Skip to main content

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា​ជាមួយលោក សត្យា រក្ស ទូរទស្សន៍បាយ័ន ស្តី​ពី​ សកម្មភាពចាកចេញពីបក្ស​ជាបន្តបន្ទាប់ របស់សកម្មជនគណបក្សប្រឆាំង



ថ្ងៃទី
០៦ ខែ កុម្ភៈឆ្នាំ២០១២
លោក សត្យា រក្ស
 សំណួរ៖ ថ្មីៗប៉ុន្មាន​ថ្ងៃនេះ កាលពី​ថ្ងៃទី០៣ ខែកុម្ភៈ ​យើងឃើញ​មានការ​ហូរចេញ​នៃ​សកម្មជន​របស់​គណបក្ស​ប្រឆាំង​ ទាំង​គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស​ បានប្រមូល​គ្នា​ យ៉ាង​គគ្រឹគ​គគ្រេង​​មកចូល​រួមជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ជុំវិញការ​ហូរចេញ​យ៉ាងគគ្រឹគ​គគ្រេង​នេះ តើ​លោក​បណ្ឌិត​មាន​អ្វី​ដើម្បីជម្រាប​ជូនទៅដល់​ជនរួមជាតិ​របស់យើង​បាទ?​

លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖​ ខ្ញុំសូមលើក​មកជា​រួមមួយ យ៉ាង​ខ្លីដើម្បី​ឲ្យប្រជា​ពលរដ្ឋ​ពិនិត្យ​អំពីតថភាព​ បន្ទាប់​មក​ចាំ​យើង​​ពិនិត្យឲ្យ​ស៊ីជម្រៅ​ជា​បន្ត ថាតើមក​ពីមូល​ហេតុអ្វី​?​ ។ គណបក្ស​ប្រឆាំង តាំងពី​ធ្វើ​នយោបាយ​មក​ ជា​ពិសេស​​គណបក្ស​ដែលធ្វើ​នយោបាយ​​ជេរ ចោទ​ប្រកាន់​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺតែងតែ​ជួប​បញ្ហា​រហូត។ គណបក្ស​ដែលជេរ​គណបក្សប្រជាជន​កម្ពុជាខ្លាំង​មុនគេនោះ គឺគណបក្ស​លោកតា សឺន សាន​ ដែលនៅ​នីតិកាល​ទី១ នៃ​រដ្ឋសភា​មាន១០ កៅអី​នោះ ដល់​នីតិកាល​ទី២ គឺសូន្យ​កៅអី​។ ហើយ​មិន​ត្រឹម​តែ​សូន្យ​កៅអីទេ អស់​លោក​កូនចៅ​លោកតា សឺន សាន រួមទាំង​អគ្គលេខា កឹម សុខា ខួរ​ក្បាល​អន់ ក៏​នាំគ្នា​យក​ខ្មោច​គណបក្ស​ទៅដុតចោល​នៅគណបក្ស ហ្វ៊ុនស៊ីនប៉ិច ដើម្បី​ជាថ្នូរ​​​ ហើយ​ទី​បំផុត​​ក៏ត្រូវ​រលាយ​គណបក្ស​​។ ចំណែក​គណបក្ស​ផ្សេងៗ​ទៀត​ ដែល​តាំង​ខ្លួន​វាយ​ប្រហារ​គណបក្ស​ប្រជាជន​ គឺត្រូវ​បែកបាក់​រហូត​។ ដល់ពេល​បែកខ្ញែក​គ្នាចុះឡើង ក៏ទៅ​បង្កើត​ជាគណបក្ស​ប្រឆាំង​ សម រង្ស៊ី មួយ ហើយ​ក្រោយ​មក​អ្នកដែលសេស​សល់​ពី​ខ្មោច​គណបក្ស​លោកតា សឺន សាន​ បានមក​រួមគ្នា​ក្រោម​ដំបូល​លោក កឹម សុខា​ ឆក់យក​ផ្លាក​គណបក្ស សិទ្ធិមនុស្ស ទើបដាក់​ឈ្មោះនេះ​ទៅ​។ គណ​បក្សនេះ កាន់តែ​ជេរ ចោទ​ប្រកាន់​រដ្ឋាភិបាល ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ធ្ងន់ធ្ងរ​ខ្លាំងណាស់​​ ស្តាប់ទៅ​គឺ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា គឺពិបាក​ខ្លាំងណាស់​។​ ប៉ុន្តែជា​លទ្ធផល ឃើញថា​ប្រជាពលរដ្ឋ​រឹតតែ​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ការបោះ​ឆ្នោត​ពីនីតិកាល​មួយទៅ​នីតិកាល​មួយ​ ស្ទើរតែ​គ្មាន​គូរ​ប្រជែង​ គឺយើងអាច​និយាយ​ថាគ្មាន​គូរប្រជែង​ទេ​។​ ពិសេស​ទៅទៀតអស់​លោក​គណបក្ស​ប្រឆាំង​នោះ ភ័យ​ព្រួយ​នឹងបេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលគ្មាន​ការផ្លាស់​ប្តូរ​ គឺគេ​ភ័យព្រួយ​ខ្លាំង​ណាស់​។ ជារួម​យើង​ឃើញថា​ អស់លោក​ទាំងនោះ​គឺគ្មាន​បាន​ការអី​សោះ​ គឺបាន​ត្រឹមតែ​រលាយ​ខ្លួន ឬ​ចាកចេញ​។ ជាក់ស្តែង កាលពី​ថ្ងៃ​សុក្រ ទី០៣​ ខែកុម្ភៈ ឆ្នាំ២០១២ ថ្មីៗនេះ យើង​ឃើញ​ ទិដ្ឋភាព​២ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ អ្នកដែល​ចាកចេញ​មួយ​ក្រុម គឺសុទ្ធតែ​ជាជួរថ្នាក់​ដឹកនាំថ្នាក់​ខេត្ត​របស់​គណបក្ស កឹម សុខា គឺថ្នាក់​ជាប្រធាន​បក្ស​ខេត្ត នៅ​ខេត្ត​ពោធិសាត់​ និងសហ​សេវិក​របស់ខ្លួន​នៅក្នុង​ជួរ​ការងារ​ប្រតិបត្តិ នៅ​ថ្នាក់ស្រុក​។ មួយក្រុម​ទៀតគឺ​ជាជួរ​ថ្នាក់ដឹកនាំ​ថ្នាក់​ខេត្តដែរ​​ ដែលជា​ជួរដឹកនាំ​របស់គណបក្ស សម រង្ស៊ី​ ។ ដូច្នេះយើង​ឃើញ​ថាចរឹត​ប្រឆាំង​របស់​គណបក្ស​​ទាំងអស់​​ហ្នឹង​ ឃើញថា​មិនបាន​រឹងមាំទេ គឺ​កាន់តែ​បាក់បែក​​។ តើមូលហេតុអ្វី​បានជាអ្នក​ដែលធ្លាប់​ចូលរួម​ជាមួយ​គណបក្ស​​សម រង្ស៊ី​ ​​ក្តី គណបក្ស កឹម​ សុខា ក្តី ដែលមេបក្ស​របស់គេតែង​តែអួតថា​ អ្នក​នយោបាយ​របស់គេ​នោះ​សុទ្ធតែស្នេហា​ជាតិ​អស្ចារ្យ​ គ្មាន​អ្នកណា​​ធ្វើដូចទេនោះ​​​ ប៉ុន្តែពេលនេះ​អ្នក​ទាំង​នោះ​បែរជា​មក​ស្នេហា​គណបក្ស​ប្រជាជនកម្ពុជាទៅវិញ​។ ម្យ៉ាងទៀត​លោក កឹម សុខា ធ្លាប់បាន​លើកថា​ ក្រុមអ្នក​នយោបាយ​គណបក្ស សម រង្ស៊ី មួយចំនួន​រត់ទៅ​ចូល​គណបក្ស​ខ្លួន​ ថារត់ពីទីងងឹតមកចូលទីភ្លឺ ដោយចាត់ទុកថា​គណបក្ស សម រង្ស៊ី ជាទីងងឹត ហើយ​គណបក្ស​ កឹម សុខា​ ជាទីភ្លឺ។ ប៉ុន្តែប្អូនរបស់ខ្លួន​ក៏ចេញពី​គណបក្ស​សិទ្ធិមនុស្ស​ដែរ​ ម៉េច​មិនថា​រត់​ពីទី​ងងឹត​មកទី​ភ្លឺផង​ ដែលគេ​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ នោះ​។​ ឥឡូវ​នេះ អ្នកដែល​រត់ចេញពី​គណបក្ស កឹម សុខា មកចូលរួមកសាងប្រទេសជាតិ​ ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅឯខេត្តពោធិ​សាត់​នោះ តើលោក កឹម សុខា គាត់ថាយ៉ាងម៉េច​?​​​​​​ នៅពេល​ដែលគេ​ចេញ​ពី​គណបក្សខ្លួន ទៅ​គណបក្ស​ប្រជាជន​កម្ពុជា តើហ៊ាន​អះអាង​ថា​ចេញពីទីងងឹត​​ទៅទីភ្លឺ​​ដែរ​ឬទេ​?​​។ ជាការយល់របស់ខ្ញុំ ខ្ញុំយល់ថា​ការ​ចាកចេញ​ពីគណបក្ស សម រង្ស៊ី ទៅគណបក្ស សិទ្ធិមនុស្ស គឺជាការចាកចេញពីទីងងឹត ទៅកាន់​ទីងងឹត​សុង​​។​ អញ្ចឹងអ្នក​ដែលបាន​ចូលទៅទី​ងងឹតនោះ មិនដឹងថាកន្លែង កឹម សុខា ងងឹតសុង​យ៉ាប់ជាង ទើបគ្នា​ទៅ​ ដល់ទ្រាំអត់បាន ទើប​សម្រេចចិត្តទៅ​​កាន់ទីភ្លឺវិញ គឺគេមិន​ចង់ជាប់គុគនយោបាយ​ងងឹតទៀតទេ គឺ​ត្រូវ​តែ​ចាកចេញ​ហើយ។​

គណបក្ស​ ប្រឆាំង​ប្រៀប​បីដូចជា​គុគងងឹត​អីចឹង មូលហេតុ​ដែលខ្ញុំថា​ដូច​គុគងងឹត មកពីគាត់​ប្រឆាំង​ទាំង​ងងឹតងងល់​​តែម្តង​។ តាមធម្មតា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ នៅក្នុងរបប​ប្រជាធិបតេយ្យ​ដែល​ប្រទេស​នីមួយៗគេ​អនុវត្ត​ គណបក្ស​ប្រឆាំង​នៅប្រទេស​ទាំងអស់​នោះគេមិន​ប្រឆាំង​ទាំង​ងងឹតងងល់​ដូច​ គណបក្ស​ប្រឆាំង​នៅ​កម្ពុជាទេ។ ត្រង់នេះហើយ​ដែលខ្ញុំចង់​និយាយថា​ពួកគាត់​ធ្វើ​នយោបាយ​នៅ​ក្នុង​ភព​ងងឹត​​ ដូចជាប់​គុគ ងងឹត​អញ្ចឹង​។ ម្លោះហើយ​យូរៗ​ទៅ អ្នកដែលគាំទ្ររបស់​ខ្លួនខ្សោះ​អស់ គឺខ្សោះ​ទាំង​ខ្លួន ងងឹត​ទាំង​ភ្នែក​ យូរៗទៅគេត្រូវ​ការ​រត់​ទៅរក​ពន្លឺ​​។​ ពួកគាត់ធ្វើ​នយោបាយ​ទាំងងងឹត​ងងល់​ ដោយ​មើលមិន​ឃើញ​​ ទាំងសតិ​សម្បជ្ជញៈ និង​របស់​ជារូបវន្ត ដូចជា​ស្ពានថ្នល់ ការរស់​នៅដ៏រស់​រវើកប្រចាំថ្ងៃ​របស់​ប្រជាជន ក៏គាត់មើល​មិនឃើញ​ដែរ​។​ការធ្វើនយោបាយ​ដោយគ្មាន​ពន្លឺបែបនេះ​មិនអាច​ ធ្វើឲ្យអ្នក​ដែល​ចូល​រួម​ជាមួយ​គេចូលរួម​បានយូរ​អង្វែងទេ​​។ ពួកគេ​បានមើល​ឃើញពី១ថ្ងៃទៅ១ថ្ងៃ និងពី១ឆ្នាំទៅ១ឆ្នាំ​ គឺការ​គាំទ្រ​ក្តី របៀប​អភិវឌ្ឍ​ប្រទេសក្តី គឺមានការ​កើនឡើង ដូច្នេះធ្វើឲ្យ​អ្នកចូល​រួមម្នាក់ៗ​គេពិចារណាហើយ​។ ការ​ពិចារណានេះ​ហើយ​ដែល​ជា​មូលដ្ឋាន​​សំខាន់​សម្រាប់​ឲ្យខ្លួន​​អាច​គិតពី​ ជំហរ​នយោបាយ​​ ពីព្រោះ​សេរីភាព​​នយោបាយ និងសេរីភាព​នៃ​ការចូលរួម​នៅក្នុងគណបក្ស​​​ មិនមែន​ប្រើក្នុង​ភាព​ងងឹត​ងងល់​ជឿ​មេបក្ស​​នោះទេ​ គឺបុគ្គលម្នាក់​ៗ​ត្រូវ​តែ​មាន​សមត្ថភាព​​ក្នុងការ​ប្រើសេរីភាព​នយោបាយ​ ក្នុងភាព​ភ្លឺថ្លា​មួយ​ច្បាស់លាស់​​។​​​​

មេដឹកនាំ​ គណបក្ស​ សម រង្ស៊ី និង​លោក កឹម សុខា​ ធ្លាប់ចោទ​អ្នកដែល​ចាកចេញ​ពីខ្លួន​ថា គេទៅរក​លាភសក្ការៈនោះ​ ​​គឺជាការប្រមាថ​ម៉ាក់ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ បើខ្លួន​ចេះគិត​ពិចារ​ណា​ ហើយ​ហ៊ាន​ប្រើភាសា​នេះ​​ទៅ​លើប្អូនខ្លួនឯង​ដែលចាក​ចេញនោះ​ដែរ គឺមិន​ហ៊ាន​ទេ​ តែ​ចំពោះ​អ្នក​ដ៏ទៃ​គាត់​ហ៊ាន​និយាយ​​​។ ចំពោះ​អ្នក​ដែលចាកចេញ​ពីគណ​បក្ស សិទ្ធិ​មនុស្ស នៅ​ពោធិសាត់ ទៅ​គណបក្ស​ប្រជាជន គឺ​សុទ្ធតែ​បុគ្គល​ដែល​លោក កឹម សុខា​ ធ្លាប់សរសើរ​នៅពេល​ដែលអស់​លោកទាំង​អស់​នោះ​ចេញ​ពី​គណបក្ស សម រង្ស៊ី មក​ចូល​គណបក្ស សិទ្ធិមនុស្ស​ ។ តាម​ការបក​ស្រាយ​របស់អ្នកចេញ​ គឺមិនខុស​អ្វី​ពីការ​ដែល​យើង​បាន​បកស្រាយ​ពីមុន​មកទេ​។ គណបក្ស​ប្រឆាំង​ទាំងពីរនោះគ្មានគោល​នយោបាយ​ និងគ្មាន​កម្មវិធី​នយោបាយ​ជាក់លាក់​​ទេ​។ មានតែ​អណ្តាត​ដើម្បីចោទ​ប្រកាន់ វាយ​ប្រហារ​ បញ្ឆេះ​កំហឹង​វណ្ណៈ បញ្ឆេះ​កំហឹង​ជាតិនិយម​ឲ្យ​​ខ្មែរ​ឈ្លោះ​ជាមួយ​អ្នកជិតខាង​ ហើយ​ឲ្យខ្មែរ និង​ខ្មែរមាន​ទំនាស់​វណ្ណៈ​រវាង​អ្នកមាន និងអ្នក​ក្រ គឺមិនឲ្យ​ខ្មែរ​​មាន​ភាព​សុខ​ក្សេម្ភក្សាន្ត​ទេ​​ នេះទី១ ។ ទី២ នៅពេល​ដែល​អស់លោក​បានទៅ​ស្គាល់ ស៊ីជម្រៅ​ គណបក្ស​ប្រឆាំង និងអាច​ធ្វើការ​ប្រៀធៀប​ និងការ​ជួបផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ​ដែលគាំទ្រ​គណបក្ស​ប្រជាជន​ បានធ្វើឲ្យគាត់ភ្លឺ​ ដោយសារ​គាត់បាន​មើល​ឃើញ​នូវការ​អភិវឌ្ឍ​ជាក់ស្តែង​។​ អញ្ចឹងគាត់​អាចធ្វើ​ការ​ប្រៀបធៀប​នូវអ្វី​ដែល​មេបក្ស​ប្រឆាំង​និយាយ​ គឺជាការភូតភរ​ ខុសពីអ្វី​ដែលជា​ទស្សនៈ របស់ខ្លួន​បាន​មើល​ឃើញ​។ ម្យ៉ាងទៀត គាត់ក៏បាន​មើលឃើញ​អំពីផ្ទៃ​ក្នុង​គណបក្ស​ផងដែរ ដូចជា​គណបក្ស កឹម សុខា គ្មាន​រចនាសម្ព័ន្ធផ្ទៃក្នុងទេ​​​ អ្វីៗទាំង​អស់គឺថិត​នៅលើកា​រ​សម្រេច​របស់​ កឹម សុខា ទាំងស្រុង នេះគឺតាម​ការ​អះអាង​របស់​អ្នកដែល​ចាក​ចេញ និងមិន​ខុសពីកា​រវាយ​តម្លៃ​របស់​យើងពីមុន​មកទេ។ ម្យ៉ាងទៀត​ខ្ញុំជឿថា​អ្នក​ទាំងអស់នោះ​នឹងត្រៀម​ចាកចេញ​ច្រើន​ទៀត​ នៅពេល​ដែលពួក​គាត់​កាន់តែ​មើល​ឃើញ​ពន្លឺកាន់តែ​ច្បាស់​ និងអ្នកដែល​ចាកចេញ​មុនបាន​មកពន្យល់​អ្នកដែល​ត្រៀមចាក​ចេញ​។​ នៅទីបំផុត អ្វីដែល​ជា​ការ​គិត​របស់​​យើងគឺ គណបក្ស​ប្រឆាំង​កាន់តែ​​រួមស្តួចទៅៗ​ ជាមិនខាន​។ ប៉ុន្តែការបាត់​បង់​គណបក្ស​ដែលមាន​ចរិត​​នយោបាយ​ទុច្ចរិត​ មិនមែន​ជាការ​ខាតបង់​សម្រាប់​ប្រជាធិបតេយ្យ​ទេ យើង​ត្រូវតែ​ពិចារណា​ថា យើង​គួរ​តែមាន​គណបក្ស​ប្រឆាំង​មួយ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រជាធិបតេយ្យ​ បែបណា​ ប្រសើរ​ជាង​គណបក្ស សព្វថ្ងៃ​នេះ​ ដែល​ដើរតួ​ជាគណបក្ស រករឿង បង្កចលាចល​ ហើយ​មិនមែន​ជាគណបក្ស​ប្រឆាំងទេ។

លោក សត្យា រក្ស
សំណួរ៖ ខ្ញុំចង់​ឲ្យលោក​បណ្ឌិត​ជួយបំភ្លឺ និងពន្យល់​ ថាតើ​យើងត្រូវ​ធ្វើយ៉ាង​ណាដើម្បី​លើក​ស្ទួយ​ ការអនុ​វត្តច្បាប់​ គោលនយោបាយ​របស់រាជ​រដ្ឋាភិបាល​ និងបទ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​។ ចុងក្រោយ​នេះ​ទាក់ទង​ទៅនឹង​បញ្ហា​នៅខាង​ខេត្តក្រចេះ​ក្តី បញ្ហាផ្សេងៗទៀត ដូច​ជាព្រៃឈើ​ បញ្ហា​នេសាទ​អីជាដើម​ហ្នឹង​គឺ​ ប្រមុខ​រដ្ឋាភិបាល​លោកតែង​តែប្រកាស និង​ចេញ​បទបញ្ជា​ ជាញឹកញាប់​។ អញ្ចឹង​ដើម្បី​ឲ្យមាន​ប្រសិទ្ធិភាព​​ទៅលើ​បញ្ហានេះ​ លោក​បណ្ឌិត​មានអ្វីដើម្បី​បំភ្លឺទៅ​ដល់​មន្ត្រីថ្នាក់​ក្រោម​ជាតិរបស់​យើង​ ដើម្បី​ឲ្យ​គាត់​បាន​យល់ ដើម្បី​កុំឲ្យ​គាត់មើល​រំលង​ទៀត​បាទ?​

លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖​ ចំណុច​នេះ​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​យល់ ​ពិសេស​រដ្ឋ​បាល​សាធារណៈ​របស់​យើង​​ថ្នាក់​ក្រោម​ជាតិ​ក៏​គួរ​យល់​ និង​ឈរ​លើ​ជំហរ​ម៉ឹង​មាត់​ ក្នុង​ការ​ក្តាប់​ឲ្យ​ណែន​ ក្នុង​ការ​ពង្រឹង​ប្រសិទ្ធិភាព​​អនុវត្ត​ច្បាប់​ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នូវ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​ជាពិសេស​ចំពោះ​មុខ​អនុវត្ត​ឲ្យ​បាន​មាន​ប្រសិទ្ធិ​ភាព​នូវ​បទ​បញ្ជា​ នាយក​រដ្ឋ​មន្រ្តី ។​ ព្រោះ​សំខាន់​ណាស់​នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណាដែរ​ អភិបាល​​បាល​ខេត្ត​ គណៈ​អភិបាល​ខេត្ត​ ក្រុម​ប្រឹក្សា​ខេត្ត​ រហូត​ដល់​ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​ សុទ្ធ​តែ​យើង​បាន​បង្កើត​មាន​អស់​ហើយ ហើយ​ដើរ​តួជា​តំណា​ង​ឲ្យ​ឆន្ទៈ​ប្រជាពល​រដ្ឋ​​ផង និង​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​ផង ​អញ្ចឹង​ចំណុច​នេះ​ត្រូវ​ឆ្លុះ​បញ្ជាំង​ នៅ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ឈរ​លើ​ជំហរ​ម៉ឹង​មាត់​ក្នុង​​ការ​ អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ប៉ុន្តែ​បើ​សេនាធិការ​មាន​ចំណុច​ខ្លះ​​អសកម្ម​ ខ្ញុំ​សំដៅ​ទៅ​លើ​អសកម្ម​របស់​បុគ្គល​​ អញ្ចឹង​វា​ធ្វើ​ឲ្យ​ថយ​បន្តិច​ក្នុង​ការ​អភិវឌ្ឍ​ន៍​ឲ្យ​បាន​ដូច​អ្វី​ដែល​ យើង​ចង់​បាន​នោះ។ មុន​នឹង​ខ្ញុំ​លើក​ឲ្យ​ស៊ី​ជម្រៅ​ខ្ញុំ​ចង់​បញ្ជាក់​​ឲ្យ​ឃើញ​ថា យើង​អនុវត្ត​សេដ្ឋ​កិច្ច​ទី​ផ្សារ​សេរី​ ក៏​ដូច​ជា​ប្រកួត​ប្រជែង​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ យើង​ត្រូវ​ដឹង​ថា គណបក្ស​ប្រឆាំង​នៅ​ស្រុក​ខ្មែរ​នេះ គាត់​អាច​យក​សន្លឹក​ឆ្នោត​ពី​ប្រជា​ពល​រដ្ឋ​បាន​មិន​មែន​សមត្ថភាព​ធ្វើ​ នយោបាយ​របស់​គាត់​ទេ មិន​មែន​គណបក្ស​ប្រឆាំង​ អ្នក​នយោបាយ​ប្រឆាំង​​បាន​ធ្វើ​អំពើ​ល្អ​ជូន​ប្រជា​ពលរដ្ឋ​ទេ​ និយាយ​ឲ្យ​ស្មោះ​ត្រង់​គឺ​ដោយ​សារ​ចំណុច​អសកម្ម​របស់​អាជ្ញាធរ​​សាធារ​ណៈ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ថ្នាក់​ក្រោម​ជាតិ មាន​ទាំង​ថ្នាក់​ខេត្ត​ ក្រុង ស្រុក​ ខ័ណ្ឌ ឃុំ​ សង្កាត់​។​ ត្រង់​ហ្នឹងហើយ​យើង​មើល​ទាំង​អស់​គ្នា​ ដែលឮ​​គណបក្ស​ប្រឆាំង​និយាយ​អំពី​គោល​គំនិត​អភិវឌ្ឍន៍​ទេ?​ អត់​ទេ តែ​គណបក្ស​ប្រឆាំង​មាន​តែ​និយាយ​អំពី​ចំណុច​អសកម្ម​​របស់​អាជ្ញា​ធរ​យើង​​​​ ​​​ ចំណុច​ហ្នឹង​ដែល​យើង​ឃើញ​ថា គណបក្ស​ប្រឆាំង​ឆ្លៀត​ឱ​កាស​នៃ​​ការ​ខឹង​សំបារ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ តូច​ កេង​ចំណេញ​បាន​នូវ​នយោបាយ​។​ បើ​សិន​យើង​ធ្វើ​កាន់​តែ​ល្អ​ និយាយ​ឲ្យ​ចំ​ធើ្វ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ អនុវត្ត​គោល​នយោបាយ​រាជរដ្ឋាភិបាល អនុវត្ត​បទ​បញ្ជា​នាយករដ្ឋ​មន្រ្តី​ មាន​ប្រសិទ្ធិ​ភាព ថា​មិន​ដល់​ មួយ​រយ​ភាគរយ​ទៅ​ចុះ​ តែ​ ៨០% ទៅ​ ៩០%​ គឺ​ខ្ញុំ​ជឿ​​ថា របៀប​ធ្វើ​នយោបាយ​ប្រឆាំង​ដូច​គណបក្ស​ប្រឆាំង​ប្រហែល​អស់​ជោគ​វាសនា​ហើយ​។​ ពេល​ហ្នឹង​គណបក្ស​​ប្រឆាំង​នឹង​ដូរ​គុណភាព​នយោបាយ​របស់​ខ្លួន​​ គឺ​មក​ការត្រិះ​រិះ ពិចារណា​ហើយ ចំណុច​ហ្នឹង​ខ្ញុំ​ទាញ​ឲ្យ​ស៊ី​ជម្រៅ​ទៅ​នឹង​​សំណួរ​ប្រធាន​បទ​ដែល​លើក​ឡើង​ ដោយ​លោក​ សត្យា រក្ស។​ យើង​នាំ​គ្នា​តាម​ដាន​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រមុខ​រាជ​ រដ្ឋាភិបាល​ រហូត​ដល់​ខំ​ប្រឹង​ប្រែង​គ្រប់​ករណី​ទៅ​ហើយ សួរ​ថា​តើ​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ការ​អនុវត្ត​គោល​នយោបាយ​ រាជរដ្ឋាភិបាលដែរឬទេ​?​​ ហេតុ​អ្វី​មាន​ចំណុច​អសកម្ម​កើត​មាន​ឡើង​?​។ មាន​ករណី​ច្រើន​ណាស់​យើង​អាច​លើក​ដូច​ជា ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ពេល​ដែល​គាត់​ទៅ​ធ្វើ​វេទិកា​ សាធារណៈ​ សម្ពោធ​សមិទ្ធផល​ផ្សេង​ៗ​ ឬ​ក៏​វេទិកា​ចែក​សញ្ញាបត្រ​​ដល់​យុវសិស្ស​ និស្សិត​ យើង​ឃើញ​ថា​មាន​បរិបទ​ច្រើន​ដែល​យើង​​អាច​យក​មក​ពិចារណា ដូច​រឿង​ការពារ​ព្រៃ​ឈើ​ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​យើង​ថ្លឹង​ទៅ​នឹង​វិស័យ​ព័ត៌មាន​ដែល​ លើកឡើង គឺ​នៅ​មាន​ចំណុច​អសកម្ម​។ ចំណុច​ហ្នឹង​ដែល​ជា​ការ​បង្ហាញ​ដោយ​ច្បាស់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅថ្នាក់​​ក្រោម​​​ជាតិ​​ ហាក់​ដូច​ជា​នៅ​ព្រងើយ​កន្តើយ​ចំពោះ​បទបញ្ជា​នាយក​រដ្ឋ​មន្រ្តី។​ ខ្ញុំ​លើក​ឲ្យ​ច្បាស់ ពាក្យ​ព្រងើយ​កន្តើយ​នៅ​ស្រាល​ទេ បើ​យើង​និយាយ​ពី​គោល​ការណ៍​ច្បាប់​ នៅ​ប្រទេស​ណា​ដូច​ប្រទេស​ណា​ដែរ បើ​ប្រទេស​ប្រធានាធិបតី​​​និយម​គេហៅ​បទ​បញ្ជា​ប្រធានាធិបតី​។​ បើ​ប្រទេស​បែប​សភានិយម​ គេ​ហៅ​ថា​បទ​បញ្ជា​នាយក​រដ្ឋ​មន្រ្តី ពី​ព្រោះ​បទ​បញ្ជា​នាយក​រដ្ឋ​មន្រ្តី​ គឺ​ជា​មូលដ្ឋាន​គតិយុត្តិ​ ដើម្បី​ឲ្យ​អនុវត្ត​មាន​​ប្រសិទ្ធិភាព​​ចំពោះ​ការ​អនុវត្ត​ច្បាប់​នេះ​ឯង។​​ ដូច​ជា​ដើម្បី​ការ​ពារ​ព្រៃ​ឈើ​យើង​មាន​ច្បាប់​ព្រៃ​ឈើ​ ប៉ុន្តែ​អ្នក​អនុវត្ត​ព្រៃ​​ឈើ​គឺ​ត្រូវ​ផ្អែក​​ទៅ​លើ​គោល​នយោបាយ​ រដ្ឋាភិបាល​ផង ជា​ពិសេស​បទ​បញ្ជា​នាយក​រដ្ឋ​មន្រ្តី​​ពាក់​ព័ន្ធ​ទៅ​នឹងការ​ ​ការ​ពារ​ព្រៃ​ឈើ​ ដូច្នេះ​អ្នក​ដែល​ប្រឆាំង​ទៅ​នឹង​បទ​បញ្ជា​នាយក​រដ្ឋ​មន្រ្តី មាន​ន័យ​ថា ប្រឆាំង​រដ្ឋាភិបាល​ ប្រឆាំង​ទៅ​នឹង​ច្បាប់​រួច​​ទៅ​ហើយ ទោះបី​ក្នុង​ចេតនា ឬ​អចេតនា ដូច​ជា​ករណី​នេសាទ​ក្តី​ យើង​មើល​ឃើញ​រាល់​លើក​ ប្រមុខ​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់​រឿង​បញ្ហា​នេសាទ បញ្ហា​បរិស្ថាន​ផ្សេង​ៗ រហូត​ដល់បញ្ហា​រដ្ឋបាល​សាធារណៈ​ ដូច​ជា​សេវា​សាធារណៈ​ខាង​ផ្នែក​សុខាភិបាល​ រហូត​ដល់​មាន​កន្លែង​ខ្លះ​ពាក់​ព័ន្ធ​នឹង​រឿង​ទីផ្សារ​ទៀត។​​ យើង​មើល​នៅ​ខេត្ត​ពោធិសាត់​ កាល​ឆ្នាំ​ណា​នោះ ថ្នាក់​អាជ្ញា​ធរ​ខេត្ត​អត់​ចេះ​ដោះ​ស្រាយ​ គឺ​ដោយ​មាន​ភាព​អសកម្ម​ ហើយ​មាន​ពេល​ខ្លះ​ទៀត​ ក៏​មាន​អ្នក​ដែល​ឆ្លៀត​ឱ​កាស​និយម​​ យក​ឈ្មោះ​ថ្នាក់​ដឹង​នាំ​រដ្ឋាភិបាល​ខ្លះ​មក​ប្រើ​ ដើម្បី​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​​មាន​ការ​អសកម្ម​ដែរ​។

-មតិ​លោក សត្យា រក្ស
ត្រង់​ ចំណុច​នេះ​ខ្ញុំ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​មួយ​ ដែល​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ជា​ពិសេស​គឺ​អាជ្ញាធរ​ខេត្ត ខ័ណ្ឌ​ ទូទាំង​ផ្ទៃ​ប្រទេស​គួរ​តែ​យក​ចិត្ត​ទុកដាក់​។​ ខ្ញុំ​សុំ​លើក​យក​បញ្ហា​ទំនាស់​ដីធ្លី​​។​ ចំណុច​ខ្លះ​គឺ​មាន​រឿង​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជា​មួយ​ក្រុម​ហ៊ុន រវាង​ប្រជាពលរដ្ឋ​ជាមួយ​បុគ្គល​ដែល​មាន​អំណាច​ណា​មួយ​ នៅ​ពេល​ដែល​ដំណោះ​ស្រាយ​នៅ​ក្នុង​ខេត្ត​ មើល​ទៅ​គឺ​ថា អត់​មាន​ដំណោះ​ស្រាយ​ ប្រជាពលរដ្ឋ​ក៏​ប្រមូល​គ្នា​មក​មុខ​ផ្ទះ​នាយក​រដ្ឋ​មន្រ្តី​ អញ្ចឹង​ចំណុច​នេះ​ជា​សញ្ញា​ច្បាស់​ថា អាជ្ញាធរ​ខេត្ត​គាត់​អសមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​ ខ្ញុំ​គិត​ថា​ រឿង​នេះ​ជា​រឿង​​កំប៉ិកកំប៉ុក​​ទេ យើង​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​តែ​ យុត្តិ​ធម៌​ សច្ចៈធម៌ តម្លាភាព​​ត្រឹម​ត្រូវ វា​គ្មាន​អ្វី​ដែល​ថា​ យើង​ដោះ​មិន​ចេញ​នោះ​ទេ។​ រួច​ចុះ​អស់​លោក​ខេត្ត​ទាំង​អស់​ ហេតុ​អ្វី​បាន​ជា​បណ្តែត​បណ្តោយ​ឲ្យ​មក​រំខាន​ដល់​កិច្ច​ការ​ប្រទេស​ជាតិ​ របស់​នាយក​រដ្ឋ​មន្រ្តី​​ទៅ​វិញ​ នេះ​ជា​ចំណុច​មួយ​ដែល​ខ្ញុំ​គួរ​ឲ្យ​សោក​ស្តាយ​ដែរ អញ្ចឹង​គ្រាន់​តែ​សុំ​ផ្តាំ និង​ជម្រាប​ជូន​ថា លោក​អភិបាល​នៃ​គណៈអភិបាល​ខេត្ត គ្រប់​ខេត្ត គ្រប់​ខ័ណ្ធ​ទាំង​អស់​​គួរ​តែ​ពិចារណា​ចំណុច​នេះ​ឡើង​វិញ​ ពីព្រោះ​យើង​គួរ​តែ​ទុក​ពេល​វេលា​ដ៏​មាន​តម្លៃ​ ជូន​ដល់​នាយក​រដ្ឋ​មន្រ្តី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិជា​​ធំ ​ក្នុង​ការ​រក​ជំនួយ​ ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ វា​ប្រសើរ​ជាង​ដោះស្រាយ​រឿង​ដីធ្លី​តូច​តាច​ ដែល​បង្ក​ឡើង​ដោយ​បុគ្គល​អសកម្ម​មួយ​ចំនួន​នោះ ។​

-មតិ​លោក​បណ្ឌិត ឈឹម ផលវរុណ​
ចំណុច​ ហ្នឹង​ខ្ញុំ​ឃើញ​មាន​​ករណី​ច្រើន​ទៀត ឧទាហរណ៍​ដូច​ជាខេត្ត​ ធម្មតា​ក្រុម​ប្រឹក្សា​ខេត្ត​ក្តី អភិបាល​ខេត្ត​ក្តី ​ស្រុក​ក្តី សុទ្ធ​តែ​មាន​សិទ្ធិ​ចេញ​សេច​ក្តី​សម្រេច​ ឬក៏ ស.ជ.ណ ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ដែន​​សមត្ថកិច្ច​របស់​ខ្លួន​ ប៉ុន្តែ​ពេល​ដែល​ចេញ​ហើយ គឺ​អត់​មាន​ប្រសិទ្ធិ​ភាព​​ក្នុង​ការ​អនុវត្ត​គាត់​ហាក់​ដូច​ជា​ព្រងើយ​ កន្តើយ​ គាត់​អត់​គិត​ពី​តម្លៃ​ ហើយ​បើ​យើង​អត់​គិត​ពី​តម្លៃ​នៃ​លិខិត​ដែល​យើង​ចេញ​ ដើម្បី​​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​​អនុវត្ត​តាម​ ឬ​ក៏​ឃាត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​​ បែ​រ​ជា​អត់​មាន​ប្រសិទ្ធិ​ភាព​​ ពេល​ហ្នឹង​រឿង​ហ្នឹង​ធ្វើ​ឲ្យ​កាត់​បន្ថយ​នូវ​អំណាច​ដ៏​សុក្រឹត្រ​​របស់​ រដ្ឋ​បាត់​ទៅ​ហើយ។​ ខ្ញុំ​លើក​ឧទាហរណ៍​នៅ​ខេត្ត កំពង់​សោម ខ្ញុំ​មិន​លើក​ចំ​ករណី​ទេ មាន​ ស.ជ.ណ មួយ​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ ដែល​ហាម​ឃាត់​កុំ​ឲ្យ​បុគ្គល​ម្នាក់ពីរ​នាក់​ ធ្វើ​ទង្វើ​មួយ​ដែល​ខេត្ត​មិន​អនុញ្ញាត​ ខ្ញុំ​អត់​ទាន់​និយាយ​ចំ​ទេ ព្រោះ​ប៉ះ​ពាល់​ដល់​ប្រជាពល​រដ្ឋ​ អាជីវករ​ផ្សេង​ៗ​ទៀត​ដែល​រស់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​​ ប៉ុន្តែ​បុគ្គល​នោះ​មិន​អនុវត្ត​តាម​ ស.ជ.ណ របស់​ឯកឧត្តម​អភិបាល​ខេត្ត ប៉ុន្តែ​ឃើញ​ថា ចំណាត់​ការ​របស់​ខេត្ត​ហាក់​ដូច​ជា​នៅ​ទ្រឹង​​ ធ្វើ​ឲ្យ​យើង​ពិចារណា​ មាន​ពេល​ខ្លះ​ ជនទុច្ចរិត​ខ្លះ​ បុគ្គល​​​ទាំង​អស់​នោះ​ គាត់​ឆ្លៀត​យក​ឈ្មោះ​​ឥស្សរជន​ដឹក​នាំ​រដ្ឋាភិបាល​​ខ្លះ​យក​មក​ប្រើ​​ទាំង​ ភូត ទាំង​បំភ្លៃ ដែល​យើង​បាន​ឃើញ​នៅ​តុលាការ​ ឬ​ក៏​ស្ថាប័ន​មាន​សមត្ថកិច្ច​​ធ្លាប់​ចាប់​បាន​​ច្រើន​ណាស់​។​ ដូច​ថ្មី​ៗ​យើង​ឃើញ​​ជា​មនុស្ស​ជំនិត​ ឬក៏​ធ្វើ​កិច្ច​ការ​ជូន​សុទ្ធ​តែ​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​ប្រព្រឹត្ត​អំពើ​ ខុស​ឆ្គង​ច្រើន​ណាស់​ ហើយ​ជា​ការ​អារ​កាត់​របស់​ រដ្ឋាភិបាល របស់​ប្រមុខ​រដ្ឋាភិបាលខ្លាំង​ណាស់​​។ ត្រង់​ហ្នឹង​​ ដែល​គណបក្ស​ប្រឆាំង​មើល​អត់​ឃើញ​ទេ ខំ​អារ​កាត់​រហូត​ដល់​រក​ឃើញ​ភស្តុតាង​ ។ កាត់​ក្តី​ប៉ុន្មាន​លើក​សុទ្ធ​តែ​អ្នក​ធំៗ ហើយ​រហូត​ដល់​មាន​អ្នក​ខ្លះ​ឆ្លៀត​យក​ឈ្មោះ​ថ្នាក់​ដឹក​នាំរដ្ឋាភិបាល​មក​ ប្រើ​​​ ដល់​អញ្ចឹង​ធ្វើ​ឲ្យ​សមត្ថកិច្ច​មូល​ដ្ឋាន​ គាត់​ទីទើ​រ​ហើយ គាត់​​មិន​ព្រម​ធ្វើ​ការ​ស្រាវ​ជ្រាវ​​បង្កើន​សមត្ថភាព​ក្នុង​​ចំណាត់​ការ​ ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ថា តើ​បុគ្គល​ហ្នឹង​ជា​បុគ្គល​ទុច្ច​រិត​ក្លែង​បន្លំ​ ឬ​ក៏​លួ​ច​ប្រើ​ឈ្មោះ​ បង្ខូច​ឈ្មោះ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ ឬ​យ៉ាង​ណា​។​ ត្រង់​ហ្នឹង​ដែល​ជា​ការ​ប្រព្រឹត្ត​មួយ​ប្រាស​​ចាក​​​ពី​គោល​នយោបាយ​ រដ្ឋាភិបាល​ គឺ​អ្នក​ហ្នឹង​ប្រឆាំង​នឹង​​ច្បាប់​ ហើយ​មាន​ចេតនា​ទាំង​ស្រុង​ប្រឆាំង​នឹង​បទ​បញ្ជា​នាយក​រដ្ឋ​មន្រ្តី​ ហើយ​ប្រឆាំង​នឹង​អជ្ញា​​របស់​អភិបាល​ខេត្ត​ ដូច្នេះ​គួរ​តែ​មាន​សិទ្ធិ​ពេញ​លេញ​ប្រើ​នូវ​សមត្ថកិច្ច​នៃ រដ្ឋ​អំណាច​ដ៏​ស្មោះ​ត្រង់​ចំពោះ​ប្រជាពលរដ្ឋ​​ ទប់​ស្កាត់​ជន​ល្មើស​ម្នាក់​ពីរ​នាក់​ហ្នឹង ដើម្បី​យើងកុំ​ឲ្យ​មាន​​ហៅថា ហុច​ដង​​ឲ្យ​នយោបាយ​ប្រឆាំង​ផង ហើយ​កុំ​​ឲ្យ​មាន​បាត់​បង់​នូវ​ភាព​សុខ​ក្សេម្ភ​ក្សាន្ត​​ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​​យើង​ផង ហើយ​ចំណុច​​ហ្នឹង​គួរ​​តែ​មាន​ឧត្តម​គតិ​ បើ​មិន​បាន​ធំ​ដុំ​ក៏​គួរ​តែ​មាន​ឧត្តម​គតិ​ធ្វើ​ជា​សេនាធិការ​ជូន​​ រដ្ឋាភិបាល ជូន​ប្រមុខ​រដ្ឋាភិបាល​ ធ្វើ​យ៉ាង​ណា​​អនុវត្ត​​​ឲ្យ​មាន​ប្រសិទ្ធិភាព​​នូវបទ​​បញ្ជា​នាយក​ រដ្ឋមន្រ្តី គឺ​សំខាន់ណាស់​ នៅ​ប្រទេស​ណា​ក៏ដូច​ប្រទេស​ណាដែរ​។

លោក​ សត្យា រក្ស
សំណួរ៖ ចំណុច​នេះ​បើ​យើង​ធ្វើ​ការ​​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ យើង​ឃើញ​ថា វាទាក់​ទង​ទៅ​នឹង​កាតព្វ​កិច្ច​ និង​តួនាទី​របស់​បុគ្គល​ហ្នឹង​ផង ឥឡូវ​យើង​ឧទាហរណ៍​ថា យើង​ជា​អាជ្ញាធរ​ប៉ូលីសទៅ​​ចុះ អញ្ចឹង​យើង​ត្រូវ​​ដឹង​ថា ប៉ូលីស​មាន​តួនាទី​ធ្វើ​អ្វី?​ ការ​ដែល​យើង​មិន​បំពេញ​តាម​តួនាទី​ ក៏​ជា​ផ្នែក​មួយ​ដែល​​ចូលរួម​​ ធ្វើ​ឲ្យ​សង្គម​មាន​ភាព​ច្របូក​ច្របល់​ ដូច​លោក​បណ្ឌិត​មាន​ប្រសាសន៍​អញ្ចឹង។​ ទាក់​ទង​ទៅ​នឹង​​ព្រៃ​ឈើ​ គឺ​ប្រមុខ​រាជរដ្ឋាភិបាល​ ​លោក​បាន​ប្រកាស​ហើយ​ប្រកាស​ទៀត​ គឺ​អត់​​​ឲ្យមាន​​អ្នក​ណា​ទៅ​កាប់​ឈើ​កាប់​ព្រៃ ដឹក​អនាធិបតេយ្យ​ ពេញ​ស្រុក​ពេញ​ភូមិ​អញ្ចឹង​ទេ នេះ​ជា​ការ​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ ក៏ប៉ុន្តែ​មន្រ្តី​ដែល​មាន​សមត្ថកិច្ច​ នៅ​តាម​ច្រក​ទ្វា​រ​ក្តី នៅ​តាម​ប៉ុស្តិ៍ក្តី គាត់​ធ្មេច​ភ្នែក​ អាហ្នឹង​មាន​ន័យ​ថា គាត់​មិន​អនុវត្ត​ទៅ​តាម​តួនាទី​របស់​គាត់​ ហើយ​បើ​និយាយ​ចោទ​ថា ប៉ុស្តិ៍​ហ្នឹង​​​អត់​អនុវត្ត​ ដល់​ពេល​យើង​ទៅ​សួរ​ដល់​មេ ដូច​ជា​ចៅហ្វាយ​ខេត្ត​​ ឬ​គេ​ហៅ​ថា អ្នក​ដែល​មាន​សមត្ថកិច្ច​ជា​មេ​ជំនាញ​ គេ​ថា គេ​អត់​ដឹង​​ ត្រង់​ហ្នឹង​ដែល​គេ​ហៅ​ថា​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ អញ្ចឹង​យើង​សួរ​ថា តើ​យើង​ត្រូវ​ធ្វើ​ម៉េច​ ដើម្បី​កែលម្អ​ទម្លាប់​មិន​ល្អ​ហ្នឹង​ចេញ​ពី​សង្គម​ជាតិ​យើង លោក​បណ្ឌិត?

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ចំណុច​ហ្នឹង​ហើយ​ដែល​ខ្ញុំ​គិតថា ទី​១ ឧត្តម​គតិ​ ដោយ​​ស្មោះ​ត្រង់​ជា​មួយ​រដ្ឋាភិបាល​ ក្នុង​គោល​ដៅ​​​ ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ មាន​ភាព​សុខក្សេម្ភ​ក្សាន្ត​​ ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ អនុវត្ត​គោលនយោបាយ​ឲ្យ​​មាន​ប្រសិទ្ធិភាព​​នៅ​ក្នុង​មូលដ្ឋាន​រស់​នៅ​ នៅ​ក្នុង​ដែន​​​​សមត្ថកិច្ច។​​ ទី១ ឈរ​លើ​ឧត្តម​គតិ​ស្មោះត្រង់​មួយ​សិន​ ។ ទី២​ យន្ត​ការ​រដ្ឋាភិបាល​ ពីថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​យើង​មាន​ មាន​ទាំង​យន្ត​ការ​ខ្សែ​បណ្តោយ​ និង​ខ្សែទទឹង​ គេ​ហៅថា ខ្សែរយៈ​ដែន​ដី​ និង​ខ្សែរយៈ​សមត្ថកិច្ច​ជំនាញ​ អញ្ចឹង​រចនាសម្ព័ន្ធ​ ត្រូវ​តែ​ដំណើរ​ការ​ក្តាប់​ឲ្យ​ណែន​ចំពោះ​បរិបទ​ក្នុង​មូលដ្ឋាន​ និង​ក្នុង​ដែន​សមត្ថកិច្ច​ជំនាញ​របស់​ខ្លួន​ ហើយ​បន្ទាប់​មក​បើ​យើង​ក្តាប់​ណែន​ហើយ យើង​ដឹង​ថា ចំណុច​អសកម្ម​ស្ថិត​នៅ​ទី​ណា ហើយ​បុគ្គល​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​។ត្រង់​នេះ​ដែល​ជា​ភាព​ស៊ី​ចង្វាក់​ នៃ​រចនាសម្ព័ន្ធ​ដឹក​នាំ​ហ្នឹង​ឯង​ ហើយ​មួយ​​ទៀត​បញ្ហា​របាយការណ៍​ ដែល​ត្រូវ​ផ្សាភ្ជាប់​ជាមួយ​នឹង​ភាព​ចំរុះ​នៃ​របាយ​ការណ៍​ មាន​របាយ​ការ​ណ៍​ខ្លះ​ពិត​មួយ​ជ្រុង​ទៅ​ របាយ​ការ​ណ៍​ខ្លះ​ពិត​មួយ​ជ្រុង​ទៅ ហើយ​មាន​របាយ​ការ​ណ៍​វិភាគ​ឯករាជ្យ​​​​មួយ​ចំនួន​ទៀត​​ យើង​យក​មក​ថ្លឹង​។ ចំណុច​នេះ​បើ​យើង​ធ្វើ​អញ្ចឹង​បាន​ បាន​ន័យ​ថា ក្រុម​គណបក្ស​ប្រឆាំង​អស់​ការងារ​ធ្វើ​ ហើយ​យើង​គួរ​តែ​ធ្វើ​ យើង​មិន​មើល​បំណាំ​គណបក្ស​ប្រឆាំង​ទេ ហើយ​ក៏​មិន​ត្រូវ​ឲ្យធ្លាក់នៅ​ក្នុង​ឧបាយ​កល​គណបក្ស​ប្រឆាំង​ដែរ​ ព្រោះ​គណបក្ស​ប្រឆាំង​ពុំ​បាន​ចូល​រួម​ក្នុង​ការ​​សម្រិត​សម្រាំង​ការ​ អភិវឌ្ឍន៍​ប្រទេស​ ឬ​អភិវឌ្ឍន៍​មូលដ្ឋាន​ទេ មាន​តែ​ឆ្លៀត​យក​បញ្ហា​អសកម្ម​មកបង្ក​ឲ្យ​មាន​ទំនាស់​តតាំង​​គ្នា ហើយ​អ្នក​ខ្លះ​ពាក់​មុខ​ពីរ​មុខ​បី​ បង្ខូច​បរិបទ​ដើម្បី​គេបាន​ឱកាស​វាយ​ប្រហារ​រដ្ឋាភិបាល។​​ កំហុស​ក្នុង​ឃុំ​ គេ​មិន​ដែល​ចោទ​ប្រកាន់​ឃុំ​ទេ ចោទ​ប្រកាន់​រដ្ឋាភិបាល ​ហើយ​ឥឡូវ​ចោទ​ប្រកាន់​តែ​ប្រមុខ​រដ្ឋាភិបាល​ កំហុស​បញ្ហា​អសកម្ម​ខ្លះ​នៅ​ក្នុង​ស្រុក​ គេ​អត់​រក​ចំណុច​ណា​ដែល​អសកម្ម​នៅ​ក្នុង​ស្រុក​ បុគ្គល​ណា​​ជា​ជន​អសកម្ម​ទេ គេ​វាយ​ប្រហារ​រដ្ឋាភិបាល​ វាយ​ប្រហារ​ប្រមុខ​រដ្ឋាភិបាល​ អសកម្មខ្លះ​នៅ​ខេត្ត​​ ចំពោះ​បុគ្គល​ដែល​ទទួល​ខុស​ត្រូវ​ខ្លះ​អសកម្ម​ មិ​ន​យក​ចិត្ត​ទុកដាក់​ចំពោះ​ចំណាត់​ការ​ ដូច​ហុច​ដង​ឲ្យ​គណបក្ស​ប្រឆាំង​ផ្តោត​មក​ប្រមុខ​រដ្ឋាភិបាល​ តើ​ចំណុច​ហ្នឹង​យើង​គួរ​មាន​ឧត្តម​គតិ​ថា តើ​ត្រូវ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ ដូច​លោក​ សត្យា រក្ស​ បាន​លើកឬ​​អត់?​ ពីព្រោះ​ការ​ជ្រើ​ស​រើស​បុគ្គល​ទទួល​តំណែង​ជា​ថ្នាក់​​ដឹក​នាំ​អាជ្ញាធរ​ ឬក៏​សមត្ថកិច្ច​ជំនាញ​ ខ្ញុំ​ជឿ​ថា ជា​ការ​សម្រិត​សម្រាំង​ណាស់​ ដូច្នេះ​គួរ​តែ​ឆ្លើយ​តប​មក​វិញ​​ ចំពោះ​​ប្រជាពលរដ្ឋ​ និង​ចំពោះ​រាជរដ្ឋាភិបាល គឺ​ត្រូវ​តែ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ ពី​ព្រោះ​គ្មាន​រឿង​ណា​ដែល​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ​។​ បញ្ហា​មួយ​ដែល​យើង​ត្រូវ​គិត​ ដែល​យើង​អាច​រក​វិធី​ដោះស្រាយ​បាន​ បើ​ខ្ញុំ​យក​គំរួ​តាម​ប្រទេស​ជឿន​លឿន​ ពី​ដំបូង​រឿង​នៅ​ក្នុង​សមត្ថកិច្ច​ដែន​ដី​ឃុំ​ គេ​ទុក​ឲ្យ​ឃុំ​ដោះស្រាយ​ ព្រោះយើង​មាន​យន្ត​ការ​អាជ្ញាធរ​ឃុំ និង​ក្រុម​ប្រឹក្សា​ឃុំ​​ បើ​ឃុំ​ដោះស្រាយ​បញ្ហា​ហ្នឹង​អត់​បាន​ ដោយ​សារ​មាន​ពាក់​ព័ន្ធ​ច្របូក​ច្របល់​ជា​មួយ​ឃុំ​ដទៃ​ទៀត​ អញ្ចឹង​គេរុញ​ឲ្យ​ថ្នាក់​ស្រុក​ ដែល​ឃុំ​ទាំង​ឡាយ​ពាក់​ព័ន្ធ​ក្នុង​បរិបទ​បញ្ហា​ណាមួយ​នៅ​ក្នុង​ក្រោម​ស្រុក ​ជា​មួយ​គ្នា​ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ស្រុក​ដោះ​ស្រាយ​។​ បើ​​រដ្ឋបាល​ថ្នាក់​ស្រុក​ដោះ​ស្រាយ​​មិន​ចេញ​ ចូល​ដល់​រដ្ឋបាល​ថ្នាក់​ខេត្ត​ ហើយ​កន្លែង​ខ្លះ​គួ​រ​ពិចារណា​ដែរ​ ដូច​លោក​ សត្យា រក្ស បាន​លើក​ទំនាស់​ដី​ធ្លី​ខ្លះ​ក្នុង​បរិបទ​តូច​តាច​​ គួរ​តែ​ដោះ​​ឲ្យ​ចប់​នៅ​ថ្នាក់​ខេត្ត​ មិន​គួរ​មក​រំខាន​កិច្ច​ការ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល របស់​ប្រមុខ​រដ្ឋាភិបាល​ទេ​​ ពីព្រោះ​ប្រទេស​ជាតិយើង​ឥឡូវ​អភិវឌ្ឍន៍​គ្រប់​វិស័យ​ កាល​ណា​យើង​រីក​ចម្រើន​ការ​រវល់​ក៏​ច្រើន​ដែរ​ អញ្ចឹង​រីក​ចម្រើន​ថ្នាក់​ជាតិ​គ្រប់​វិស័យ​ ការ​រវល់​ថ្នាក់​ជាតិ​ក៏​ច្រើន​ ឯការ​រីក​ចម្រើន​ថ្នាក់​ខេត្ត​​​ក៏​យើង​ជួប​បញ្ហា​ អញ្ចឹង​ថ្នាក់​ខេត្ត​គួរ​តែ​ដោះ​ស្រាយ​ ដើម្បី​ឲ្យ​ថ្នាក់​ជាតិ​អាច​ពង្រីក​ វិសាល​ភាព​នៃ​ការ​អភិវឌ្ឍន៍​ឲ្យ​បាន​ធំ​ដុំ​។ ​អញ្ចឹង​ហើយ​ដែល​ខ្ញុំ​គិត​ថា ការ​ទទួល​ខុស​ត្រូវ​នេះ​ធំ​ណាស់​ ហើយ​ដែល​ត្រូវ​ឆ្លើយ​តប​ និង​រក​វិធី​ដោះ​ស្រាយ​ឲ្យ​បាន។​​បញ្ចប់​នៅ​ត្រឹម​ណា​ យើង​មាន​មូលដ្ឋាន​ច្បាប់​ទៀត​ យើង​ធ្វើ​ម៉េច​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ហើយ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​ ច្បាប់​វា​ធំណាស់​ អញ្ចឹង​ហើយ​បាន​ជា​អំណាច​នីតិប្រតិបត្តិ​ បាន​ន័យ​ថា អំណាច​រដ្ឋាភិបាល​ អំណាច​ប្រមុខ​រដ្ឋាភិបាល​ ចេញ​នូវ​សារាចរ​​​ ចេញ​នូវ​អនុក្រឹត្យ​ រហូត​ដល់​ចេញ​ជា​បន្ទាន់​នូវ​បទ​បញ្ជា​ ហើយ​បញ្ជា​នេះ​មិន​មែន​ប្រឆាំង​ច្បាប់​ទេ ដែល​អស់​លោក​ខាង​ប្រឆាំង​ខ្លះ​គាត់​ចេះ​តែ​ចោទ​ នៅ​ប្រទេស​អាមេរិក​ក្តី​ នៅ​ប្រទេស​ណា​ក្តី​ គេ​ត្រូវ​ការ​បទបញ្ជា​ តែ​មិន​មែន​​បទបញ្ជា​ដែល​ធ្វើ​បញ្ច្រាស់​ច្បាប់​ទេ ដើម្បី​ឲ្យ​ច្បាប់​អនុវត្ត​មាន​ប្រសិទ្ធិ​ភាព​​នៅ​ក្នុង​មូលដ្ឋាន​ទូទាំង​ ប្រទេស​ គឺ​អំណាច​រដ្ឋាភិបាល អំណាច​នាយក​រដ្ឋ​មន្រ្តី ឬ​អំណាច​ប្រធានា​ធិបតី​​​សំខាន់​ណាស់ ចេញ​បទ​បញ្ជា​ ដើម្បី​​ឲ្យ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធិ​ភាព​។​​ ឧទាហរ​ណ៍​ដូច​ច្បាប់​នេសាទ​ ច្បាប់​ព្រៃឈើ​ ច្បាប់​ទី​ផ្សារ​។ល។​ បទ​បញ្ជា​នេះ​ហើយ​ ដែល​រហ័ស​ដើម្បី​ឲ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​អនុវត្ត​ ហើយ​ចំណុច​ហ្នឹងបើ​ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក​ចេញ​សារាចរ​ ឬ សេច​ក្តី​ណែនាំ​អនុលោម​ទៅ​តាម​គោល​នយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ហើយ​ តែ​ដល់​ធ្វើ​ព្រងើយ​កន្តើ​យ​ចំពោះ​បុគ្គល​ពីរបីនាក់​ ដែល​ជា​បុគ្គល​ឯកជន​នោះ អញ្ចឹង​តើ​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ តើ​យើង​សោក​ស្តាយ​ទេ​ចំពោះ​ការ​មិន​យក​ចិត្ត​ទុកដាក់​ ឬ​ក៏​យើង​មាន​ការ​ខ្មាស់​អៀន​ទេ​ចំពោះ​សេច​ក្តី​សម្រេច​ថ្នាក់​ខេត្ត​ ឬ​ថ្នាក់​ស្រុក​ដែល​ចេញ​ហើយ​អត់​មាន​ប្រសិទ្ធិ​ភាព​​ក្នុង​ការ​អនុវត្ត​។​

-មតិ​លោក សត្យា រក្ស
អញ្ចឹង​យើង ​ឃើញ​ថា​ការ​លើក​ឡើង​នេះ ​គឺ​ពិត​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទែន​​ ហើយ​នេះ​គឺ​យើង​គ្រាន់​តែ​ចង់​ផ្តល់​ជា​ការ​ពន្យល់​មួយ​ទៅ​ដល់​បុគ្គល​មួយ​ ចំនួន​ខ្លះ ​ដែល​កំពុង​តែ​មិន​អើពើ​ចំពោះ​កិច្ច​​ការ​ចំពោះ​មុខ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ និង​បន្ត​ធ្វើ​ដើម្បី​បំរើ​ប្រយោជន៍​ប្រជាពល​រដ្ឋ​ និង​ប្រទេស​ជាតិ​ ហើយ​ក៏​ជា​ការ​​ដាស់​អារម្មណ៍មួយ​​ទៅ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​​ជាតិ​ ផងដែរ ដែល​គួរ​តែ​ពិចារណា​ឡើង​វិញ​ ចំពោះ​អស់​លោក​មួយ​ចំនួនខ្លះ​ ដែល​កំពុង​តែ​ប្រព្រឹត្ត​នូវ​អំពើ​ខុស​ឆ្គង​ចំពោះ​ប្រជា​ពលរដ្ឋ​។​ ជាទូទៅ​​តាម​ដែល​ខ្ញុំ​ធ្វើ​ការ​ក្នុង​វិស័យ​ហ្នឹង ហើយ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ស្ទើ​តែ​គ្រប់​ទិសទី​ទៅ​ហើយ ខ្ញុំ​តែ​ង​តែ​សួរ​មន្រ្តី​ទាំង​ថ្នាក់​ខេត្ត​ខ្លះ​ ថ្នាក់​ស្រុក​ខ្លះ​ រួម​ជា​មួយ​មន្រ្តី​សមត្ថកិច្ច​ ខ្ញុំ​សួរ​ថា អស់​លោក​ស្រឡាញ់​សម្តេច​ ហ៊ុន សែន ដែរ​ឬអត់​? ខ្ញុំ​ធ្លាប់​សួរ​អញ្ចឹង ហើយ​អស់​លោក​ស្រឡាញ់​គណបក្ស​ប្រជាជន​ទេ ដោយ​ឃើញ​ថា​គាត់​គឺ​ជា​សមាជិក​សមាជិការ​គណបក្ស​​ប្រជាជន ពេល​នោះ​គឺ​គាត់​ឆ្លើយ​ថា ស្រឡាញ់​ណាស់​ ស្រឡាញ់​សម្តេច គោរ​ព​សម្តេច​ រហូត​ដល់​អ្នក​ខ្លះ​ថា សម្តេច​គឺ​ជា​ព្រះ​សម្រាប់​គាត់​ថែម​ទៀត​ផង​។​ អញ្ចឹង​ត្រង់​ចំណុច​នេះ​ខ្ញុំ​ចង់​ជម្រាប​ថា បើ​សិន​ជា​យើង​មាន​ស្វាមីភក្តិ​គោរព​ ស្រឡាញ់​សម្តេច​​មែន​ គោរព​ស្រឡាញ់​គណបក្ស​ប្រជាជន​មែន​ អ្វី​ដែល​យើង​បង្ហាញ​នូវ​ភាព​ស្រឡាញ់​របស់​យើង​គឺ​បំពេញ​ភារកិច្ច​​ឲ្យ​បាន​ ប្រពៃ​ស្ថិត​ក្នុង​ សច្ចៈ​ យុត្តិធម៌ គោរព​ច្បាប់​ គោរព​ទម្លាប់​ធ្វើ​កិច្ច​ការ​ដើម្បី​ចម្រុង​ចម្រើន​ប្រទេស​ជាតិ​ នេះ​ទើប​ហៅ​ថា ជា​អ្នក​ដែល​ស្រឡាញ់​សម្តេច​ ឬ​ក៏​ស្រឡាញ់​គណបក្ស​ប្រជាជន​ ក៏​ដូច​ជា​ស្រឡាញ់​ប្រទេស​ជាតិ​។​ បើ​យើង​គ្រាន់​តែ​និយាយ​តែ​ស្រឡាញ់​ ប៉ុន្តែ​អំពើ​របស់​យើង​ផ្ទុយ​ទៅ​ហ្នឹង​ច្បាប់​ ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ ពាលា​អាវ៉ាសែ​​ ​មិន​មែន​មាន​ឈ្មោះ​ថា ជា​អ្នក​ស្រឡាញ់​នោះ​ទេ​។

-មតិ​លោកបណ្ឌិត ឈឹម ផលវរុណ​
ចំណុច​ ហ្នឹង​ខ្ញុំ​ចាប់​អារម្មណ៍​ ដែល​លោក​ សត្យា រក្ស​បាន​លើក​ ស្វាមីភក្តិ​មិន​មែន​ត្រឹម​តែ​ការ​បង្ហាញ​នូវ​​សម្លេង​ទេ ត្រូវ​បង្ហាញ​នូវ​ទង្វើ។​​​ ខ្ញុំ​លើក​ឧទាហរណ៍​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ខ្ញុំ​ឃើញ​នៅ​វេទិកា​របស់​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា ដែល​ផ្សាយ​បន្តផ្ទាល់​ សូម្បី​តែ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ក៏​ពេញ​ចិត្ត​ និង​​ស្រឡាញ់​ប្រមុខ​រដ្ឋាភិបាល​ ដែល​បាន​លើក​ឡើង​​ កាល​សម្តេច​សម្ពោធ​ឲ្យ​ប្រើ​​ផ្លូវ​ទៅ​មណ្ឌលគីរី​ ពី​ស្នួល​ទៅ​មណ្ឌល​គីរី​ ហើយ​និង​សម្ពោធ​បើក​ការដ្ឋាន​​ធ្វើ​ផ្លូវ​បន្ត​ទៀត​ គឺ​ចំណាត់​ការ​ប្រសាសន៍​​របស់​សម្តេច​ដែល​បាន​លើក​ឡើង​ខ្ញុំ​ឃើញ​ថា ប្រជាពល​រដ្ឋ​ស្រឡាញ់​ណាស់​ ប៉ុន្តែ​ចំណុច​មួយ​ដែល​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ គឺ​ការ​មិន​យក​ចិត្ត​ទុកដាក់​របស់​ថ្នាក់​ក្រោម​ជាតិ​ ត្រង់​ហ្នឹង​​ ខ្ញុំ​ឮ​​គ្រប់​ទិសទី​​ ដូច​លោក​ សត្យា រក្ស​ បាន​លើក​ដែរ​គឺ​ ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ សូម្បី​តែ​ពួក​ប្រឆាំង​ អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ ក៏​ស្រឡាញ់​នូវ​ស្នាដៃ​ និង​ការ​ខំ​ប្រឹង​ប្រែង​ និង​ភាព​ស្មោះ​ត្រង់​ចំពោះ​ជាតិ​ដែល​សម្តេច​បាន​ធ្វើ​មក​ដល់​ពេល​ហ្នឹង។​​ ខ្ញុំ​និយាយ​​នេះ​មិន​​មែន​ក្នុង​ន័យ​ឃោសនា​ទេ បើ​មិន​ជឿ​យើង​អាច​ធ្វើ​ការ​ស្ទង់​មតិ​មើល​ទៅ  ហើយ​ស្ទង់​មតិ​របស់​ IRI កន្លង​មក​យើង​ឃើញ​ហើយ ហើយ​ខ្ញុំ​ដឹង​ទៀត​យើង​មិន​ផ្សព្វ​ផ្សាយ​ទេ ​ស្ទង់​មតិ​ជា​បុគ្គល​ទៀត​ តើ​អ្នក​ពេញ​ចិត្ត​ អ្នក​ស្គាល់​អ្នក​ណា​ គឺ​សម្តេច​ប្រមុខ​រដ្ឋាភិបាល​បាន​លេខ​១ ហើយ​ដាច់​ឆ្ងាយ​ណាស់​ពីអ្នក​ដទៃទាំង​អស់​ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​យើង​ដែល​ជា​អាជ្ញាធរ​ ដែល​ទទួល​ភារកិច្ច​ពី​រដ្ឋាភិបាល​ ពីច្បាប់​ តើ​យើង​គិត​ពង្រឹង​​បង្ហាញ​គំរូ​របស់​យើង​ រក្សាភាព​សុខ​ក្សេម្ភ​​ក្សាន្ត​ យុត្តិធម៌​ នៅ​ក្នុង​ដែន​ដី​របស់​យើង​បានឬ​​អត់?​​ ចំណុច​ហ្នឹង​ដែល​ខ្ញុំ​យក​ការ​អះអាង​មួយ​នៅ​ក្នុង​វេទិកា​​ បន្តផ្ទាល់​​របស់​វិទ្យុ​វិទ្យាស្ថាន​ពល​រដ្ឋ​វិជ្ជា​ អ្នក​ហ្នឹង​បាន​លើក​ឡើង​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​ ដែល​ហ៊ាន​អា​រ​កាត់​ចំពោះ​​បរាជ័យ​ ការ​ទប់​ស្កាត់​ការបំផ្លាញ​ព្រៃ​ឈើ​ អនាធិបតេយ្យ​ហ្នឹង យើង​ត្រូវ​គិត​ថា ការ​អះ​អាង​យ៉ាង​ប្តូរ​ផ្តាច់​របស់​ប្រមុខ​រដ្ឋាភិបាល​ រហូត​ដល់​ដាក់​ជីវិត​ បាន​ន័យ​ថា ជា​ការ​អះ​​អាង​ដែ​ល​មាន​តម្លៃ​ខ្ពស់​ណាស់​ មិន​អាច​ហុច​ដង​ឲ្យ​គណបក្ស​ប្រឆាំង​មក​ប្រមាថ​មើល​ងាយ​ជីវិត​ហ្នឹង​វិញទេ​ តែ​ហេតុ​ដែល​គណបក្ស​ប្រឆាំង​អាច​មក​ប្រមាថ​មើល​ងាយ​ជីវិត​ដែល​យក​ទៅ​ប្តូរ​ ចំពោះ​ភារកិច្ច​ម៉ឹង​មាត់នោះ​ តើ​ថ្នាក់​ជា​រដ្ឋបាល​មាន​សមត្ថកិច្ច​ អាជ្ញាធរ​ដែន​ដី​ គួរ​តែ​មាន​ការ​ឈឺ​ចាប់​ទេ​ ដែល​ខ្លួន​រស់​បាន​សុខ​សាន្ត​ ដោយ​សារ​ថ្នាក់​ដឹក​នាំ​មាន​ឧត្តម​គតិ​ខ្ពស់​នោះ​ អាច​ធានា​បាន​ទាំង​អស់​ក្នុង​ការ​គ្រប់​គ្រង​ក្នុង​ប្រទេស​មួយ​ឲ្យ​មាន​ភាព​ សុខ​ក្សេម្ភក្សាន្ត​​​ ទោះបី​មាន​និន្នាការ​ខុស​គ្នា​​ក៏​អាច​រួម​រស់​ជាមួ​យ​គ្នា​ដែរ​នោះ​៕​

សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​​

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...