Skip to main content

សេចក្ដីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ១៥ រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១២



1.    កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ១៥ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្ដទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ប្រមុខរដ្ឋ​​/រដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានជួបពិភាក្សាប្រកបដោយខ្លឹមសារជាមួយ ឯកឧត្ដម វេន ជាបាវ  ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។
2.    យើងបានសម្ដែងនូវសមានចិត្ដយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀម​​ក្រំក្រៃលែងជាមួយ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសជាមួយ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រីព្រះវររាជមាតា មុនីនាថ សីហនុ ចំពោះការយាងសោយទីវង្គត់នៃ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះវររាជ បិតាជាតិខ្មែរ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២។ យើងសូមចូលរួមការសោកស្ដាយចំពោះការបាត់បង់ យ៉ាងធំធេងជាមួយប្រជាជនកម្ពុជា នៅក្នុងអំឡុងពេលនៃការកាន់មរណទុក្ខនេះ។ កម្ពុជាបានសម្ដែងនូវ ការដឹងគុណដល់ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្ដ្រីចិន ចំពោះការចូលរូមរំលែកទុក្ខជាមួយ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ព្រះមហាក្សត្រី ព្រះវរាជមាតា ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។
3.    ប្រមុខដឹកនាំអាស៊ានបានសម្ដែងការកោតសរសើរយ៉ាងស្មោះស្ម្រ័គចំពោះ ឯកឧត្ដម វេន ជាបាវ ដែល បានចូលរួមចំណែកយ៉ាងសកម្មដល់ការពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន-ចិន។ នេះជាការ ចូលរួមចំណែកដោយផ្ទាល់ និងមានតម្លៃយ៉ាងធំធេង ក្នុងគោលបំណងដើម្បីលើកកម្ពស់សន្ដិភាព សន្ដិសុខ និងស្ថិរភាពនៅក្នុងតំបន់ និងដើម្បីកសាងទំនាក់ទំនងជិតស្និទ្ធ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការរវាង ប្រទេស និងប្រជាជនអាស៊ាន និងចិន។ ប្រមុខដឹកនាំអាស៊ានក៏បានសម្ដែងនូវសុទិដ្ឋិនិយមផងដែរថា ភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន-ចិន នឹងបន្ដពង្រឹង និងមានលក្ខណៈកាន់តែស៊ីជម្រៅបន្ថែមទៀត។
4.    យើងបានទទួលស្គាល់ថាអាស៊ាន និងចិន គឺជាដៃគូសន្ទនាយុទ្ធសាស្ដ្រដ៏សំខាន់ និងប្រកបដោយថាមភាព ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ និងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។ ក្នុងបរិបទនេះ យើងអះអាងសាជាថ្មីម្ដងទៀតនូវការប្ដេជ្ញ្ញាចិត្ដដ៏មុតមាំក្នុងការធ្វើឱ្យ កាន់តែស៊ីជម្រៅ​​នូវភាពជាដៃគូយុទ្ធសាស្ដ្រ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការរបស់យើង នៅគ្រប់វិស័យទាំងអស់ ជាពិសេសនៅក្នុងវិស័យអាទិភាពទាំង ១១ រួមមាន វិស័យកសិកម្ម បច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍  ការអភវិឌ្ឍន៍ធនធានមនុស្ស  ការវិនិយោគទៅវិញទៅមក  ការអភិវឌ្ឍន៍ មេគង្គ  ការដឹកជញ្ជូន  ថាមពល   វប្បធម៌   ទេសចរណ៍   សុខភាពសាធារណៈ និងបរិស្ថាន។
5.    ប្រមុខដឹកនាំអាស៊ានបានស្វាគមន៍ ការបង្កើតស្ថានបេសកកម្មអចិន្ដ្រៃយ៍របស់សាធារណរដ្ឋប្រជាមានិតចិនប្រចាំ អាស៊ាន និងការតែងតាំងឯកអគ្គរដ្ឋទូតចិនទី១ប្រចាំអាស៊ាន ដែលមាននិវេសនដ្ឋាននៅទីក្រុងហ្សាការតា ក្នុងឆ្នាំនេះ ដែលពិតជាមានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលទៅវិញទៅមក ក៏ដូចជា ដើម្បីជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន-ចិនឱ្យឈានទៅកាន់កម្រិតខ្ពស់ ថែមទៀត។
6.    យើងកត់សម្គាល់ប្រកបដោយក្ដី សោមនស្សរីករាយនូវការវិវត្ដន៍សំខាន់ៗនៅក្នុងការអនុវត្ដន៍​​ផែនការ សកម្មភាព ឆ្នាំ ២០១១ ដល់ ២០១៥ ដើម្បីអនុវត្ដសេចក្ដីថ្លែងការណ៍រួម ស្ដីពីភាពជាដៃគូយុទ្ធសាស្ដ្រ អាស៊ាន-ចិន។ យើងក៏បានអះអាងសាជាថ្មីនូវការប្ដេជ្ញាចិត្ដដ៏មុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីធានានូវការអនុវត្ដន៍ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវការអនុវត្ដន៍សកម្មភាព និងគម្រោង ជាក់ស្ដែងនានា នៅក្នុងផែនការសកម្មភាពនេះ។
7.    យើងសង្កត់ធ្ងន់នូវសារៈសំខាន់ជាចាំបាច់នៃសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្ដិរបស់​​ភាគីនៅ សមុទ្រចិន ខាងត្បូង (DOC) ថាជាឯកសារប្រវត្ដិសាស្ដ្រដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ដរួមគ្នារបស់រដ្ឋសមាជិកអាស៊ាន និងចិន ដើម្បីលើកកម្ពស់សន្ដិភាព  ស្ថិរភាព  ទំនុកចិត្ដ និងភាពជឿជាក់គ្នាទៅវិញទៅមក នៅសមុទ្រចិន ខាងត្បូង។
8.    យើងអះអាងសាជាថ្មីនូវការប្ដេជ្ញាចិត្ដ របស់យើងក្នុងការបន្ដអនុវត្ដឱ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍នេះ ដើម្បីពង្រឹងសន្ដិសុខលំហសមុទ្រ  និងដើម្បីលើកទឹកចិត្ដភាគីពាក់ព័ន្ធ ឱ្យដោះស្រាយជម្លោះដែនដី និងយុត្ដាធិការដោយមធ្យោបាយសន្ដិវិធី ដោយយោងតាមច្បាប់អន្ដរជាតិ ដែលត្រូវបានទទួលស្គាល់ជាសាកល រួមមាន អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)
9.    យើងសង្កត់ធ្ងន់នូវសារៈសំខាន់ នៃការរក្សាឱ្យបាភាពអត់ធ្មត់ដោយគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការប្រតិបត្ដិ សកម្មភាពនានាដែលអាចធ្វើឱ្យមានភាពស្មុគស្មាញ ឬធ្វើឱ្យជម្លោះកាន់តែតានតឹង និងប៉ះពាល់ដល់សន្ដិភាព និងស្ថិរភាពនៅក្នុងតំបន់ និងដើម្បីដោះស្រាយភាពមិនចុះសម្រុងគ្នាដោយសន្ដិវិធី។
10. យើងឯកភាពប្រើប្រាស់នូវយន្ដការកិច្ចសន្ទនាដែលមានស្រាប់រវាង និងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និង ចិននៅគ្រប់កម្រិតទាំងអស់ ដើម្បីបង្កើនទំនុកចិត្ដ និងភាពជឿជាក់គ្នាទៅវិញទៅមក។ យើងឯកភាពបង្កើន លក្ខខណ្ឌសមស្របនានាសម្រាប់ការដោះស្រាយទំនាស់ និងភាពមិនចុះសម្រុងគ្នាក្នុងចំណោមប្រទេសពាក់ព័ន្ធ ប្រកប​​ដោយចីរភាព និងសន្ដិវិធី។
11. យើងបានអះអាងសាជាថ្មីថា ការតភ្ជាប់អាស៊ាន គឺជាអាទិភាពទីមួយ និងជាមូលដ្ឋានគ្រឹះនៅក្នុងការអភិវឌ្ឍន៍ ការតភ្ជាប់រវាងអាស៊ាន និងតំបន់ រួមទាំងអាស៊ានជាមួយនិងចិន។ ប្រមុខដឹកនាំអាស៊ានបានកោតសរសើរ ចំពោះការគាំទ្ររបស់ចិនលើផែនការមេ ស្ដីពីការតភ្ជាប់អាស៊ាន ជាពិសេសប្រាក់កម្ចីបន្ថែមចំនួន ១០ ពាន់ លានដុល្លារអាមេរិក ក្នុងនោះរួមមានប្រាក់កម្ចីអនុគ្រោះចំនួន ៤ ពាន់លានដុល្លារអាមេរិក ដើម្បីផ្ដល់ ហិរញ្ញវត្ថុដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងពាក់ព័ន្ធនានា។ យើងបានស្វាគមន៍ចំពោះការរៀបចំ កិច្ចប្រជុំលើកទីមួយរវាងគណៈកម្មាធិការសម្រួបសម្រួលការតភ្ជាប់អាស៊ាន និងគណៈកម្មាធិការការងារចិន ស្ដីពីការតភ្ជាប់ ដែលបានប្រព្រឹត្ដទៅនៅលេខាធិការដ្ឋានអាស៊ាន នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១២។ យើង បានប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការសម្រួបសម្រួលការតភ្ជាប់អាស៊ាន និងគណៈកម្មាធិការការងារចិន ស្ដីពីការតភ្ជាប់ កំណត់វិស័យសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្ដិនៃការតភ្ជាប់ និងរៀបចំបញ្ជីគម្រោង អាទិភាព ព្រមទាំងសម្របសម្រួលការគៀងគរធនធានហិរញ្ញវត្ថុ និងបច្ចេកទេសពីអាស៊ាន និងចិន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគាំទ្រការផ្ដល់ហរិញ្ញប្បទានសម្រាប់គម្រោងកិច្ចសហប្រតិបត្ដិការ ស្ដីពី ការតភ្ជាប់។ ប្រមុខដឹកនាំអាស៊ានទន្ទឹងរង់ចាំ ការបន្ដគាំទ្ររបស់ចិនដល់ការអនុវត្ដន៍ផែនការការងារ ទី ២ នៃគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន ដែលប្រកបដោយសារៈសំខាន់សម្រាប់ដំណើរការកសាង សហគមន៍អាស៊ាន។
12. យើងបានស្វាគមន៍សំណើរបស់ចិន ក្នុងការបង្កើតមូលនិធិកិច្ចសហប្រតិបត្ដិការផ្លូវសមុទ្រ​​អាស៊ាន-ចិន ដែលមានថវិកាចំនួន ៣ ពាន់លានយ័ន ដើម្បីគាំទ្រផ្នែកហរិញ្ញវត្ថុដល់កិច្ចសហប្រតិបត្ដិការអាស៊ាន-ចិន នៅក្នុងវិស័យស្រាវជ្រាវ វិទ្យាសាស្ដ្រ​​ផ្នែកសមុទ្រ ការតភ្ជាប់ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍  ជាពិសេស ដើម្បីអនុវត្ដគម្រោងនានានៅក្នុងក្របខ័ណ្ឌសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្ដិរបស់ភាគីនៅសមុទ្រចិន ខាងត្បូង។
13. ប្រមុខដឹកនាំចិនបានស្វាគមន៍ចំពោះការអនុម័តលើសេចក្ដីប្រកាស ស្ដីពីអាស៊ានគ្មានគ្រឿងញៀន នៅឆ្នាំ ២០១៥ ដោយប្រមុខដឹកនាំអាស៊ាន ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ២០ នៅរាជធានីភ្នំពេញ  កាលពីខែមេសា ឆ្នាំ២០១២។ ប្រមុខដឹកនាំអាស៊ានទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយចិន លើបញ្ហាការជួញដូរគ្រឿងញៀន និងសារធាតុញៀន។
14. យើងបានស្វាគមន៍នូវការអនុមត័សេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពីសិទ្ធិមនុស្សនៅក្នុង​​កិច្ចប្រជុំកំពូលអាស៊ាន លើកទី ២១ នៅភ្នំពេញ នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១២ និងបានសង្កត់ធ្ងន់អំពីការបន្ដគាំទ្រ ដើម្បីធ្វើឱ្យ សម្រេចសហគមន៍អាស៊ានមួយ ដោយអនុលោមទៅតាមវិធាននៃច្បាប់ ប្រជាធិបតេយ្យ ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
15. យើងក៏បានកត់សម្គាល់ផងដែរថា ថ្វីបើសេដ្ឋកិច្ចសាកលលោកមានការលំបាក ទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងចិន បន្ដបង្ហាញនូវការវិវត្ដន៍ដ៏គួរឱ្យលើកទឹកចិត្ដ។ ចិននៅរក្សាតំណែងរបស់ខ្លួនជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់អាស៊ាន ចាប់តាំងពីឆ្នាំ ២០០៩ មក ខណៈដែលបច្ចុប្បន្ន អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំ បំផុតទី ៣របស់ចិន ដោយឡើងពីលំដាប់ទី ៤ នៅក្នុងឆ្នាំ ២០១០។ ស្ថិតិអាស៊ានបានបង្ហាញថា ពាណិជ្ជកម្ម ទ្វេភាគីបានកើនឡើង ២០.៩% គឺកើនពីចំនួន ២៣២ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១០ ដល់ ចំនួន ២៨០,៤ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១១។ លំហូរវិនិយោគផ្ទាល់ពីបរទេសពីចិនមក អាស៊ាន ក៏បានកើនឡើងទ្វេដងផងដែរ ពីចំនួន ២,៧ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១០ ដល់ ចំនួន ៥,៩ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១១។
16. យើងគូសបញ្ជាក់សាជាថ្មីម្ដងទៀត នូវការប្ដេជ្ញាចិត្ដរួមគ្នារបស់យើង ក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង រួមមានការជំរុញការប្រើប្រាស់តំបន់ពាណិជ្ជកម្មសេរី អាស៊ាន-ចិន ឱ្យបានកាន់តែប្រសើរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ យើងជឿជាក់ថា គោលដៅរួម របស់យើងក្នុងការសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទៅវិញទៅមកក្នុងចំនួនទឹកប្រាក់ ៥០០ ពាន់លាន ដុល្លារអាមេរិក នៅឆ្នាំ ២០១៥  នឹងធ្វើឱ្យសម្រេចនូវតុល្យភាព និរន្ដរភាព និងមានអត្ថប្រយោជន៍ទៅវិញ ទៅមក។
17. យើងស្វាគមន៍ការចុះហត្ថលេខាលើពិធីសារ ២ ៖ (១) ពិធីសារទី ៣ ដើម្បីធ្វើវិសោធកម្មលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌ ស្ដីពីកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចទូលំទូលាយរវាងអាស៊ាន និងចិន ដើម្បីផ្ដល់លក្ខន្ដិកគតិយុត្ដ ដល់គណៈកម្មាធិការរួម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និង (២) ពិធីសារ ដើម្បីបញ្ជូល របាំងបច្ចេកទេសផ្នែកពាណិជ្ជកម្ម និងវិធានការអនាម័យ និងភូតគាមអនាម័យនៅក្នុងកិច្ចព្រមព្រៀង ស្ដីពីពាណិជ្ជកម្មទំនិញ នៃក្របខ័ណ្ឌកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចទូលំទូលាយរវាង អាស៊ាន និងចិន ដែលនឹងជួយសម្រួល ពង្រឹង និងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច និង ពាណិជ្ជកម្ម។
18. យើងស្វាគមន៍គោលបំណងរបស់ហុងកុងចង់ចូលរួមតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងបាកត់សម្គាល់ ពីរបកគំហើញនៃការសិក្សាស្រាវជ្រាវដែលបានរៀបចំដោយអាស៊ាន ស្ដីពីផលប៉ះពាល់នៃការចូលរួមរបស់ ហុងកុងនៅក្នុងតំបន់ពាណិជ្ជកម្មសេរីនេះ។ យើងបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ដ្រីរបស់យើងពន្លឿនការវាយតម្លៃ និងពិភាក្សាផ្ទៃក្នុងនៃប្រទេសសមាជិកនីមួយៗ។ យើងត្រូវធានាថាការចូលរួមរបស់ហុងកុងនឹងផ្ដល់នូវ ប្រយោជន៍ទៅវិញទៅមកដល់គ្រប់ភាគីទាំងអស់។
19. យើងរំលឹកពីការសម្ពោធជាផ្លូវការមជ្ឈមណ្ឌលអាស៊ាន-ចិន កាលពីឆ្នាំមុន និងស្វាគមន៍ការតែងតាំង អគ្គលេខាធិការរបស់មជ្ឈមណ្ឌលនេះ ក៏ដូចជាការប្រព្រឹត្ដទៅដោយជោគជ័យនៃកិច្ចប្រជុំលើកទី ១ របស់ ក្រុមប្រឹក្សារួមនៃមជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីក្រុងប៉េកាំង កាលពីខែឧសភា ឆ្នាំ២០១២។ យើងក៏ បានស្វាគមន៍នូវការប្ដេជ្ញាចិត្ដរបស់ឥណ្ឌូនេស៊ី និងថៃ ដើម្បីបញ្ចូនមន្ដ្រីរបស់ខ្លួនទៅបម្រើក្នុងតួនាទីជា នាយកផ្នែកអប់រំ វប្បធម៌ និងទេសចរណ៍ និងជានាយកផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈនៅ មជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីក្រុងប៉េកាំង នៅឆមាសទី១ ឆ្នាំ២០១៣។ យើងបានបញ្ជាក់នូវការ ជឿជាក់ដ៏មុតមាំរបស់យើងថា ការបើកដំណើរការមជ្ឈមណ្ឌលនេះឱ្យបានពេញលេញ នឹងជំរុញកាន់តែ ខ្លាំងដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក  ទេសចរណ៍  ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន។
20. យើងអបអរសាទរចំពោះការប្រារឰទៅដោយជោគជ័យនៃការតាំងពិព័រណ៍អាស៊ាន-ចិន លើកទី៩ ពីថ្ងៃទី ២១ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងណាននីង ដែលជាព្រឹត្ដិការណ៍អន្ដរជាតិ និងជាវេទិកាដ៏សំខាន់ សម្រាប់ការផ្លាស់ប្ដូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញការអនុវត្ដន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន និងផ្ដល់នូវកាលានុវត្ដភាពសម្រាប់កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍន៍សម្រាប់ភាគី ទាំងពីរ។ យើងក៏បានកត់សម្គាល់ប្រកបដោយសេចក្ដីសោមនស្សផងដែរចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃវេទិកាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលបានរៀបចំឡើងនៅទីក្រុងណាននីង ប្រទេសចិន កាលពី ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១២ ដែលបង្កលក្ខណៈងាយស្រួលដល់ការអនុវត្ដន៍កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ចិន នាពេលអនាគត។
21. យើងបានកត់សម្គាល់ដោយការពេញចិត្ដនូវការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង រដ្ឋាភិបាលនៃរដ្ឋ​​សមាជិក​​សមាគម​​ប្រជាជាតិ​​អាស៊ីអាគ្នេយ៍ (អាស៊ាន) និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ដីពីកិច្ចសហប្រតិបត្ដិកា​​វិស័យសុខាភិបាល ដោយរដ្ឋមន្ដ្រីសុខាភិបាលអាស៊ាន និងចិន នៅ ទីក្រុងភូកេត ប្រទេសថៃ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១២ ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការអាស៊ាន-ចិន លើវិស័យសុខាភិបាល។ ក្នុងន័យនេះ យើងបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ដ្រី និងឧត្ដមមន្ដ្រីរបស់យើងអនុវត្ដ អនុស្សារណៈនៃការយោគយល់នេះឱ្យបានពេញលេញ។
22. យើងកោតសរសើរចិនដែលបានកំណត់យកឆ្នាំនេះជាឆ្នាំ  ៉កិច្ចសហប្រតិបត្ដិកាអាស៊ាន-ចិន ក្នុងវិស័យ វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា ៉  និងការប្រព្រឹត្ដទៅនៃកិច្ចប្រជុំលើកទី ១ របស់រដ្ឋមន្ដ្រីវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យាអាស៊ាន និងចិន នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុងឱកាសការតាំងពិព័រណ៍អាស៊ាន-ចិន លើកទី៩  ជាពិសេស ការដាក់ចេញនូវកម្មវិធីភាពជាដៃគូអាស៊ាន-ចិន ក្នុងវិស័យវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា។ យើងប្រគល់ភារកិច្ចឱ្យរដ្ឋមន្ដ្រីពាក់ព័ន្ធពន្លឿនការពិភាក្សាគ្នា ដើម្បីឈានទៅរកការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្ដិការវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា ឱ្យបានឆាប់។
23. យើងកត់សម្គាល់ប្រកបដោយសេចក្ដីពេញចិត្ដ ចំពោះការបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាស៊ាន-ចិន ចំនួន១០កន្លែងនៅក្នុងខេត្ដ ៦របស់ចិន ដែលនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាង សហគមន៍អាស៊ាន និងលើកកម្ពស់សាមគ្គីភាព  ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្ដិការនៅក្នុងតំបន់អាស៊ី ខាងកើត ក៏ដូចជាជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង ការអភិវឌ្ឍន៍ធនធានមនុស្ស។
24. ប្រមុខដឹកនាំអាស៊ានស្វាគមន៍គំនិផ្ដួចផ្ដើមថ្មីៗ ដែលបានស្នើឡើងដោយភាគីចិន នៅក្នុងកិច្ចប្រជុំកំពូលនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការអាស៊ាន-ចិន នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម  ការតភ្ជាប់ វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា វប្បធម៌ ក៏ដូចជាប្រជាជន និងប្រជាជន រួមមាន ការរួមគ្នា អបអរសាទរខួប១០ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន-ចិន ការបង្កើតភាពជាដៃគូកិច្ចសហប្រតិបត្ដិការ ដែនសមុទ្រអាស៊ាន-ចិន (ASEAN-China Maritime Cooperation Partnership) ការបន្ដ អនុវត្ដ កម្មវិធីភាពជាដៃគូវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាអាស៊ាន-ចិន   ការរៀបចំផែនការទាំង​​មូលសម្រាប់ ការតភ្ជាប់អាស៊ាន-ចិន  ការរៀបចំវេទិកាអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្ដិការវិស័យទេសចរណ៍  ការចាប់ផ្ដើមផែនការអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្ដិវិស័យឯកជន (ASEAN-China Plan of Private Sectors Cooperation) ការចាប់ផ្ដើមបណ្ដាញក្រុមគំនិតអាស៊ាន-ចិន (ASEAN-China Think-Tank Network ) ។ ប្រមុខដឹកនាំអាស៊ានបានពេញចិត្ដយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចចិត្ដ របស់ចិនក្នុងការផ្ដល់បន្ថែមនូវថវិកាចំនួន ៥ លានដុល្លារអាមេរិក សម្រាប់មូលនិធិកិច្ចសហប្រតិបត្ដិការ អាស៊ាន-ចិន ដើម្បីគាំទ្រកិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យរវាងចិន និងប្រទេសសមាជិកអាស៊ាន។
25. យើងបានស្វាគមន៍ប្រទេសថៃ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ចិន ពីខែកក្កដា ឆ្នាំ ២០១២ ដល់ខែកក្កដា ឆ្នាំ២០១៥។ យើងសង្ឃឹមថាអាចនឹងបង្កើនកិច្ចសហប្រតិបត្ដិការពហុវិស័យ និងពង្រឹង ភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន-ចិន។

- - - - - - -

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...