​នៅ​ទីនោះ​ ប្រជាពលរដ្ឋ​ឈឺក្បាល​វិលមុខ​ត្រូវកា​រ​ គឺ​ចាក់សាំងភ្លាម ចាក់​ប្រេងភា្លម ដឹកជូន​ដោយឥតគិតថ្លៃ នេះបានហៅថា ម​នុស្ស​ធម៌ ឬ​ក៏​ហៅ​ថា​ អ្នកដែល​មានចិត្ដ​បុណ្យ​​ ចិត្តធម៌។​ ប៉ុន្តែ​ទង្វើរបស់ កឹម សុខា នេះ គឺជា​ទង្វើ​ច្របាច់ក​រាស្រ្ត​ទៅ​វិញ​ទេ​ គ្មាន​គុណធម៌​ គ្មានសីលធម៌ទេ នេះ​គឺជារឿងពិត។ យើងចាំ​មើលថា តើ កឹម សុខា នឹង​កែ​ប្រែ​ឥរិយាបថ​​ទេ​​រឿងបញ្ហាឡានហ្នឹង។​​ បើសិនណាជាធ្វើ​នយោបាយ​​បែបហ្នឹង គឺជា​នយោបាយ​​មួយ​ គឺគ្មានតម្លៃទេ សម្រាប់ឃុំសង្កាត់ ហើយប្រជាពលរដ្ឋនៅទីនោះ កំពុង​តែ​ពេបជ្រាយ​ចំពោះ​​បញ្ហា​​នេះ​​ហើយ​​។
លោកបណ្ឌិត​ ឈឹម ផលវរុណ​៖
នេះជា​របៀបធ្វើនយោបាយឆបោក ​និងលក់បញ្ជីឈរឈ្មោះ​។​​ដោយសារ​មហិច្ឆតា​ឆបោក​ ​និង​លក់​បញ្ជី​ឈរ​ឈ្មោះហ្នឹ​ង​ ដើម្បីយកលុយហ្នឹង វា​នាំ​ឲ្យគណបក្ស កឹម សុខា គណបក្ស​សម រង្ស៊ី ឈានទៅរករបៀបដឹកនាំផ្ដាច់ការ ដោយ កឹ​ម សុខា ដោយ សម រង្ស៊ី ក្នុងការ​​សម្រេច​​ជា​អត្តនោម័ត​ថា​ តើ​អ្នកណា​ត្រូវ​ឈរ​លេខ​មួយ ឬ​ត្រូវឈរលេខពីរ​ហ្នឹងឯង។ សម្រាប់ កឹម សុខា គឺ​ជាក់​ស្ដែង​ហើយ​ គឺ​ជំពាក់លុយគេ​ តែ​​មិនមែន​ទៅខ្ចីលុយគេទេ គឺ​គេ​ហៅថា​​ជំពាក់​ថ្នូរ​គេ​ យក​លុយ​មក​ទិញ​ឡាន​។​ អញ្ចឹងត្រូវតែរកលេខមួយ លេខពីរ ឲ្យអ្នកដែល​ឲ្យ​​លុយ​​ហើយ។ យ៉ាងហោច​ណាស់​ក៏​ ១៨​ នាក់​ដែរ​ ព្រោះឡានមួយម្នាក់​ ហើយ ១៨ នាក់ហ្នឹង សម្រាប់​​តែ​ថ្លៃឡាន​ទេ​ នៅ​ថែម​លុយ​ទៀត​។​ ចុះនៅសម្រាប់ត្រូវការលុយធ្វើការបោះឆ្នោត ​ហើយ​​សម្រាប់​យកលុយ​មក​បម្រើ​ផល​ប្រយោជន៍​គ្រួសារ​ឯកជន​របស់ កឹម សុខា ទៀត។ អញ្ចឹង គឺ​ ២៤ ខេត្តក្រុង ដែលត្រូវឈរ ហើយ​និង​លំដាប់​លេខ​មួយ លេខពីរ លេខបី ហ្នឹង ប្រហែលជាជជែកគ្នា​បែកពពុះមាត់ហើយ។
លោក សត្យា រក្ស​
សំណួរ​៖ តើ​លោកបណ្ឌិត​យល់ឃើញយ៉ាងម៉េចដែរ បើ​យើងឃើញថាតំណែងសំខាន់​ៗ​​នៅ​​ក្នុង​បក្សហ្នឹង​ គឺខាងខ្មែរនៅក្រៅប្រទេសគេទិញអស់ហើយ។ ហើយចុះ​សម្រាប់បងប្អូន​ដែល​នៅ​ក្នុង​ស្រុក ដែលខំប្រឹងលក់ខ្លួន លក់ពលកម្ម លក់បញ្ញា លក់​ខួរ​ក្បាល ឲ្យទៅ កឹម សុខា ដោយ​​មាន​បំណង​ថា ចង់បានថ្នូរតំណែងដូចដែលខ្មែរនៅក្រៅប្រទេសដែរនោះ។ អញ្ចឹង​ចំណុច​នេះ​ គឺ​វា​អាច​ក្លាយ​ទៅ​ជា​គូ​បដិបក្ខ​ហើយ។​ តើ​លោកបណ្ឌិត អាចទស្សន៍​ទាយយ៉ាងម៉េចដែរ អំពី​ភាព​​​​វឹក​វរ​នៅក្នុង​ផ្ទៃ​ក្នុង​គណបក្សហ្នឹង?
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ នៅពេលនោះ​​ នឹង​កើត​មាន​ទំនាស់​ទស្សនៈ​ ​និងទំនាស់នៃផលប្រយោជន៍​ហើយ​ វានឹងបង្ហាញនូវ​ការអត់ទ្រាំពុំបាននូវ​ការ​តតាំង​មតិគ្នា​​។ ហើយនៅពេលដែលមតិតតាំង​ជំទាស់​នឹង​ការ​សម្រេច​ជា​អត្តនោម័ត​​របស់​មេបក្ស​ ពេល​នោះ​ហើយ នឹង​នាំមក​នូវ​​រឿងរ៉ាវ ដែល​គេហៅថា ធ្វើ​តាម​​ទំនើង​ចិត្ត​របស់មេបក្ស​។ ខ្ញុំលើកឧទាហរណ៍ ដូចនៅសៀមរាប គណបក្ស​សម រង្ស៊ី ដែលគេ​​គ្រោងនឹងរៀបចំអីជាមួយនឹង កឹម សុខា ហ្នឹង បង្កើតគណបក្សថ្មីនោះ​ ប៉ុន្តែ​ការ​បញ្ចូល​គ្នា​នេះ គ្រាន់​តែ​​ជា​សំបក​ទេ​។​ គណបក្សសម រង្ស៊ី នៅតែមាន​បំណង​ចង់​ពង្រឹង​មហិច្ឆតា​​របស់​​ខ្លួន​​នៅ​​ក្នុង​​គណបក្ស​​​ថ្មី​ បានន័យថា តួនាទីក្នុង​ការ​គ្រប់គ្រង​គណបក្ស​នៅ​តាម​ខេត្ត​។​ អញ្ចឹង​ហើយ​បាន​មាន​មន្រ្តី​ម្នាក់​របស់​​គណបក្ស​ សម រង្ស៊ី ដែលជា​អគ្គលេខាធិការ​បាន​មាន​​ចេតនា​​ទៅ​ចង់​ធ្វើ​ប្រធាន​គណបក្ស​រួមគ្នា​​ហ្នឹង​ នៅឯ​សៀមរាប​​។ ដូច្នេះវាកើត​មាន​ទំនាស់​ផលប្រយោជន៍​​ពីរ៖ មួយ មន្រ្តី​ក្នុង​គណបក្ស​​ សម រង្ស៊ី ក៏មានអ្នកពេញចិត្ត ហើយក៏មាន​អ្នក​មិន​ពេញ​ចិត្ត​ ហើយ​មួយ​ទៀត​ក៏​ជា​ទំនាស់​​រវាង​​ក្រុម​ ​កឹ​ម សុខា និងក្រុម សម រង្ស៊ី រឿងអីទៅខាង សម រង្ស៊ី គេមិនទាន់រៀបចំផង រឿងអី​ខាង​សម រង្ស៊ី​​ទៅ​យក​​តំណែង​នៅ​សៀមរាប​។ អញ្ចឹង​បាន​​មាន​​ការ​អុជអាល​ទំនាស់​ផ្ទុះ​ឡើង​ ដល់​​​ទំនាស់​​ផ្ទុះ​ឡើង​ ​វា​កើត​ចេញមានទស្សនៈ​ដែល​ជំទាស់​នឹង​បេក្ខភាព​របស់​នារីម្​នាក់ហ្នឹង គឺជា​មន្រ្តី​របស់​​គណបក្ស​ សម រង្ស៊ី វាអាចជា​ទំនាស់​ជា​មួយ​នឹង​ កឹម សុខា វាជា​ទំនាស់​ផ្ទៃក្នុង​ជា​មួយ​នឹង​​ សម រង្ស៊ី​។ ដល់​អញ្ចឹង​មាន​ ៤ នាក់ ដែល​លេច​មុខ​ជាង​គេ ក្នុងការបញ្ចេញមតិជំទាស់​ចំពោះ​បេក្ខ​ភាព​ហ្នឹង ដល់អញ្ចឹងវា​កើត​មាន​រឿង​រ៉ាវ​​ដែល​ត្រូវ​ដោះ​ស្រាយ ដល់ទៅដោះស្រាយលទ្ធផល​ចុង​​ក្រោយ​​ គឺបេក្ខជន បេក្ខនារី ដែលមាន​បំណង​ទៅ​ធ្វើ​ប្រធាន​បក្សរួមគ្នានៅ​ខេត្តសៀមរាប​ដែល​បាន​​ឈ្នះ​ ដោយ​សារ​លោក​ សម រង្ស៊ី បច្ចុប្បន្នលែងជាប្រធានគណបក្សសម រង្ស៊ី ក៏ប៉ុន្តែនៅ​តែ​មាន​ឥទ្ធិពល​​សម្រេច​ដក​លោក​ទាំង​បួន​​នាក់​​ហ្នឹង​ ចេញ​ ដោយ​ចោទ​ថា ជាជនបង្កប់។ នេះ​ទំនើង​ចិត្ត​​​​ហ្នឹង គឺ​ផ្ដាច់ការហើយ​។ មុននឹង​យើងហ៊ានថា ផ្ដាច់ការ យើងនាំគ្នាស្វែងយល់​បកស្រាយ​ទាំងអស់​គ្នា​​ក្នុង​ខណៈពេល​ដែល​​លោក សម រង្ស៊ី ហ៊ាន​សម្រេច​ប្រើឥទ្ធិពល​របស់​ខ្លួន​ដក​អ្នក​ទាំង ៤ ហ្នឹង​​នេះ​ សួរ​ថា គាត់​ជាអ្វី​​។ សួរថា លោក សម រង្ស៊ី មានតួនាទីអី នៅក្នុងគណបក្សសម រង្ស៊ី សមាជ​​គណបក្ស​សម រង្ស៊ី សមាជវិសាមញ្ញ បានប្រកាសទទួលយកការលាលែង របស់លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ហើយ​ ប៉ុន្តែគេនៅប្រើគោលការណ៍ គេហៅថា គោលការណ៍​រក្សា​កំពង់​ដរ​​ចាស់​សម្រាប់​​លោក​ សម រង្ស៊ី វិល​មកវិញ។ តែទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី​ មិន​មែន​ប្រធាន​គណបក្សទេបច្ចុប្បន្ននេះ ហេតុអ្វីបានលោក សម រង្ស៊ី ហ៊ាន​សម្រេច​ដក​អ្នក​ទាំង​​៤​ នោះ​​ចេញ​ នៅ​សៀមរាប​?​ ហើយចុះប្រធានគណបក្សថ្មី របស់គណបក្សសម រង្ស៊ី នោះ មោគ​ឬ​អី?​ តើ​គួរតែយើងប្រើពាក្យមោគហ្នឹង សមទេ ឬក៏​ទីងម៉ោង​។​ វាគួរតែ​ប្រធាន​គណបក្ស​សម រង្ស៊ី​ បច្ចុប្បន្ន​​នេះ​ទេ​ ជា​អ្នកសម្រេច ហើយបើសម្រេចជាបុគ្គល ក៏វា​ផ្ដាច់ការដែរ វាគួរ​មាន​ការ​ហៅ​​​​ប្រជុំ​​​ថ្នាក់​​ស្អី​​​ណា​មួយ​ ដើម្បីពិចារណា ហើយមិនមែនចាប់ឡើងដេញគេចេញទេ ព្រោះ​សមាជិក​ភាព​​របស់​​គណបក្ស​មិនមែន​ដេញ​តាមទំនើង​ចិត្ត​ទេ​។​ ត្រូវធ្វើឡើងផ្អែក​ទៅលើ​លក្ខន្ដិកៈ​​គណបក្ស​។​ អញ្ចឹង​ទី​១​ផ្ដាច់ការត្រង់​ សម រង្ស៊ី អត់មានតួនាទី​ជាប្រធានបក្ស សម រង្ស៊ី មាន​សិទ្ធិ​​សម្រេច​។​ ទី២ បើប្រធាន​ មោគ​នោះ ឬក៏​ប្រធានទីងម៉ោង​នោះ​ ចេះលេង​សិល្ប៍​ គឺថា ដក​​​ក៏​​មិន​​សមរម្យ​ដែរ​ វាត្រូវដក​​ទៅតាម​លក្ខន្ដិកៈ​​ ​។ រឿងនេះ ខ្ញុំគិតថា មិនមែន​តែផ្ទៃ​ក្នុង​គណបក្ស​សម រង្ស៊ី ទាំង ៤ នាក់​នៅសៀមរាបមិនពេញចិត្តទេ វាអាចខាងក្រុមលោក កឹម សុខា អាក់អន់ចិត្តដែរ រឿងអី​ខាង​​លោក​សម រង្ស៊ី ប្រញាប់​ទៅចង់ធ្វើ​ប្រធាន​ដឹកនាំ​បក្ស​ទាំង​មូល​ម៉េច​នឹង​​កើត​?​ ព្រោះ​គណបក្ស​ហ្នឹង​ត្រូវ​​សម្រេច​គ្នា​រវាង​ សម រង្ស៊ី និង កឹម សុខា បើអត់​ឯកឆន្ទ​​ គឺ​ទៅអត់រួចទេ​។ អញ្ចឹង​គឺ​មាន​​បញ្ហា​នៅ​ក្នុង​ហ្នឹង ដែលយើងនឹងតាមដានតទៅទៀត។ មួយទៀត ភាពផ្ដាច់ការ​មួយ​ទៀត​ ឥឡូវ​​នេះ វារាលទៅដល់កំពង់ចាម គឺតំណាង​រាស្រ្ដ​គណបក្ស​សម រង្ស៊ី​ បច្ចុប្បន្នហ្នឹង ក៏​ត្រូវ​ស្ថិត​នៅ​​ក្រោម​ការ​គម្រាម​កំហែង​ដក​ចេញ​ពី​តំណែង និង​បណ្ដេញ​ចេញ​ពីបក្សទៀតដែរ​។ សួរថា តើ​រឿង​ដក​​គេ​ចេញ​ពី​តំណែង រឿង​បណ្ដេញ​ចេញ​ពី​បក្ស​ វាជារឿងរបស់បុគ្គលមេបក្ស ឬក៏​ជា​រឿង​រប​ស់​​គណបក្ស​ទាំងមូល​​ ដែលត្រូវផ្អែក​ទៅលើ​បទបញ្ញត្តិ​​ដែលមានចែងនៅក្នុងលក្ខន្ដិកៈ​បក្ស?​ យើង​​អត់​គិត​ថា​​ ខុសត្រូវ​អី​ទេ​ បើ​អ្នកអត់ផ្អែក​ទៅ​លើ​​លិខិត​​បទដ្ឋាន​របស់គណបក្សទេ គឺ​អ្នកឯង​ផ្ដាច់​ការ​ហើយ។​ ប៉ុន្តែយើង​ពិចារណា​បញ្ច្រាស់​មក​វិញ​ លោក សម រង្ស៊ី នេះ លោក កឹម​ សុខា​ នោះ ពូកែ​ណាស់​ដែល​ថា គេ​ផ្ដាច់ការ សុទ្ធតែ​​​ថា​​រដ្ឋាភិបាល​​ផ្ដាច់ការ គណបក្សផ្ដាច់ការ សង្គម​ខ្មែរ​គ្មាន​​សេរី​ភាព​បញ្ចេញ​មតិ​។ ឥឡូវ មើល​នៅ​ក្នុងគណបក្សខ្លួនឯងនេះទៅ​ តើ​សេរីភាពបញ្ចេញមតិ​ និង​ទស្សនៈ​​ខុសគ្នា​មាន​នៅ​ឯណា​​  បើ​អ្នកណាដែលប្រឆាំងដកចេញទៅហើយហ្នឹង?​ ត្រង់ហ្នឹង​មិន​ហៅ​ថា​​ផ្តាច់​ការ​​។​ អ្នកណា​​ដែល​​ជំទាស់​មិន​តាម​មេនោះ ដកចេញបាត់ទៅហើយ​។​ នៅ​ក្នុង​គណបក្ស​ ពួក​គាត់​​ស្គាល់​​​គ្នា​​រាប់​​ក្បាល​អត់​ច្រឡំ​​ផង​​ហ្នឹង យើងនិយាយ​ឲ្យ​សាមញ្ញ​រាប់ក្បាល​អត់​ច្រឡំ​ទេ​ ប៉ុន្តែ​រឿងអី​​​ក៏​​មិន​​ចេះ​​​រៀបចំប្រជាធិបតេយ្យផ្ទៃក្នុងបក្សរបស់ខ្លួន ឲ្យ​មានសេរីភាព​នៃការ​បញ្ចេញ​មតិ​គាំទ្រ​​ ឬ​មិនគាំ​ទ្រ​ផង ឲ្យតែគេអត់គាំទ្រ​រក​ដក​គេចេញ ហើយ​រឿង​នេះ​​​ជាទម្លាប់ទៅ​ហើយ​។​ លោក កឹម សុខា ហ្នឹងក៏ជា​ទម្លាប់​ដែរ​ ហើយតាំងខ្លួនឯងជា​អ្នកប្រជាធិបតេយ្យពិត​។​ គឺ​មាន​តែ​អ្នក​​ប្រជា​ធិបតេយ្យ​​ឆ្កួត​ ដែ​ល​សម្រេច​អត្តនោម័តតែខ្លួនឯង ហើយនៅតែថាខ្លួ​នឯង​ប្រជា​ធិបតេយ្យ​នោះ​​។​
          មតិលោក សត្យា រក្ស​៖
          សរុប​មក​វិញ​ ដូចបងប្អូនបានជ្រាបស្រាប់ហើយ​ គឺដូចជា​លោក ម៉ៅ មុនីវណ្ណ​ ពេល​ដែល​​​គាត់​បាន​ចាក​ចេញ​ពី​គណបក្ស​​ សម រង្ស៊ី ហើយ​វិល​មក​ចូលរួមជាមួយ កឹម សុខា នោះ​ សួរថា​តើ ម៉ៅ មុនីវណ្ណ បានព្រមាន​ សម រង្ស៊ី យ៉ាងម៉េចខ្លះ​?​ គឺគាត់​បាន​បើក​កកាយ​ពី​ភាព​ផ្តាច់​ការ​​​របស់​លោក​ សម រង្ស៊ី លោក គង់ គាំ​ ក៏ដូចជាអ្នកដ៏ទៃទៀតនៅក្នុងគណបក្ស សម រង្ស៊ី​ នោះ​ ហើយ​បែរជាមកសរសើរ​លោកប្រធាន កឹម សុខា វិញ​នៅពេលដែលគាត់មកចូលរួម​ជាមួយ​ កឹម សុខា​ ដោយលើកថា​ប្រកាន់ខ្ជាប់​នូវគោលការណ៍ប្រជាធិបតេយ្យ ឬគោរព​សិទ្ធិមនុស្ស​ ជាដើម​ ដែលខុស​អំពី​លោក សម រង្ស៊ី​ ។ ប៉ុន្តែឥឡូវនេះ​ កឹម សុខា កំពុងតែអូសក ម៉ៅ មុនីវណ្ណ ឲ្យទៅចូលជាមួយ សម រង្ស៊ី វិញ​។ ត្រង់នេះ​គឺ​ បញ្ជាក់​អំពី​ចរឹត​របស់​ពួក​ប្រឆាំង​​​ គឺ​​មាន​ចរឹត​នយោបាយ​ បាយឡុកបាយឡ សុទ្ធសាធ​។ ដូច្នេះ​គឺប្រជាពលរដ្ឋ​អស់ជំនឿ​ទៅហើយ​ ដោយ​សារនយោបាយ​ បាតដៃជាខ្នងដៃ​របស់ពួកគេ​នោះ​។​
សំណួរ៖ ចំណុចមួយទៀត​ គឺ​ចំពោះនរណា​ដែល សម រង្ស៊ី ឬ កឹម សុខា មិនពេញចិត្ត គឺគេចោទថា អ្នកនោះក្បត់​ ឬថាជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា​ ដែលត្រូវ​សម្តេច​ឲ្យទៅបង្កប់ ដើម្បីទៅបំបែកបំបាក់​អីជាដើម​។ ប្រសិន​បើ​គណបក្ស​ សម រង្ស៊ី​ និង កឹម សុខា ត្រូវ​បែក​បាក់​គ្នាដោយសារតែការចែកតំណែង​មិនស្មើគ្នា ឬដោយសារតែការរៀប​លេខ​រៀង​តាម​​ខេត្ត​​មិនស្រុះ​ស្រួល​គ្នា​ ហើយបែរជាមកចោទថាគណបក្សប្រជាជនកម្ពុជា​ បញ្ជូន កឹម សុខា ឲ្យទៅបំបែកគណបក្ស សម រង្ស៊ី​ វិញ​នោះ តើលោកបណ្ឌិតមានអ្វី​ដើម្បី​ផ្តាំ​ផ្ញើ​ទៅដល់​គណបក្ស​​ប្រឆាំងទាំងពីរនោះ​?​
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ដើម្បីឲ្យប្រជាពលរដ្ឋ​យល់​ គឺពួកគាត់ត្រូវឲ្យតម្លៃ​ទៅលើតំណែង​ឈរឈ្មោះ​នោះ​​​កម្រឹត​​ណា​​​។ យើងអាចពិនិត្យ​មើល​ទី១ គឺនៅពេលដែលពួកគេបានប្រកាស​ថាគេ​បាន​បង្កើត​​គណបក្ស​​រួមគ្នាហើយ​គឺគេឲ្យលោក សម រង្ស៊ី ធ្វើជាប្រធានគណបក្ស​ថ្មី​មុនគេ​ ឯ​លោក កឹម សុខា គឺគេ​បម្រុងទុក​ថា​នឹងធ្វើជាអនុប្រធាន​។ ប៉ុន្តែ​រវាងអ្នកទាំងពីរ​គឺមាន​គោល​ការណ៍​​ពីរ​បែប​ផ្សេង​គ្នា​​ គឺលោក សម រង្ស៊ី ដើរតាម​គោលការណ៍​រក្សា​កំពង់ដរ​ចាស់​​ សម្រាប់ករណី​វិលត្រឡប់មកវិញ​ធ្វើជាប្រធានដោយស្វ័យប្រវត្តិ​ក្នុងគណបក្ស​ចាស់​នៅពេលដែលមានបញ្ហា​។​ឯលោក កឹម​សុខា វិញ​គាត់អនុវត្តគោលការណ៍ពន្យារជីវិត​។
ចំពោះគោលការណ៍​រក្សាកំពង់ដរចាស់របស់ សម​ រង្ស៊ី​ គឺ​គាត់តម្រូវឲ្យ​សមាជគណបក្ស​ធ្វើវិសោធនកម្ម​លក្ខន្តិកៈគណបក្ស​ដើម្បី​ឲ្យលោក សម រង្ស៊ី អាចវិលមកធ្វើប្រធានបក្ស​វិញ​ដោយស្វ័យប្រវត្តិ​។ តើមូលហេតុអ្វីបានជាលោក សម រង្ស៊ី ទាមទារ​ឲ្យមានគោលការណ៍រក្សា​កំពង់ដរចាស់​?​ គឺដោយសារលោក សម រង្ស៊ី គាត់​ធ្លាប់​មាន​បទ​ពិសោធន៍​ច្បាស់​​ណាស់​អំពី​ការរៀបចំបញ្ជីបេក្ខជន​ឈរឈ្មោះរបស់គណបក្ស​នៅតាមមណ្ឌលខេត្តក្រុងទាំង២៤​។ នេះជាក្រឡាដែល លោក សម​រង្ស៊ី គាត់ធ្លាប់ជួបម្តងរួចហើយ​ គឺនៅក្នុង​ផ្ទៃក្នុង​បក្ស​របស់គាត់​កាលពីពេលបោះឆ្នោតឆ្នាំ២០០៨ កន្លងទៅ​នោះ​គឺរៀប​នឹងមានការបែកបាក់ធ្ងន់ធ្ងរទៅហើយ​ ប៉ុន្តែ​ដោយសារតែ​យក​វិធីដោះស្រាយ​ក្នុងការផ្លាស់ប្តូរគ្នា​នៅពាក់កណ្តាល​អាណត្តិ​ ទើប​​អាច​ដោះ​ចេញ​​។​ ក្រោយមកទៀត​ក៏មានការបែកបាក់ទៀត​ដោយសារ​មិនអនុវត្ត​នូវវិធី​ដែល​បាន​ស្រុះស្រួល​គ្នា​នោះ អញ្ចឹងហើយទើប​មានតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចេញមក​ចូលរួម​ជា​មួយ​ កឹម សុខា ហ្នឹង​។​ ឥឡូវនេះ​នៅពេលដែលរៀប​បញ្ជីគណបក្ស​រួមគ្នា​ គឺមិនអាច​រៀប​ចេញ​​នោះ​​ទេ​​ អញ្ចឹងពេលនោះ​លោក សម រង្ស៊ី នឹងត្រឡប់មក​គណបក្ស សម រង្ស៊ី វិញ​ ហើយ​នឹង​រៀប​ចំ​បញ្ជី​បេក្ខជន​ដាច់​ដោយឡែក​​ពីគ្នា គឺបេក្ខជន​របស់បក្ស​ខ្លួនឯង​។​
ឥឡូវយើងងាកមក​មើល​អំពីគោលការណ៍ពន្យារជីវិត​របស់ កឹម សុខា ម្តង​។ កឹម សុខា ក៏មើលឃើញបញ្ហាដូច សម រង្ស៊ី នៅត្រង់ការរៀប​ចំ​បញ្ជីបេក្ខជន​ឈរ​ឈ្មោះ​រួមគ្នានេះដែរ​។ ក្រឡា​​ដែលត្រូវងាប់គឺនៅត្រង់នេះឯង​ នៅពេលដែលដោះស្រាយ​គ្នាអត់ចេញ​ ហើយ​ត្រូវ​បែក​បាក់​​គ្នា​នៅ​ត្រង់​ចំណុច​​ហ្នឹង​ ហើយនៅពេលដែលបែកបាក់​គ្នា​​នៅ​ចំណុច​ហ្នឹង​​ គឺ កឹម សុខា គាត់​ត្រូវ​​ប្រើ​​វិធី​​គោល​ការណ៍​ពន្យារជីវិត​របស់គាត់​ក្នុងបក្ស​ សិទ្ធិមនុស្ស​ សិន​។ តាមធម្មតា​ បើសិនជា កឹម សុខា នៅស្តាយលុយ ប្រាក់ខែ​សភា​​ពីរពាន់នោះ​គឺ​នៅថ្ងៃទី ២៨ ខែ​មករា ឆ្នាំ​២០១៣​ គឺកឹម សុខា អាចលាលែង​ចេញពី​សភាមកធ្វើជាអនុប្រធានគណបក្ស​ថ្មីបាន​​ហើយ​។​ប៉ុន្តែ​​​​ តើហេតុអ្វី បានជាកឹម សុខា ពន្យារពីខែមករា រហូតទៅដល់​ចុង​ខែមេសា ឆ្នាំ២០១៣?​​ ពីព្រោះ​​ខែ មេសា ឆ្នាំ២០១៣ គឺ​ជា​ពេលនៃការសម្រេចឲ្យ​បាននូវការរៀប​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​​​រួមគ្នា​ ដូច្នេះ​ បើសិន​ជា​នៅពេល​នោះ​​រៀប​មិន​បាន​​ទេ គឺ កឹម សុខា នៅតែជា​ប្រធាន​គណបក្ស​​​ចាស់​ដដែល​​​​​ គឺអត់មានបញ្ហាទេ​។​
ជា​​សរុប​​ ដោយសារហេតុផលនេះ​ ទើបពួកគេទៅជួបគ្នា​​រវាង សម រង្ស៊ី និង កឹម សុខា នៅប៉ារីស​ អំពីការបែងចែក​ចំនួនបេក្ខជន​ឈរឈ្មោះ​នៃក្រុម សម រង្ស៊ី និងក្រុម កឹម សុខា​ នៅខេត្ត​ ក្រុង ទាំង ២៤​។ ចំណុចមួយទៀត​ ក្រៅ​ពី​និយាយ​គ្នា​អំពី​ចំនួន​ហើយ​​ គឺត្រូវ​ជជែក​គ្នា​អំពី​​លំដាប់​លេខ​រៀង​​ទៀត​​ ពីព្រោះលំដាប់លេខរៀងនេះក៏ជាក្រឡាងាប់រស់​ របស់​ក្រុម​ទាំងពីរ​នេះ​​ដែរ​​ ហើយ​លេខរៀងដែលពួកគេសង្ឃឹមថាអាចជាប់នោះ គឺលេខរៀងទី១ និងទី២​។ ចំពោះ​លេខរៀងទី៣ ក៏ពួក​គេ​អត់​សង្ឃឹម​ដែរ​។​ ដូច្នេះ​ហើយទើប ក្រុម សម រង្ស៊ី ទាមទារយក​លេខរៀងល្អ​ ឯក្រុម កឹម សុខា ក៏ទាមទារយកលេខរៀងល្អដែរ​។ កាលណា​គេ​ជជែក​គ្នា​ពី​ឥឡូវ​នេះ​ទៅ​​ គឺគេមានពេលដល់ខែ មេសា ។ នៅពេលដែលជជែកគ្នា​បានឈ្មោះឆាប់​ហើយ​ គឺ កឹម សុខា គាត់​​អាច​យកបញ្ជីឈ្មោះនោះទៅលក់​ឲ្យខ្មែរនៅក្រៅប្រទេស​ ដើម្បី​យកលុយ​មក​ដោះ​ដូរ​​​​រឿង​​ជំពាក់​​ពាក្យ​​។ ឯ សម រង្ស៊ី ក៏ដូចគ្នា ដែរ​។ ត្រង់ចំណុច​នេះ​ហើយ​ ដែលក្រុម ទាំងពីរ​នឹង​ផ្ទុះ​បែក​បាក់​គ្នា​​ជា​ពីរ​​ចំណែក​វិញ​រវាង កឹម សុខា និង សម រង្ស៊ី ដោយ​សារ​ការ​ដណ្តើម​គ្នា​​ចង់​បាន​​លេខ​​រៀង​​ល្អ​។
អញ្ចឹង​​យើង​ឃើញ​ថា​រឿង​ដែល​ពួកគេ​​ត្រូវឈ្លោះ​គ្នា គឺនៅ​មាន​ច្រើន​។ ពីព្រោះ​ពេលមុន​គឺ​​មាន​​តែ​គណបក្ស សម រង្ស៊ី ខ្លួន​ឯងតែ​មួយផង ឬគណបក្ស កឹម សុខា តែមួយផង ​​ក៏ពួកគេ​នៅ​​តែ​ហែកហួរ​​​ដណ្តើម​គ្នា ចុះទម្រាំ​ឥឡូវ​ក្រុមទាំងពីរ​មក​រួមគ្នា​ស៊ីបាយចានតែមួយ​ទៀត​ តើ​ពួក​គេ​នឹង​​ខាំគ្នា​ ហែកគ្នា​យ៉ាងណា​?​​​​​ ដូច្នេះយើងនឹងរង់ចាំមើលតទៅទៀត​។​
ទាក់ទងនឹងរឿងលក់បញ្ជីឈ្មោះនេះ ប្រជាពលរដ្ឋ​ភាគច្រើន ជាពិសេសសកម្មជន​ និង​អ្នក​គាំទ្រ​​កឹម សុខា មានចម្ងល់ថា​នៅក្នុងតារាងនៃមេដឹកនាំគណបក្ស សិទ្ធិមនុស្ស​ គឺមាន​លោក សឺន ស៊ូបែរ លោក កឹម សុខា លោក​តា ប៉ែន សុវណ្ណ ជាដើម​ ប៉ុន្តែ​ផ្ទុយទៅវិញ​អ្នក​ដែល​ទទួល​បាន​លាភ​សក្ការៈ​ គឺមានតែ កឹម សុខា ម្នាក់ និងពីរនាក់ទៀតដែលមក​ពីក្រៅ​ប្រទេស ចំណែក ប៉ែន សុវណ្ណ ដែលជាមេដឹកនាំ​កំពូលដែរ ទៅជាអត់មានកៅអីអង្គុយ​នឹងគេ​ទៅវិញ​ រឿង​នេះ​​ប្រហែល​ជាមក​ពី​បញ្ហា​អត់លុយ​​តែម្តង​។
ត្រង់នេះខ្ញុំចង់បញ្ជាក់ថា វាជារឿងកេងចំណេញគ្នារៀងៗខ្លួន​ទាំងមេបក្ស និងកូនបក្ស​។ ដូច្នេះ​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​​ដែល​នៅ​ក្នុង​គណបក្ស សម រង្ស៊ីក្តី គណបក្ស កឹម សុខាក្តី​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​​ដែល​ច្រឡំ​បោះឆ្នោត​គាំទ្រ​​ឲ្យ​គណបក្ស​ សម រង្ស៊ី និងគណបក្ស កឹម សុខា គួរពិចារណា​ថា តើ​ពួកគេទាំងពីរក្រុមនោះរួមគ្នាដើម្បីប្រទេស​ជាតិ ឬរួមគ្នា​ដើម្បី​​ ផល​ប្រយោជន៍​​​តំណែង​​របស់​​ពួក​គេ​?​ ពួកគេ​គួរតែនិយាយដោយ​ស្មោះត្រង់ជាមួយប្រជាពលរដ្ឋ​ថា​ គណបក្ស​ទាំងពីរ​​នេះ​កំពុង​តែ​ស្វែង​រក​ការ​ត្រូវ​រ៉ូវ​គ្នា​ និងស្រុះស្រួលគ្នាក្នុងការរៀបបញ្ជីឈ្មោះ និង​លំដាប់​លេខ​រៀង​​ដើម្បី​តំណែងរបស់ពួកគេ​​​​​ ហើយមិនចាំបាច់ប្រើនយោបាយប្រជាភិថុ​ឃោសនា​ប្រាប់​ប្រជាពលរដ្ឋ​ថាខ្លួនគិតជាតិនោះទេ​។​
លោក សត្យា រក្ស
សំណួរ​៖ មានយុទ្ធសាស្ត្រថ្មី​​មួយទៀតដែលគណបក្ស​ប្រឆាំងបានប្រើ​នាពេល​បច្ចុប្បន្ន​នេះ​​។​ ដូច្នេះ​សូម​លោក​បណ្ឌិត​​ ជួយ​ធ្វើការ​ប្រៀបធៀប​​អំពីយុទ្ធសាស្ត្រនៃការឃោសនា​របស់​គណបក្ស​​ប្រឆាំង​​ពីអតីតកាល និងបច្ចុប្បន្នកាល តើវា​មាន​ការ​ប្រែ​ប្រួល​​ដែរឬទេ?​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖ និយាយឲ្យខ្លី​ទៅ​ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ​ងាយយល់​ គឺនយោបាយ​របស់​គណបក្ស​ប្រឆាំង​​ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា គឺនៅដដែលដូច​កាលពីពេលមុន​ គឺ​មិន​បាន​កែ​ប្រែ​មួយម៉ាត់ទេ​។ ខ្ញុំសូមលើកយក​មក​បង្ហាញ​គឺមាន​ពីរ​ចំណុច​។ ទី១ ចំពោះ​នយោបាយ​​ក្នុង​ស្រុក​ គឺគេបញ្ឆេះកំហឹង​វណ្ណៈ សង្គម​ឲ្យ​មាន​កំហឹង​​រវាង​អ្នក​មាន និងអ្នក​ក្រ​​។ ចំណុច​នេះ​គឺ​ដូច​គ្នា​នឹងនយោបាយកាលជំនាន់ ប៉ុល ពត​ ដែរ​។ ចំណុចទី២​ គឺនយោបាយ​បញ្ឆេះ​កំហឹង​​ជាតិ​​និយម​​ឲ្យ​​ស្អប់​វៀត​ណាម​។​ នយោបាយ​ទាំង​ពីរ​នេះ​​​​គឺ សម រង្ស៊ី បាន​ប្រើ​តាំង​ពី​​ការ​ប្រកួត​ប្រជែង​​បោះឆ្នោត​ឆ្នាំ​១៩៩៨​មកម្លេះ​។ កឹម សុខា ក៏ធ្លាប់ប្រើ​នយោបាយ​នេះ​នៅ​ក្នុង​គណបក្ស​ លោក​តា សឺន សាន ដែរ​ ដែល​ពេល​នោះ​គណបក្ស​​លោកតា​ សឺន សាន​ ទទួល​បាន​ តែ​១០​កៅអី​ទេ​​។​ លុះមក​ដល់ឆ្នាំ១៩៩៨ គឺ​បាន​សូន្យ​​។​​អញ្ចឹង​ការប្រើនយោបាយ​ដដែល​ៗ​​បែប​នេះ​​គឺ​​ត្រូវ​​ទទួល​​បរាជ័យ​​យ៉ាង​ធ្ងន់​ធ្ងរ​​។​​​
ងាកមក​លោក សម រង្ស៊ី​ ដែលចូលរួម​នៅឆ្នាំ១៩៩៨ ដែលប្រើនយោបាយ​ដដែល​គឺបាន​ជួប​​នូវ​បរាជ័យ​​។ គាត់បានប្រើនយោបាយ​បញ្ឆេះកំហឹងវណ្ណៈ សង្គម​ និង​នយោបាយ​បញ្ឆេះ​កំហឹង​​​​ជាតិ​​និយម​ គឺបានពេលដំបូងតែ​១៥​កៅអី​ ហើយក្រោយមក​បាន២៤​ គឺមិនមែន​សម្លេង​ឆ្នោត​​​ដែល​យក​ពី​គណបក្ស​ប្រជាជន​ទេ​ ​​​តែគឺជាសម្លេងឆ្នោតយកពីគណបក្ស ហ៊្វុន​ស៊ីន​ប៉ិច​ ពីព្រោះ​​ប្រជា​ពលរដ្ឋ​​ដែល​គាំទ្រ​​គណបក្ស​ ហ៊្វុនស៊ីនប៉ិច លែង​ទុក​ចិត្ត សម្តេច​ក្រុម​ព្រះ​​​ ទើប​អ្នក​ទាំង​​នោះ​​ទៅ​គាំទ្រ​​លោក សម រង្ស៊ី ។ បន្ទាប់មកទៀត​ការប្រើនយោបាយដដែលៗនេះ​មិនបាន​ធ្វើ​​ឲ្យ​គណបក្ស សម រង្ស៊ី កើនទេ​។ ចំណែកឯ កឹម សុខា ដែលទើបបង្កើត​ថ្មី​ តែ​នៅ​តែ​ប្រើ​នយោបាយ​​ដដែល​​នោះ​គឺទទួលបានតែ៣ទេ​។ បានន័យថា​នយោបាយ​ដដែលៗ​នេះ​ពុំ​បាន​ធ្វើ​​ឲ្យ​​​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​​ ​​ជោគជ័យទេ​ ផ្ទុយទៅវិញ​គឺមានតែ​ធ្លាក់ចុះ​ជាលំដាប់​ទៅវិញ​ទេ​​។ បើសិនជាគណបក្ស​ប្រឆាំង​យល់ថា​ខ្លួនកំពុងដើរ​ផ្លូវខុស​ ហើយ​ងាកមក​កែប្រែ​វិញ​នោះ​ជា​ការ​​ល្អ​​​។​ ប៉ុន្តែ​បើសិន​ជា​ ​ប្រើនយោបាយដដែល​ ក្នុងស្ថានភាពដែលកម្ពុជាកំពុងវិវត្តន៍​​នោះនឹង​នាំ​​មក​​​នូវ​​​ផល​​បច្ច័យ​​បរាជ័យ​​នៃការដាំក្បាលចុះរបស់គណបក្សប្រឆាំងជាមិនខានឡើយ​៕​

សម្រង់ព័ត៌មាន​៖ លោក នូ សាវុធឌី

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...