Skip to main content

បទសម្ភាសន៍ លោក​បណ្ឌិត ឈឹម ផលវរុណ ជា​មួយ​ទូរ​ទស្សន៍​បាយ័ន​ ស្តីពី​ ភាពខ្សោយ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ប្រព័ន្ធ​នយោបាយ​ប្រជា​ធិប​តេយ្យ​នៅ​ កម្ពុជា​



ថ្ងៃទី ៣០ ខែ មេសា​ ​ ឆ្នាំ២០១២
លោក សត្យា រក្ស
សំណួរ៖ ​គណបក្ស​ប្រឆាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ បើ​យើង​តាម​ដាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ពួក​គាត់​ យើង​ស្តាប់​ទៅ​ឃើញ​ថា មាន​តែ​គណបក្ស​ប្រឆាំង​ទេ ដែល​ល្អ​លើស​​គេ​ លើស​ឯង​ ហើយ​អត់​ចេះ​ខុស​​ទាល់​តែ​សោះ​​ ប៉ុន្តែ​បើ​យើង​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ទៅ​ ទាក់​ទង​ទៅ​នឹង​សកម្ម​ភាព​​ និង​ទង្វើ​របស់​គណបក្ស​​​ប្រឆាំង​វិញ​នោះ​ គឺ​សុទ្ធ​តែ​ជា​សកម្ម​ភាព​ដែល​គ្មាន​ប្រយោជន៍​​សម្រាប់​ជី​វភាព​រស់​នៅ របស់​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​គឺ​គ្មាន​ប្រយោជន៍​​សម្រាប់​ជា​ចលករ​ជម្រុញ​​ ដល់​ការ​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​​ទេ។​ ហើយ​បើ​យើង​ងាក​ទៅ​មើល​សមាជិក​ ឬ​ក៏​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ គឺ​កំពុង​តែ​ថយ​ចុះ​​ជា​បន្ត​បន្ទាប់​ សូម្បី​តែ​ពេល​ដែល​យើង​កំពុង​តែ​ពិភាក្សា​គ្នា​នេះ​​ ក៏​មាន​សកម្ម​ជន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ កំពុង​តែ​ដើរ​ចេញ​ពី​បក្ស​ប្រឆាំ​ង​ដែរ។​ អញ្ចឹង​​ចំណុច​ដែល​ជា​ការ​ចុះ​ខ្សោយ​របស់​គណបក្ស​ប្រឆាំ​ង​នេះ​ តើ​លោក​បណ្ឌិត​មាន​ទស្សនៈ​យ៉ាង​ម៉េចដែរបាទ​​?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ការ​ពិត​ទៅ​ ការ​ធ្វើ​នយោបាយ​ ការ​ទទួល​ស្គាល់​នូវ​សិទ្ធិ​សេរីភាព​នយោបាយ​​ មានន័យ​ថា ទស្សនៈ​ខុសៗ​គ្នា អាច​ប្រកួត​​ប្រជែង​គ្នា​ អាច​ជជែក​តវ៉ា​គ្នា​​​បាន ហ្នឹង​គឺ​ក្នុង​ន័យ​ទូលំ​ទូលាយ​មួយ។​ ប៉ុន្តែ​​បញ្ហា​នៅ​កម្ពុជា​ស្ថិត​នៅ​ត្រង់​ថា តើ​ចលករ​នយោបាយ​ទាំង​អស់​នោះ​ មាន​វប្បធម៌​នយោបាយ​​ប្រជា​ធិប​តេយ្យ​កម្រិត​ណា?​​ ហើយ​បើ​បញ្ហា​​ខ្វះ​នូវ​វប្បធម៌​ប្រជាធិបតេយ្យ​ វា​នាំ​ឲ្យ​ការ​ធ្វើ​នយោបាយ​របស់​ចលករ​នយោបាយ​ហ្នឹង ដែល​មាន​ទាំង​គណបក្ស​នយោបាយ​ មាន​ទាំង​ក្រុម​នយោបាយ​ផ្សេង​ៗ ធ្វើ​ឲ្យ​ការ​គិត​ខាង​នយោបាយ​​ក៏​ចុះ​ខ្សោយ​ដែរ ហើយ​កាល​ណា​ការ​គិត​ខាង​នយោបាយ​ចុះ​ខ្សោយ​ ការ​ចូលរួម​ក្នុង​កិច្ច​ការ​នយោបាយ​ ក៏​ខ្សោយ​តាម​ហ្នឹង​ដែរ។​ យើង​អាច​ពិនិត្យ​ឃើញ​មូល​ហេតុ​អ្វី​បាន​ជា​គណបក្ស​ប្រឆាំង នៅ​កម្ពុជា ដើរ​ខុស​គន្លង​នៃ​វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ?​​ គឺ​ដោយ​​សារ​គេ​ប្រកាន់​ជំហរ​មួយ​ គឺ​ជំហរ​ធ្វើ​បដិវត្ត​ផ្តួល​រំលំ​គណបក្ស​គ្រប់​គ្រង​រដ្ឋាភិបាល​ ហើយ​កាល​ណា​យើង​និយាយ​ពី​ទី​លាន​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ ប៉ុន្តែ​យើង​ប្រកាន់​យក​ជំហរ​​បដិវត្ត​ផ្តួល​រំលំ​ បាន​ន័យ​ថា វា​ជា​ធាតុ​ពីរ​បុក​ទង្គិច​គ្នា​ហើយ វាមិនអាច​​​ស៊ី​គ្នា​បាន​ទេ។​ ខ្ញុំ​អាច​ឲ្យ​ជា​សមត្ថកម្ម​​ជូន​ប្រជាពលរ​ដ្ឋ​អាច​ពិនិត្យ​មើល​ អ្នក​នយោបាយ​ប្រឆាំង​ ក៏​ដូច​ជា​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ ជំហរ​គាត់​ដូច​គ្នា​ ទោះ​បី​អត្តសញ្ញាណ​ពីរ​ខុស​គ្នា​ មួយជា​ NGO គឺ​ជា​អង្គការ​ផ្តល់​សេវា​កម្ម និងមួយទៀត​ជា​គណបក្ស​នយោបាយ​គឺ​ជា​ចលករ​​នយោបាយ​នៃ​ការ​ប្រកួត​ប្រជែង​ អត្ត​សញ្ញាណ​ពី​រ​ហ្នឹង​ខុស​គ្នា​។​ ប៉ុន្តែពួក​​គាត់​មាន​ជំហរ​ដូច​គ្នា​ ត្រង់​ថា គាត់​ប្រកាន់​យក​ជំហរ​បដិវត្ត​ផ្តួល​រំលំ​ គឺ​មិន​មែន​ជំហរ​នៃ​ការ​តស៊ូមតិ​​​ ឬ​ការ​ប្រកួត​ប្រជែង​ ដើម្បី​ធ្វើ​ឲ្យ​ភាព​អសកម្ម​​ហ្នឹង​វា​កាត់​បន្ថយ​ទេ បែរ​​ទៅ​ជា​​រុញ​មនុស្ស​ឲ្យ​ធ្វើ​ជា​សកម្ម​ជន​ប្រឆាំង​ទៅវិញ​។​ យើង​ស្តាប់​មើល​គណបក្ស​ប្រឆាំង សម រង្ស៊ី ក្តី គណបក្សប្រឆាំង​ កឹម សុខា ក្តី គេ​និយាយ​ពី​សកម្ម​ជន ​​ដល់​ខាង​អង្គការ​សិទ្ធិ​មនុស្ស​​ក៏​អញ្ជឹង​ដែរ​អ្នក​ណា​ដែល​គគ្រឹក​គគ្រេង ​​ ឈាន​មុខ​គេ​គឺ​គេ​ហៅ​ថា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ សកម្ម​ជន​អ្វី​ផ្សេងៗ...​តាម​តែ​គេ​ដាក់​ទៅ។ ពាក្យ​ថា សកម្ម​ជន​នេះ​គឺ​វា​មិន​ខុស​ពី​​ក្រុម​ភេរវកម្ម​ ដែល​គេ​ហៅ​ថា​ក្រុម​សកម្មជន​នៃ​សកម្មភាព​មួយ​ដែល​គេ​ត្រូវ​ធ្វើ​ ដែល​អង់គ្លេស​ហៅ​ថា activist  នោះ​ ។​ ពាក្យ​នេះ​មិន​ល្អ​ទេ​ កាល​ណា​យើង​ប្រកាន់​យក​ activist ឬ​ក៏​សកម្ម​ជន​​ហ្នឹង​វា​ធ្វើ​ឲ្យ​យើង​ មាន​ផ្នត់​គំនិត​មួយ​គឺ​ប្រតិបត្តិការ​ផ្តួល​រំលំ​ វា​អត់​ពឹង​ផ្អែក​ទៅ​លើ​ការ​គិត ​ការ​ពិចារណា​ សម្រាប់​​ការ​ប្រកួត​ប្រជែង​ទេ​ អញ្ចឹង​​ហើយ​បាន​ជា​​ដំណើរ​ការ​របស់​គណបក្ស​ប្រឆាំង​ គឺ​មេ​ដឹក​នាំ​​គណបក្ស​​ប្រឆាំង​ រើ​ស​យក​មនុស្ស​ដែល​ទទួល​នូវ​បញ្ជា​ពី​​ពួក​គាត់​។​ អញ្ចឹង​ហើយ​បាន​គាត់​ហៅ​ថា​​សកម្ម​ជន​របស់គាត់​​នោះ ។

លោក សត្យា រក្ស
សំណួរ ​៖ លោក​បណ្ឌិត បើ​តាម​ដែល​ខ្ញុំ​សង្កេត​មើល​ទៅ​លើ​​សកម្ម​ជន​របស់​គណបក្ស​ប្រឆាំង​ ខ្ញុំ​ឃើញ​ថា កង្វល់​របស់​គណបក្ស​ប្រឆាំង​គឺ​មាន ពីរ កង្វល់​ទី​១ គឺ​គេ​បាញ់​ឆ្ពោះ​ទៅ​រក​ ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ហើយ​កង្វល់​ទី២ គឺ​គេ​បាញ់​ឆ្ពោះ​មក​លើ​​ការ​ផ្តួល​រំលំ​គណបក្ស​ប្រឆាំង​ដូច​គ្នា​ អញ្ចឹង​ចំណុច​នេះ​លោក​បណ្ឌិត​មើល​ឃើញ​យ៉ាង​ម៉េច​​ដែរ​?

លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ត្រង់​ហ្នឹង​​បាន​ន័យ​ថា ពួក​គាត់​អត់​មាន​សមត្ថភាព​ធ្វើ​នយោបាយ​ទេ ហើយ​ពាក្យ​ថា​អត់​មាន​សមត្ថភាព​ធ្វើ​នយោបាយ​​នេះ​មិន​មែន​មាន​ន័យ​ថា ទាល់​តែ​ចេះ​ដឹង​ទេ មិន​បាច់​​ចេះ​ដឹង​ក៏​បាន​ដែរ​ ប៉ុន្តែ​ចេះ​បើក​ទូលាយ​ក្នុង​ការ​គិត​ ក្នុង​ការ​ទទួល​យក​​នូវ​គំនិតពិ​​ភាក្សា​គ្នា​ ក៏​ដូច​ជា​គំនិត​របស់​អ្នក​ដ៏ទៃ​។ គណបក្ស​ប្រឆាំង​នេះ​យើង​អាច​សង្កេត​មើល​គាត់​​ដើរ​តួ​ជា​អ្នក​ប្រដៅ​ រដ្ឋាភិបាល​ ហើយ​មិន​មែន​តែ​ គណបក្ស​ប្រឆាំងទេ អង្គការ​ NGO និន្នាការ​ប្រឆាំងក៏​​អញ្ចឹង​ដែរ​ គេ​ដើរ​តួ​ជា​អ្នក​ប្រដៅ​រដ្ឋាភិបាល។​​ ត្រង់​ហ្នឹង​ហើយ​ដែល​បញ្ច្រាស់​ទិស​ ដល់​គេ​ដើ​រ​តួ​ជា​អ្នក​ប្រដៅ​រដ្ឋាភិបាល​ អញ្ចឹង​គេ​បញ្ជូន​មនុស្ស​ធ្វើ​ជា​សកម្មជន​ ធើ្វ​ឲ្យ​​បង្កើត​នូវ​សកម្ម​ភាព​វឹក​វរ​។​ ការ​ពិត​ការងារ​នៃ​ការ​តតាំង​គ្នា​ល្អ​ណាស់​ ខ្ញុំ​លើក​ឧទាហរ​ណ៍​ដូច​ជា​ការងារ​សិទ្ធិ​មនុស្ស​ ជា​ការ​ងារ​ល្អ​ទេ ការងារ​ការ​ពារ​បរិស្ថាន​ ការ​ងារ​ការ​ពារ​សិទ្ធិ​សេរីភាព​ផ្សេង​ៗ​ជា​ការងារ​ល្អ​ទេ ប៉ុន្តែ​ឥរិយាបទ​​របស់​បុគ្គល​ដែល​ធ្វើ​នេះ វា​អា​ក្រក់​ ធ្វើ​ឲ្យ​ការងារ​ហ្នឹង​បរាជ័យ​ ដោយ​សារ​បុគ្គល​ហ្នឹង​គាត់​យក​ការងារ​​ហ្នឹង គ្រាន់​តែ​ជាមុខ​​របរ​ទេ មិន​មែន​យក​ការងារ​ហ្នឹង​ដោះ​ស្រាយ​បញ្ហា​ទេ គឺ​យក​​ការងារ​ហ្នឹង​ជាមុខ​​របរ​ ដើម្បី​បង្ហាញ​អំពី​​ភាព​សកម្ម​របស់​ខ្លួន​ ដើម្បី​ទទួល​ងារ​ជា​សកម្មជន​។​ អញ្ចឹង​ហើយ​គាត់​អត់​គិត​ពាក្យ​ថា សកម្ម​ជន​ វា​ជា​ទាសករ​​ ដូច​គណបក្ស​ប្រឆាំង គាត់​ចាត់​ទុក​ថា អ្នក​នៅ​ក្រោម​ឱវាទ​របស់​គាត់​ជា​សកម្ម​ជន​ ដល់​អញ្ចឹង​ទៅ​វា​មាន​ន័យ​ថា ជា​ទាសករ​នយោបាយ​ហ្នឹង​ឯង​ ដល់​ជា​ទាសករ​នយោបាយ​គឺ គេ​អត់​ចាំ​បាច់​គិត​ទេ គេ​ធ្វើ​ម៉េច​ឲ្យតែ​​ប្រ​ឆាំង​​។​ បើ​មេ​របស់​គេ​ប្រឆាំង​គណបក្ស​គ្រប់​គ្រង​រដ្ឋាភិបាល​ សកម្ម​ជន​របស់​គេ​ទទួល​រង​នូវ​ការ​ចុច​​ តេលេកុំម៉ង់​​ ត្រូវ​តែ​ប្រឆាំង​​នឹង​រដ្ឋាភិបាល​ ប្រឆាំង​នឹង​គណបក្ស​​គ្រប់​គ្រង​រដ្ឋាភិបាល​ដែរ​។​ តែ​បើ​មេ​គេ​បាញ់​ឆ្ពោះ​ទៅ​តតាំង​មេ​​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ គឺ​សកម្ម​ជន​របស់​គេ​​ ក៏​ធ្វើ​សកម្មភាព​វោហារ​ស័ព្ទទាំង​សកម្មភាព​ជា​ទង្វើ​ក្តី គឺ​ប្រឆាំង​ទៅ​តាម​អ្វី​ដែល​មេ​គេធ្វើ​ ត្រង់​ហ្នឹង​ដែល​គេ​ហៅ​ថា ប្រាស់​ចាក​ពី​គន្លង​វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​ បាន​ន័យ​ថា ខ្វះ​នូវ​គំនិត​នៃ​ការ​គិត​ អញ្ចឹង​ហើយ​យើង​ឃើញ​សកម្មជន​របស់​គាត់​ អត់​ចាំ​បាច់​គិត​ទេ ដឹង​តែ​ធ្វើ​តាម។​​ ការ​ពិត​បើ​យើង​និយាយ​ពី​​នយោបាយ​វិញ​ គេ​បែង​ចែក​ណាស់​ ថ្នាក់​ដឹក​នាំ​នៅ​ថ្នាក់​​ជាតិ​គេហៅ​ថា​ អ្នក​នយោបាយ​ថ្នាក់​ជាតិ ហើយ​ថ្នាក់​ក្រោម គេ​ហៅ​ថា អ្នក​នយោបាយ​ថ្នាក់​មូលដ្ឋាន​ ដូច​ជា​អ្នក​នយោបាយគណបក្ស​ ​​នៅ​​ឃុំ​ សង្កាត់​។​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​អត់​មាន​ទេ ​អ្នក​នយោបាយ​មូលដ្ឋាន​ នៅ​ខាង​លើ​ជួរ​ដឹក​នាំ​គេ​មាន គឺ​គេ​មាន​ក្បាល​ម៉ាស៊ី​ន​ដឹក​នាំ ប៉ុន្តែ​ក្រោម​ឱវាទ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ គឺ​សកម្មជន​សុទ្ធសាធ​ មិន​មែន​ជា​អ្នក​នយោបាយ​មូលដ្ឋាន​ មិន​មែន​ជា​អ្នក​នយោបាយ​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ សង្កត់​ទេ ។

លោក សត្យា រក្ស
សំណួរ៖ នៅ​មាន​ចំណុច​មួយ​ដែល​ខ្ញុំ​សូម​ឲ្យ​លោក​បណ្ឌិតជួយ​​ធ្វើ​ការ​បំភ្លឺ​ ជូន​បង​ប្អូន​ប្រជាពល​រដ្ឋ​ ជា​ពិសេស​​ជន​រួម​ជាតិ​​ រួម​ជា​មួយ​បង​ប្អូន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ដើម្បី​ទុក​ជា​ការ​ជ្រាប។​​ អ្វី​ដែល​ខ្ញុំ​បាន​តាម​ដាន​ទៅ​លើ​ គណបក្ស​នយោបាយ​ទាំង​អស់​នៅ​​ប្រទេស​កម្ពុជា​ ជា​ពិសេស​គណបក្ស សម រង្ស៊ី គណបក្ស​តូចតាច​របស់​លោក កឹម សុខា ខ្ញុំ​ឃើញ​ថា​ការ​ចូលរួម​ក្នុង​នយោបាយ​ ជា​មួយ​គណបក្ស​ប្រឆាំង​ ដូច​ជា​គណបក្ស​ សម រង្ស៊ី បើសិន​ជា​មាន​មនុស្ស​ណា​ម្នាក់​ចង់​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​​គឺ​គណបក្ស ​នេះ មាន​ការ​រឹត​​ត្បិត​​ ស៊ើប​អង្កេត​ប្រវត្តិ។​ គេ​ខ្លាច​មាន​ការ​បង្កប់​​ ធ្វើ​ឲ្យ​គណបក្ស​ខូច​ខាត​ ហើយ​ចំណែក​កឹម​ សុខា ក៏​ដូច​គ្នា​ សូម្បី​តែ​សកម្ម​ជន​របស់​គណបក្ស សម រង្ស៊ី ដែល​ចូល​រួម​ជា​មួយ​ កឹម សុខា មិន​មែន​មាន​ន័យ​ថា កឹម សុខា បើក​បេះ​ដូង​ទូលាយ​ទទួល​ស្វាគមន៍​ ដោយ​សុទ្ធ​ចិត្ត​នោះ​​ទេ គឺ​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ចម្រោះ ការ​ចម្រាញ់​ ពិនិត្យ​អង្កេត​ ពីព្រោះ​ខ្លាច​ ខ្មាំង​បង្កប់​ គេ​ហៅ​ថា ច្រេស​ស៊ីដែក ។ អញ្ចឹង​​យើង​ឃើញ​ថា គណបក្ស​ប្រឆាំង​​​មាន​ការ​ប្រយ័ត្ន​ប្រយែង​ណាស់​ សូម្បី​តែ​នៅ​ក្នុង​គណបក្ស សម រង្ស៊ី ដដែល​ ដែល​មាន​បែង​ចែក​ជា​ក្រុម មាន​ក្រុម កែ​ សុវណ្ណារត្ន័​ មាន​ក្រុម​ ស៊ុន ឆ័យ​ អីជាដើម​ ដែល​ក្រុម​តូច​ៗ​នៅ​ក្នុង​បក្ស​ហ្នឹង  គឺ​អ្នក​ដែល​ធ្លាប់​គាំទ្រ​ ស៊ុន ឆ័យ​ ហើយ​ទៅ​គាំទ្រក្រុម​​ កែ សុវណ្ណារ័ត្ន​ ក៏​ជា​បញ្ហា​ទៀត អញ្ចឹង​នេះ​គឺ​ជា​ការ​រឹត​ត្បិត​​មួយ។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សម្រាប់​គណបក្ស ប្រជា​ជន​កម្ពុជា គឺ​មាន​ការ​បើក​ចំហរ​ ទោះ​​បី​អ្នក​នោះ​ធ្លាប់​ប្រមាថ​គណបក្ស​ប្រជាជន​ ថា​ជា​គណបក្ស​អាយ៉ង​យួន​ ​ឬ​ក៏​ជា​គណបក្ស​ដែល​ពុក​រលួយ​ ផ្តាច់​ការ​អី​យ៉ាង​ណា​ក្តី​នោះ​ គឺ​ថា ឲ្យ​តែ​បង​ប្អូន​ទាំង​នោះ​ស្ម័គ្រ​ចិត្ត​​មក​រួម​រស់​ជា​មួយ​គណបក្ស​ប្រជាជន ​ ដែល​មាន​ន័យ​ថា ចូល​រួម​កសាង​ជាតិ​ជា​មួយ​គណបក្ស​ប្រជា​ជន​ គឺ​យើង​ផ្តល់​តួនាទី​ទៅ​តាម​ចំណេះ​វិជ្ជា​ ទៅ​តាម​សមត្ថភាព​របស់​អ្នក​នោះ​ថែម​​​ទៀត​ផង។​ អញ្ចឹង​ចំណុច​នេះ​លោក​បណ្ឌិត យល់ឃើញ​យ៉ាង​ម៉េច​?

លោកបណ្ឌិត​ ឈឹម ផលវរុណ
ចម្លើយ៖ ចំណុច​នេះ​ហើយ​ជា​ទឡ្ហីករ​បង្ហាញ​​ឲ្យ​ឃើញ​ថា គណបក្ស​ប្រឆាំង​ ដែល​កើត​មាន​នៅ​កម្ពុជា​ ថ្វី​ត្បិត​តែ​យើង​មាន​ពហុបក្ស​ តែ​គ្រាន់​តែ​ជា​តួលេខ​ទេ បើ​យើង​ផ្អែក​ទៅ​លើ​និយម​ន័យ​គណបក្ស​​គេ​ហៅ​ថា ជា​ក្រុម​មនុស្ស​ ដែល​រួម​គ្នា​បង្កើត​គណបក្ស​ ដោយ​សារ​តែ​ពួក​គាត់​មាន​គំនិត​ ទស្សនៈ​នយោបាយ​ ដូច​ឬ​ស្រដៀង​គ្នា​ យើង​យក​សមត្ថកម្ម​ និយម​ន័យ​ទៅ​ហ្នឹង​ទៅ​ដាក់​ជា​រូបមន្ត​ ទៅ​សិក្សា​នៅ​គណបក្ស សម រង្ស៊ី និង​គណបក្ស​​សិទ្ធិមនុស្ស​។​ តើ​អ្នក​ដែល​ចូល​រួម​នៅ​ក្នុង​គណបក្ស សម រង្ស៊ី ទាំង​ថ្នាក់​លើ​​ រហូត​ដល់​ថ្នាក់​មូល​ដ្ឋាន​ តើ​មាន​ចំណុច​ណា​ដែល​បង្ហាញ​ថា​ ពួក​គាត់​មាន​ទស្សនៈ​នយោបាយ​​ដូច​ និង​ស្រដៀង​គ្នា្?​​ ដូច​គ្នា​នេះ​ដែរ​ យក​រូបមន្ត​ហ្នឹង​ដដែល​ទៅ​គណនា​គណបក្ស​ កឹម សុខា ក៏​យើង​ឃើញ​ដែរ​ តើ​មាន​ចំណុច​ណា​ដែល​បញ្ជាក់​ថា ពួក​គាត់​រួម​គ្នា​បង្កើត​គណបក្ស​មានឆន្ទៈ​ និង​ទស្សនៈ​នយោបាយ​ដូច​ឬ​ស្រដៀង​គ្នា​ទេ?​ គឺ​អត់​មាន​ទេ​។​ មាន​ដូច​គ្នា​​ត្រង់ថា​​គាំទ្រ​លោក​ សម រង្ស៊ី គាំទ្រ​លោក​ កឹម សុខា ប្រឆាំង​តាម​មេ​​របស់​គេ​គឺ​ ស្អប់​គណបក្ស​ប្រជា​ជន​កម្ពុជា ហើយ​បង​ប្អូន​ចាំ​មើល​ នៅ​ពេល​​ខ្លួន​គាំ​ទ្រ​លោក​ សម រង្ស៊ី គាត់​ទៅ​ជ្រក​កោន​នៅ​ក្រោម​គណបក្ស​សម រង្ស៊ី បាន​ន័យថា​​ គណបក្ស​ហ្នឹង​មិន​មែន​ជា​របស់​ពួក​គាត់​ទេ​គឺ ជា​របស់​បុគ្គល។​​ អញ្ចឹង​នៅ​ពេល​ដែល​គាត់​ស្អប់​បុគ្គល​ ឬ​ក៏​អស់​សេច​ក្តី​ទុក​ចិត្ត​ចំពោះ​បុគ្គល​មេ​បក្ស គាត់​រត់​ទៅ​គណបក្ស​មួយ​ទៀត​ តែ​រត់​ទៅ​គណបក្ស​មួយ​ទៀត​មិន​មែន​ដោយ​សារ​ គណបក្ស​មួយ​ទៀត​មាន​ទស្សនៈ​នយោបាយ​ដូច​គាត់​ទេ ឧទាហរណ៍​ថា រត់​ទៅ​កឹម សុខា​ គាត់​គាំទ្រ​លោក​ កឹម សុខា។​ ​​ត្រង់​ហ្នឹង​យើង​ឃើញ​ថា​អត់​យូអង្វែងទេ ពី​សម រង្ស៊ី ទៅ​កឹម សុខា គឺ​អត់​យូអង្វែង​​ ដោយ​សារ​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​រង្វង់​គណបក្ស កឹម សុខា ក្តី សម រង្ស៊ី ក្តី គឺ​គេ​មិន​ឈរ​លើ​ទស្សនៈ​នយោបាយ​​ដូច​ ឬ​ ស្រដៀង​គ្នា​ទេ​ គឺ​ឈរ​ទៅ​លើ​ការ​ស្រឡាញ់​បុគ្គល​។​ នៅពេល​គេ​ឈប់​ស្រឡាញ់​បុគ្គល​គឺ​គេ​លែង​លះ​គ្នា ដូច​រឿង​យើង​ប្តី​ប្រពន្ធអញ្ចឹង​ ហើយ​ត្រង់​ហ្នឹង​វា​អត់​យូអង្វែង​ទេ បើ​សិន​ជា​​​គេ​ធ្វើ​នយោបាយ​​អនុលោម​តាម​និយម​ន័យ​ ដូច​នៅ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ខ្ញុំ​លើក​ជា​ឧទាហរ​ណ៍​ដើម្បី​ឲ្យ​​គណបក្ស​ដទៃ​ទៀត​រៀន​សូត្រ ហើយ​មាន​គណបក្ស​ខ្លះ​ទៀត​គេ​ខំ​បង្ហាញ​អំពី​គំនិត​របស់​គេ​ បើ​សិន​អ្នក​ចូលរួម​នៅ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា គឺ​ឈរ​លើគុណ​សម្បត្តិ លក្ខណៈ​សម្បត្តិ​ និង​គោល​នយោបាយ​ សាវតា​​នៃ​ការ​វិវត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នក​ហ្នឹង​​​គ្មាន​​ហេតុ​ផល​អ្វី​​នឹង​ដក​ខ្លួន​ចេញ​ទេ ទោះ​បី​ថ្នាក់​​ដឹក​នាំ​មាន​ការ​ផ្លាស់​ប្តូរ​ ឬ​ក៏​ពេល​ខ្លះ​ធាតុ​ជា​មនុស្ស​អា​ច​មាន​ពាក្យ​សម្តី​ទៅ​ធ្វើ​ឲ្យ​អាក់​អន់​ ចិត្ត​ ក៏​មិន​មែន​ហេតុ​ផល​ធ្វើ​ឲ្យ​គេ​ចាក​ចេញ​ពី​គណបក្ស​ដែរ ពី​ព្រោះ​គណបក្ស​វា​ដើរ​ទៅ​លើ​បទ​បញ្ជា លិខិត​បទដ្ឋាន​ផ្ទៃ​ក្នុង ហើយ​និង​គោល​នយោបាយ​និង​កម្ម​វិធី​នយោបាយ​របស់​បក្ស អញ្ចឹង​គេ​ផ្តោត​លើ​រឿង​ហ្នឹង​​ជា​មូលដ្ឋាន។​​ ត្រង់​ហ្នឹង​យើង​អាច​មើល​ឃើញថា​​ អ្នក​ដែល​ធ្លាប់​តិះតៀន​​គណបក្ស​ប្រជាជន​ ដល់​ចុង​ក្រោយ​អស់​​ចិត្ត​នឹង​គណបក្ស​ សម រង្ស៊ី អន់​ចិត្ត​​នឹង​បុគ្គល​សម រង្ស៊ី និង​បក្ស​ពួក​មនុស្ស​នៅ​ក្នុង​សម រង្ស៊ី ក៏​រត់​ទៅ​គណបក្ស​ប្រជាជន ដោយសារ​​គេ​អត់​ពេញ​ចិត្ត​បុគ្គល​ មិន​មែន​អត់​ពេញ​ចិត្ត​កម្ម​វិធី​នយោបាយ​ទេ ព្រោះ​វា​អត់​មាន​ ដល់​ពេល​គេ​ចូល​ទៅ​​គណបក្ស​ប្រជា​ជន​គេ​អត់​ដែល​ចេញ​វិញ​ទេ​។​ យើង​កុំ​គិត​អ្នក​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​តាំង​ពី​ណា​ពី​ណី​មក តែ​អ្នក​ដែល​ចេញ​ពី​គណបក្ស​ប្រឆាំង​ដែល​ធ្លាប់​តិតៀន​​​ ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ តិតៀន​​រដ្ឋាភិបាល​ នៅ​ពេល​ដែល​គេ​អាក់​អន់​ចិត្ត​ទៅ​លើ​បុគ្គល​​ក្នុង​​គណបក្ស​ប្រឆាំង​ គេ​មក​គណបក្ស​ប្រជា​ជន​ អ្នក​ហ្នឹង​ពុំ​ដែល​ចាក​ចេញ​ទេ។​ តែ​​បើ​អ្នក​ហ្នឹង​ចេញ​ពី​គណបក្ស​ប្រឆាំង​មួយ​ទៅ​គណបក្ស​ប្រឆាំង​មួយ​ គឺ​ចាក​ចេញ​ ដោយ​សារ​​វា​អត់​មាន​គោល​នយោបាយ កម្ម​វិធី​នយោបាយ ដើម្បី​បញ្ជាក់​អំពី​និយម​ន័យ​នៃ​នយោបាយ​របស់​ខ្លួន​​។​ បើ​និយាយ​ពី​យន្ត​ហោះ រក​ទិស​ចុះ​អត់​ទាន់​បាន​​។​ ត្រង់​ហ្នឹង​ហើយ​ដែល​ជា​ចំណុច​ខ្សោយ​ដែល​ធ្វើ​ឲ្យ​ការ​ធ្លាក់​ចុះ​នូវ​ នយោបាយ​​ប្រឆាំង​នៅ​កម្ពុជា​។​ នយោបាយ​ប្រឆាំង​របស់​គណបក្ស​ប្រឆាំង​ ក៏​ដូច​ជា​ NGO ប្រឆាំង​នៅ​កម្ពុជា​ គឺ​គេ​ប្រឆាំង​​នឹង​បុគ្គល គេ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ គេ​អត់​ប្រឆាំង​នឹង​ភាព​អសកម្ម​ ឬ​ក៏​ចំណុច​ខ្សោយ​ ឬ​ក៏​វិធាន​ដែល​ខ្លួន​អត់​ពេញ​ចិត្ត​ទេ​ គេ​ប្រឆាំង​នឹង​បុគ្គល​ ដល់​គេ​ប្រឆាំង​បុគ្គល​បង​ប្អូន​អាច​មើល​ឃើញ​ គេ​បក​ស្រាយ​ប្រជាធិបតេយ្យ​ទាំង​បញ្ច្រាស់​ទិស​។​ ដូច​ជា​រឿង​ឈរ​ឈ្មោះ​បោះ​ឆ្នោត គណបក្ស​និមួយ​ៗ​គេ​មាន​សិទ្ធិ​ ឯក​សិទ្ធិ​ និង​បុព្វសិទ្ធ មួយ​រយ​ភាគ​រយ​ ក្នុង​ការ​ជ្រើ​ស​រើស​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី សម្រាប់​គណបក្ស​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​សភា។​ ប៉ុន្តែ​គណបក្ស​ សម រង្ស៊ី ក្តី គណបក្ស​ កឹម សុខា ក្តី បែរ​ទៅ​​ជា​មិន​គោរព​សិទ្ធិ​របស់​គណបក្ស​រៀង​ៗ​ខ្លួន​ទៅ​ជា​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជា​ជន​ជ្រើស​រើស​​បេក្ខជន​ ដដែល​ៗ ប្រទេស​ខ្មែរ​អត់​ប្រជា​ធិបតេយ្យ​ ទៅ​ជា​ថា​គណបក្ស​ប្រជា​ជន​អត់​មាន​បេក្ខជន​ល្អ​លើស​ហ្នឹង ជា​រឿង​របស់​គណបក្ស​គេ​សោះ​ មួយ​ទៀត​​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី​របស់​គណបក្ស​ប្រជាជន​មិន​ដែល​ធ្លាក់​ ឆ្នោត​ផង​ហ្នឹង​ មិន​ដែល​សំលេង​គាំទ្រ​ធ្លាក់​ចុះ​ទេ បើ​យើង​និយាយ​ពី​ក្រាហ្វិច គឺ​ឡើង​រហូត​ ហើយ​តើ​មាន​ហេតុ​ផល​អ្វី​ដែល​តម្រូវ​ឲ្យ​គណបក្ស​ប្រជាជន​ធ្វើ​ការ​ពិចារណា​ ចំពោះ​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី ដែល​កំពុង​មាន​ប្រជាប្រិយភាព​?​ ដែល​កំពុង​មាន​ស្នាដៃ​ដែល​ប្រជាជាតិ​គាំទ្រ​?​ ឯ​គណបក្ស​​ប្រឆាំង​ទៅ​វិញ​ទេ​ដែល​​​បេក្ខជន​នាយក​រដ្ឋ​​​មន្រ្តី​​របស់​ ខ្លួន​មាន​តែ​ចុះ​ទៅ​ៗ ហេតុ​អី​ក៏​មិន​ព្រម​ផ្លាស់​ប្តូរ​បេក្ខជន​ខ្លួន​ឯង​ដើម្បី​រក​ ប្រជាប្រិយភាព​ជួសជុល​ឡើង​វិញ​?​។​ ត្រង់​ហ្នឹង​ដែល​ជា​ការ​សបញ្ជាក់ថា ពួក​គាត់​យក​តម្លៃ​ប្រជាធិបតេយ្យ​តែ​ទៅ​លើ​កត្តាបុគ្គល​។​ ឧទាហរណ៍​មួយ​ទៀត​ គេ​វាយ​តម្លៃ​ថា ការបោះ​ឆ្នោត​ អត់​ប្រជាធិបតេយ្យ​ អត់​សេរី​យុត្តិធម៌ ​នៅ​ពេល​ណា​ដែល​មេដឹក​នាំ​គណបក្ស អត់​បាន​មក​ចូល​រួម​បោះ​ឆ្នោត​ ទាំង​ NGOសិទ្ធិ​មនុស្សបោះ​ឆ្នោត​ អង្គការ​ខុមហ្រ្វែល​ ដែរហ្នឹង។ ចុះ​កាល​​ដែល​មេបក្ស​​​ប្រឆាំង​ចូលរួម​បោះ​ឆ្នោត​ ម៉េច​ក៏​មិន​ថា ប្រជា​ធិប​តេយ្យ​​សេរី​យុត្តិធម៌​ទៅ អញ្ចឹង​បាន​ន័យ​ថា ពួក​គាត់​យក​កត្តា​បុគ្គល​មក​​ដាក់ ​ហើយចេះ​តែ​ថាទៅ បើ​ទាស់​ចិត្ត​ទៅ​គឺ​អត់​សេរី​យុត្តិធម៌​។​ ពួក​គាត់​បើ​គាត់​ក្លាហាន​​និយាយ​តែ​មួយ​មាត់​ចប់​ហើយ ដរាប​ណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ឈ្នះ​ឆ្នោត​ ​គ្មាន​ប្រជាធិបតេយ្យ​សេរី​យុត្តិ​ធម៌​ ហ្នឹង​បាន​គេ​ហៅ​ថា មនុស្ស​ក្លាហាន​ តែ​គាត់​អត់​ហ៊ាននិយាយ​ គាត់​ទៅ​ជា​ពង្វាង​ ទៅ​ជា​អត់​លោក​សម រង្ស៊ី ចូលរួម​ការបោះ​ឆ្នោត​ ការ​បោះ​ឆ្នោត​គ្មាន​ប្រជាធិបតេយ្យ​។​ កាល​ជំនាន់​សម្តេច​ក្រុម​ព្រះ​អញ្ចឹង​ដែរ អត់​មាន​ការ​ចូលរួម​ពី​សម្តេច​ក្រុម​ព្រះ​ បោះ​ឆ្នោត​អត់​ប្រជាធិបតេយ្យ​ តែ​ពេល​មាន​មិន​ដែល​ឃើញ​គាត់​ថា​ប្រជាធិបតេយ្យ​ រហូត​ដល់​មិន​ដែល​ទទួល​ស្គាល់​ថា កម្ពុជា​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​ការ​កសាង​​ប្រជាធិបតេយ្យ​ ស្រាប់​ដល់​ត្រូវ​ចោទ​ប្រ​កាន់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរថយ​ក្រោយ​ ដើរ​ថយ​ក្រោយយ៉ាង​​ម៉េច​បើ​ពួក​គាត់​មិន​ដែល​ទទួល​ស្គាល​ថា ដើរ​ទៅមុខ​ផង រឿង​អី​ដើរ​ថយ​ក្រោយ​បាន។​​ សូម្បី​តែ​ឡាន​មាន​លេខទៅ​មុខ​លេខ​ទៅ​ក្រោយ​ លេខ​ទៅ​មុខ​មាន​ល្បឿន​របស់​វា មាន​លេខ ១ ,២,៣,៤,៥ ហើយ​បាន​លេខ​អាយ៉ែថយ​ក្រោយ​ ហើយ​ពួក​គាត់​អត់​យក​គោល​ការណ៍​ហ្នឹង​​ទៅ​វិភាគ​ពិចារណា​ គាត់​យក​តែ​រឿង​កត្តាបុគ្គល​យក​មក​វាយ​ប្រហារ​។​ ចំណុច​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ចុះ​ខ្សោយ​ ពី​មុន​ប្រជា​ពល​រដ្ឋ​គាំទ្រ​គណបក្ស​ប្រឆាំង​តាម​រយៈ​ការ​ខក​ចិត្ត​ ឬ ការ​មិន​ពេញ​ចិត្ត​ហ្នឹង​គណបក្ស ដ៏ទៃ ជា​ពិសេស​គណបក្ស​គ្រប់​គ្រង​រដ្ឋាភិបាល​ ដល់​យូៗ​ទៅ​ការ​ខក​ចិត្ត​វា​កាត់​បន្ថយ​ ហើយ​ការ​វិវត្ត​ជា​វិជ្ជមាន​​នូវ​សមិទ្ធផល​ដែល​កើត​ចេញ​ពី​គណបក្ស​ដឹក​​នាំ​ រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ ដែល​ប្រាស់​ចាក​ពី​អ្វី​ដែល​គណបក្ស​ប្រឆាំង​មួល​បង្កាច់​ អញ្ចឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គេ​ពិចារណា​​យូៗ​ទៅ គេ​អាច​យល់​ថា គណបក្ស​ប្រឆាំង​គឺ​ធ្វើ​នយោបាយ​ភូតភរ​បោក​កុហក់​ ដើម្បី​តែ​មហិច្ឆតា​ទេ ។

លោក សត្យា រក្ស
សំណួរ៖ ត្រង់​ចំណុចនេះ​ខ្ញុំ​ចាប់​អារម្ម​ណ៍​រឿង​គណបក្ស​សិទ្ធិ​មនុស្ស​ កឹម សុខា បន្តិច​។​នៅពេល​ដែល កឹម សុខា ធ្វើដំណើរ​ទៅ​បរទេសម្តងៗ​ ដូចជាទៅ​សហរដ្ឋអាមេរិក អូស្ត្រាលី ឬទៅបារាំង​អីជាដើម​​ នៅពេល​ដែលត្រឡប់​មកវិញ​គាត់តែង​តែ​អួតអាង​ថា​នៅអាមេរិក​គេគាំទ្រគាត់​ ភ្លូកទឹក​ភ្លូកដី​ ដូចជា​នៅ​រដ្ឋនេះ ឬរដ្ឋ​នោះ​ជាដើម​ ទាំងនៅ​បារាំងក៏​អញ្ចឹង នៅ​អូស្ត្រាលី​ក៏អញ្ចឹង​ គេគាំទ្រ​ខ្លាំង​ណាស់ គឺ​គេបរិច្ចាគ​លុយ​ជួយ​បក្ស​​អី​ជាដើម​​។ ប៉ុន្តែមក​ដល់ពេល​នេះ​ ដំណើរការ​នៃការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​គឺជិត​មក​ដល់​ហើយ​​ ហើយ កឹម សុខា ធ្លាប់​អះអាង​ថានៅ​ស្រុក​អាមេរិក​ ឬបារាំង ឬអូស្ត្រាលី គេគាំទ្រ​ជួយលុយ ជួយកាក់​ដល់​គាត់​ដើម្បី​ធ្វើឲ្យ​ដំណើរ​ការ​​ប្រជាធិប​តេយ្យ និងសិទ្ធិ​មនុស្ស​ហ្នឹង​បាន​ប្រសើរ​ជាដើម​ ។ ផ្ទុយទៅ​វិញឥឡូវ​នេះ​ កឹម សុខា បែរជា​កំពុង​ដាក់​គំនាប​​ ទៅលើ​អ្នកគាំទ្រ​របស់​ខ្លួន​ឲ្យជួយ​ចេញថ្លៃមួក​ ថ្លៃខោអាវ គណបក្ស និងជួយ​ចេញថ្លៃ​ហូបចុក​ថែមទៀត​​។ ត្រង់ចំណុចនេះ តើលោក​បណ្ឌិត​មានអ្វី​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​​ពន្យល់​ជូនបង​ប្អូន​ យើងបាទ?​​

លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ ​៖​ ចំណុចនេះ កឹម សុខា ពីមុន​ធ្លាប់ដៀល​គេថា ធ្វើ​នយោបាយ​យកលុយ​ពី​ប្រជាពលរដ្ឋ​។​ ប៉ុន្តែ​មក​ដល់​​ឥឡូវនេះ ខ្លួន​ឯងមក​ធ្វើអញ្ចឹង​ដែរ​។ តាមពិត​ទង្វើនេះ​វាមិន​ជាអាក្រក់​ទេ បើសិនជា​ការ​ចូលរួម​នោះ​ដោយ​ស្មគ្រចិត្ត​​ ពីសមាជិក​បក្ស ឬ​អ្នកគាំទ្រ​។ ប៉ុន្តែ​លោក កឹម សុខា​ តែង​តែជេរ​គេបាន ឬ​តិតៀន​គេបាន​ ហើយ​នៅ​ពេល​​ដែល​គេថា​ឲ្យ​ខ្លួន​ឯងវិញ​គឺអត់បាន​។ ចំណុចនេះ​ហើយគឺ​ជា​នយោបាយ​ទឹក​កន្លះ​ក្អម​​ នយោបាយ​អាឡិក​អាឡក់ នយោបាយ​គ្មានភាព​ជាក់លាក់​របស់ កឹម សុខា​ ។​ យើង​ត្រូវគិតថា ហេតុអ្វី​បានជា​លោក កឹម សុខា ទៅ​ស្រឡាញ់​​​ខ្មែរនៅក្រៅ​ប្រទេសម្លេះ?​​ សូម​បងប្អូន​ប្រជា​ពលរដ្ឋ​កុំ​ច្រឡំ​ ពីព្រោះ​អ្នកទាំង​អស់នោះ​មិនមែន​មក​បោះឆ្នោត​​នៅ​កម្ពុជា​​ទេ​។ តាមពិត​ទីផ្សារ​របស់ខ្មែរ​អានិកជន​​នៅ​ក្រៅ​ប្រទេស​របស់ កឹម សុខា​ គឺលុយ​ ពីព្រោះ កឹម សុខា រស់​នឹង​ការ​ច្របាច់​ទឹកដោះ​គោដាក់មាត់​​ពីខ្មែរ​នៅអា​មេរិក នៅអូស្ត្រាលី​ នោះ​ហើយ​។​ បាន​សេចក្តី​ថារស់​ដោយសារ​​​តំណក់​លុយដែល​​ខ្មែរនៅ​ខាងក្រៅ​​ផ្តល់ឲ្យ​​ ហើយ​ដើម្បីឆ្លើយ​តបទៅ​អ្នកទាំង​នោះវិញ កឹម សុខា បាន​បង្កើត​​​នូវ​ក្រដាស​បេក្ខជន​ដែល​ដាក់ទៅ គ ជ ប​ យកទៅ​លក់នៅ​ឯក្រៅ​ប្រទេស​។ ចំណុច​នេះបញ្ជាក់​ថា មិនមែន​ជា​ការ​ចូលរួម​ដោយ​នយោបាយ​ទេ​ តែជាការ​ចូលរួម​តាមបែប​ទីផ្សារ​នៃ​មុខតំណែង​។ ដល់​អញ្ចឹង​វាធ្វើឲ្យ​មាន​ភាព​អយុត្តិធម៌​​រវាង​​ខ្មែរ​​ដែល​យកលុយ​មកឲ្យ កឹម សុខា​ ត្រូវបាន​ឈរនៅ​លេខរៀង​ទី១ ឬទី២ រីឯខ្មែរ​ដែល​ធ្វើការ​​ជាមួយ​ កឹម សុ ខា នៅ​ក្នុងស្រុក​ដើរតួ​ជាទាសក​រនយោបាយ​ ឲ្យ កឹម សុខា​​ ដើរ​វាយប្រហា​រ​អ្នកដ៏ទៃ​​យ៉ាង​ងងឹត​ងងល់​​នោះ បែរជាមិន​ដែល​បានឈរ​នៅ​លំដាប់​លេខ​មួយទៅវិញ​។ ម្យ៉ាងទៀត បើ​ប្រៀបធៀប​សមត្ថភាព​ខ្មែរ​​ដែល​​នៅ​ក្រៅ​​ប្រទេស​ក៏គ្មាន​ចេះអ្វីជាង​ ខ្មែរ​នៅស្រុក​ខ្មែរដែល​គាំទ្រលោក កឹម សុខា ដែរ​​ ប៉ុន្តែ​វាលើស​ត្រង់លុយ ។ ចំណុចនេះ ក៏ជា​សារមួយ​ផ្តល់​ជូនខ្មែរ​យើងមួយ​ចំនួន​ដែល​គាំទ្រ​លោក កឹម សុខា ត្រូវ​ពិចារណា​ឲ្យច្បាស់​ បើសិនជា​ខ្លួន​ធ្វើនយោបាយ​ដែលគាំទ្រ​មេបក្ស​យ៉ាង​ងងឹត​ងងល់​ តែខ្លួន​អត់​ទទួល​ផលអ្វី​ ក្រៅតែពី​ឈរមើល​ខ្មែរ​នៅក្រៅ​ប្រទេស​ឈរលេខ​រៀងទី១ ឬទី២​ នោះ​គឺជា​ការ​ឆោត​ល្ងង់​ទៅវិញទេ​។ ចំណុច​មួយទៀត កឹម សុខា ពុំបាន​ចាប់អារម្មណ៍​ទៅលើ​ការយក​គោល​គំនិត​នយោបាយ​ទៅដោះស្រាយ​​បញ្ហាប្រទេស​ ជាតិទេ​។ កឹម សុខា ចាប់អារម្មណ៍​តែត្រង់​ថា​ឲ្យតែ​គាត់​បាន​ជាប់​ ១កៅ​អីគឺ​ចប់ហើយ​ អ្នកណា​ជាប់ឬមិន​ជាប់ក៏ហីទៅ​។​ ចំណុច​នេះ​ហើយ​​ដែលយើង​មើល​ឃើញ​​អំពី​រូបភាព​នៅ​អាមេរិក​ដែល​គេយកមក​ដាក់​ ដូចជារឿង​ព្យាបាល​អត់យក​លុយ មនុស្សចាស់​​​រដ្ឋ​ចិញ្ចឹម​ជាដើម​ អញ្ចឹងយើង​ឃើញថាគាត់​ភូតឲ្យតែ​រួចពីមាត់​ទៅ​ ក្រែងគាត់​បាន១​កៅអី គាត់មិន​ខ្វល់​ថា​គាត់​និយាយ​ហ្នឹងភូត​ប្រជាពល​រដ្ឋទេ​។ គាត់ដឹង​ថាគាត់​កំពុងតែ​ភូតហើយ​​ វាមិនដែល​មាន​ប្រទេសណា ដែល​​​រដ្ឋ​​ទៅចិញ្ចឹម​​ប្រជាពលរដ្ឋ​​ទេ​ គឺមានតែ​ប្រជាពលរដ្ឋ​ទេ ដែល​ចិញ្ចឹមរដ្ឋ​។ នៅកម្ពុជា​ក៏ដូចជា​ប្រទេស​ដ៏ទៃ​ដែរ គឺ​ប្រជាពល​រដ្ឋ​​ទេ​ ដែល​ចិញ្ចឹម​រដ្ឋ ហើយរដ្ឋ​ទេដែល​ជាអ្នក​រៀប​បរិស្ថាន​ឲ្យមាន​សុខដុមរមនីយ​ជូន​​ប្រជាពល​រដ្ឋ​ វិញ ដោយ​សារប្រជា​ពលរដ្ឋ​ជាម្ចាស់​នៃ​លុយនោះ​។​ ខ្ញុំសូមលើក​ឧទាហរណ៍​អ្នកដែល​រស់នៅ​របៀប​ជាប៉ារ៉ាស៊ីត​ ជា​បញ្ញើក្អែក ស៊ីលុយ​សង្គមកិច្ច​។ របៀប​រស់បែប​ហ្នឹង នៅអាមេរិក​ប្រជាពលរដ្ឋ​គេម៉ាក់​ងាយ​ណាស់​ គេចាត់ទុក​ជាក្រុម​​មនុស្សដ៏​ថោកទាប​បំផុត។​​ តើហេតុអ្វី​បានជា កឹម សុខា យក​នយោបាយ​ដ៏​ថោកទាប​ ដែល​ប្រជាពលរដ្ឋ​អាមេរិក​មិនគាំទ្រ បែរ​ជាទៅយក​វិធីនេះ​មក​ធ្វើ​នៅ​ស្រុក​ខ្មែរ​ទៅវិញ​?​។ វិធីទាំងនេះបើ​ប្រជាពលរដ្ឋ​នៅ​អាមេរិក នៅ​កាណាដា នៅអ៊ឺរុប​ខាងលិច​ ឬនៅ​អូស្ត្រាលី គេស្តាប់​គេនឹងស្អប់​ខ្ពើម​បំផុត​ចំពោះ​មនុស្ស​ដែលរស់​ដោយសារ​គេ​​បែបនេះ​​។ អញ្ចឹង កឹម សុខា ដោយសារ​តែនយោ​បាយ​ថោកទាប​ចង់បាន ១កៅអីរបស់​ខ្លួននេះ​ហើយ ទើបហ៊ាន​​ភូត​ប្រជាពល​រដ្ឋ​ ដោយយក​វិធី​ថោកទាប​បែបនេះ​មកអនុវត្ត​នៅកម្ពុជា​​។​ ខ្ញុំលើក​ឧទាហរណ៍ បើសិនជា​គណបក្ស​​សិទ្ធិ​មនុស្ស​​បា​ន​ ២ ឬ៣ កៅអី​ ប៉ុន្តែ កឹម សុខា អត់​ជាប់ឆ្នោត​ ពេលនោះ​គណបក្ស​សិទ្ធិមនុស្ស​​នឹង​​ត្រូវ​រលាយ ពីព្រោះ កឹម សុខា គាត់​មិនទៅឆ្កួត​បម្រើ​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស​​ដោយគ្មាន​​បាន​កៅអី​ ដោយ​គ្មានបាន​លុយនោះទេ​។ មនុស្ស កឹម សុខា នេះគឺ​ជា​មនុស្ស​សួនតួ​ណាស់​ ជាក់ស្តែង​កាល​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា របបអាហារ​របស់​ប្រជាពលរដ្ឋ​ដែល​នៅជន​បទ ដែល​មករៀន​សូត្រ​ កឹម សុខា នៅ​តែ​ហ៊ាន​កាត់​លុយ​នោះបាន​ ហើយ​កាលពី​យើង​នៅ​ក្រីក្រ​រក​អង្ករ​ហូបមិន​បាននោះ​ក៏នៅ​តែ កឹម សុខា ហ៊ានលួច​ ចុះ​ទម្រាំ​ឥឡូវ​​នេះរឿងអី​ កឹម សុខា មិនហ៊ាន​លួច​។​​

លោក សត្យា រក្ស
សំណួរ ​៖ ចំណុចមួយទៀត​ដែល​គណបក្ស​ប្រឆាំង ទាំង​គណបក្ស​កឹម សុខា​ ក្តី ទាំង​គណបក្ស​ សម រង្ស៊ីក្តី យើង​ឃើញ​ថា​ទង្វើ​ប្រចាំថ្ងៃ​របស់គេ​ ដូចជា​ចុះទៅ​ជួប​ប្រជាពល​រដ្ឋ​ដើម្បី​ញុះញង់​ប្រជាពលរដ្ឋ​​ ដោយចោទ​ថា​អ្នក​ដែល​​គាំទ្រ​គណបក្ស​​ប្រជាជន​​កម្ពុជា​​នោះគឺសុទ្ធ​តែយួន​​ ហើយទង្វើ​ចុះ​ញុះញង់​​របស់គេ​​នោះថាជា​ទង្វើ​ស្នេហាជាតិ​ទៅវិញ​។ សម្រាប់​លោកបណ្ឌិត​ផ្ទាល់ តើ​អត្ថន័យ​នៃពាក្យ​ស្នេហាជាតិ​​នោះ គឺគេ​ធ្វើ​ដូច​ពួក​ប្រឆាំង​​កំពុង​​ធ្វើ​រាល់ថ្ងៃ​​នេះ​ដែរ​ឬទេ?​​

លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ ​៖​ ត្រង់នេះ យើងអាច​លើក​យក​ឧទាហរណ៍​របស់ ប៉ុល ពត​ គឺគាត់ថា​គាត់ជាអ្នក​ស្នេហាជាតិ​​ដែល​​អស្ចារ្យ​​ជាងគេ​។ អញ្ចឹង​ដោយ​សារតែ​ស្នេហាជាតិ​អស្ចារ្យជាង​គេជាងឯង​នេះហើយ​ ទើប​គាត់​​ចេះតែ​ចោទ​ខ្មែរ​​ម្នាក់ៗ​ថា ជាពួកក្បាល​យួនខ្លួន​ខ្មែរ ហើយ​ក៏យកទៅ​សម្លាប់​ ឪពុកលោក កឹម សុខា ក៏​ក្បាល​យួន​ខ្លួនខ្មែរ ក៏​យកទៅ​សម្លាប់ដែរ​​។ អញ្ចឹង​សរុបតែ​៣ឆ្នាំ ៨ខែ​ ប៉ុល ពត សម្លាប់​អស់ជាង ២ ទៅ៣លាន នាក់​។

ឥឡូវ ​ចូល​ដល់​រឿង​ កឹម សុខា និង សម រង្ស៊ី​ សុទ្ធតែចោទ​ថាអ្នកបោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​​កម្ពុជា​​ សុទ្ធតែ​ទទួលខុស​ត្រូវក្នុងរឿង​យួនចូល យួន​យកទឹកដី​ អី​ណា គឺស្រដៀង​នឹង ប៉ុល ពត ដែល​ចោទ​​ថា​ក្បាល​យួន​​ខ្លួនខ្មែរ​​ដែរ​។​​​ ប៉ុន្តែ កឹម សុខា បាន​ប្រើនយោបាយ​ឡប់ឡែរ​មួយទៀត​ថា​មិន​យក​​ខ្មែរណា​ជាសត្រូវទេ តែបើ​ខ្មែរ​​ណាបោះឆ្នោត​​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺជាក្បាល​យួនខ្លួនខ្មែរ​ ដែល​​ចាត់ទុក​​អ្នកបោះឆ្នោត​ទាំង​នោះ​​ជា​សត្រូវ​បាត់​ទៅហើយ​​។

ចំពោះគណបក្ស សម រង្ស៊ី វិញ បើខ្លួន​ទទួលស្គាល់​លក្ខខណ្ឌពិត​នៅកម្ពុជា លក្ខខណ្ឌ​ពិសេស​ជាក់ស្តែង​​របស់​​កម្ពុជា គឺ​គណបក្ស សម រង្ស៊ី​ ជាពិសេស​មេដឹកនាំ​របស់​គណបក្ស​ ត្រូវ​ដកខ្លួន​ចេញ​ពី​នយោបាយ​ប្រឆាំង​​ជ្រុលហួស​ហេតុ ដូច កឹម សុខា​ នោះចេញ​។ តែបើចង់​រក្សានូវ​នយោបាយ​ហួសហេតុ​ដូច កឹម សុខា​​ ហេតុអ្វី​រួបរួមគ្នា​មិនបាន​? ។ សព្វថ្ងៃ​ពួកគេកំពុង​តែដណ្តើម​គ្នាថា ខ្ញុំ​ប្រឆាំង​រដ្ឋាភិបាល​ខ្លាំងជាង​​ ចំណែកឯ កឹម សុខា ថា​អត់ទេ គណបក្ស សម រង្ស៊ី មិន​ប្រឆាំងខ្លាំងទេ​ បើ​ប្រឆាំងខ្លាំង មិនមែន​​ប៉ុន្មានឆ្នាំ​​មក​ហើយ​​នៅ​តែ​​ដដែល​​បែបនេះ​ទេ​​។​

គណបក្សសិទ្ធិមនុស្ស គឺ​ជាគណបក្ស​ចាប់ជាតិទេ ពីព្រោះ​គណបក្ស​នេះងាប់​ម្តង​ហើយ កាលពី​នៅ​​ជា​​គណបក្ស​​របស់​លោកតា សឺន សាន​ ។ ប៉ុន្តែឥឡូវ​នេះ​បានចាប់​ជាតិមក​វិញ គ្រាន់​តែ​ដូរឈ្មោះ​ អញ្ចឹង​ហើយ​​បានជា​លោក កឹម សុខា គាត់​អត់ហ៊ាននិយាយអំពី​ ប្រវត្តិរបស់​គណបក្ស​លោកតា សឺន សាន ទេ​។ គាត់ទៅ​​ជា​ចោទ​​ប្រកាន់ គណបក្ស​នរោត្តមរណរិទ្ធិ គណបក្ស​ហ្វ៊ុនស៊ីនប៉ិច គណបក្ស សម រង្ស៊ី​ ថាត្រូវ​គេវាយ​ឲ្យរបួស​ហើយ អញ្ចឹង​សម្ងំ​រុំរបួស​ទៅចុះ​ ទុកឲ្យ​ កឹម សុខា វាយម្តង​ តែតាម​ពិត កឹម សុខា ងាប់​អស់១០​ឆ្នាំ​មក​ហើយ​។​

សព្វថ្ងៃនេះពួក ​គណបក្ស​ប្រឆាំង​មិនព្រម​យកពេល​វេលាមក​ធ្វើការ​ជូនរាស្ត្រទេ​។ កឹម សុខា​ គិត​តែ​​យក​ពេល​វេលា​ទៅ​ដើរ​​ស្រែកជេរ​​។ គណបក្ស សម រង្ស៊ី ខ្លះរប៉ាត់រប៉ាយ​​មិនធ្វើការទេ ។ តំណាង​រាស្ត្រ​គណបក្ស​ សម រង្ស៊ី ខ្លះគ្មានធ្វើការទេ​។ បើធ្វើការ​គឺរត់ចូល​ប្រព័ន្ធវិទ្យុ​បរទេសផ្សាយ​ភាសាខ្មែរទៅវិញ​។ ចំណុច​នេះសួរថា តើកម្ពុជា​ត្រូវការ​អ្នកនយោបាយ​ដែលអត់​ធ្វើការ​អញ្ចឹងឬទេ​?​ ពាក្យថា​ធ្វើការងារ​សភា គឺ​ឧទាហរណ៍​​ថា​មានវិបត្តិ​សង្គម​មួយ​ ពាក់ព័ន្ធនឹង​សន្តិសុខ​សណ្តាប់​ធ្នាប់ចរាចរ​ គណបក្ស​ សម រង្ស៊ី ត្រូវដេក​គិតថាតើ​ត្រូវរក​ដំណោះស្រាយ​​យ៉ាងម៉េច​​ដើម្បី​ឲ្យមាន​សណ្តាប់​ ធ្នាប់​ចរាចរវិញ​? ឲ្យល្អ​ជាង​វិធាន​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​ទៅ​ តែផ្ទុយទៅ​វិញខ្លួនមិន​បានធ្វើនោះទេ​។ គណបក្ស សម រង្ស៊ី នៅតែ​ប្រើ​នយោបាយ​តាមវិធី​ថា​ ដូច កឹម សុខា នោះ​គឺ​ឥត​ប្រយោជន៍​នោះទេ​។ គណបក្ស​ប្រឆាំង​ក៏មានសិទ្ធិ​ និង​លទ្ធភាព​នៃការ​ធ្វើដែរ​។ ដូចគណបក្ស​ប្រឆាំង​នៅ​អាមេរិកក្តី នៅអ៊ឺរុប​ខាងលិចក្តី​ នៅអូស្ត្រាលីក្តី គណបក្ស​ប្រឆាំង​ដែល​ឈ្លាសវៃ​កំពូល​ គឺគេអាច​ធ្វើ​នូវ​តួនាទី​ក្នុង​ការ​រួម​ចំណែក​ដឹកនាំ​ប្រទេស​។ អ្នក​ដែល​ដឹកនាំ​ប្រទេស គឺ​គណបក្ស​ដែល​ដឹកនាំ​រដ្ឋាភិបាល​ គឺជាតួឯក ប៉ុន្តែបើ​គណបក្ស​ប្រឆាំងឆ្លាត​​ និង​ឈ្លាសវៃ​ គឺគេអាច​ធ្វើជាចលករ​​ក្នុងការរួម​ចំណែក​ដឹកនាំ​ប្រទេស​។ ពាក្យថា​រួមចំណែក​ដឹកនាំ​ប្រទេស​​គឺ​មិនមែន​ទៅ​ធ្វើ​​ជាមួយ​គណបក្សដឹកនាំ​ រដ្ឋាភិបាលទេ គឺគេទៅ​គាស់រំលើង​ចំណុច​អសកម្ម​នៅ​ក្នុង​សង្គម​ បង្ហាញ​អំពីគោល​គំនិតដែល​ខ្លួនមើល​ឃើញថាល្អ​។​ គឺគេមិន​ធ្វើអាក្រក់​ដូច កឹម សុខា ដែលលើកថា​ ស បួន​អាក្រក់​ឲ្យទៅគេ ឯ ស បួន​ដែល​ល្អ យកខ្លួនឯង​នោះទេ​។​ ការឃោសនា​ឆ្កួត​លីលា​បែបនេះ​ គឺ​ជា​របៀប​​ឃោសនា​​ដែល​ឆ្កួត​​តែម្តង វាមិនដែល​ប្រជាពល​រដ្ឋណា​បែរជាទៅ​រើសរបស់​ដែលអាក្រក់​នោះទេ​ មុន​នឹង​​គេ​សម្រេច​ជ្រើសរើស​របស់នោះ គឺគេបាន​សម្រេច​ចិត្តរួចហើយ​។ អញ្ចឹង​គឺ កឹម សុខា នេះ​ខូច​ណាស់​​​ ដែលចោទគេ​សុទ្ធតែ​អាក្រក់​ ឯខ្លួនឯងថាល្អ​នោះ​។​ អញ្ចឹង​ហើយពួក​គាត់នេះ​មិន​ធ្វើ​នយោបាយ​ទេ គឺគេធ្វើ​តែរបៀប​នយោបាយ​ពាលា​អាវ៉ាសែ​ ហើយនយោបាយ​នេះនឹងបញ្ចប់​ជីវិត​នយោបាយ​ កឹម សុខា និងបន​របស់ខ្លួន​ ហើយ​បើ​គណបក្ស សម រង្ស៊ី មិន​ពិចារណា​​រឿង​ហ្នឹង​ដែរទេ គណបក្ស សម រង្ស៊ី នឹង​ធ្លាក់ចុះ​​នៅក្នុង​ការ​បោះឆ្នោត​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១២​​ និង​ការបោះឆ្នោត​សភាឆ្នាំ​២០១៣ ដូច​គ្នា៕​​

សម្រង់​ព័ត៌មាន​​៖ លោក នូ សាវុធឌី

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...