ដោយប្រកាសឲ្យដឹងអំពីការយឺតយ៉ាវរបស់បក្សប្រឆាំង ក្នុងការដាក់បញ្ជីបេក្ខជន ចុះឈ្មោះ ចូលរួមការបោះឆ្នោត នាខែកក្កដាខាងមុខ ដោយសារតែបញ្ហាជម្លោះផ្ទៃក្នុងរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ហើយបានយកលេសចាប់ពិរុទ្ធជំទាស់នឹង គជប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា គណបក្សប្រឆាំងមិនមានសិទ្ធិដើម្បីធ្វើវេតូ Veto ជំទាស់ មិនឲ្យ គជប រៀបចំការបោះឆ្នោតឡើយ។
ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៤៤ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ សម្តេចតេជោមានប្រសាសន៍ថា អស់លោកមិនទាន់ឯកភាពគ្នាលើបញ្ជីខ្លួនឯងសោះ អស់លោកបែរជានិយាយថា យកពេលហ្នឹងដើម្បីតស៊ូជាមួយ គជប ដែលអស់លោកគួរខ្មាសខ្លួនឯងផង។ ខ្ញុំជូនព័ត៌មានត្រឡប់ទៅវិញ អស់លោកកុំនិយាយថា បើ គជប មិនសម្រួលបញ្ជី មិនពន្យារការបោះឆ្នោតទេ មិនចុះឈ្មោះទេ។ ខ្ញុំសូមរំលឹកថា ច្បាប់បោះឆ្នោតគេបានកំណត់ថា ជារៀងរាល់ ៥ឆ្នាំ ម្តង នៅថ្ងៃអាទិត្យ នាអាទិត្យទី៤ នៃខែកក្កដា ត្រូវបោះឆ្នោត ហេតុអ្វីបានជាអស់លោកហ៊ានឲ្យពន្យារការបោះឆ្នោត ២ ទៅ ៣ ខែ បើពន្យារការបោះឆ្នោតវាទាល់តែទៅធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ហើយតើអ្នកណាគេទៅប្រជុំ ហើយមានកូរ៉ុមឯណាប្រជុំ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ម្ង៉ៃៗក្រុមប្រឆាំងបានជេរតែ គជប វាដូចគ្នានឹងការប្រកួតដែលវាយគេមិនឈ្នះទៅទាត់អាប៊ីត ហើយថែមទាំងមានអនុសាសន៍លើកឡើងថា សុំបិទបញ្ជីបោះឆ្នោតឲ្យបានមុន នៅពេលដែល គជប បានធ្វើតាមនីតិវិធីរបស់គេច្បាស់លាស់ ហេតុអ្វីបានជាអនុសាសន៍ ដែលអង្គការក្រៅរដ្ឋាភិបាលមានសិទ្ធិធំជាងសភាទៅហើយ ព្រោះរដ្ឋសភាជាអ្នកកំណត់ឲ្យតាមច្បាប់បោះឆ្នោត ហើយបានរៀបចំនីតិវិធី ដែលមានកំណត់ក្នុងច្បាប់។ សម្តេចតេជោថ្លែងថា តើអនុសាសន៍ថា អនុសាសន៍របស់ក្រុមប្រឆាំងមានមើលច្បាប់ឬអត់?ខ្ញុំ សូមនិយាយជួយការពារ គជប ទៅចុះ ព្រោះ គជប ត្រូវបានគេជេររហូតទៅហើយ។ ខ្ញុំសូមអំពាវនាវ សូមមេត្តាដាក់ឈ្មោះបេក្ខជនឈរឈ្មោះមក ព្រោះបើមិនចុះឈ្មោះទេការបោះឆ្នោតនឹងមានតែគណបក្សដែលបានចុះឈ្មោះ តែប៉ុណ្ណោះសូមកុំឆ្ងល់ពេក។ មិនមែនលោកឯងមានសិទ្ធិវេតូបំផ្លាញចោលការបោះឆ្នោតមួយនេះទេ សូមឲ្យច្បាស់លើរឿងហ្នឹង។ បើមិនចូលទេគណបក្សដទៃកាន់តែអរ ព្រោះសន្លឹកឆ្នោតដែលត្រូវបោះឲ្យលោកផ្ទេរឲ្យបក្ស ប៉ុន្មានទៀតដែលបានចុះឈ្មោះបោះឆ្នោតទេ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា បក្សប្រឆាំងគ្មានសិទ្ធិវេតូទេ ហើយអនុសាសន៍របស់អង្គការក្រៅ រដ្ឋាភិបាលក៏គួរតែត្រូវពិនិត្យច្បាប់ និងនីតិវិធីដែរ។ កុំចេះតែលើក រួចហើយថា គជប មិនទទួលយកអនុសាសន៍ ហើយត្រូវដឹងថា អស់លោកមិនមែនធំជាងរដ្ឋសភាទេ បើអស់លោកធំជាងរដ្ឋសភា គឺគណបក្សប្រជាជននឹងយកអង្គការក្រៅរដ្ឋាភិបាលរាប់ពាន់ចេញមក ដើម្បីនឹងបង្ហាញអំពីការគាំទ្រ។
រំលឹកដល់ជម្លោះរវាងលោក សម រង្ស៊ី និងលោក កឹម សុខា នៅក្នុងខ្សែអាត់ នៅមុនពេលមិនទាន់បានរួមគ្នាបង្កើតគណបក្សនយោបាយថ្មី ដែលមានពាក្យគួរឲ្យចាប់អារម្មណ៍ថា «អានាក់មួយនោះដាក់កន្ទុយចូលប្រជុំសភា» និងពាក្យថា «បើខ្ញុំអញ្ចឹង អ្នកឯងអញ្ចឹងឲ្យបក្សអ្នកឯងរលំរលាយខ្ចាត់ព្រាត់» ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញឃោសនានានា សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា គេបានប្រើពាក្យប្រមាថហៅគ្នាដូចសត្វព្រោះមនុស្សគ្មានកន្ទុយទេ និងបានដាក់បណ្ដាសាគ្នា ប៉ុន្តែមិនឃើញមានអ្នកវិភាគសង្គមចេញមកវិភាគសម្តីអស់ហ្នឹងទេ ប៉ុន្តែនៅពេលដែលយើងប្រើភាសាអ្វីមួយចំនួនគេថា យើងប្រើសម្តីអសុរោះទៅវិញ។
ពាក់ព័ន្ធនឹងកាបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣ សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ថា ប្រធានបទដែលគេឃោសនានៅប្រទេសម៉ាឡេស៊ី និងប្រធានបទនៅកម្ពុជាប្រហាក់ប្រហែលគ្នាគឺបក្សប្រឆាំងលើកឡើងពីពុករលួយ ជនបរទេសមកបោះឆ្នោត បញ្ជីបោះឆ្នោត និងអ្នកបោះឆ្នោតខ្មោច បញ្ហាទឹកថ្នាំ ដឹកអ្នកបោះឆ្នោតពីកន្លែងមួយទៅកន្លែងមួយ ហើយដំណាក់កាលចុងក្រោយ គឺការបន្លំសន្លឹកឆ្នោត ដែលកត្តាទាំងនេះដូចគ្នាបេះបិទជាមួយបក្សប្រឆាំងនៅកម្ពុជា។ ចំណែកប្រធានបទរបស់គណបក្សកាន់អំណាចវិញគឺការរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍តាមផ្លូវដែលមានរួចហើយ។ សម្តេចតេជោបានមានប្រសាសន៍លើកជាសំណួរថា តើផ្លាស់ប្តូរពីសន្តិភាពទៅកាន់អស្ថិរភាព និងហិង្សាឬ? ដែលចំណុចនេះវាដូចគ្នាខ្លាំងណាស់។
សម្តេចតេជោក៏បានស្នើឲ្យវិទ្យុ និងកាសែតបរទេសនានា ដែលអួតអាងថា ខ្លួនជាអ្នកមានវិជ្ជាជីវៈ និងតាំងខ្លួនជាអ្នកឯករាជ្យ អព្យាក្រឹត្យនោះ និយាយការពិតដោយមិនត្រូវបំផ្លើសការពិត។ ជាក់ស្តែងគ្រាន់តែនៅពេលដែលមានកម្មវិធីនាយករដ្ឋមន្ត្រី ដែលមានប្រជាជនចូលរួមរាប់ពាន់រាប់ម៉ឺននាក់ បែរជានិយាយថា មានមនុស្សត្រឹមតែរាប់រយនាក់ចូលរួម ប៉ុន្តែនៅពេលដែលបក្សប្រឆាំងប្រារព្ធកម្មវិធី ដែលមានមនុស្សចូលរួមត្រឹមតែរាប់រយនាក់ បែរជាផ្សាយថា ចំនួនរាប់ពាន់នាក់ទៅវិញ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺនោះដែរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ឲ្យដឹងថា ឥឡូវនេះបញ្ហាក្រុមប្រឆាំងបែរជាមកសរសើរប្រទេសចិន និងប្រទេសវៀតណាមថា ប្រទេសចិនបក្សតែមួយទេ ប្រទេសវៀតណាមបក្សតែមួយ ប៉ុន្តែគេជឿនលឿន មកពីគេដូរមេដឹកនាំ ដែលការនិយាយរបស់គេបានបាញ់សំដៅមករកខ្ញុំទៀតហើយ គេបាញ់មករក ហ៊ុន សែន។ ទាក់ទងនឹងបញ្ហានេះសម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា «ឥឡូវនេះ ខ្ញុំសូមប្រកាសជូនថា ខ្ញុំធ្វើឲ្យដូចចិន និងវៀតណាមតែម្តង។ សម្តេចតេជោពន្យល់ថា ធ្វើឲ្យដូចនឹងនៅត្រង់ថា មេដឹកនាំរបស់ចិនចាកចេញពីតំណែងនៅពេលដែលគាត់អាយុ ៧០ឆ្នាំ មេដឹកនាំវៀតណាមនៅពេលដែលគាត់ចាកចេញពីតំណែងអាយុជាង ៧០ឆ្នាំ ឯខ្ញុំទើបតែអាយុ ៦១ឆ្នាំ ទេឆ្នាំនេះ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បន្ថែមថា «ឥឡូវ ខ្ញុំទទួលយកហើយ ខ្ញុំនឹងធ្វើឲ្យដូចវៀតណាម និងចិន ព្រោះនៅពេលដែលផ្លាស់ឯកឧត្តម ផាំ វ៉ាន់ខាយ ដាក់ឯកឧត្តម ង្វៀន តាន់យ៉ុង ឯកឧត្តម ផាំ វ៉ាន់ខាយ មានអាយុ ៧៦ឆ្នាំ ហើយឯកឧត្តម វេន ជាប៉ាវ មានអាយុ ៧៤ឆ្នាំ បើអញ្ចឹងចាំខ្ញុំអាយុ ៧៤ឆ្នាំ ចាំខ្ញុំចាកចេញ។ នៅឆ្នាំ២០១៨ ខ្ញុំទើបនឹងមានអាយុ ៦៦ឆ្នាំ ដល់ឆ្នាំ២០២៣ ខ្ញុំទើបនឹងមានអាយុ ៧១ឆ្នាំ អញ្ចឹងទេសូមលោកចាំចុះ ខ្ញុំមិនចាំបាច់នៅដល់អាយុដូចឯកឧត្តម ផាំ វ៉ាន់ខាយ ទេ ខ្ញុំធ្វើត្រឹមតែអាយុប៉ុនឯកឧត្តម វេន ជាប៉ាវ បានហើយ។ សម្តេចតេជោថ្លែងថា ខ្ញុំទទួល លោកឯងថា គណបក្សប្រជាជនកម្ពុជាខ្វះធនធានមនុស្សខ្ញុំក៏ទទួល ឲ្យខ្ញុំជាគ្រូបឋមក៏ខ្ញុំទទួល ហើយប្រាប់ទៅលោកប្អូនទៀតថា លោកប្អូនកុំល្ងង់ពេក បើ ហ៊ុន សែន អន់ហើយទុកទៅស្រួលយកឈ្នះ ប៉ុន្តែផ្ទុយទៅវិញទេបើគេផ្តួល ហ៊ុន សែន បានស្មើនឹងកាត់ជើងគណបក្សប្រជាជនបាត់ម្ខាងទៅហើយ។
សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំកាន់អំណាចពីក្មេង ហើយពេលនេះខ្ញុំមិនទាន់ចាស់ទេ ខ្ញុំគ្រាន់តែធ្វើនាយករដ្ឋមន្ត្រីយូរតែប៉ុណ្ណោះ ខ្ញុំធ្វើយូរមិនទាស់ខុសអ្វី វាមិនខុសទេ ព្រោះយូរ ឬឆាប់វាស៊ីសងលើប្រជាជនបោះឆ្នោត។ បើប្រជាជនបោះឲ្យខ្ញុំនៅទៀត ហើយខ្ញុំនៅតែបន្តនិយាយថា បើស្រឡាញ់ ហ៊ុន សែន បើអាណិត ហ៊ុន សែន បើពេញចិត្ត បើជឿទុកចិត្តខ្ញុំ សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទៅបានហើយ។