សម្តេចតេជោ ហ៊ុន សែន ផ្ដាំនិស្សិតទទួលអាហារូបករណ៍អូស្ត្រាលីចំនួន៤០នាក់ ត្រូវខិតខំរៀនសូត្រដើម្បីប្រទេសជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ បានសំដែងនូវការកោតសរសើរចំពោះនិស្សិត ចំពោះនិស្សិតកម្ពុជាចំនួន ៤០នាក់ ដែលបានទទួលអាហារូបករណ៍ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅតាមគ្រឹះស្ថានសិក្សានានា ក្នុងប្រទេសអូស្ត្រាលីនាឆ្នាំ២០១៣នេះ។
ក្នុងឱកាសជួបសំណេះសំណាល នៅវិមានសន្តិភាព ជាមួយនិស្សិតដែលត្រូវទៅបន្តការសិក្សា ថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលីនេះ និស្សិតទាំង៤០នាក់ ដែលត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខជនជាង១ពាន់នាក់ ដែលបានដាក់ពាក្យប្រឡងយកអាហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យនិស្សិតទាំងអសត្រូវ យកចិត្តទុកដាក់ខិតខំរៀនសូត្រ លើអ្វីដែលជាសក្តានុពលរបស់ប្រទេសគេ ដើម្បីយកមកអភិវឌ្ឍប្រទេសកម្ពុជា។
ជាមួយនឹងប្រសាសន៍រំលឹកអំពីដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ ទាក់ទងទៅនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកំណែទម្រង់លើយន្តការរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំពង្រឹងគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយបានយល់ដឹងអំពីបេសកកម្ម ដ៏ឧត្តុងឧត្តមរបស់រាជរដ្ឋាភិបាល។
ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា និស្សិតកម្ពុជា ៤០នាក់ ដែលនឹងត្រូវទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលីនឹងត្រូវសិក្សាលើផ្នែករដ្ឋបាលសាធារណៈ, ការគ្រប់បរិស្ថាន, គោលនយោបាយសាធារណៈ, កសិពាណិជ្ជកម្ម, ហិរញ្ញវត្ថុ និងធនាគារ, បម្រែបម្រួលអាកាសធាតុ, ការគ្រប់គ្រងធនធានទឹក, ការអភិវឌ្ឍសេដ្ឋកិច្ច, គណនេយ្យនិងហិរញ្ញវត្ថុ, ការសិក្សាលើការអភិវឌ្ឍសុខភាពសាធារណៈ, ទំនាក់ទំនងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ៕

