សម្តេចនាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជាឲ្យប្រឹងប្រែងដណ្តើមយកជ័យជំនះ និងអនុវត្តតាមបទបញ្ជាក្នុងការប្រកួតស៊ីហ្គេម
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកទឹកចិត្តដល់កីឡាករកម្ពុជា ដែលត្រូវចេញទៅចូលរួមប្រកួត កីឡាស៊ី ហ្គេមលើកទី ២៦ នៅប្រទេសឥណ្ឌូនេស៊ី ថា ការប្រឹងប្រែងធ្វើការប្រកួត និង ការអនុវត្តតាមបទបញ្ជាក្នុងការប្រកួតគឺជាប្រការដែលល្អបំផុត និង ត្រូវតែប្រកាន់យក។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ឲ្យដឹងថានៅពេលអនុញ្ញាតឲ្យក្រុមកីឡាជម្រើសជាតិកម្ពុជា
ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី ២៦
នៅប្រទេសឥណ្ឌូនេស៊ី ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព
ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១១ សម្តេចតេជោនាយករដ្ឋមន្រ្តី
បានមានប្រសាសន៍ថា
កម្ពុជាមិនចង់ធ្វើជាមហាអំណាចលើវិស័យកីឡានោះទេ ប៉ុន្តែសូមគិតថា
បើចាញ់ក្នុងការប្រកួតសូមកុំគិតថា ប្រទេសកម្ពុជា ជាប្រទេសតូច
ឬជាប្រទេសក្រីក្រ
ព្រោះការគិតបែបនេះគឺជាការខុសធ្ងន់ណាស់ ជួនកាលមានប្រទេសធំខ្លះ
ក៏មិនមានក្រុមកីឡាបាល់ទាត់ ឬក៏កីឡាផ្សេងទៀត ដែលកម្ពុជាមាននោះដែរ។
សម្តេចតេជោ
មានប្រសាសន៍ថា បើទោះបីជាប្រកួតឈ្នះ ឬចាញ់យ៉ាងណាក៏ដោយ
ក្រុមកីឡារបស់យើងត្រូវអនុវត្តឲ្យបានតឹងរឹង ហ្មត់ចត់តាមក្បួនខ្នាត
កុំឲ្យមានការអាម៉ាស់
ដោយសារការប្រកួតមិនអនុវត្តតាមបទបញ្ជានៃការប្រកួតនោះ។ សម្តេចតេជោ
ក៏បានស្នើឲ្យកីឡាករ
កីឡាការិនីកម្ពុជាទាំងអស់ប្រឹងប្រែងធ្វើការប្រកួតឲ្យអស់ពីសមត្ថភាព
ព្រោះការចេញទៅប្រកួតនេះ ជាតំណាងឲ្យប្រទេសកម្ពុជាទាំងមូល។
ឯកឧត្តម ថោង ខុន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង
ជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជាឲ្យ ដឹងថា គណៈប្រតិភូកីឡាករ
កីឡាករិនីកម្ពុជា ដែលរួមមានទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ
គ្រូគ្រូបង្វឹក សរុបចំនួន ២៣០
នាក់នឹងត្រូវបញ្ជូនឲ្យទៅចូលរួមប្រកួតស៊ីហ្គេមលើកនេះ
នៅទីក្រុងហ្សាការតា ជាមួយនឹងវិញ្ញាសាជាច្រើនដូចជា កីឡាប្រដាល់
បាល់ទះ វាយកូនបាល់ បាល់ទះលើឆ្នេរខ្សាច់ ចំបាប់ អត្តពលកម្ម ហែលទឹក
កាយសម្ព័ន្ធ ប៉េតង់ បាល់ទាត់ វាយកូនហ្គោល វាយសី ការ៉ាត់តេដូ វាយ
កូនឃ្លីលើតុ វូស៊ូ យូដូ បាល់បោះ វូវីណាម តៃក្វាន់ដូ និង
កីឡាប្រណាំងទូកប្រពៃណី ដែលការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី ១១
ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១១ ៕
