រាជរដ្ឋាភិបាលតេជោសែនបាននិងកំពុងជម្រុញការនាំចេញនិងទាក់ទាញការវិនិយោគដើម្បីបង្កើនផលិតផលក្នុងស្រុក
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក កម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ ដែលត្រូវនឹងថ្ងៃខួបលើកទី១២៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវយើងកំពុងអនុវត្តនយោបាយបែរមុខទៅខាងក្រៅ ដែលមានន័យថា យើងកំពុងប្រែក្លាយខ្លួនទៅជាប្រទេសនាំចេញ ដែលត្រូវជម្រុញការផលិតនៅក្នុងប្រទេស ដើម្បីជម្រុញការនាំចេញ និងស្វែងរកទីផ្សារនៅខាងក្រៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកថា ច្រកចេញចូលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ជាផ្នែកដ៏សំខាន់មួយនៃការអង្កេតសេដ្ឋកិច្ចផងដែរ។ ឥឡូវនេះការដឹកជញ្ជូនឆ្លងកាត់មានការកើនឡើង គឺជាសូចនាករបង្ហាញឲ្យឃើញពីការរីកចម្រើននៃនាំចេញរបស់កម្ពុជាដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រឹងណាស់ ដើម្បីនឹងបើកទីផ្សារនៅខាងក្រៅ ទាំងនៅសហរដ្ឋអាមេរិក នៅអឺរ៉ុប កាណាដា ចិន ជប៉ុន កូរ៉េ ក៏ដូចជានៅតំបន់អាស៊ាន បើទោះបីជាមិនទាន់ដល់ឆ្នាំ២០១៥ ក៏ពិតមែន ប៉ុន្តែយើងប្រឹងបើកសម្រាប់ផលិតផលកម្ពុជាទាំងវិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្មរបស់យើង ដើម្បីអាចនឹងលក់ចេញទៅក្រៅប្រទេសបាន។
ជាមួយនឹងការស្វែងរកទីផ្សារខាងក្រៅសម្រាប់ផលិតផលក្នុងស្រុក សម្តេចតជោមានប្រសាសន៍ពន្យល់ថា រាជរដ្ឋាភិបាលបានដើរទៅរកទីផ្សារនៅខាងក្រៅជាមួយនឹងការទាក់ទាញ ការវិនិយោគមកក្នុងស្រុក ដើម្បីធ្វើការដាំដុះ ធ្វើការកែច្នៃ ហើយខាងផ្នែកកាត់ដេរក៏ដូច្នេះដែរ យើងប្រឹងណាស់ដើម្បីនឹងរកទីផ្សារ ព្រោះបើមិនអាចរកទីផ្សារបានទេ គឺមិនអាចមានការវិនិយោគបន្ថែមនូវរោងចក្រកាត់ដេរ ដើម្បីបង្កើតការងារធ្វើឲ្យកម្មករ កម្មការិនីរបស់កូនចៅប្រជាកសិកររបស់យើងបានដែរ។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ការដែលយើងខិតខំដើម្បីនាំប្រទេសចូលក្នុងអង្គការ ពាណិជ្ជកម្មពិភពលោក ការដែលយើងខិតខំចរចានៅក្នុងក្របខ័ណ្ឌដៃគូអាស៊ាន ហើយយើងជាតួអង្គមួយក្នុងចំណោមអាស៊ាន កំពុងចរចាតំបន់សេដ្ឋកិច្ចទូលំទូលាយជាមួយដៃគូដទៃទៀត ដែលរួមមាន ចិន ឥណ្ឌា កូរ៉េ ជប៉ុន អូស្ត្រាលី នូវែលហ្សឺឡង់ និងជាមួយហុងកុង គឺកំពុងរកទិសដៅនោះហើយ ឱកាសដែលយើងរួមជាមួយអាស៊ានដើម្បីបើកតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន អាស៊ាន-កូរ៉េ អាស៊ាន -ជប៉ុន អាស៊ាន-កូរ៉េ អាស៊ាន និងដៃគូដទៃទៀត គឺជាការបើកឱកាសសម្រាប់កម្ពុជា។ សម្តេចតេជោក៏បានដឹងផងដែរថា នៅឆ្នាំ២០១៤ ខាងមុខនេះ កម្ពុជាក៏នឹងរៀបចំពិធីរំលឹកខួប១៥ឆ្នាំ នៃការចូលជាសមាជិកអាស៊ាន ដែលនៅពេលនោះសមិទ្ធផលទាំងឡាយ ក៏ដូចជាផលប្រយោជន៍ដែលទទួលបាន បន្ទាប់ពីការចូលក្នុងអាស៊ានក៏នឹងត្រូវបានបង្ហាញផងដែរ។
ដោយឡែកនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាអង្គភាពដែលកម្មករទទួលប្រាក់ខែទាបបំផុតចំនួន ៣៥០ ដុល្លារអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ មានប្រសាសន៍ថា ទាំងប្រជាពលរដ្ឋ ទាំងកម្មករ កម្មការិនីសុទ្ធតែបានដឹងដោយខ្លួនឯងថា ក្នុងឆ្នាំ២០០៨ គាត់មានអ្វី ហើយមកដល់ឆ្នាំ២០១៣ នេះគាត់មានអ្វី នៅពេលដែលកំណើន សេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំត្រូវបានកែលំអ ហើយប្រាក់ខែរបស់កម្មករ កម្មការិនីបានកើនពីជាង ៥០ដុល្លារ មកដល់ ៦៤ដុល្លារនៅឆ្នាំ២០១០ និងកើនដល់ ៨០ដុល្លារ ចាប់ពីខែឧសភា ឆ្នាំ២០១៣ នេះ បើមិនចង់ប្រៀបធៀបពីឆ្នាំ១៩៧៩។
ទាក់ទងនឹងការបោះឆ្នោតសកលនាពេលខាងមុខនេះ សម្តេចតេជោ ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ដោយសុទិដ្ឋិនិយមថា «ខ្ញុំនៅតែមិនជឿថា CPP អាច ទៅជាគណបក្សដែលចាញ់ឆ្នោតមួយចូលទៅ ដល់ផ្កាប់ឆ្នាំងនោះទេ ព្រោះអាសនៈបានកើនពី៥១ ដល់ ៦៤ កើនពី ៦៤ ដល់ ៧៣ និងកើនរហូតដល់ ៩០ អាសនៈ ហើយបែរជាធ្លាក់មកនៅ ៤០ កៅអីទេ វាអត់ត្រូវ ហើយវាមិនទំនងទាល់តែសោះហើយ។ គេមានសិទ្ធិនិយាយថា គេឈ្នះ យើងក៏មានសិទ្ធិ និយាយថាយើងឈ្នះ ហើយខ្ញុំក៏មិនជឿថាអាសនៈជាង ២/៣ អាចនឹងធ្លាក់ចុះម្តងទៅដល់ក្រោម៥០+១ ខ្ញុំមិនជឿជាក់យ៉ាងដូច្នេះទេ។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា អ្វីដែលសំខាន់គឺប្រជាជនជាម្ចាស់ឆ្នោតជាអ្នកសម្រេចទេ។ ខ្ញុំសូមបញ្ជាក់ថា ថ្វីត្បិតតែសម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើងបានយាងចូលទិវង្គតទៅហើយក៏ពិតមែន ប៉ុន្តែព្រះនាមរបស់ព្រះអង្គកំពុងតែផ្សារភ្ជាប់ជាមួយខេត្តព្រះសីហនុ និងកំពង់ផែ ដែលជាច្រកចេញចូលនៃសេដ្ឋកិច្ចរបស់យើងនៅទីនេះដោយគ្មានការកែប្រែ ដែលខ្ញុំសូមបញ្ជាក់ថា នឹងគ្មានការកែប្រែនៅក្នុងដំណាក់កាលនៃគណបក្សប្រជាជនកម្ពុជាកាន់អំណាចនោះទេ ប៉ុន្តែបើសិនជាគណបក្សដទៃឈ្នះឆ្នោតជារឿងរបស់គេ។
ពាក់ព័ន្ធនឹងការពិតនៃប្រវត្តិសាស្ត្រនៃដំណើការវិវត្តន៍របស់ប្រទេសកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មានអ្នកនយោបាយខ្លះហ៊ានរំលឹកថ្កោលទោសតែថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ទេ ប៉ុន្តែគេមិនហ៊ានថ្កោលទោសការធ្វើរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ទេ។ បើសិនយើងជាអ្នកនយោបាយ ដែលហ៊ានទទួលខុសត្រូវចំពោះមុខការពិតនៃប្រវត្តិសាស្ត្រ គឺត្រូវហ៊ានទទួលយកការពិតទាំងខុសទាំងត្រូវ រាប់ទាំងហ៊ានថ្កោលទោសសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ ប៉ុន្តែគេអត់ហ៊ានប៉ះពាល់ជាមួយអ្នកឈ្លានពានកម្ពុជាកាលពីឆ្នាំ១៩៧០ ទេ ព្រោះជាចៅហ្វាយគេបច្ចុប្បន្ន គេចាត់ទុកដូចជាគ្រូគេ ឪម៉ែរបស់គេអញ្ចឹងរាល់ថ្ងៃនេះ។ សម្តេចតេជោ សែន មានប្រសាសន៍ពន្យល់ថា លើការជាក់ស្តែង អ្នកណាអ្នកគាំទ្ររបប លន់ នល់ និយាយឲ្យពិតមក ហ៊ាននិយាយចេញទេ តើ លន់ នល់ សិរិមតៈ ធ្វើរដ្ឋប្រហារពិតឬអត់។ ហ៊ានឆ្លើយទេ?ហើយរដ្ឋប្រហារនោះអ្នកណាគាំទ្រ? គេហ៊ានថ្កោលទោសអាមេរិក និងវៀតណាមខាងត្បូង និងប្រទេសមួយចំនួន ដែលធ្វើការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញកម្ពុជាទេ? ប៉ុន្តែគេហ៊ាននិយាយត្រឹមតែ ១៧ មេសាតែប៉ុណ្ណោះ ប៉ុន្តែអត់ចាប់ផ្តើមថា តើ ១៧ មេសាចាប់ផ្តើមពីអ្វី? គឺវាចាប់ផ្តើមពី ១៨ មីនាហ្នឹង។ បើសិនអត់មាន ១៨ មីនា វាអត់មាន ១៧ មេសាទេ ហើយបើអត់មាន ១៧ មេសា បង្កើតឡើងនូវរបបប្រល័យពូជសាសន៍ វាក៏អត់មាន ១ ធ្នូ ១៩៧៨ បង្កើតរណសិរ្សដែរ ហើយក៏អត់មាន ៧ មករា ឆ្នាំ១៩៧៩ ហើយក៏អត់មាន ២៣ តុលា ឆ្នាំ១៩៩១ នៃកិច្ចព្រមព្រៀងប៉ារីសដែរ។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា អ្នកនយោបាយទាំងឡាយគប្បីក្លាហានហ៊ានទទួលស្គាល់នូវការពិត ដែលជាសច្ចធម៌នៃប្រវត្តិសាស្ត្រ ព្រោះវាបានកើតឡើងយ៉ាងដូច្នេះ ប៉ុន្តែអ្នកខ្លះអត់ហ៊ានប៉ះទេ ប៉ះទៅខ្លាចដែលសូម្បីតែជនជាតិអាមេរិកខ្លួនឯងក៏ហ៊ានសរសេរ ហើយគេហ៊ានសរសេររហូតដល់ខួបនៃការដួលរលំនៃ លន់ នល់។ ខួបនៃការចាប់ផ្តើមទម្លាក់គ្រាប់បែក ដែលបញ្ជាដោយ និក សុន (អតីតប្រធានាធិបតីអាមេរិក) ។សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រសិនបើគ្មានការធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ហើយទុកឲ្យព្រះអង្គកសាងប្រទេសរហូតមក ប្រហែលជារហូតមកដល់ពេលនេះយើងមិនជួបនូវសោកនាដកម្ម ហើយក៏មិនពិបាកដល់ពួកយើងកសាងឡើងវិញ ហើយក៏មិនមានគំនរឆ្អឹង មានថ្លុកឈាម រណ្តៅសាកសពនៅទូទាំងដែរ។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចាប់ផ្តើមដំណើរការធ្វើអាជីវកម្មឡើងវិញ នាខែសីហា ឆ្នាំ១៩៧៩។ មុនសង្គ្រាមកំពង់ផែស្វយ័តក្រុងព្រះសីហនុមានសមត្ថភាពត្រឹមតែប្រមាណ ជា ១,៥ លានតោន។ បច្ចុប្បន្នកំពង់ផែក្រុងព្រះសីហនុមានការអភិវឌ្ឍជាបន្តបន្ទាប់ឥតឈប់ឈរ និងមានសមត្ថភាពដល់ ៣,៥លានតោន។ នៅឆ្នាំ២០១២ ទំនិញឆ្លងកាត់មាន ២.៧០០.០០០ តោន កើនឡើង ៩ ភាគរយធៀបនឹងឆ្នាំ ២០១១ ដែលមាន ២.៥០០.០០០ តោន។ បរិមាណនាវាចូលចតមាន ៩៤០ គ្រឿងកើនឡើង ៧,៣ ភាគរយ ធៀបនឹងឆ្នាំ ២០១១ ដែលមានតែ ៨៨០គ្រឿង។ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផៃមាន ២៥៦.០០០ TEU កើនឡើង ៧,៣ភាគរយ ធៀបនឹងឆ្នាំ២០១១ ដែលមាន ២៣៨.០០០ TEU ។
ក្នុង ៣ខែ ដើមឆ្នាំ២០១៣នេះ បរិមាណអង្ករឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ៧២.០០០ តោន កើនឡើង ១០២ ភាគរយ ធៀប៣ខែឆ្នាំ២០១២ ដែលបរិមាណឆ្លងកាត់មានចំនួន ៣៥.៦០០ តោន។ នៅចុងឆ្នាំ ២០១៣ នេះកំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងចាប់ផ្តើមសាង សង់ចំណតកំពង់ផែថ្មី ដែលចំណាយទឹកប្រាក់ប្រមាណជា ៨៥ លានដុល្លារអាមេរិកក្រោមកម្ចីហិរញ្ញ ប្បទានពីរាជរដ្ឋាភិបាលជប៉ុន។ចំណតកំពង់ផែថ្មី នឹងចាប់ផ្តើមដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៦ ដែលមានលទ្ធភាពឲ្យកប៉ាល់ផ្ទុកទំនិញចូលចតបានប្រមាណ ៥ម៉ឺនតោន ខណៈដែលកំពង់ផែបច្ចុប្បន្ន មានលទ្ធភាពឲ្យកប៉ាល់ផ្ទុកទំនិញចូលចតបានប្រមាណ ២ ម៉ឺនតោនប៉ុណ្ណោះ៕