Expéditeur Son Excellent SOK An Président de la Commission Nationale Son Excellence la Présidente du Comité du Patrimoine Mondial Madame MAI BINT MUHAMMAD AL KHALIFA MANAMA (Bahreïn)
អត្ថបទបកប្រែក្រៅផ្លូវការ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១១
លោកជំទាវប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
លោកជំទាវ MAI BINT MUHAMMAD ALKHALIFA
MANAMA (បារ៉ែន)
លោកជំទាវប្រធាន
កម្មវត្ថុៈ ប្រាសាទព្រះវិហារដែលចុះបញ្ជីបេតិកភណ្ឌពិភពលោក ប្រឈមនូវការខូច ខាតយ៉ាងធ្ងន់ធ្ងរ
ខ្ញុំមានការសោកស្តាយ ដែលត្រូវធ្វើការស្នើសុំឲ្យមានជំនួយជាបន្ទាន់ដើម្បីការពារប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ដោយក្តីសោកសៅដ៏ជ្រាលជ្រៅ និងសេចក្តីបារម្ភយ៉ាងធំធេង ខ្ញុំសូមជម្រាប ជូនដល់លោកជំទាវ អំពីព្រឹត្តិការណ៍ថ្មីៗបំផុតដែលកើតឡើងកាលពីថ្ងៃទី៤ និងទី៥ ខែកុម្ភៈ ក្នុងតំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញវត្តកែវសិក្ខាគិរីស្វារៈ។
ការគំរាមកំហែងទាំងឡាយពីសំណាក់ទាហានថៃបានឈានដល់ការផ្ទុះអាវុធ កាលពីថ្ងៃទី៤ និងទី៥ ខែកុម្ភៈ ឆ្នាំ២០១១ ហើយកងទ័ពជាតិកម្ពុជាបានសម្រេចទប់ទល់ក្នុងការវាយប្រហារ និងបានរារាំងដល់ការចូលកាន់កាប់ទឹកដីក្នុងព្រំដែនរបស់យើងខ្ញុំ។ គ្រាប់កាំភ្លើង និងគ្រាប់ផ្លោងជាច្រើនគ្រាប់ដែលកើតចេញមកពីការបាញ់ ដោយទាហានថៃ (បេ៤១ ដេកា៧៥មម ៨១មម ១០៥មម ១២០មម) ត្រូវបានធ្លាក់ជាបន្តបន្ទាប់ចម្ងាយពី៥ម៉ែត្រ ទៅ៧ម៉ែត្រ និង១០ម៉ែត្រ ពីជញ្ជាំងប្រាសាទហើយ អំបែងរបស់វាបានធ្វើឲ្យមានប្រហោងមួយចំនួននៅលើជញ្ជាំង។ ចំណែកឯកន្លែងសម្រាប់ប្រារព្ធពិធី និង កន្លែងជាច្រើនទៀតរបស់វត្តកែវសិក្ខាគិរីស្វារៈត្រូវបានបំផ្លាញដោយគ្រាប់កាំភ្លើងនិងគ្រាប់ផ្លោង។
លោកជំទាវប្រធាន
ខ្ញុំសូមជម្រាបលោកជំទាវថា ការប្រយុទ្ធគ្នាបានកើតឡើងក្នុងខណៈពេលដែល រដ្ឋមន្ត្រីការបរទេសថៃកំពុងស្នាក់នៅក្នុងខេត្តសៀមរាប ដែលជាទីក្រុងមួយ របស់ប្រទេសកម្ពុជា។ ការឈ្លានពានដោយកម្លាំងទាហានថៃសំដៅទៅលើ ប្រាសាទព្រះវិហារដែលត្រូវបានការពារដោយអនុសញ្ញា ឆ្នាំ១៩៧២ ជាការបំពានយ៉ាងជាក់ស្តែងទៅលើសន្ធិសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងករណីមានការប៉ះទង្គិចប្រដាប់អាវុធ។ សូម្បីតែរមណីយដ្ឋាន បេតិកភណ្ឌពិភពលោក និងកន្លែងប្រមូលផ្តុំសាសនា (វត្តកែវសិក្ខាគិរីស្វារៈ) មិនត្រូវបានលើកលែងដោយការឈ្លានពាននេះទេ។
លោកជំទាវប្រធាន
យើងខ្ញុំមានការបារម្ភយ៉ាងខ្លាំងចំពោះប្រាសាទព្រះវិហារ!
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋភាគីនៃសន្ធិសញ្ញា ខ្ញុំមានកាតព្វកិច្ចស្នើសុំឲ្យលោកជំទាវចាត់ វិធានការចាំបាច់ដើម្បីការពារប្រាសាទ ប្រឆាំងរាល់ការគំរាម កំហែង។
ការបញ្ជូនបេសកជនពិសេសម្នាក់របស់លោកជំទាវ ក្នុងឋានៈជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺជាវិធានការបន្ទាន់មួយដ៏មានប្រសិទ្ធភាពដើម្បីទៅពិនិត្យនៅនឹងកន្លែង នូវការខូចខាត និង គ្រោះថ្នាក់ពីការគំរាមកំហែងនោះ។
សូមលោកជំទាវទទួលនូវគារវភក្តីនិងការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា
ឧបនាយករដ្ឋមន្រ្តី
ហត្ថលេខា
សុខ អាន

