សម្តេចតេជោនាយករដ្ឋមន្រ្តី - ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ចាង កាវលី (Zhang Gaoli) ឧបនាយករដ្ឋមន្រ្តីចិន

ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Liyuan ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី កាលពីល្ងាច ថ្ងៃទី៩ កញ្ញា ឯកឧត្តមចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា ឯកឧត្តមពិតជាមានការីករាយដោយបានជួបសន្ទនា ជាមួយសម្តេចសាជាថ្មីម្តងទៀត ក្នុងនាមជាមិត្តភក្តិចាស់របស់ប្រទេស និងប្រជាជនចិន នឹងក៏ជាមិត្តភក្តិផ្ទាល់របស់ ឯកឧត្តម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកវត្តមាន របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺបានបង្ហាញពីគោលជំហររបស់សម្តេចចំពោះប្រទេសចិន និងជាការចូលរួមពង្រឹងនូវទំនាក់ទំនងរវាងចិន និងកម្ពុជា នឹងក៏ រវាងចិន-អាស៊ានទាំងមូលផងដែរ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចពិតជា មានការសប្បាយរីករាយក្នុងការអញ្ជើញចូលរួមពិពរណ៌ចិន - អាស៊ានលើកទី១៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ សម្តេចតេជោមានប្រសាសន៍បន្តថា ការចូលរួមរបស់សម្តេចក្នុងព្រឹត្តិការណ៍ នៃពិព័រណ៌ចិន អាស៊ាននេះ គឺមានគោល បំណងចង់ចូលរួមបន្តកសាងទំនាក់ទំនងរវាងកម្ពុជា-ចិន និងរវាងអាស៊ាន-ចិន ឲ្យកាន់តែរឹងមាំថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា ក្រៅពីការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៌ចិន-អាស៊ានលើកទី១៣ ក្នុងឆ្នាំ២០១៦នេះ សម្តេច និងអញ្ជើញចូលរួមក្នុងវេទិកាស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន លើកទី១ ដែលនឹងប្រារព្វឡើងនៅថ្ងៃទី១២ កញ្ញា ដើម្បីកៀងគរអ្នកវិនិយោគចិនខេត្តក្វាងស៊ី មកបណ្តាក់ទុនវិនិយោគឲ្យ កាន់តែច្រើនឡើងក្នុងប្រទេសកម្ពុជា។ តាមរយៈតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន សម្តេចតេជោនាយករដ្ឋមន្រ្តីបាន ស្នើដល់ភាគីចិន បន្តជំរុញការនាំចូលនូវផលិតផលកម្ពុជាទៅកាន់ទីផ្សារចិន ដោយមិនកំណត់ចំនួនកូតា និងដោយមិនជាប់ពន្ធគយ តាមរយៈរដ្ឋមន្រ្តីពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-ចិន ធ្វើការពិភាក្សាជាមួយគ្នា។

ក្នុងជំនួបពិភាក្សាគ្នានះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីចិន បានធ្វើការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ពីគំរោងអាទិភាពនានាដែលរដ្ឋាភិបាលចិន បានផ្តល់ជូនដល់ភាគីកម្ពុជា រួមទាំងជំនួយឥតសំណង មានទឹកប្រាក់៣ពាន់៦០០លានយ័ន របស់រដ្ឋាភិបាលចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោនាយក រដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីចិន ក៏បានឯកភាពគ្នាលើយន្តការអន្តររដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីធ្វើ ការពិភាក្សាគ្នាលើការអនុវត្តគំរោងនានា ដែលភាគីកម្ពុជាបានស្នើទៅកាន់ភាគីចិន តាមរយៈគោលនយោបាយវិថីមួយ ផ្លូវមួយ ដើម្បីអនុវត្តលើអនុស្សារណៈមួយដែលយើងបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា ដោយសារឆ្នាំ២០១៦នេះគឺជាខួប២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាចិន-អាស៊ាន ឯកឧត្តមសូមកោតសរសើរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងបានចាត់ទុកសម្តេចគឺជាសាក្សីពិតក្នុងទំនាក់ទំនងអាស៊ាន-ចិន ពោលគឺសម្តេចតែងតែខិតខំជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បន្តមានការរីកចម្រើនទៅមុខ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា អាស៊ាន-ចិន និងប្រើប្រាស់មូលនិធិខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង កាន់តែទទួលបានជោគជ័យថែមទៀតសម្រាប់តំបន់។
