សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ បានស្នើឲ្យទីក្រុងម៉ាកាវ ដែលជាតំបន់រដ្ឋបាលពិសេសមួយរបស់សាធារណរដ្ឋប្រជាមានិតចិនជំរុញទេសចរ និងវិនិយោគទុន ព្រមទាំងជំរុញឲ្យមានការហោះហើរត្រង់ពីទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម Edmund Ho អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងជាអតីតប្រមុខប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងថា ពាក់ព័ន្ធទៅនឹងទំនាក់ទំនងកម្ពុជា ជាមួយទីក្រុងម៉ាកាវ សម្ដេចតេជោបានស្នើឲ្យភាគីនៃថ្នាក់ដឹកនាំទីក្រុងម៉ាកាវ ពិនិត្យលទ្ធភាពក្នុងការលើកស្ទួយទំនាក់ទំនងលើវិស័យទេសចរណ៍រវាងកម្ពុជា និងទីក្រុងម៉ាកាវ និងវិស័យផ្សេងៗទៀតផងដែរ។
ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានឆ្លើយតបទៅនឹងការអញ្ជើញរបស់ឯកឧត្តម Edmund Ho ក្នុងការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ទៅកាន់វេទិកាសេដ្ឋកិច្ចទេសចរណ៍សកលលើកទី២ ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន នាខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ។
ឯកឧត្តម Edmund Ho បានជំរាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺទី១, ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចិន-កម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយនឹងទីក្រុងម៉ាកាវ ដែលជាយុទ្ធសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន និងទី២, ដើម្បីគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីការរៀបចំវេទិកាសេដ្ឋកិច្ចទេសចរណ៍សកលលើកទី២ ដែលនឹងប្រព្រឹត្តិទៅនៅខែកញ្ញា ឆ្នាំ២០១៣ នៅទីក្រុងម៉ាកាវ តាមរយៈនោះ លោកសូមគោរពអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីថ្លែងសុន្ទរកថាគន្លឹះទៅកាន់វេទិកាដ៏មានសារៈសំខាន់នេះ៕