Skip to main content

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​លើក​ទី១ របស់​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​


សុន្ទរកថា
ឯកឧត្តមបណ្ឌិតសភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ជាប្រធានកិត្តិយសនិងអាណាព្យាបាលក្រុមប្រឹក្សាជាតិភាសាខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់​
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងពិធីបើកសម័យប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ​ (ក.ជ.ភ.ខ.)
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២
 
 
  • សូមក្រាប​ថ្វាយបង្គំ ព្រះមុនី​កោសល ហ៊ុល សុវណ្ណ រាជា​គណៈ​ថ្នាក់ទោ អនុគណៈ​ខណ្ឌ​ឫស្សី​កែវ សមាជិក​ថេរសភា​សង្ឃ ព្រះចៅ​អធិការវត្ត​ទួល​សុវណ្ណា​រាម និង​ជាឧត្តម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ ជាទី​សក្ការៈ;
  • សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ យស ហ៊ុត ខេមចារោ ប្រធាន​ស្តីទី​សមាគមធម្មទូត ប្រធាន​មូលនិធិ​ពុទ្ធសាសនា​ខ្មែរ-វត្តធម្មរង្សី និង​ជាសមាជិក​នៃក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរ ជាទីសក្ការៈ;
  • សូមក្រាប​ថ្វាយបង្គំ​ព្រះថេរានុត្ថេរៈ​គ្រប់ព្រះ​អង្គ​ជា​ទីគោរព​សក្ការៈ;
  • ឯកឧត្ដមបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជាឧត្ដម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ;
  • ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​រាជរដ្ឋាភិបាល;
  • ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទីប្រឹក្សារាជ​រដ្ឋាភិបាល និង​ជាប្រធាន​ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ;
  • ឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវ​បណ្ឌិត​សភាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ លោកគ្រូ អ្នកគ្រូ និង​ក្មួយៗនិស្សិត​ទាំង​អស់ជាទី​ស្នេហា។
ថ្ងៃនេះ​ តាងនាម​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​គរុគណ​នៃក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ និង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ ខ្ញុំព្រះករុណា​ខ្ញុំ មាន​សេចក្តី​សោមនស្ស​រីករាយ​ចូលរួម​ក្នុងពិធី​បើកសម័យ​ប្រជុំលើក​ទី១ របស់​ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ នាពេល​នេះ។ ខ្ញុំសូម​យកឱកាស​នេះ​សម្តែង​នូវអំណរ​សាទរ​ចំពោះ​ការបង្កើត​ក្រុមប្រឹក្សា​ ជាតិភាសា​ខ្មែរ និង​សូម​កោត​សសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ ដឹកនាំ និង​មន្រ្តីរាជការ​នៃ​ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ការធ្វើ​ឱ្យស្ថាប័ន​ថ្មីនេះ​មាន​ដំណើរការ​គួរឱ្យ​កត់ សម្គាល់។
ដូចដែលព្រះតេជគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗ​ទាំងអស់​ជ្រាបស្រាប់​ហើយថា ការប្រើប្រាស់​ភាសាខ្មែរ​នៅក្នុង​សង្គមជាតិ​យើង​នាពេលកន្លង​មក ក៏ដូច​ជាពេល​បច្ចុប្បន្ន នៅ​មានពាក្យ​មួយចំនួន​ពុំទាន់​មាន​ការ​ឯកភាពគ្នា និង​ពុំទាន់​មានវាក្យសព្ទ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ក្នុងមុខ​ជំនាញ​ ផ្សេងៗ​នៅ​ឡើយ។​ ដោយមើល​ឃើញ​បញ្ហា​ប្រឈម​ទាំងនេះ សម្ដេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​រៀបចំ​បង្កើត​ឱ្យមាន​យន្តការ​ ថ្នាក់​ជាតិ​មួយ សម្រាប់​សម្រប​សម្រួលលើការសិក្សា ការ​ប្រមូល និង​ការកំណត់​ន័យ​របស់បច្ចេក​សព្ទ​ដែល​មានប្រើរួច​មកហើយ និង​ការបង្កើត​ពាក្យថ្មីៗ​តាម​មុខជំនាញ​នីមួយៗ ដើម្បី​ជំរុញឱ្យមាន​ការឯកភាព​គ្នាក្នុង​ភាសាជាតិ​ទាំង​សំណេរ អំណាន និង​ការ​និយាយស្តី។ ជាងនេះ​ទៅទៀត សម្តេច​តេជោ​នាយករដ្ឋមន្រ្តី តែង​ផ្តល់ការ​គាំទ្រយ៉ាង​ពេញទំហឹង និង​ជាប្រចាំ​ដល់​សកម្មភាព​អភិរក្ស​និង​អភិវឌ្ឍ​ភាសា និង​អក្សរខ្មែរ។
ខ្ញុំ​ព្រះករុណាខ្ញុំ នៅចាំ​បានថា នៅ​ចន្លោះ​ពីឆ្នាំ​២០០០ ដល់ឆ្នាំ​២០០៧ វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បានរៀបចំ​សិក្ខាសាលា​ ចំនួន​៤​លើក ស្ដីពីការ​អភិរក្ស និង​ការអភិវឌ្ឍ​ភាសាខ្មែរ ដើម្បី​ឈានទៅ​រក​ការឯកភាព​ក្នុង​ការ​ប្រើប្រាស់​ភាសាជាតិ។ តាមរយៈ​សិក្ខាសាលា​ទាំងនោះ វិទ្យាស្ថាន​ភាសាជាតិ​ទទួលបាន​នូវមតិ​យោបល់​ល្អៗពី​អ្នក​ចូលរួម ដែល​ក្នុងនោះមាន​មតិភាគ​ច្រើន​បានស្នើសុំ​ឲ្យយក​វចនានុក្រម​ខ្មែរ​របស់​ សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ធ្វើ​ជាមូលដ្ឋាន ក្នុង​ការប្រើប្រាស់​ភាសាខ្មែរ​ជាទូទៅ។ ទន្ទឹម​នឹងនោះ ក៏មាន​មតិស្នើ​សុំឲ្យ​រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ជាតិ​ខាង​ភាសា​ មួយ ចំណុះ​ឱ្យ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា។ ជាការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ក្នុងការ​ប្រើ​ប្រាស់​ភាសាខ្មែរ និង​តម្រូវការ​ដ៏ចាំបាច់​បែបនេះ រាជ​រដ្ឋាភិបាល​បាន​បង្កើត​ «គណៈ​កម្មាធិការ​ជាតិភាសា​ខ្មែរ» នៅ​ឆ្នាំ​២០០៧ ដែល​មាន ខ្ញុំ​ព្រះករុណា​ខ្ញុំ ជា​ប្រធាន និង​មាន​ឯកឧត្តម ឡុង សៀម ជាអនុប្រធាន​អចិន្ត្រៃយ៍។ បន្ទាប់មក ក្នុង​ឆ្នាំ​២០០៨ ឯកឧត្តម ព្រុំ ម៉ល់ ត្រូវ​បានតែងតាំង​ជាអនុប្រធាន​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​ជាតិ​នេះជំនួស​ឯកឧត្តម ឡុង សៀម ដែល​បាន​ទទួល​អនិច្ចកម្ម​ទៅ។
ដោយវិសាលភាព​ការងារ​របស់គណៈ​ កម្មាធិការជាតិ​ភាសាខ្មែរ​កាន់តែមាន​ទំហំធំធេង​ជាងមុន​ រាជរដ្ឋា​ភិបាលបាន​សម្រេច​កែសម្រួល​យន្តការ​គណៈកម្មាធិការ​ជាតិនេះ​ឱ្យទៅ​ជា «ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ» នៅ​ខែមិថុនា ឆ្នាំ២០១១ ហើយ​ថ្មីៗនេះ ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ​បាន​បង្កើត​គណៈកម្មការ​បច្ចេកទេស​ចំនួន១៤ ដើម្បី​សិក្សា ប្រមូល និងកំណត់​និយមន័យ​បច្ចេកស័ព្ទ​ទាក់ទង​នឹង​ជំនាញ​នានា​ឱ្យបានកាន់​ តែទូលំទូលាយ​ជាងមុន សំដៅ​ឆ្លើយ​តបទៅនឹង​តម្រូវ​ការ​នៃ​ការ​វិវត្ត​របស់​សង្គម និង​ការរីកចម្រើន​របស់​បច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត។ ខ្ញុំ​ព្រះករុណាខ្ញុំ មាន​ជំនឿ​យ៉ាងមុត​មាំ​ថា ក្រុម​ប្រឹក្សា​ជាតិភាសាខ្មែរ​នឹងប្រើប្រាស់​តួនាទី​ដ៏ចម្បង​របស់​ខ្លួន ក្នុងការពិនិត្យលើ​ការប្រើប្រាស់​ភាសា និង​អក្សរខ្មែរ កំណត់​ការ​សរសេរ ការអាន និង​ការឱ្យ​និយមន័យ​ឱ្យមាន​ការឯកភាព​គ្នា និង​បង្កើត​ពាក្យថ្មី និង​ពាក្យ​កម្ចី​ពី​បរទេស ក្នុងគោល​បំណង​លើក​កម្ពស់ការ​អភិរក្ស និងអភិវឌ្ឍ​ភាសា និង​អក្សរខ្មែរ ប្រកប​ដោយ​និរន្តរភាព និង​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ។
-​​ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតទាំងអស់ !
ការជួបជុំគ្នាយ៉ាង​ផុសផុលនៅ​ ថ្ងៃនេះ គឺជា​សក្ខីភាព​សបញ្ជាក់​ឱ្យឃើញ​នូវ​ទឹកចិត្ត​ស្រឡាញ់​ភាសា និង​អក្សរខ្មែរ ពីសំណាក់​បញ្ញវន្ត​ខ្មែរមក​ពីគ្រប់​មជ្ឈដ្ឋាន ហើយ​ក៏ជា​ការប្រកាស​ជាផ្លូវការ​នូវការបន្ត​ដំណើរ​ការ​ការងារ​របស់​ ក្រុមប្រឹក្សា​ជាតិ ភាសា​ខ្មែរ​ពីគណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​ផងដែរ។ ជា​ការពិត​ណាស់ គ្រប់ភាសា​នៃ​ជាតិ​សាសន៍​ទាំងអស់​តែងតែ​មាន​ពាក្យ​ថ្មីៗ​កើតឡើង​នៅ​ពេលដែល​ សង្គម​វប្បធម៌​មាន​ការ​ប្រែប្រួល។ ដូចគ្នា​នេះដែរ ភាសាខ្មែរ​យើងក៏កំពុង​មានការវិវត្ត ទៅតាម​ការអភិវឌ្ឍ​របស់សង្គម ដែល​ធ្វើឲ្យមាន​ពាក្យថ្មីៗ​កើតឡើង​យ៉ាងច្រើន ដើម្បី​យកមក​ប្រើប្រាស់​ឱ្យ​សមស្របតាម​ការរីក​ចម្រើន​របស់​បច្ចេកវិទ្យា វិទ្យាសាស្រ្ត ផលិត​ផល​ទំនើបៗ និង​ស្របតាម​តម្រូវ​ការផ្សេងៗ​ទៀត​របស់​សង្គម។ ក្នុង​ន័យនេះ យើង​ត្រូវ​កំណត់​គោល​ការណ៍ និងក្បួន​ខ្នាតថ្នាក់​ជាតិឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ធានាដល់​ការបង្កើត និងប្រើ​ប្រាស់​ពាក្យថ្មីៗ​ឲ្យការមាន​ការ​ឯកភាព​គ្នា ហើយ​កិច្ចការទាំង​នេះគឺ​ជាភារកិច្ច​ស្នូល​របស់​ក្រុមប្រឹក្សា​ជាតិ​ ភាសាខ្មែរ។
ជាក់ស្តែង ការប្រើប្រាស់​ភាសា និងអក្សរខ្មែរនា​ពេលបច្ចុប្បន្ន​នេះនៅ​មានភាព​ប្រទាញ​ប្រទង់​គ្នាមួយ​ចំនួន​ ដោយ​សារ​ពុំទាន់​មានការ​ស្រុះស្រួល និង​ខ្វះការឯកភាព​គ្នា​លើ​គោលការណ៍ និង​ក្បួនខ្នាត​ពាក់ព័ន្ធ​ទៅនឹង​សំណេរ អំណាន និងការ​និយាយ​ស្តី​ជាដើម។ ដើម្បី​កែលម្អ​នូវចំណុច​អវិជ្ជមាន​ទាំងនេះ ក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរត្រូវបង្កើន​ការយក​ចិត្តទុក​ដាក់​អនុវត្ត​ នូវតួនាទី និង​ភារកិច្ច​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន និងកាន់​តែសកម្ម​ក្នុងការពិនិត្យ និង​សម្រេចឱ្យ​មានការ​ឯកភាព​នូវ​ពាក្យ និង​បចេ្ចកសព្ទ​ដែល​មានប្រើក្នុង​ភាសាខ្មែរ​នាពេល​កន្លងមក ព្រមទាំង​កំណត់​ការសរសេរ ការអាន ក៏ដូចជាការ​បង្កើត​ពាក្យថ្មី និងពាក្យ​កម្ចីពី​បរទេស​ឱ្យបានត្រឹមត្រូវ​តាមបទដ្ឋាន​បច្ចេកទេស។ ​ជាង​នេះទៅទៀត ក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរត្រូវ​បង្កើនការ​ផ្សព្វផ្សាយ​លទ្ធផល​ការងា​ ររបស់ខ្លួន ជាពិសេស​លទ្ធផល​នៃការកំណត់​ការប្រើ​ភាសា និង​អក្សរខ្មែរ ឱ្យ​កាន់​តែទូលំទូលាយ តាមរយៈ​មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ក្នុង​គ្រប់រូបភាព។
ជាមួយគ្នានេះដែរ ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​ព្រះករុណាខ្ញុំ សូម​ឱ្យក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ក្រសួង​អប់រំ យុវជន និងកីឡា ផ្តល់​នូវកិច្ច​សហការ​ឱ្យបាន​ស្អិតរមួត​ក្នុងការ​ផ្សព្វផ្សាយ និង​ប្រើប្រាស់​ភាសា និង​អក្សរខ្មែរ​ដែល​ត្រូវបាន​កំណត់​ដោយ​ក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរ ក៏ដូចជា​ចូលរួមផ្តល់​នូវមតិយោបល់​ពាក់ព័ន្ធ​នឹង​បច្ចេកសព្ទ និង​ពាក្យថ្មីៗ​នៅក្នុង​វិស័យ និង​ជំនាញឯក​ទេសរបស់​ខ្លួន ដើម្បី​ឱ្យ​មានសុខដុម​នីយកម្ម​ក្នុងការប្រើប្រាស់​ភាសា និង​អក្សរខ្មែរ​ក្នុង​ពេលប​ច្ចុប្បន្ន ក៏ដូចជា​នៅ​ពេលអនាគត។ ខ្ញុំ​ក៏សូមយក​ឱកាសនេះ អំពាវ​នាវដល់​ជនរួមជាតិ​ទាំងអស់ សូមចូលរួម​និង​យកចិត្តទុក​ដាក់ក្នុងការ​ប្រើប្រាស់​ភាសា និងអក្សរខ្មែរ​ឱ្យបានត្រឹម​ត្រូវតាម​ការកំណត់​របស់ក្រុមប្រឹក្សា​ជាតិភាសា​ ខ្មែរ​សំដៅ​លើកកម្ពស់​ឧត្តមភាព​នៃ​ភាសាជាតិ​យើង ក៏ដូច​ជារួម​ចំណែកដល់​ការអភិរក្ស និង​អភិវឌ្ឍ​ភាសា និង​អក្សរខ្មែរ។
ជា​ថ្មីម្តង​ទៀត ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែង​នូវអំណរ​គុណចំពោះ​ព្រះតេជគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗនិស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាន​ចូលរួមគាំទ្រ​ដល់ការលើក​ស្ទួយតម្លៃវ​ប្បធម៌ជាតិ​យើង ជាពិសេស​ភាសា និងអក្សរ​ខ្មែរដែល​ជាដួងព្រលឹង​នៃវប្បធម៌ និង​ជា​អត្តសញ្ញាណ​របស់ជាតិ​យើង ឱ្យ​សមដូច​សុភាសិត​ខ្មែរពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិរុងរឿង»។ ក្នុងន័យនេះ ខ្ញុំព្រះ​ករុណាខ្ញុំ សូម​សម្តែង​នូវការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់បណ្តា​ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់​ក្រោមជាតិ​គ្រប់លំដាប់​ថ្នាក់ គ្រឹះស្ថាន​សិក្សាគ្រប់កម្រិត ក៏ដូច​ជាអង្គការ​មិនមែន​រដ្ឋាភិបាល និងផ្នែកឯកជន ជាពិសេស​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន និង​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​នានា ឱ្យយក​ចិត្តទុកដាក់​ពិនិត្យឲ្យបាន​ដិតដល់​ចំពោះ​ការសរសេរ ការអាន ការខ្ចីពាក្យ និង​ការបង្កើត​ពាក្យថ្មីៗ ដើម្បី​ធានា​ឱ្យបាន​នូវការឯកភាព​គ្នាក្នុងការ​ប្រើប្រាស់​ភាសា និង​អក្សរខ្មែរ​យើង។ ក្នុង​ករណី​ដែល​មានការយល់​មិន​ស្របគ្នា​ទាំង​វេយ្យាករណ៍ សំណេរ អំណាន និង​បញ្ហាពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងការ​ប្រើប្រាស់​ភាសា និង​អក្សរខ្មែរ ខ្ញុំព្រះករុណាខ្ញុំ សូមឱ្យ​មាន​ការជជែក​ពិភាក្សា​គ្នាឱ្យបាន​ល្អិតល្អន់​ក្នុងក្របខ័ណ្ឌ​ ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ ជា​ជាង​ធ្វើការ​បកស្រាយ​ជា​សាធារណៈ​ដោយ​អត្ត​វិស័យ​ភាព ដែល​អាច​បណ្តាល​ឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ។​ ការ​ឯកភាព​ក្នុង​ភាសា ជា​សញ្ញាណ​នៃការ​ឯក​ភាពជាតិ។ ខ្ញុំ ​ព្រះករុណាខ្ញុំ សង្ឃឹម​ថា ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ​នឹងខិតខំ​យកចិត្ត​ទុកដាក់​បង្កើន​ ការផ្សព្វផ្សាយ​លទ្ធផល​ការងារ​របស់​ខ្លួនឱ្យបាន​ជ្រួតជ្រាប​ដល់​ស្រទាប់​ មហាជន​យ៉ាងទូលំ​ទូលាយ និង​ទាន់​ពេលវេលា។
មុន​នឹង​បញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ ក៏សូម​យកឱកាសនេះ​អំពាវនាវ​ដល់ព្រះ​ថេរានុត្ថេរៈ​គ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី និង​សប្បុរសជន​ជាតិ​និងអន្តរជាតិ​ទាំងអស់ សូមជួយ​ឧបត្ថម្ភគាំទ្រ​ជាស្មារតី សម្ភារៈ និងថវិកា ដល់ដំណើរ​ការការងារ​របស់​ក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរ ក៏ដូច​ជាការផ្សព្វផ្សាយ​លទ្ធផល​ការងារ​ទាំងនោះ​ជាសាធារណៈ ដើម្បី​ជាប្រយោជន៍​របស់ជាតិ​យើង​ទាំងមូល និង​ជាកេរដំណែល​ដល់​អ្នកជំនាន់​ក្រោយ។
នៅ​ទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេន​ពរដល់​ព្រះថេរានុត្ថេរៈ​គ្រប់ព្រះ​អង្គប្រកប​ដោយពុទ្ធពរ​ទាំង​បួន ​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និងពលៈ និងសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី និងក្មួយៗ​និស្សិត​ទាំងអស់ មាន​សុខភាព​ល្អ ជោគជ័យ​គ្រប់ភារ​កិច្ច និងមាន​សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ។
ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ សូម​​ប្រកាស​បើក​សម័យ​ប្រជុំ​លើក​ទី​១ នៃ​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ​ ចាប់​ពី​ពេល​នេះ​តទៅ​។​
​​​​​​​​​​​​ សូម អរព្រះគុណ និង អរគុណ​ !

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...