អាជ្ញាធរប្រេងកាតកម្ពុជា និងក្រុមហ៊ុន JOGMEC ក្រុមហ៊ុន MOECO បើកការដ្ឋានសិក្សាអង្កេតស៊ីស្មិកនៅប្លុក ១៧
ឯកឧត្តម
ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី
និងជាអ្នកនាំពាក្យ បានឲ្យដឹងថា នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១២ នេះ អាជ្ញាធរប្រេងកាតកម្ពុជា និង ក្រុមហ៊ុន
JOGMEC ក្រុមហ៊ុន MOECO
បានប្រារព្ធពិធីក្រុងពាលីតាមប្រពៃណីសាសនា ដើម្បីចាប់ផ្តើមសិក្សាអង្កេតស៊ីស្មិក(Seismic)
នៅប្លុក ១៧ ដែលស្ថិតនៅក្នុងទឹកដីនៃខេត្តចំនួន ៣ គឺ កំពុងធំ
ព្រះវិហារ និង សៀមរាប ។
ពិធីបើកការដ្ឋានសិក្សាស្រាវជ្រាវរុករកប្រេងកាតក្នុងដំណាក់កាលដំបូងនេះ
គឺមានការចូលរួមដោយ ឯកឧត្តម ហូ
វិចិត្រ អនុប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ
លោក អាគីរ៉ា ស៊ុយហ្សុយគី (AKIRA SUZUKI)
នាយកប្រតិបត្តិក្រុមហ៊ុន JOGMEC
ព្រមទាំងមន្រ្តីអ្នកមុខអ្នកការមួយចំនួនទៀត។
ឯកឧត្តម
ផៃ ស៊ីផាន បានពន្យល់ថា
ការសិក្សាអង្កេតស៊ីស្មិកជាវិធីសាស្រ្តមួយនៃការសិក្សាស្រាវជា្រវរុករកប្រេងកាតក្នុងដំណាក់កាលដំបូង។
ការសិក្សានេះរួមមាន ការថតរលករំញ័រ ការខួងរន្ធតូចៗ
ដើម្បីទទួលបាននូវទិន្នន័យមួយសម្រាប់យកទៅធ្វើការវិភាគបកស្រាយស្វែងយល់
ពីលក្ខណៈស្រទាប់ដីនៅខាងក្រោម។ ឯកឧត្តម ផៃ ស៊ីផាន ក៏ដូចជាឯកឧត្តម ហូ
វិចិត្រ បានអះអាងថា ការប្រតិបត្តិការធ្វើស៊ីស្មិកពុំបង្កឲ្យមានការព្រួយបារម្ភដល់ការប៉ះពាល់បរិស្ថានទេ។
ឯកឧត្តម ហូ វិចិត្រ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត
សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
និងជាប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា
បានថ្លែងនៅក្នុងពិធីក្រុងពាលីថា ការបើកការដ្ឋានសិក្សាអង្កេតស៊ីស្មិកនៅពេលនេះ
បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតនូវជោគជ័យនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការទាក់ទាញវិនិយោគិនទាំងក្នុង
និងក្រៅប្រទេស ឲ្យមកធ្វើវិនិយោគនៅកម្ពុជា
ដើម្បីឲ្យធ្វើឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ បង្កើតការងារជូនប្រជាពលរដ្ឋ
និងឈានទៅកាត់បន្ថយភាពក្រីក្រ។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរប្រេងកាតជាតិកម្ពុជា
បានឲ្យដឹងថា នៅឆ្នាំ ១៩៩៦ ក្រុមហ៊ុន JOGMEC ដែលពីមុនមានឈ្មោះថា
សាជីវកម្មប្រេងកាតជាតិជប៉ុន Japan
National Oil Corporation (JNOC) ធ្លាប់បានធ្វើការសិក្សាវាស់ស្ទង់ម៉ាញ៉េទិក
និងក្រាវីតេតាមអាកាស (Airborne
Magnetic Survey) ។ នៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១០ ក្រុមហ៊ុន JOGMEC បានចុះហត្ថលេខាជាមួយអាជ្ញាធរប្រេងកាតជាតិកម្ពុជា
លើអនុស្សរណៈ និងកិច្ចព្រមព្រៀងគោលលើប្លុក ១៧
ដែនគោកនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ខេត្តសៀមរាប
និងខេត្តព្រះវិហារ ដើម្បីសិក្សាអង្កេតទិន្នន័យប្រេងកាត។
បន្ទាប់មកក្រុមហ៊ុន
JOGMEC បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន MOECO ក្នុងការអនុវត្តគម្រោងសិក្សាស្រាវជ្រាវប្រេងកាតក្នុងប្លុក
១៧ ។ ទន្ទឹមគ្នានេះក្រុមហ៊ុន MOECO ក៏បានសិក្សាស្រាវជាវជាបន្តបន្ទាប់រហូតសម្រេចធ្វើការសិក្សាអង្កេតស៊ីស្មិនៅក្នុងប្លុកនេះ៕

