ប្រទេសកាណាដាចង់ឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយ បណ្តាប្រទេសអាស៊ាននិងបន្តជួយកម្ពុជា បោសសម្អាតមីន
ឯកឧត្តម អ៊ាង សុផល្លែតជំនួយការសម្តេចតេជោនាយករដ្ឋមមន្រ្តីឲ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី John Baird បានជម្រាបជូនសម្តេចតេជោថា ប្រទេសកាណាដាចាត់ទុកការដោះមីន គឺជាកត្តាដ៏ចាំបាច់បំផុត ដែលកាណាដានឹងបន្តជួយដល់កម្ពុជា លើការបោសសំអាតគ្រាប់មីន។ សម្រាប់ការងារអាស៊ាន កាណាដានឹងបន្តជួយឧបត្ថម្ភដល់ការធ្វើសមាហរណកម្មអាស៊ាន ដែលមានទឹកប្រាក់ ១០ លាន ដុល្លារ សហរដ្ឋអាមេរិក។
ឯកឧត្តមរដ្ឋមន្រ្តី John Baird សម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសពាក់ព័ន្ធនានាដែលបានប្រព្រឹត្តទៅប្រកបដោយលទ្ធផលដ៏ល្អបំផុតនោះ។
សម្តេចតេជោបានស្នើដល់ប្រទេសកាណាដា ឲ្យបន្តជួយដល់មជ្ឈមណ្ឌលបោសសំអាតមីនកម្ពុជាជាបន្តទៀតព្រោះថា កម្ពុជា មានផ្ទៃដីប្រមាណ ១.៦០០ គីឡូម៉ែត្រការ៉េទៀត នៅមិនទាន់ធ្វើការបោសសំអាតគ្រាប់មីននៅឡើយ។ សម្តេចតេជោក៏បានសម្តែងនូវ ការអបអរសាទរផងដែរ ចំពោះប្រទេសកាណាដា ដែលមានបំណងចង់ធ្វើទំនាក់ទំនងឲ្យកាន់តែជិត ស្និទ្ធ ថែមទៀត ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ អាស៊ាន។ពាក់ពន្ធ័ទៅនឹងជំនួយ សម្រាប់ការធ្វើសមាហរណកម្មអាស៊ាន សម្តេចតេជោមាន ប្រសាសន៍បញ្ជាក់ថា សមាហរណកម្មអាស៊ាន គឺមានកត្តាសំខាន់ខ្លាំងណាស់បើធ្វើមិនបានទេនោះ ការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ ២០១៥ អាចនឹងមានបញ្ហាកើតឡើងជាមិនខាន៕
អត្ថបទអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស