Skip to main content

សម្ភាសន៍ លោកបណ្ឌិត ឈុន ណារ៉េត សាស្ត្រា​ចារ្យ​សាកល​វិទ្យា​ល័យ ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ ជាមួយ​ទូរទស្សន៍​បាយ័ន ស្តីពី​អត្ថន័យ​នៃពាក្យ​ទម្រង់​រដ្ឋ​

ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១
លោកសត្យា រក្ស​
សំណួរ៖ ដើម្បីឲ្យបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង បានយល់​ដឹងអំពី​ផ្នែកវិទ្យាសាស្ត្រ​នយោបាយ​ផង និង​ដើម្បី​កុំ​ឲ្យ​ជន​ឆ្លៀត​​ឱកាស​និយម ជា​ពិសេស​គឺគ​ណបក្ស​ប្រឆាំ​ង​នៅ​កម្ពុជា​ ដែល​មិនបាន​ធ្វើ​អ្វី​ជា​ប្រយោជន៍​ដល់​សង្គម​ ដល់​ជាតិ​ផង​នោះ​​​ ហើយ​ឆ្លៀតកេង​ចំណេញ​នយោបាយ​ទៀត ដូច្នេះ​សូម​លោក​បណ្ឌិត​ជួយ​ពន្យល់​អំពី​ ដូចម្តេច​ដែល​ហៅថា រដ្ឋ​ ហើយ រដ្ឋ​នេះ ចែក​ចេញ​ជាប៉ុន្មាន​ប្រភេទ​ដែរ​ទៅបាទ?​
លោកបណ្ឌិត ឈុន ណារ៉េត​
ចម្លើយ​៖ ​ ពាក្យថា​ទម្រង់​រដ្ឋនេះ គឺសំដៅទៅ​លើ​របៀប​របប​នៃ​ការចាត់​ចែង​អំណាច​នយោបាយ​​របស់រដ្ឋ​​​។ ទម្រង់រដ្ឋ​នេះ គេ​បែងចែក​ជាបីគឺ​ ទម្រង់​គ្រប់​គ្រង​រដ្ឋ ទម្រង់​គ្រប់គ្រង​ដែនដី​ ហើយ​និង​របប​នយោបាយ​​។
លោកសត្យា រក្ស​
សំណួរ៖​ សូមលោក​បណ្ឌិត​ជួយ​ពន្យល់​លំអិត អំពី​ទម្រង់​ទាំ​ងបី​នេះ​បាទ?​
លោកបណ្ឌិត ឈុន ណារ៉េត​
ចម្លើយ៖​ ទម្រង់​គ្រប់​គ្រង​រដ្ឋ​ គឺគេ​សំដៅ​ទៅ​លើការ​កំណត់​ឋានានុក្រម​នៃ​នយោបាយ​កំពូល​ តើឋា​នានុ​ក្រម​នៃ​នយោ​បាយ​​កំពូល​នេះថិត​នៅ​កន្លែង​ណា​?​ ឧទាហរណ៍​ថា ​អំណាច​កំពូល​ថិតនៅ​ក្នុង​ដៃ​ព្រះមហាក្សត្រ​ ទម្រង់រដ្ឋនោះគេឲ្យ​ឈ្មោះ​​ថា បែប​រាជា​និយម​។ តែបើសិន​ជា​អំណាច​នយោបាយ​កំពូល​ថិត​​នៅ​​ក្នុងដៃអ្នក​នយោបាយ ឬក៏រាស្ត្រ​ យើងអាច​និយាយ​ថាជា​ទម្រង់​សាធារណរដ្ឋ​។ ដូច្នេះសរុបមក គឺ​ទម្រង់​គ្រប់​គ្រងរដ្ឋ​ចែក​ចេញជា ទម្រង់​រាជា​និយម និង​ទម្រង់​សាធារណរដ្ឋ​។​ នៅ​ក្នុង​ទម្រង់​រាជានិយម​នោះទៀត​​​​ បើសិន​ជាស្តេច លោក​មាន​អំណាច​ទូទៅ ទូលំ​ទូលាយ​ និង​អំណាច​ហួស​ព្រំដែន​ គេ​​ឲ្យ​​​ឈ្មោះថារាជា​និយម​ផ្តាច់ការ​។ តែបើសិន​ជា​អំណាចរ​បស់ស្តេច​មានដែន​កំណត់​ ឬក៏​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ នោះ​គេឲ្យឈ្មោះថា ទម្រង់​រាជា​និយម អាស្រ័យ​រដ្ឋធម្មនុញ្ញ​។ ចំណែក​ទម្រង់​គ្រប់​គ្រងរដ្ឋ​​បែប សាធារ​ណរដ្ឋ​វិញ គេបែង​ចែកជាបួនទៀត​ គឺទម្រង់​គ្រប់គ្រងរដ្ឋ​ បែប​សាធារណរដ្ឋ​ អាស្រ័យ​ប្រធានាធិបតី​ ឧទាហរណ៍​ដូច​នៅ​សហរដ្ឋ​អាមេរិក​។ សាធារណរដ្ឋអាស្រ័យសភា ឧទាហរណ៍​ដូច​នៅ​ឥណ្ឌា​ បានន័យថា អំណា​ច​​សភាជាធំ​។ មួយទៀត​​​គឺ​ទម្រង់សាធារណរដ្ឋ​ចម្រុះ​ គឺអំណាច​នៅក្នុងដៃ​សភា​ផង និងនៅក្នុងដៃប្រធានាធិបតីផង​ ដូច​​ជា​នៅ​ប្រទេស​បារាំង ប្រទេស​​រុស្ស៊ី ជា​ដើម​។ និង​មួយទៀត​​​ គេហៅថា​ សាធារណរដ្ឋដែរ តែអំណាច​អាស្រ័យ ដោយអ្នកកាន់សាសនា​ គេឲ្យឈ្មោះថា Theogracy ឧទាហរណ៍នៅប្រទេស បូរី វ៉ាទីកង់​​ ដែលជាប្រទេសឯករាជ្យ នៅកណ្តាលប្រទេស អ៊ី​តាលី​។​ ទាំង​នេះគឺជាន័យពេញលេញ​នៃ​ទម្រង់​គ្រប់គ្រង​រដ្ឋ​។​
ចំណុចទី២ គឺជាទម្រង់គ្រប់គ្រងដែនដី​ ពាក្យនេះមានន័យថារបៀប​របប​ចាត់ចែង​ គ្រប់គ្រង​រចនា​សម្ព័ន្ធដែនដី​ ។ នៅលើ​ពិភពលោក គឺមានទម្រង់គ្រប់ដែនដីតែបី​ផ្នែកទេ ទី១គឺទម្រង់រដ្ឋទោល​ ដូចជា​ប្រទេសយើងអញ្ចឹងដែរ ឬហៅ​ថាទម្រង់​បែប Unitary ។ ទី២ ទម្រង់សហព័ន្ធ​ ដូចជា​នៅ​សហ​រដ្ឋ​អាមេរិក​អញ្ចឹង​ និងទី៣ គឺទម្រង់សហសម្ព័ន្ធ​ ឬហៅថាទម្រង់ Confideration ដែលជាទម្រង់គ្រប់​គ្រង​ដែនដីនេះឯង​ ​ឧទាហរណ៍ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ ដែលមាន​ប្រទេស​១០ រួមគ្នា​ជាដើម ដោយ​មាន​​ការគ្រប់គ្រង មានវប្បធម៌ ប្រពៃណី ច្បាប់​ ទំនៀមទំលាប់​ ភាសា កងទ័ព​។ល។​  តែ​យើង​រួមគ្នា នៅ​លើ​បញ្ហាសំខាន់មួយ​ លើគោលបំណង​រួមមួយ​​​ ដែលទម្រង់បែបនេះគេឲ្យឈ្មោះថា ទម្រង់សហសម្ព័ន្ធ​ ដែល​វាថិតនៅក្នុងទម្រង់គ្រប់គ្រងដែនដី​។​ ​​​​សរុប​មក​ទម្រង់គ្រប់គ្រងដែនដី បែងចែកជាបី គឺ​ ទម្រង់​បែប​រដ្ឋទោល​ ទម្រង់​បែប​សហព័ន្ធ​ និង​ទម្រង់​បែប​សហសម្ព័ន្ធ​​។​
លោកសត្យា រក្ស​
សំណួរ៖ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង បច្ចុប្បន្ននេះ ឃើញថាមានទស្សនៈផ្សេងៗគ្នា​ គណបក្ស​ប្រឆាំងតែង​តែ​និយាយថា កម្ពុជាបច្ចុប្បន្ននេះ​ គឺជា​របប​កុំម្មុយនីស្ត​​ អ្នកខ្លះគេថា​ជារបប​រាជា​និយម​ និងអ្នក​ខ្លះគេអះ​អាងថាជា​របប​សភានិយម​បែបប្រជាធិបតេយ្យ អី​ជាដើម​។ល។​ តើទម្រង់រដ្ឋ​ដែល​​កម្ពុជារបស់យើងកំពុងតែប្រតិបត្តិ​ និងកំពុងតែអនុវត្ត​នេះ​​ បើតាម​ន័យ​វិទ្យាសាស្ត្រ​នយោបាយ តើ​យើង​ហៅបែបណា​ដែរទៅ​ ដើម្បីឲ្យចំទៅនឹងអ្វី​ដែលរាជ​រដ្ឋាភិបាល​កំពុង​តែ​អនុវត្តនេះ​?​​
លោកបណ្ឌិត ឈុន ណារ៉េត​
ចម្លើយ​៖ ​ ទាក់ទងទៅនឹងសំណួរនេះ យើងឃើញ​ថា​បច្ចុប្បន្ន មានការហៅផ្តេសផ្តាស​ ដូច្នេះ​ត្រូវ​ពិនិត្យមើល ។ ដំបូង​យើង​ត្រូវ មើលឈ្មោះកម្ពុជាជាផ្លូវការ​ គឺព្រះរាជាណាចក្រកម្ពុជា​។ ចំណែក​ទម្រង់​គ្រប់គ្រងរដ្ឋរបស់កម្ពុជាបច្ចុប្បន្ន​ គឺ​ទម្រង់រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ​ ពីព្រោះ​នៅក្នុង​ច្បាប់​ក៏​បាន​ចែងដែរ​ ថាព្រះអង្គគ្រងរាជ្យ​ តែមិនកាន់អំណាច​​។ ចំណែក​​ទម្រង់​គ្រប់គ្រង​ដែនដី​របស់​កម្ពុជា​បច្ចុប្បន្ន​ គេឲ្យឈ្មោះថាទម្រង់ រដ្ឋទោល​ ពីព្រោះ​នៅក្នុង​រដ្ឋធម្មនុញ្ញ​យើង​ក៏បាន​ចែងដែរថា​ កម្ពុជាគឺ ជា​រដ្ឋ​ដែលមិនអាចបំបែកបាន​។ មួយទៀត​របបនយោបាយ​របស់យើងបច្ចុប្បន្ន​ គឺជា​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស​​ ដែលមាន​ចែង​នៅក្នុង​មាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញ​​ ។ ដូច្នេះ​ បើយើង​ហៅទៅ​លើ​របប​នយោបាយ គឺយើងត្រូវហៅ​ថា​របបប្រជាធិបតេយ្យសេរីពហុបក្ស​ បើយើង​ហៅទៅ​លើទម្រង់​គ្រប់គ្រង​ដែនដី​ គឺទម្រង់​បែប​រដ្ឋទោល​ បើយើងហៅទៅលើទម្រង់គ្រប់គ្រងរដ្ឋ​ គឺយើង​ត្រូវហៅ​ថា​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​ចំណែក​ ប្រទេសកម្ពុជា ជាផ្លូវការឈ្មោះអ្វី គឺ ព្រះរាជាណាចក្រកម្ពុជា​ គឺយើង​ត្រូវ​ហៅ​អញ្ចឹង​ទើប​ត្រឹមត្រូវ​​។​​
លោកសត្យា រក្ស​
សំណួរ៖ លោកបណ្ឌិតបានមានប្រសាសន៍ហើយ ថារបបយើងសព្វថ្ងៃនេះ​ជារបប​ប្រជាធិប​តេយ្យ​​​សេរីពហុបក្ស​ តើហេតុ​អ្វី​បានជាអ្នកនយោបាយ យកឈ្មោះកម្ពុជា​ យកទៅប្រើប្រាស់​ខុស​​គោល​ដៅ​​​​ពីអ្វី ដែលជា​ការពិតជាក់ស្តែង​ ដូច​ជា​ថាកម្ពុជាជារបបកុំម្មុយនីស អី​ជាដើម​។ អញ្ចឹងការ​ដែល​ប្រើប្រាស់​​ឈ្មោះ​ខុស ប្រើរបប​ខុស​បែប​នេះ​ តើជាការ​ដែលនាំ​ឲ្យមានការ​​មិនល្អ​សម្រាប់​ប្រទេស​ជាតិ​ដែរ​ឬទេ​?​
លោកបណ្ឌិត ឈុន ណារ៉េត​
ចម្លើយ​៖ ​ ចំណុចនេះយើងឃើញថា អ្នកនយោបាយតែងតែនិយាយ​កេងយកប្រយោជន៍​នយោបាយ​។ ប៉ុន្តែខ្ញុំ​ចង់ជម្រាប​ទៅ​ប្រជា​ពលរដ្ឋ និងបញ្ញវន្តទាំងអស់​ ត្រូវពិចារណាថា បច្ចុប្បន្ន​នេះ​ ហេតុអ្វី​បានជា​ប្រទេស​កម្ពុជា​ជា​របប​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស​​ ពីព្រោះយើងមាន​កំណត់​ចែង​ច្បាស់លាស់​​​​នៅក្នុងរដ្ឋធម្មនុញ្ញ​ គឺនៅក្នុងមាត្រា៥១ថ្មី​។​ បើគាត់​ហៅ​របបនេះថាជារបប​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ បានន័យថាគាត់​មិនគោរព​នូវស្មារតី​នៃរដ្ឋធម្មនុញ្ញ​រួច​ទៅ​ហើយ​​ គឺគាត់​ល្មើស​នឹងច្បាប់​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​រួច​ទៅ​ហើយ​ គាត់ត្រូវមានទោសបាត់ទៅហើយ​។ ម្យ៉ាងទៀត ហេតុអ្វី​បាន​ជា​យើង​​ហៅថារបបប្រជាធិបតេយ្យសេរីពហុបក្ស ពីព្រោះយើងមានគណបក្ស​ច្រើន យើងមាន​ការ​ប្រកួត​ប្រជែង​​ដោយសេរី និងយុត្តិធម៌​ យើងមានសង្គមមួយដែលបើកចំហទូលំ​ទូលាយ​​​ សិទ្ធិសេរីភាព​ពេញលេញ មានអង្គការក្រៅរដ្ឋាភិបាល អង្គការសិទ្ធិមនុស្ស​ ។ល។​ គឺយើងមានភាពចម្រុះតែម្តង​ អញ្ចឹង​ហើយ​​បានជា​យើង​ហៅថា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។
ចំណែកគណបក្សប្រឆាំងដែលគាត់ចេះតែនិយាយបំភ័ន្តខុសពីការពិតនោះ ​ គឺគាត់​មិនបាន​គិត​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ បច្ចុប្បន្ន​ បានសិក្សា​ស៊ីជម្រៅ​ដែរ និង​ជាមនុស្ស​ឧស្សាហ៍​ព្យាយាម​ អាន​​សៀវភៅ​ច្រើន​ទៀត​​​។ ដូច្នេះ​អ្វីដែល​គាត់​និយាយ​នេះគឺមិនចំណេញសម្រាប់ខ្លួនគាត់ទេ​ អញ្ចឹងហើយ​បាន​ជា​ប្រជាប្រិយភាព​​របស់​គណបក្ស​ប្រឆាំង​ចេះតែ​​ថយទៅៗ​។ នយោបាយកាលណានិយាយ​មិនស្រួល វា​នឹង​ថយប្រយោជន៍ខ្លួន​ឯង​។​
លោកសត្យា រក្ស​
សំណួរ៖ សកម្មភាពរបស់រាជរដ្ឋាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់​កំពុងតែ​បម្រើ​ប្រជារាស្ត្រ​​​ក្នុងគោល​ ដៅ​មួយ​ឆ្ពោះ​ទៅរកនីតិរដ្ឋ​។ ដូច្នេះសូមលោកបណ្ឌិតជួ​យពន្យល់ និងបញ្ជាក់ជូន​បងប្អូន​ជនរួមជាតិបន្តិច ថាតើ​នីតិរដ្ឋ​ជាអ្វីដែរ​ទៅ​បាទ?​​
លោកបណ្ឌិត ឈុន ណារ៉េត​
ចម្លើយ​៖ ​ ពាក្យនីតិរដ្ឋនេះ គឺមកពី​​ពាក្យនីតិ បូកនិងពាក្យរដ្ឋ តែ​យើងកុំច្រឡំ​ និង​មិនមែនបកថា រដ្ឋដែលមាន​ច្បាប់​នោះ​ទេ​ ពីព្រោះរដ្ឋណាក៏មានច្បាប់ដែរ​។​ ពាក្យនីតិរដ្ឋនេះ ភាសាអង់គ្លេសហៅថា The rule of law ហើយ​អត្ថន័យ​ពេញ​លេញ​នៃពាក្យនីតិរដ្ឋ​នេះ​ គឺគេចង់សំដៅទៅលើ​ ការអនុវត្ត​ច្បាប់​បាន​ល្អ​ និងការអនុវត្តនូវគោល​ការណ៍លទ្ធិ​ប្រជា​ធិបតេយ្យ​បានពេញលេញ​។ អញ្ចឹងតែកាលណាអនុវត្ត​ច្បាប់បានល្អ ហើយ​និងអនុវត្ត​នូវគោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យពេញលេញ​ នោះហើយជានីតិរដ្ឋ​។​ ពាក្យនីតិរដ្ឋនេះគេនិយាយនៅពេលដែលយើង​បច្ចុប្បន្នកំពុងតែឈរលើ​ លទ្ធិប្រជាធិបតេយ្យ ហើយ​នៅ​​ពេលដែលយើងឈរលើលទ្ធិប្រជាធិបតេយ្យ​ និងធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​កាន់​តែ​ល្អ​ទៅៗ​ បានន័យ​ថា​យើងកំពុងតែឆ្ពោះទៅកាន់នីតិរដ្ឋ​។ ឧទាហរណ៍ប្រទេសភូមា គឺជាប្រទេស​មួយ​ដែល​ឈរ​លើ​របប​អាជ្ញា​ប្រឹក្ស​​​ ដូច្នេះគេតែងតែទាមទារឲ្យគាត់មានប្រជាធិបតេយ្យ​។ ចំណែកយើងគឺឈរ​លើ​របប​ប្រជាធិបតេយ្យ​​ស្រាប់ហើយ ទើបបាន​ជា​ពិភពលោកតែងតែទាមទារឲ្យយើងឆ្ពោះទៅ​កាន់នីតិរដ្ឋ អញ្ចឹង​ពាក្យនីតិរដ្ឋបានន័យថា​ អនុវត្ត​ច្បាប់ឲ្យបានល្អ​ និងគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ​​ឲ្យបាន​ត្រឹមត្រូវ ។ អញ្ចឹងហើយបានជាគេ​ថា នីតិរដ្ឋ គឺជា​ទិស​ដៅ​របស់ប្រជាធិបតេយ្យ​ ឬគេអាចនិយាយថា​នីតិរដ្ឋ គឺជាគុណភាព​ខ្ពស់បំផុតរបស់ប្រជាធិបតេយ្យ​។​
នៅក្នុងនីតិរដ្ឋ គឺគេមើលទៅលើបួនចំណុច​ ចំណុចទី១ គឺមើលទៅលើឧត្តមភាពនៃច្បាប់​ គឺការ​អនុវត្ត​ច្បាប់នោះវាល្អ ឬមិន​ល្អ​។ នៅកម្ពុជា​យើង​ការ​អនុវត្ត​ច្បាប់គឺកាន់តែល្អប្រសើរឡើង និងប្រពៃ​ឡើង​ ។ ឧទាហរណ៍ សកម្មភាព​របស់​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ​ កាន់តែវែកមុខជនខិលខូច​ជាបន្ត​បន្ទាប់​​។ ការធានានូវសិទ្ធិ​សេរីភាព​គឺកាន់​តែ​ទូលំទូលាយ​ ដោយ​យើងមាន​បញ្ចូល​នៅក្នុងរដ្ឋធម្មនុញ្ញ​​​ យើង​មានស្នងការ​អង្គការសហប្រជាជាតិ ។ល។​ ​មាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​​ជាដើម​។ អញ្ចឹងការធានាសិទ្ធិ​មនុស្ស​ក៏មាន​។ ចំណុចមួយទៀត​គឺការ​សំដៅ​ទៅលើ​ការ​ទទួល​ខុសត្រូវ​ ​រវាងរាស្ត្រ​ និងរដ្ឋ​​ ។ ដូចជា​រាស្ត្រ​ធ្វើអ្វីគាត់ត្រូវទទួលខុសត្រូវ រដ្ឋធ្វើ​អ្វី​ក៏ដោយត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​​​​​ បើសិនជា​មានទង្វើ​ខុស​ឆ្គង​​។ ចំណុចទី៤ គឺសំដៅទៅលើការបែងចែកអំណាច​ បញ្ញត្តិ ប្រតិបត្តិ និងតុលាការ​។​ ដូច្នេះ​ចំណុច​ស្នូល​ធំៗ​ទាំងបួន​នេះហើយ ដែលជា​ចំណុច​ស្នូល​នៃ​នីតិរដ្ឋ​។
លោកសត្យា រក្ស​
សំណួរ៖ ទាក់ទងទៅនឹងដំណើរការឆ្ពោះទៅកាន់នីតិរដ្ឋនេះ​ ដើម្បីឆ្ពោះទៅរកនីតិរដ្ឋ​ឲ្យបាន​ជោគជ័យ តើ​ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីដែល​គ្រប់គ្រងច្បាប់ គួរប្រកាន់នូវ​តួនាទី និងលក្ខណៈ​បែបណា​ដែរ​ទៅ​បាទ?​​​
លោកបណ្ឌិត ឈុន ណារ៉េត​
ចម្លើយ​៖ ​ យើងមើលសំខាន់បំផុត គឺច្បាប់​ ពីព្រោះនីតិ​រដ្ឋសំខាន់គឺស្ថាប័ន​​នីតិបញ្ញត្តិ​នេះឯង​ គឺ​គាត់​ត្រូវតែរៀប​ចំច្បាប់​នេះឲ្យ​បានល្អ​។ ច្បាប់នេះរៀបចំឡើងមិនមែនដោយឆន្ទៈបុគ្គល​ ឬឆន្ទៈ​ប្រយោជន៍​​ផ្តេសផ្តាសនោះទេ គឺត្រូវរៀបចំ​ឡើងដោយឆន្ទៈរាស្ត្រ​​ ពីព្រោះតំណាងរាស្ត្រ​គឺតំណាង​របស់​ប្រជាជន​ អញ្ចឹងច្បាប់នោះបង្កើតឡើងដើម្បីបម្រើឆន្ទៈរាស្ត្រ​​ បម្រើ​រាស្ត្រ ផ្តល់ឱកាស និង​ផលប្រយោជន៍​ឲ្យ​រាស្ត្រ​។ អញ្ចឹងតែកាលណាច្បាប់បង្កើតឡើងមានលក្ខណៈបែបហ្នឹង ពេល​នោះការអនុវត្តច្បាប់​ពិត​ជា​បាន​ល្អជាមិនខាន​។​ ចំណែកអ្នកអនុវត្តច្បាប់ គឺត្រូវអនុវត្តឲ្យបានពេញលេញ​ និងគ្រប់គ្រាន់​។ រាស្ត្រ​គឺជា​​អ្នក​គោរពច្បាប់​ និងជាអ្នកឃ្លាំមើល ថាតើនរណា​បំពានច្បាប់ បើអ្នកណាបំពាន អ្នកនោះ​ត្រូវ​តុលាការ​​ផ្តន្ទា​ទោស​​។​
លោកសត្យា រក្ស​
សំណួរ៖ គណបក្សប្រឆាំងនៅកម្ពុជា តែងតែប្រើនូវពាក្យនីតិរដ្ឋនេះរហូត ។ តើលោក​បណ្ឌិត​មើល​ឃើញ​ថា​ គណបក្ស​ប្រឆាំង​នៅកម្ពុជា​មានបានចូលរួមធ្វើយ៉ាងណា​ ដើម្បីឲ្យ​ដំណើ​រ​ឆ្ពោះ​ទៅ​កាន់​នីតិរដ្ឋ​​​បាន​ប្រសើរ​​ឬទេ​?​​​
លោកបណ្ឌិត ឈុន ណារ៉េត
ចម្លើយ​៖ ​ គណបក្សប្រឆាំងគាត់តែងតែនិយាយនូវពាក្យ​ នីតិរដ្ឋ​ ពាក្យ​ច្បាប់ៗ យ៉ាង​រស់មាត់​មែន យ៉ាងឡូយតែម្តង​។ ជាក់ស្តែងដូច លោក សម រង្ស៊ី​ ជា​ដើម​​​គាត់ប្រព្រឹត្តិ​បទល្មើស​ហើយ គាត់​រត់​ប្រូច​បាត់ទៅ ដោយមិន​ទទួល​ខុស​ត្រូវ​ចំពោះមុខច្បាប់​ គឺគាត់អត់យល់ពីនីតិរដ្ឋផង​ គឺអ្វីដែល​គាត់​ធ្វើ​គាត់​អត់​ទទួលខុសត្រូវ​​។ អញ្ចឹង​គឺវាខុស​អំពី​គោលការណ៍​នីតិរដ្ឋនេះ​ ដែលអ្វី​យើងបាន​ធ្វើគឺ​ត្រូវហ៊ាន​ទទួល​ខុសត្រូវ​​ ទាំងរដ្ឋ ទាំងរាស្ត្រ ចំណែកគាត់ គាត់ជាមេបក្ស​បាន​ប្រព្រឹត្តិ​បទ​ល្មើស ហើយមិនទទួលខុសត្រូវ​ បានន័យថា​គាត់គ្រាន់តែចេះ​និយាយ តែគាត់អត់ធ្វើ​ទេ​ ហើយ​មិនយល់​អំពីអត្ថន័យ​នៃ​នីតិរដ្ឋទៀតផង​។​​ ប្រសិនបើយើងយល់អំពីពាក្យនីតិរដ្ឋគឺយើងអត់ប្រព្រឹត្តិបទល្មើស​​អញ្ចឹងទេ​ ពីព្រោះអ្វី​ដែលគាត់​បាន​ធ្វើ​​នោះ​គឺមាន​មធ្យោបាយផ្សេងទៀត​ជាច្រើន ដែលគាត់អាចធ្វើបានក្នុងនាមជាតំណាង​រាស្ត្រ​ មានអភ័យ​ឯកសិទ្ធិ ប៉ុន្តែ​គាត់បែរ​ជា​បំពានច្បាប់​ នេះមកពីគាត់អត់យល់ពីច្បាប់ អត់យល់ពីនីតិរដ្ឋ​។​​​​​
លោកសត្យា រក្ស​
សំណួរ៖ តើលោកបណ្ឌិតមានការចាប់អារម្មណ៍យ៉ាងណាដែរ ចំពោះដំណើរ​ឆ្ពោះទៅ​រកការ​បោះឆ្នោត​​ក្រុមប្រឹក្សាឃុំ សង្កាត់​ និងការបោះឆ្នោតសកល​ កាន់តែខិតជិតមកដល់ហើយ​។ សម្រាប់​គណបក្ស​ប្រឆាំងពេលនេះ កំពុងតែ​បំពង​សម្លេង​​យ៉ាង​កងរំពង​។ អ្វី​ដែលពួក​គាត់​បានធ្វើ និងកំពុង​ធ្វើ​នា​ពេល​នេះ​គ្មានអ្វីក្រៅតែពីការវាយប្រហារទៅលើអ្នកដ៍ទៃ​ សូម្បី​តែគណបក្សដែលប្រឆាំងដូចគ្នា​ ជា​គណបក្ស​​តូចតាច​ កំពុង​ប្រឹង​ប្រែងក្នុងការចងសម្ព័នភាពជាមួយគ្នាក៏ដោយ​​​ ក៏ពួកគេមិនអត់ឱនឲ្យដែរ​។ តើសកម្មភាព​របស់គណបក្សប្រឆាំងនាពេលនេះ លោកបណ្ឌិតយល់ឃើញថាជាការចូលរួម​ចំណែក​រក្សា​របៀបរៀបរយ​សណ្តាប់ធ្នាប់សង្គម​ ឬក៏ជួយលើកតម្កើ​ង​​នីតិរដ្ឋនៅកម្ពុជាដែរឬទេ?​
លោកបណ្ឌិត ឈុន ណារ៉េត
ចម្លើយ​៖ ​ ចំណុចនេះ គឺយើងត្រូវមើលអំពីសកម្មភាពរបស់គណបក្សប្រឆាំង​រាល់ថ្ងៃនេះ គឺគាត់​កំពុងតែ​តាំងខ្លួន​គាត់​ជា​អ្នក​នយោបាយអាណាធិបតេយ្យនិយម​ ឬក្រុមនយោបាយ​អាណាធិបតេយ្យ​និយម​​។​ ពាក្យថាអាណាធិបតេយ្យ គឺមក​ពីពាក្យ Anarchism ដែលមកពីភាសា​ក្រិច​ បានន័យថា​គាត់មិនទទួលស្គាល់ ឬក៏បដិសេធ​សកម្មភាពរបស់រដ្ឋាភិបាល​ និងឲ្យតម្លៃទៅលើក្រុមអាណាធិបតេយ្យ​ដែលជាក្រុមមិនមែនរដ្ឋាភិបាល​ទៅវិញ​។ ពួកអាណាធិបតេយ្យនិយមនេះ គឺគាត់​មិន​ដែល​ទទួល​ស្គាល់​នូវ​អ្វីដែលរដ្ឋាភិបាលបានធ្វើនោះទេ​ គាត់តែងតែថា ជារឿងមិនត្រឹមត្រូវ​ ជា​រឿងមិនល្អ​ ជារឿង​​មិន​គ្រប់គ្រាន់​​។​ខ្ញុំលើកឧទាហរណ៍ នៅប្រទេសឥណ្ឌា​ គឺលោកមហាត្មាត់ ឥដ្រាគន្ធី​ លោកស្លាប់​ដោយសារ​តែ​ចលនា​​អាណាធិបតេយ្យនិយមនេះ​។ នៅប្រទេសអាមេរិក ក៏មានប្រធានាធិបតីអាមេរិកម្នាក់​ស្លាប់​ដោយ​សារ​តែ​រឿង​អាណា​ ធិបតេយ្យនិយមនេះដែរ​ ហើយនៅសហរដ្ឋអាមេរិកបច្ចុប្បន្ន​ក៏​មាន​ច្បាប់​ហាមឃាត់​​មិនឲ្យមាន​សកម្មភាព​ ​អាណា​ធិប​តេយ្យ​និយមកើតឡើងដែរ​។ អញ្ចឹង​ការតាំងខ្លួន​ជាអ្នក​ប្រឆាំង​នឹងអ្វីដែលរដ្ឋាភិបាល​បានធ្វើនោះ គឺ​ជាលក្ខណៈ​របស់អ្នក​នយោបាយ​អាណាធិបតេយ្យ​និយម​ហើយ​​។​​ ដូ​ច្នេះ​ ប្រជាពលរដ្ឋគួរតែពិនិត្យមើល​ គួរតែឲ្យតម្លៃ គួរតែគិតមើល​ តើយើង​​គួរតែ​ឲ្យ​ប្រទេស​យើង​កើតទៅជាបញ្ហា​​ចលាចល​ដោយសារ​តែពាក្យសម្តី​កុហក ​ភូតភរ​របស់គាត់​ហ្នឹង ឬក៏​យ៉ាង​ម៉េច​? ជាពិសេសបងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើងទាំងអស់​ ត្រូវតែ​ពិនិត្យ​មើល​អំពី​សកម្មភាព​ទាំងអស់នោះ​។​
លោកសត្យា រក្ស​
សំណួរ៖ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាដែរ ចំពោះគណបក្សប្រឆាំងដែល​តែងតែ​ដាក់​ទម្ងន់ និងគៀប​សង្កត់​មក​លើ​រាជ​រដ្ឋាភិបាល​ ដោយប្រើវោហាសព្ទ័ចោទប្រកាន់ថា​រដ្ឋាភិបាល​មិនបាន​អនុវត្ត​ ទៅលើកិច្ចព្រមព្រៀង​ក្រុងបារីស​ថ្ងៃ​២៣ តុលា ទេ​។ ចំណុច​ដែល​គណបក្ស​ប្រឆាំង​លើកឡើង​នេះ តើលោកបណ្ឌិត​យល់​ឃើញ​យ៉ាងណាដែរបាទ?​​​
លោកបណ្ឌិត ឈុន ណារ៉េត
ចម្លើយ​៖ ​ ចំណុចនេះយើងត្រូវតែចាំទាំងអស់គ្នា​ ។​កិច្ចព្រមព្រៀងទីក្រុងបារីស​ ឆ្នាំ១៩៩១នេះ គណបក្សប្រឆាំងគាត់បាន​ស្រែកថា រាជរដ្ឋាភិបាល​មិនបានអនុវត្ត​​កិច្ចព្រមព្រៀងនេះទេ​។ បើសិនជា​យើង​ក្រឡេកមើលទៅឆ្នាំ១៩៩១-១៩៩៣ ពេល​នោះមានរដ្ឋាភិបាលចម្រុះត្រីភាគី​ ហើយ​និង​រដ្ឋាភិបាល​យើងបច្ចុប្បន្ន​។​ពេលនោះគឺក្រុម​ ប៉ុល ពត ដែល​ជា​សមាស​​ភាព​​របស់​ក្រុមត្រីភាគី​នោះ គឺ​គាត់​​អត់បាន​ចូលរួម​ទេ​។ អញ្ចឹងយើងអាចមើលឃើញថាតើ​នរណាដែលជា​អ្នក​មិនអនុវត្ត​នូវកិច្ច​ព្រមព្រៀង​​ ទីក្រុង​បារីស?​ គឺ​ក្រុម​ត្រីភាគី​នោះ​ឯង​​​​​ គឺរដ្ឋាភិបាលចម្រុះត្រីភាគីនោះឯង ។ អញ្ចឹង បើសិន​ជា​​យើង​និយាយ​នៅក្នុងឆ្នាំ១៩៩៣ ក៏អត់ត្រូវដែរ​ ពីព្រោះ​ក្រុមត្រីភាគី​នោះ​គឺជា​ស្ថាបនិក​របស់​គណបក្ស​ប្រឆាំង​បច្ចុប្បន្ន​ នេះ​ ហើយក្រុមត្រីភាគីនោះគេអត់គោរពផង​ ចុះទម្រាំយើងយកអាហ្នឹងមកប្រើ​នៅ​ពេល​បច្ចុប្បន្ន វារឹតតែ​មិនត្រូវទៀត ។ ហេតុ​អីបាន​ជា​ខ្ញុំនិយាយ​ថាមិនត្រូវ​? ខ្ញុំបែងចែករឿងនេះជាពីរករណី​​។ ករណីទី១ បើសិនជានិយាយ ថារដ្ឋាភិបាល​មិន​បាន​​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុងបារីស​ទេនោះ​​ ប្រាកដ​ជា​សង្គ្រាមរវាងរដ្ឋាភិបាលចម្រុះត្រីភាគី​ និងរដ្ឋាភិបាលកម្ពុជា​បន្ត​តាំង​​ពី​​ឆ្នាំ១៩៩១ មកទល់​បច្ចុប្បន្ន​នេះ​ហើយ គឺអត់ទាន់​​ចប់​ទេ​។ ទី២ បើសិន​ជា​រដ្ឋា​ភិបាល​មិន​បាន​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​បារីស​ នេះទេ ប្រជាជនខ្មែរដែលរស់នៅតាមជំរុំ​ តាម​ព្រំដែនប្រទេសថៃនោះ ដូចជានៅ ខាវអ៊ីដាង​ នៅ​សាយធូ សាយ​វ័ន ណងចាន់ អីនោះ​ ប្រាកដ​ជា​បន្តរងទុក្ខវេទនារហូតមកដល់បច្ចុប្បន្ននេះជាមិនខាន​ ដូច្នេះ​ត្រូវ​មើល​ឲ្យ​ឃើញ​​ ។ ទី៣ បើសិនជារាជរដ្ឋាភិបាលមិនបានអនុវត្តកិច្ចព្រមព្រៀងទីក្រុងបារីសនោះ​ទេ ប្រាកដ​ជា​គ្មាន​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ កើត​ឡើង​ទេ​ ពីព្រោះ​រដ្ឋធម្មនុញ្ញ​កើតឡើង​ពីកិច្ច​ព្រមព្រៀង​នោះ​ឯង​​។ ចំណុចទី៤ បើសិន​ជា​រាជ​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​​ទេ នោះគឺគ្មានទេការបោះឆ្នោតឆ្នាំ១៩៩៣​ ដែល​បង្កើតបានរាជរដ្ឋាភិបាលអាណត្តិទី១​នោះ​ ដែល​មាន​សហនាយក​រដ្ឋមន្ត្រី រៀបចំដោយ អ៊ុនតាក់​នោះ​​។ ចំណុចទី៥ បើសិនជាគ្មានការអនុវត្តកិច្ចព្រមព្រៀងទីក្រុងបារីស​នោះ​ទេ​ គឺគ្មានទេ​នូវរបប​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ ដែលអនុញ្ញាត្តិ​ឲ្យ​គណបក្ស​ប្រឆាំងចូលរួមទូលំទូលាយ មាន​ការ​បញ្ចេញ​​មតិ​យោបល់​ បង្កើតការបោះឆ្នោតសេរី និងយុត្តិធម៌​។ ចំណុចទី៦ បើសិនជារាជរដ្ឋាភិបាល​អត់​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីសនោះទេ​ បញ្ហាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ​ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច​ សិទ្ធិ​វប្បធម៌ សិទ្ធិសង្គមកិច្ច​ ។ល។​ គឺមិនត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ទេ​​​​ ប៉ុន្តែ​ការពិត​គឺ​យើង​បាន​បញ្ចូល និងបានអនុវត្ត​​ថែមទៀត​។​ ដូច្នេះយើងត្រូវមើលឃើញឲ្យច្បាស់ បានន័យថារដ្ឋាភិបាល បាន​អនុវត្ត​ពេញលេញ​ហើយ​។ ចំណុចមួយទៀត បើសិន​ជា​រាជរដ្ឋាភិបាល មិនបានអនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ទេ​ ប្រាកដជាអត់មានការិយាល័យឧត្តមស្នងការ​សហ​ប្រជាជាតិ​ឃ្លាំមើល​សិទ្ធិមនុស្ស​​ នៅកម្ពុជាទេ​ គឺតាំងពី១៩៩៣ មកដល់ពេលនេះគឺមាន​។ មួយទៀតបើសិនជារាជរដ្ឋា​ភិបាល​​មិនបាន​​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​​ បារីស​​ទេ​​ កម្ពុជាមិនអាចក្លាយទៅជាសមជិក​ នៃសមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍បានទេ​​ ពី​ព្រោះ​ដើម្បី​ចូល​ជា​សមាជិក​ សមាគម​ប្រជាជាតិ​​​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន​នោះ​ត្រូវ​គោរព​​​តាម​សេច​ក្តី​ប្រកាស​ទីក្រុង​បាង​កក​ ត្រូវ​គោរព​តាម​គោល​ការ​ណ៍​របស់​អាស៊ាន​ ដូច​ជា​គោល​ការ​ណ៍​ ហ្សូកហ្វាន់​ គោល​ការណ៍ តាស ។ល។​​ យើង​បាន​គោរព​តាម​គោល​ការណ៍​ទាំង​អស់​ហ្នឹង​ហើយ​បាន​យើង​អាច​ក្លាយ​ទៅ​ជា​ សមាជិក​អាស៊ាន​បាន​ អញ្ចឹង​ខ្ញុំ​លើក​មក​ ៧-៨ ចំណុច​ហ្នឹង​យើង​អាច​ពិចារណា​បា​ន​​​។​
ករណី​ទី​ ២ កិច្ច​ព្រម​ព្រៀង​​ទីក្រុង​ប៉ារីស​ បូក​នឹង​វត្តមាន​ អ៊ុនតាក់​ តើ​កម្ពុជា​បាន​សន្តិភាព​ហើយ​ឬនៅ? កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស​ បូក​នឹង​វត្តមាន​ អ៊ុនតាក់ប្រទេស​យើងអត់​ទាន់​បាន​សន្តិភាព​ទេ​ នៅ​តែ​មាន​ខ្មែរ​ក្រហម​រហូត​ បាន​ន័យ​ថា ពី ១៩៩១ មក​ដល់​ ១៩៩៨ យើង​នៅ​តែ​មាន​សង្គ្រាម​ នៅ​តែ​មាន​បញ្ហា​កើត​ឡើង។​​ ដោយ​សារ​​នយោបាយ​ Elite  របស់​សម្តេច ហ៊ុន សែន ឬ អាច​និយាយ​ថា ដោយ​សារ​ឆន្ទៈ​អនុវត្ត​ កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស​​ខ្ពស់​របស់​លោក​ លោក​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ឈ្នះ​ឈ្នះ​ លោក​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​សមាហរណកម្ម​ខ្មែរ​ក្រហម​ បង្កើត​បាន​ទៅ​ជា​រាជរដ្ឋាភិបាល​ បង្កើត​បាន​ទៅ​ជា​កង​យោធពល​ខេមរភូមិន្ទ​មួយ​រួម​គ្នា ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​ទាំង​ស្រុង​។​ នេះ​ដោយ​សារ​គុណ​បំណាច់​របស់​សម្តេច​ ហ៊ុន សែន ដែល​លោក​ធ្វើ​ឲ្យ​មាន​សន្តិភា​ព​ទាំង​ស្រុង​ ហើយ​ទន្ទឹម​គ្នា​នេះ​​ដែរ​ ដោយ​សារ​ប្រទេស​យើង​បង្រួប​បង្រួមទៅ​​យើង​មាន​បញ្ហា​ច្រើន​ លោកក៏​បង្កើត​​ឲ្យ​មាន​គោល​នយោបាយ​មួយ​ទៀត​ ប្រើ​ពាក្យ​ថា វប្បធម៌​ចែក​រំលែក​ ពាក្យ​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តម​គតិ​ស្នេហា​ជាតិ​ខ្ពស់​​របស់​សម្តេច ​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តម​គតិ​​ស្រលាញ់​ប្រជា​ជន​ប្រកប​ដោយ​ទឹក​ចិត្ត​ សប្បុរស​ធម៌​ ឬក៏​អាច​និយាយ​ថា​ គឺ​ជា​ឆន្ទៈ​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិត​ៗ​របស់​សម្តេច​។ ពាក្យ​ថា វប្បធម៌​ចែក​រំលែក​​នេះ​ តាម​ការ​សិក្សា​របស់​ខ្ញុំ​ វា​ជា​ទស្សន​ទាន​នៅក្នុង​ទសពិធ​រាជធម៌​ ដែល​ចែង​ថា ទាន សីល​ បរិច្ចាគ ហើយ​ទសពិធ​រាជធម៌​ជាគោល​ការណ៍​គ្រឹះ​របស់​ព្រះ​ពុទ្ធសាសនា​ ដែល​អប់​រំ​ និង​លើក​សរសើរ​ចំពោះ​មេដឹក​នាំគំរូ​របស់​ប្រទេស​ជាតិ​។ ចេញ​ពី​ចំណុច​ហ្នឹង​យើង​ត្រូវ​មើល​ថាគណបក្ស​ប្រឆាំង​​ទាំង​អស់​ហ្នឹង​មិន​ អាច​បញ្ចេញ​ឥរិយាបថ​ ឬ ហៅថា ចរឹត​ មាយាទ អកតញ្ញូ​ ចំពោះ​វីរភាព​របស់​សម្តេច​ទេ។

លោក សត្យា រក្ស
សំណូរ៖ យើង​ងាក​មក​មើល​គណបក្ស​ប្រឆាំ​ង​ដដែល ​ជុំវិញ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ ដូច​លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​ និង​ពន្យល់​យ៉ាង​ក្បោះក្បាយ​ជូន​ដល់​ជន​រួ​ម​ជាតិ​ ដែល​កំពុង​តែ​តាម​ដាន​​ទស្សនា​នៅ​ក្នុង​ខណៈ​នេះ​ជា​ពិសេស​គឺ​ហេតុ​និង​ផល ហើយ​វែកឲ្យ​បាន​ច្បាស់​ថា ​តើ​អ្ន​ក​ណា​ដែល​ជា​អ្នក​មិន​គោរព​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ អញ្ចឹង​គឺ​យើង​បាន​ឃើញ​ហើយ គឺ​អ្នក​ដែល​មិន​គោរព​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​​ គឺ​ខ្មែរ​ក្រហម​​ ដែល​គាត់​មិន​បាន​ចាប់​អារម្មណ៍ មិន​បាន​អើ​ពើ​ ចំពោះ​វត្ត​មាន​អ៊ុនតាក់​។ គាត់​​មិន​បាន​អើពើ​ ចំពោះ​អត្ថន័យ​នៅក្នុង​ក្រដាស​នៃ​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ដែល​មាន​ហត្ថលេខី​ មាន​បរទេស​ មាន​ខ្មែរជាដើម​។ ហើយ​សុខ​សន្តិភាព​ដែល​យើង​ទទួល​បាន​យើង​ឃើញ​ថា នៅ​ឆ្នាំ​ ១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​ របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ចំណុច​ដែល​គណបក្ស​ប្រឆាំង​គេ​បាន​ដាក់​ទម្ងន់​​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មិន​បាន​គោរព​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារី​ស​ អញ្ចឹង​អ្វី​ដែល​គេ​ចោទ​ប្រកាន់​ហ្នឹង​ តើ​គណបក្ស​ប្រឆាំង​​​គេ​ចំណេញ​អ្វីខ្លះទៅ​​លោកប​ណ្ឌិត​?​

លោកបណ្ឌិត ឈុន ណារ៉េត​
ចម្លើយ​៖ កា​រចោទ​ប្រកាន់​ថារាជរដ្ឋាភិបាល​មិន​បាន​គោរព កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ នេះ​គេ​ហៅ​ថា នយោបាយ​របស់​គណបក្ស​ប្រឆាំង​ ពី​ព្រោះ​បច្ចុប្បន្ន​យើង​មើល​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ក្នុង​ប្រទេស។​​ នៅ​ក្នុង​ប្រទេស​គឺ​កំពុង​តែ​មាន​គ្រោះ​ទឹក​ជំនន់​ ប្រជាជន​រាប់​ម៉ឺន​គ្រួសារ​អត់​មាន​ផ្ទះ​សម្បែង​​ អត់​អាហារ​ សំលៀក​បំពាក់ ខូច​ខាត​​ដី​ធ្លី​ ស្រែចំការ ផ្លូវ​ជាតិ​... អញ្ចឹង​ជា​ឱ​កាស​មួយ​​ដែល​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​តែ​មក​ជួយ​ ប្រជាពលរដ្ឋ​ ហើយ​អ្នក​ដែល​លិច​លង់​មិន​មែន​លិច​លង់តែ​​គណបក្ស​​ប្រជាជន​ទេ​ គឺ​លិច​លង់​ទាំង​អស់​គ្នា​ហ្នឹង។​ គាត់​បែរ​ជា​មិន​ជួយ​ គាត់​បែរ​ជា​បង្កើត​បញ្ហា​ នេះ​ជា​គំនិត​ខូច​របស់​គណបក្ស​ប្រឆាំង​ វាមិន​ខុស​អី​នឹង អាប់ភីស៊ីតវេ​ចាជីវ៉ា ទេ​។​ អាប់ភីស៊ីតវេ​ចាជីវ៉ា​ គាត់​អត់​មាន​ប្រជាប្រិយភាព​​ផ្ទៃក្នុង​ព្រោះ​ផ្ទៃ​ក្នុង​មាន​បញ្ហា​ កាប់​ចាក់​គ្នារឿង​ក្រហម ខៀវ កើត​តំបន់​អបគមន៍​នៅ​ប្រទេស​ថៃ​ហ្នឹង​ អញ្ចឹង​អាប់ភីស៊ីត​ ដឹង​ថា​ខ្លួន​ឯង​គ្មាន​ប្រជាប្រិយ​ភាព​ចង់​ឲ្យ​ប្រជាជន​ថៃ​ចាប់​អារម្មណ៍​លើ ​ខ្លួន​គាត់​ គាត់​មក​បង្កើត​រឿង​លើ​ព្រំ​ដែន​ខ្មែរ​-ថៃ​។ អញ្ចឹង​មិ​ន​ខុស​អីពី​​គណបក្ស​ប្រឆាំង​ទេ​ គាត់​ទៅ​បង្កើត​បញ្ហា​ឯនោះ​ ដើម្បី​ឲ្យ​ប្រជាជន​​ងាក​ទៅ​មើល​គាត់​ឯនោះ​វិញ​។​ តាម​ពិត​គាត់​ត្រូវ​មក​ជួយ​ប្រជារាស្រ្ត​ឯនេះ​ ហើយ​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​គេ​អនុវត្ត​យូ​រ​ហើយ។​​​​ បើ​សិន​មិន​អនុវត្ត​ម្តេច​មាន​ការ​រីក​ចំរើន​មក​ដល់​សព្វ​ថ្ងៃ​ ម្តេច​មាន​អន្តរ​​ជាតិ​ ពិភពលោក​គេ​គាំទ្រ​​ អញ្ចឹង​នយោបាយ​របស់​គាត់​នេះ​ធ្វើ​អត់​ចំ​ទិស​ដៅ​ទេ​ អត់​ល្អ​ទេ​ គាត់​ត្រូវ​ងាក​មក​ជួយ​ប្រជាពលរដ្ឋ​វិញ។​​ ដូច​ខ្ញុំ​បាន​ជម្រាបថា គាត់​បង្កើត​បញ្ហា​ ដើម្បី​ប្រជាប្រិយ​ភាព​របស់​គាត់​ តាម​ពិត​គាត់​ត្រូវ​មក​ជួយ​ប្រជារាស្រ្ត​នៅ​ពេល​​កំពុង​លិច​លង់​ ព្រោះ​មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រា​ក្រ ​តំណាង​រាស្រ្ត​ តំណាង​របស់​ប្រជារាស្រ្ត​ ចុះ​បើរាស្រ្ត​កំពុង​តែ​មាន​ទុក្ខ​យើង ទៅ​បង្កើត​បញ្ហា​​អី​កន្លែង​ហ្នឹង​វិញ​ ។ មួយ​ទៀត​ខ្ញុំ​ចង់​និយាយ​ថា ​ដោយ​សារ​គណបក្ស​ប្រឆាំង​​ ឥឡូវ​​​ស្ថិត​នៅ​ក្នុង​ភាព​ទាល់​​ច្រក​ អស់សង្ឃឹម​ ដូច​ខ្ញុំ​ធ្លាប់​លើក​អញ្ចឹង​ គណបក្ស​ សម រង្ស៊ី ឥឡូវ​អត់​មាន​ក្បាលទេ​មាន​តែ​ខ្លួន​ អញ្ចឹង​ធ្វើ​ឲ្យ​ខ្លួន​ដុះ​ក្បាល​ច្រើន​ណាស់​ ដុះ​ក្បាល​ពីជើង ​ពីដៃ ពី​ពោះ​ អីញ្ចឹងទៅ​ ។ អញ្ចឹង​បាន​ន័យ​ថា ឆ្មាចេញបាត់​កណ្តុរឡើង​ចាង​ កណ្តុរ​ឡើង​ទៅ​ជា​មេ​​ច្រើន​ពេក​ អញ្ចឹង​ធ្វើ​ឲ្យ​គណបក្ស​ហ្នឹង​អស់​សង្ឃឹម​ កើត​​ឡើង​នូវ​ការ​ខ្វែង​គំនិត​គ្នា​ ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​គណបក្ស​ បែក​បាក់​កាន់​​តែ​ខ្លាំង​ឡើង​ៗ ​ខ្ញុំ​បាន​អាន​កាសែត​ អាន​ទស្សនាវដ្តី​ ឃើញ​ថាអញ្ចឹង​មែន។​​ ហើយ​មួយ​ទៀត​យើង​ឃើញ​ថា ប៉ុន្មាន​ខែ​មុន​គណបក្ស​ សម រង្ស៊ី​ លោក​ចេញ​ជា​គោល​នយោបាយ​ស្តី​ពី​ការ​ប្រមូល​ទ្រព្យ​សម្បត្តិ​ដីធ្លី​ពី​អ្នក​ មាន ឲ្យ​អ្នក​ក្រ​ហ្នឹង​ ខ្ញុំ​ធ្លាប់​បាន​និយាយ​ម្តង​ហើយ​ថា គោល​នយោបាយ​របស់​គាត់​ហ្នឹង​អត់​ចំណេញ​ទេ​ ហាក់​ដូច​ជា​ពូថៅ​មួយ​ពុសបំបែក​​គណបក្ស​ខ្លួន​គាត់​អញ្ចឹង​ ពីព្រោះ​អ្នក​គាំទ្រ​គាត់​មាន​អ្នក​មាន​ខ្លះ​ដែរ​​ មិន​មែន​អ្នក​ក្រសុទ្ធ​ទេ​ អញ្ចឹង​អ្នក​​មាន​ដែល​គាំទ្រ​​គណបក្ស​គាត់​ហ្នឹង ដក​ខ្លួន​ចេញ​ហើយ ពីព្រោះ​គេ​គិត​ថាគាត់​លេង​គ្នា​ឯង​ហើយ​នេះ​។ ហើយ​ខាង​ កឹម សុខា ក៏​អញ្ចឹង​ដែរ​ ដូច​ខ្ញុំ​បាន​ជម្រាប​អញ្ចឹង​មាន​តែ​ក្បាល​អត់​ខ្លួន គាត់​មិន​អាច​បង្កើន​ខ្លួន​បាន​ គាត់​មក​ចែចង់​ខាង​ សម រង្ស៊ី ដើម្បី​បង្កើត​ជាគណបក្ស​ តែ​វា​ទៅ​មិន​រួច​​ ព្រោះ​ខ្លួន​មាន​ក៏ចង់​ដឹក​នាំ ក្បាល​មាន​ក៏​ចង់​ដឹក​​នាំ សុទ្ធ​តែ​មាន​មហិច្ឆតា​ដូច​គ្នា​ អញ្ចឹង​បាន​មើល​ទៅ​ឃើញ​បញ្ហា​ច្រើន​ណាស់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង​ គាត់​ចេះ​តែ​បំប៉ោង​សំលេង​ ស្រែក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ឮ​ ដឹង​ ចេះ​តែ​ស្រែក​ទៅ តែ​ស្រែក​ក្នុង​ភាព​អស់សង្ឃឹម​។​

លោកសត្យា រក្ស​ ​
សំណួរ៖ នៅពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកំពុងតែ​ប្រឈមមុខជាមួយគ្រោះមហន្តរាយ​ទឹកជំនន់ ។ ការខូច​ខាត​របស់​បងប្អូននាពេលនេះ គឺមានភាពធ្ងន់ធ្ងរ​បំផុត​ ហើយ​លោកបណ្ឌិត​បាន​សុំ​ឲ្យ​គណបក្ស​ប្រឆាំងងាកមកជួយប្រជាពលរដ្ឋ​។ ត្រង់ចំណុចនេះគណបក្សប្រឆាំង​ គឺកំពុងតែដាក់ទោស ដាក់​ទណ្ឌមកលើអ្នកដែល​ជួយប្រជាពលរដ្ឋទៅវិញ ដូចជា​បច្ចុប្បន្ន​នេះ ប្រមុខរាជរដ្ឋាភិបាលក្តី កាកបាទក្រហមជាតិ​កម្ពុជា ដែលដឹកនាំដោយលោកជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត​ក្តី​ រួមជា​មួយ​និងមន្ត្រី គ្រប់​ជាន់​ថ្នាក់ ជាពិសេសគឺ​សកម្មជនរបស់​គណបក្ស​ប្រជាជន​ ​កំពុងតែចុះជាប់ជាមួយ​បងប្អូនប្រជាពលរដ្ឋ​ ដោយ​​ផ្តល់​ជូនជាស្បៀង អាហារ​ និងគ្រឿងឧបភោគបរិភោគ​ ថ្នាំសង្កូវ​ ជា​ដើម។ល។​ បញ្ហានេះ​ត្រូវ​បាន​គណ​បក្ស​ប្រឆាំង​ចោទថា​ ជាការទិញទឹកចិត្តប្រជាពលរដ្ឋទៅវិញ​។ អញ្ចឹងចំណុច​ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​គណ​បក្ស​ប្រជាជន​កម្ពុជា​ត្រូវបានចោទប្រកាន់ដោយគណបក្សប្រឆាំងថា​ ធ្វើនេះក៏ខុស ធ្វើនោះក៏ខុស​នោះ​​ តើ​លោក​បណ្ឌិត​មើល​ឃើញ​ពី​មាយាទ​ និងចរិត​​របស់​គណបក្ស​ប្រឆាំង​យ៉ាងម៉េច​​ដែរ​ទៅ​បាទ​?​
លោកបណ្ឌិត ឈុន ណារ៉េត
ចម្លើយ​៖ ​ ​៖ អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​គណបក្ស​ប្រឆាំង​គាត់​គិត​ថា ចេះ​តែ​មិន​ត្រូវ​នោះ​ ដូច​ខ្ញុំ​បាន​ជម្រាប​រួច​មក​ហើយ​ថា នេះ​ជា​ចរិត​​​របស់​អ្នក​នយោបាយ​អនា​​ធិបតេយ្យ​​​ គឺ​គាត់​ប្រុង​ឲ្យ​អ្នក​ដែល​មិន​ស្រប​ច្បាប់​គឺ​ពួក​អនា​​ធិបតេយ្យ​នេះ​បែរ​ ជា​អូស​ទាញ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​បែប​នេះ ឬបែប​នោះ​ទៅ​តាម​​​ចិត្ត​គាត់​ទៅ​វិញ។ នេះ​ហើយ​គឺ​ចរិត​​​របស់​អ្នក​នយោបាយ​អនា​ធិបតេយ្យ​ តែ​ទោះ​បី​គាត់​ខំប្រឹង​ស្រែក​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រជាប្រិយ​ភាព​របស់​គាត់​មិន​អាច​ទៅ​មុខ​ទៀត​បាន​ទេ។​​ ឧទាហរណ៍​​ដូច​គណបក្ស​ដែល​មាន​តែ​បីសំលេង​នោះ​ ដោយ​សារ​តែ​អតីតភាព​​ជា​អង្គការ​សិទ្ធិមនុស្ស​នោះ​ទេ​។ រីឯ​គណបក្ស​ សម រង្ស៊ី ពេល​បច្ចុប្បន្ននេះ​កំពុង​តែ​រង​នូវ​ការ​បែក​បាក់​ធ្ងន់ធ្ងរ​ណាស់​ តាម​មើល​ទៅ​មិន​មែន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​គឺ​អាច​មាន​ការ​បែក​បាក់​តទៅ​ទៀត​ បើ​តាម​មើល​ទៅ​ហាក់​ដូច​ជា​ទៅ​មុខ​មិន​រួច​ទៅ​ក្រោយ​មិន​រួច។​​ ដូច្នេះ​ហើ​យ​ទើប​បាន​ជា​គាត់​ចេះ​តែ​ប្រឆាំង​ នឹង​ស្រែក​ផ្តេស​ផ្តាស ដូច​ជា​ដង្ហើម​ចុង​ក្រោយ​របស់​គាត់​អញ្ចឹង។ សរុប​មក​ចរិត​​នយោបាយ​បែប​នេះ​គឺ​ជា​ចរិត​​នយោបាយ​មុខ​ពីរ​​របស់​គាត់​ អញ្ចឹង​ប្រសិន​បើ​ប្រជាពលរដ្ឋ​ជឿ​លើ​ការ​ឃោស​នា​ញុះញង់​របស់​គាត់​ យើង​នឹង​ជួប​នូវ​បញ្ហា​ជា​មិន​ខាន។ ចំណុច​មួយ​ទៀត​ឯកឧត្តម សម រង្ស៊ី គាត់​បាន​និយាយ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ប្រសិន​បើ​​ប្រជាជន​ជឿលើ​រដ្ឋាភិបាល​យើង​នឹង​មាន​បញ្ហា​អីជាដើម​។​ ការ​លើក​ឡើង​របស់​គាត់​បែប​នេះ​គឺ​មិន​ចំណេញ​ទេ​ តាម​ពិត​ប្រជាពលរដ្ឋ​មិន​ដែល​ជឿលើ​គាត់​ផង​ និង​មិន​ដែល​បោះ​ឆ្នោត​ឲ្យ​គាត់​ផង​ អញ្ចឹង​រឿង​អី​ដែល​គាត់​និយាយ​ថា មាន​គ្រោះ​ថា្នក់​នោះ​។​ តាម​ពិត​ប្រជាជន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ គឺ​ធ្វើ​ដើម្បី​ប្រជាជន​។ ដូច្នេះ​គាត់​ត្រូវ​ពិចារណា​ត្រង់​កន្លែង​នេះ​ឡើង​វិញ​ ពីព្រោះ​ប្រជាជន​មិន​ដែល​បោះ​ឆ្នោត​ឲ្យ​គាត់​ទេ​។ ប្រជាជន​ក៏​ត្រូវ​គិត​មើល​ដែរ​ថា តើ​យើង​អាច​ទុក​ចិត្ត​លើ​គាត់​ ឬទេ​​ គឺ​យើង​មិន​អាច​ទុក​ចិត្ត​គាត់​បាន​ទេ​ ពីព្រោះ​អ្វី​ដែល​គាត់​បាន​និយាយ​មក​ គឺ​សុទ្ធ​តែ​ជា​ពាក្យ​ផ្អែម​ដូច​ផ្លែ​ល្វា តែ​ខាង​ក្នុង​គ្មាន​អត្ថន័យ​អ្វី​ទាំង​អស់​។​ ចំណែក​មេ​ដឹក​នាំ​យើង​បច្ចុប្បន្ន​ដូច​ជា​សម្តេច​តេជោ លោក​​​​គឺ​ជា​កូន​ប្រជាពលរដ្ឋ​ប្រសូត្រ​ចេញ​ពី​កូន​កសិករ លោកធ្លាប់​រងទុក្ខ​វេទនា លំបាក​លំបិន​ ក្នុង​កុមារភាព​ ដូច្នេះ​លោក​ស្គាល់​អំពី​សុខទុក្ខ​របស់​ប្រជាជន​បាន​ច្បាស់​ណាស់​ លោក​ដឹង​ថា ត្រូវ​ជួយ​រាស្រ្ត​តាម​របៀប​ណា​ គឺ​លោក​ដឹង​ច្បាស់​ណាស់​ ។ ចំណែក​លោក សមរង្ស៊ី គាត់​នៅ​តែ​ស្រុក​បារាំង​ឯនោះ​ គាត់​ដឹង​តែ​រឿង​នំបុ័ង​ប៊ឺៗ​តែ​ប៉ុណ្ណោះ​ គាត់​មិន​ចូល​ចិត្ត​បាយ​ជាមួយ​ប្រហុក​ដូច​ប្រជាជន​ទេ​។ អ្វី​ដែល​គាត់​និយាយ​គឺ​ត្រូវ​ជា​មួយ​ស្ថាន​ភាព​ នំបុ័ង​ប៊ឺ គឺ​មិន​ត្រូវ​ជា​មួយ​ស្ថាន​ភាព​បាយ​ជា​មួយ​ប្រហុក​ទេ​ ឬ​បាយ​ជា​មួយ​ត្រី​អាំង​ទេ​ ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ពិចារណា​ជាមួយ​ចំណុច​ទាំង​អស់​នេះ​៕​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​​

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...