នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា
ព្រះវិហារវត្តឧត្តមមុនីរង្ស៊ី (វត្តទួលសូភី)
និងសម្ពោធដាក់ឲ្យប្រើប្រាស់អនុវិទ្យាល័យ ហ៊ុន សែន សូភី
ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍កត់សម្គាល់ថា អារាមដែលមានចំណាស់ ១១០ឆ្នាំមកនេះ
ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់សង្គមជាតិ
ដែលបានកើតឡើងក្រោមកម្លាំងសាមគ្គីរបស់ប្រជាជាតិទាំងមូល
ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោនាយករដ្ឋមន្ត្រី
ដែលអមដំណើរដោយលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតផងនោះ មាន ប្រសាសន៍ថា
ខ្ញុំពិតជាមានការពេញចិត្តជាមួយនឹងអ្វីដែលបានកើតឡើងនៅលើទឹកដីដ៏
កំសត់នេះ
បន្ទាប់ពីសមិទ្ធផលទាំងឡាយត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី
កាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចតេជោថ្លែងថា ពួក ប៉ុល ពត
អនុវត្តនយោបាយបំបិទជំនឿសាសនា។ គណបក្សប្រជាជនកម្ពុជា (CPP)
អនុវត្តនយោបាយបើកឲ្យមានជំនឿសាសនា
ដែលវាផ្តើមចេញពីចំណុចត្រង់ហ្នឹងហើយ ទើបមានការគោរពជំនឿនេះឡើង
ប៉ុន្តែវាទាក់ទងនឹងកត្តាមួយទៀត។
សម្តេចតេជោមានប្រសាសន៍ថា ដំបូងបំផុត
គឺត្រូវនិយាយពីឱកាសសុខសន្តិភាពជាមុនសិន
ព្រោះថាបើគ្មានសុខសន្តិភាពទេ គឺមិនអាចធ្វើអ្វីកើតឡើយ
ហើយរឿងនេះធំណាស់ ទោះជាអ្នកណាគេនិយាយអីក៏និយាយទៅ។
តើយើងធ្វើព្រះវិហារបាន ឬអត់? ព្រះសង្ឃមានចង្ហាន់ ឆាន់ ឬអត់?
វាចំណុះទៅលើការរីកចម្រើននៃជីវភាពប្រជាពលរដ្ឋដែរ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា
ឱកាសបែបនេះបានចាប់ផ្តើមពីភាពត្រឹមត្រូវខាងនយោបាយចំពោះគ្រប់
វិស័យទាំងអស់ ព្រោះថា
បើយើងមិនបើកលទ្ធភាពបង្កឱកាសឲ្យប្រជាជនដើម្បីបង្កបង្កើនផល
ការរកទទួលទាន ការរកប្រាក់ចំណូល
រាប់ទាំងការអំពាវនាវឲ្យមានអ្នកវិនិយោគិនចូលមកវិនិយោគក្នុង
ប្រទេសទេនោះ វានឹងធ្វើឲ្យឱកាសត្រូវបាត់បង់ជាមិនខានឡើយ។
ពាក់ព័ន្ធជាមួយឧស្សាហកម្មកាត់ដេរនៅកម្ពុជា
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា "ឥឡូវនេះ
គ្រាន់តែកម្មករនៅក្នុងប្រទេសរបស់យើង គឺ ៥០ ទៅ ៦០ ម៉ឺននាក់ផ្លាយ
ដែលធ្វើក្នុងវិស័យកាត់ដេរ។ ឥឡូវប្រាក់បៀវត្សរ៍
ដែលប្រឹងចរចាជាមួយនិយោជក បូកដោយការខិតខំចលនាពីនាយករដ្ឋមន្ត្រី
គឺបៀវត្សរ៍អប្បបរមានេះ ប្រាក់ខែគោលនេះ បានឈានដល់ ៨០
ដុល្លារអាមេរិកហើយ។ ឡើងតាំងពីជាង ៣០ ដល់ជាង ៤០ ឥឡូវឡើងដល់ ៨០
ដុល្លារអាមេរិក។
ទាក់ទងនឹងការតំឡើងប្រាក់ឈ្នួលដល់កម្មករ
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្ថែមថា
"យើងនឹងបង្កើតនូវយន្តការនៃការចរចាបន្តទៀត គេហៅថា
យន្តការត្រីភាគី ចរចាបន្តទៅទៀត
ដើម្បីនឹងពិនិត្យអំពីបញ្ហាកម្រិតប្រាក់ឈ្នួលកម្មករ
ក្នុងវិស័យកាត់ដេររបស់យើង។ កន្លែងខ្លះ គេឲ្យលើសពីនឹងទៅទៀត (លើសពី
៨០ដុល្លារ)។ គេអត់ចាំអាគោលនឹងទេ ព្រោះគេត្រូវការកម្មករ។ អីចឹង
គេឲ្យប្រាក់ខែខ្ពស់"។
នៅក្នុង ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធអនុវិទ្យាល័យ ហ៊ុន សែន
ទួលសូភី ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តកំពង់ចាមនោះដែរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានរំលឹកឡើងវិញក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០០៨
ក្នុងពេលដែលក្រុមប្រឆាំងបានប្រមាថសម្ដេចថា
ជាតៃកុងឡានពិការភ្នែក។
សម្តេចតេជោបានបន្ថែមថា ដោយសារតែការតម្លើងប្រាក់ខែកម្មករកាត់ដេរ
ជាបន្តបន្ទាប់នេះហើយទើបកម្មករកាត់ដេរ
ដែលភាគច្រើនឡើងមកធ្វើការនៅភ្នំពេញ មានលទ្ធភាពសន្សំប្រាក់
ហើយផ្ញើរទៅឪពុកម្តាយនៅឯស្រុកកំណើត។ ក្នុងនោះ
ក្រៅតែពីប្រាក់ខែគោល ៨០ ដុល្លារ ដែលទើបតម្លើងនេះ តែកម្មករកាត់ដេរ
ក៏នៅទទួលបានប្រាក់អត្ថប្រយោជន៍ដទៃទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា
តៃកុងដូចខ្ញុំសុខចិត្តគ្រោះថ្នាក់ដោយខ្លួនឯង បើផ្លូវមិនច្បាស់
ខ្ញុំសុខចិត្តទុកឡានសិន ហើយចុះទៅរាវតើមានអ្វីនៅក្នុងទឹកហ្នឹង
បើស្លាប់ៗខ្លួនឯងចុះឲ្យអ្នកនៅលើឡានរស់។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា តៃកុងនេះធ្លាប់បានធ្វើពលិកម្ម
ហើយធ្លាប់បានដឹកនាំប្រជាជនទទួលបានសេចក្តីសុខ។
ខ្លះមិនធ្លាប់បើកឡានទេ មិនប្រាកដថាបើកឡានទៅរួចទេ។
ចំណែកខ្ញុំវិញយ៉ាងហោចណាស់ ខ្ញុំបើករួចធ្វើតៃកុងអែប
និងធ្វើជាតៃកុងជាង ៣៤ ឆ្នាំហើយ។
ទាក់ទងនឹងតួនាទីរបស់សម្តេច
តេជោក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសជាបន្តទៅទៀត សម្តេចតេជោបាន
មានប្រសាសន៍បញ្ជាក់ថា សំខាន់គឺលើប្រជាពលរដ្ឋបោះឆ្នោតឲ្យទៀត ឬអត់?
ខ្ញុំ បានសុំហើយបើស្រឡាញ់ ហ៊ុន សែន បើអាណិត ហ៊ុន សែន បើពេញចិត្ត
ហ៊ុន សែន បើជឿជាក់លើ ហ៊ុន សែន
សុំបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា(CPP)នៅថ្ងៃទី ២៨ ខែកក្កដា
ឆ្នាំ២០១៣ខាងមុខនេះ។ ទោះបី ជា CPP
ចាប់ឆ្នោតបានលេខប៉ុន្មានក៏ដោយក៏អត់មានដូររូបភាពទេ
គឺរូបទេវតាបាចផ្កា
ហើយសូមគូសកន្លែងដែលគេឲ្យគូសក្នុងសញ្ញាទេវតានឹងបានមកដល់ ហ៊ុន
សែន ហើយៗ បោះឆ្នោតឲ្យ CPP ក៏បាន ទៅដល់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន
ដែរ។ សម្តេចតេជោបានអំពាវនាវដល់ប្រជាជនដែលជាម្ចាស់ឆ្នោតថា
សូមកុំខឹងគោវាយរទេះ កុំខឹងមេភូមិ-មេឃុំ ទៅបោះឆ្នោតទម្លាក់ ហ៊ុន
សែន នោះ ព្រោះនេះជាការបោះឆ្នោតថ្នាក់ជាតិ
មិនមែនជាការបោះឆ្នោតថ្នាក់ឃុំ ថ្នាក់ភូមិទេសូមចែកគ្នាឲ្យដាច់។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងពន្យល់ថា នយោបាយថ្នាក់ជាតិ
ខ្ញុំជាអ្នកដឹកនាំដាក់ចេញនូវនយោបាយតាំងពីនយោបាយឈ្នះ ឈ្នះ
ជានយោបាយរបស់ ហ៊ុន សែន
ដោយត្រូវបានគណបក្សប្រជាជនគាំទ្រធ្វើឲ្យប្រទេសជាតិពីការបែកបាក់
មកសន្តិភាព។
ការដឹកនាំប្រទេសក្នុងរយៈពេលកន្លងមកខ្ញុំជាអ្នកកាច់ចង្កូត។
សម្តេចតេជោបានបន្តថា ការនាំមកនូវការបង្រួមបង្រួមជាតិ
និងសន្តិភាពតាមនយោបាយឈ្នះឈ្នះ បើគ្មានតួអង្គគណបក្សប្រជាជន
និងការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដឹកនាំដោយផ្ទាល់ពីហ៊ុន សែន
នោះទេ គឺគ្មានអ្នកណាធ្វើបានឡើយ។
គួរបញ្ជាក់ថា ព្រះវិហារដ៏ល្អប្រណិត ដែលមានតម្លៃ ២៦៨ ៤៨១
ដុល្លារសហរដ្ឋអាមេរិកនេះបានកកើតឡើងដោយកម្លាំងមហាសាមគ្គី
ពីការចូលរួមរបស់ពុទ្ធបរិស័ទជិតឆ្ងាយតាមរយៈពិធីបុណ្យផ្សេងៗរួម
នឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តម ហ៊ុន ណេង អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមឲ្យដឹងថា
វិស័យអប់រំនៅខេត្តកំពង់ចាមមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។
សាលាបឋមសិក្សាមានស្ទើរគ្រប់ភូមិសាលាមធ្យមសិក្សាមាន ១៨៩កន្លែង លើ
១៧៣ ឃុំ-សង្កាត់។ ទូទាំងខេត្តមានគ្រឹះស្ថានសិក្សាចំនួន ១.២៧១ កន្លែង
ក្នុងនោះអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន
និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន៣៥០កន្លែង មាន៥៨៥ខ្នង
ស្មើនឹង៣.០១៧បន្ទប់។ ក្នុងនោះនៅស្រុកអូររាំងឪ មាន៧កន្លែងមាន
១៣ខ្នងស្មើនឹង ៦១ បន្ទប់ ដែលក្នុងនេះរួមទាំងអនុវិទ្យាល័យ ហ៊ុន សែន
ទួលសូភី ដែលមានអគារសិក្សា ២ ខ្នង ១០ បន្ទប់
និងទីចាត់ការមួយខ្នងផងដែរ ។
ចំពោះវិស័យព្រះពុទ្ធសាសនារបាយការណ៍បានឲ្យដឹងថា
បច្ចុប្បន្ននៅទូទាំងខេត្តកំពង់ចាម មានវត្ត ៥៩៤ វត្ត និងព្រះសង្ឃ ៦.៧៤៦
អង្គ៕





