រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត
របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗ
ជាច្រើន
តាមរយៈការដាក់ចេញនូវផែនការ និងយុទ្ធសាស្ត្រសំខាន់ៗ
ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ
និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការរក្សា បូរណភាពទឹកដី ធានាបាននូវសុខសន្តិភាព
និងសុវត្ថិភាពសង្គម ជូនជាតិមាតុភូមិ និងប្រជាជន។
កម្ពុជាមានមោទនៈភាព
ដោយបានឆ្លងផុតពីវិបត្តិសេដ្ឋកិច្ចពិភពលោក នាឆ្នាំ ២០០៩-២០១០ យ៉ាងឆាប់រហ័ស ហើយសម្រេចបានកំណើនសេដ្ឋកិច្ច ៦ % ក្នុងឆ្នាំ ២០១០
ពោលគឺក្នុងដំណាក់កាលងើបចេញពីវិបត្តិ។
ដោយឡែកសម្រាប់ឆ្នាំ ២០១១ នេះ ទោះបីជាកម្ពុជាត្រូវប្រឈមមុខជាមួយ នឹងគ្រោះទឹកជំនន់ក៏ដោយ
តាមការព្យាករណ៍ ក៏កម្ពុជានៅតែអាចសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណ ៦.៤ % ដែរ។ ការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា អាស្រ័យជាចំបងដោយរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការ និងប្រកបដោយប្រសិទ្ធភាព
និងទាន់ពេលវេលា ក្នុងការឆ្លើយតបទៅនឹងឥទ្ធិពល
នៃវិបត្តិសេដ្ឋកិច្ចពិភពលោក
ជាពិសេសជំរុញឲ្យមានការងើបឡើងវិញ នូវវិស័យជាអាទិភាព
ដែលរួមមាន ទេសចរណ៍ កាត់ដេរ និងសំណង់។
ជាការពិតណាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១១ កន្លងទៅថ្មីៗនេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ច នឹងកើនដល់ ៧.៥ % នៅឆ្នាំ ២០១២ នេះ ដែលកំណើនសេដ្ឋកិច្ចនេះ
បណ្តាលមកពីការកើនឡើង នៃការនាំចេញសម្លៀកបំពាក់ កំណើនភ្ញៀវទេសចរណ៍ ការងើបឡើងវិញ
នៃសំណង់អាគារ និងការកើនឡើង នៃការនាំអង្ករចេញទៅក្រៅប្រទេស។
ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្តានុពលជាច្រើន សម្រាប់ការអភិវឌ្ឍន៍ បើប្រៀបធៀបជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជា
សក្តានុពលទេសចរណ៍ កសិកម្ម និងឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ។
ទេសចរណ៍ៈ ជាសក្តានុពលមួយ ដែលប្រទេសនានានៅក្នុងតំបន់
ពុំអាចប្រៀបផ្ទឹមបានឡើយ គឺដោយសារកម្ពុជាមាននូវប្រាង្គប្រាសាទ និងសំណង់បូរាណ ដែលជាសំណង់ស្ថាបត្យកម្មអច្ឆរិយរាប់ពាន់ឆ្នាំ
ដែលដូនតាបន្សល់ទុកឲ្យលម្អរទៅដោយក្បាច់រចនា ការរៀបរាប់អំពីប្រវត្តិសាស្ត្រ និងជីវភាពប្រជាពលរដ្ឋខ្មែរ នាសម័យបូរាណ។
មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជា ក៏នៅមានតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ប្រណិត
និងសម្បូរបែប ព្រមទាំងមានតំបន់ឆ្នេរសមុទ្រដ៏ស្រស់ត្រកាល ដែលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។ ទាំងនេះហើយ ដែលជាឱកាសដ៏វិសេសវិសាលបំផុត ដែលអាចធ្វើឲ្យប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរណ៍រាប់លាននាក់
មកទស្សនា និងជាឱកាសនៃការរកចំណូលសម្រាប់កំណើនថវិកាជាតិ។ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍
កម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ នៅឆ្នាំ ២០១០
កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ២.៥ លាននាក់ ក្នុងអត្រាកំណើន ១៦ %
ធៀបនឹងឆ្នាំ ២០០៩។ ក្នុងឆ្នាំ ២០១១ តួលេខនេះ បានកើនដល់ប្រមាណជាង ២.៨
លាននាក់ ឬប្រមាណជាង ១៤
% ធៀបនឹងឆ្នាំ ២០១០ ។ កម្ពុជាសង្ឃឹមថា
នឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៤.៥ លាននាក់ នៅឆ្នាំ
២០១៥ នឹងប្រមាណ ៧ លាននាក់ នៅឆ្នាំ ២០២០។
ការរីកចម្រើននៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថា «ជាមាសបៃតង»
ពិតជាបានរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ជាពិសេសចូលរួមសម្រេចបាននូវគោលដៅអភិវឌ្ឍសហស្សវត្សរបស់អង្គការសហប្រជាជាតិ
ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ២ របស់រាជរដ្ឋាភិបាល ដើម្បី
«កំណើនការងារ ប្រសិទ្ធភាព និងសមធម៌»។
កសិកម្ម៖ ថ្វីបើកម្ពុជាជួបប្រទះនូវគ្រោះទឹកជំនន់ យ៉ាងធ្ងន់ធ្ងរនាពេលកន្លងទៅយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិភាគសេដ្ឋកិច្ច បានវាយតម្លៃថា ទិន្នផលកសិកម្មនៅក្នុងឆ្នាំនេះ នៅតែមាន ទិន្នផលខ្ពស់ដដែល។ នៅកម្ពុជាមានប្រជាពលរដ្ឋភាគច្រើនជាកសិករ ហើយសក្ដានុពល ដែលកម្ពុជាមាន គឺដីដែលមានជីជាតិ ដែលអាចឲ្យប្រជាពលរដ្ឋធ្វើស្រែ-ចំការ និង ដំណាំរួម ផ្សំផ្ សេងៗទៀត កសិឧស្សាហកម្មសម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅ លក់ក្ រៅប្រទេស។
ដោយយោងទៅលើលក្ខខណ្ឌទាំងនេះហើយ ប្រទេសកម្ពុជានាពេលកន្លងមក បានធ្វើការនាំ ចេញនូវផលិតផលកសិកម្មទៅក្រៅប្រទេសជាច្រើន ដូចជា អង្ករ កៅស៊ូ ពោត សណ្ដែក ដំឡូង និងផលិតផលផ្សេងៗ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
យើងឃើញថា រាជរដ្ឋាភិបាលបានខិតខំបង្កើត និងកសាងប្រព័ន្ធផ្គត់ផ្គង់ និងស្រោចស្រព ព្រមទាំងលើកកម្ពស់សមត្ថភាពផលិតដល់ប្រតិបត្តិករ ដើម្បីឲ្យផលិតផលកសិកម្មរបស់កម្ពុជា ឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារ និងមានស្ដង់ដាបច្ចេកទេសអន្តរជាតិ រួមជាមួយនឹងការ គ្រប់ គ្រងការផលិត គ្រប់គ្រងទីផ្សារបានល្អ ជួយជំរុញនឹងសម្របសម្រួលជាមួយវិស័យដទៃទៀត ដូចជា ធនាគារ និងគ្រឹះស្ថានម៉ាក្រូហិរញ្ញវត្ថុ ក្នុងការផ្ដល់នូវឥណទានមួយសមស្រប និងធ្វើការ ទំនាក់ទំនង ជាមួយបណ្ដាប្រទេសជាច្រើនទៀត សម្រាប់ការនាំចេញ។ នេះជាសមិទ្ធផលដ៏ធំធេងមួយ ដែល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ នឹងផ្ដល់នូវឱកាសជាច្រើនទៀត ដល់ប្រជាកសិករ។
ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង៖ ដោយមានគោលនយោបាយ និងបរិយាកាសសង្គមល្អ បច្ចុប្បន្ននេះ កម្ពុជាមានឧស្សាហកម្មកាត់ដេរ ដែលស្រូបទាញបាននូវកម្លាំងពលកម្មជាង ៤៥ ម៉ឺននាក់ ទូទាំងប្រទេស និងបានចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា បានមួយកម្រិតធំ។ វិស័យនេះ បានធ្វើការនាំចេញនូវសម្លៀកបំពាក់ និងផលិតផលរបស់ខ្លួន ព្រមទាំងបានជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចសង្គមយ៉ាងច្រើនទៀតផង។
ក្រៅពីវិស័យទាំងបីខាងលើនេះ យើងសង្កេតឃើញថា នៅមានវិស័យដទៃៗទៀតផងដែរ ដែលជាសក្តានុពលបន្ថែមថ្មីក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាការរុករករ៉ែ មានរ៉ែប្រេងកាត រ៉ែមាស រ៉ែដែក និងរ៉ែដទៃទៀត។ ការវិនិយោគទាំងនេះ នឹងអាចជួយ លើកកម្ពស់សេដ្ឋកិច្ច សង្គមផងដែរ ជាពិសេស គឺការវិនិយោគ រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួនក្នុងការរុករក និងការធ្វើអាជីវកម្មប្រេងកាត និងឧស្ម័ននៅកម្ពុជា។
សរុបមកយើងឃើញថា វិស័យសំខាន់ៗខាងលើនេះ ពិតជាអាចជួយដល់ការអភិវឌ្ឍសេដ្ចកិច្ចសង្គមយ៉ាងពិតប្រាកដ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេស គឺវិស័យទេសចរណ៍ វិស័យកសិកម្ម និង ឧស្សាហកម្មកាត់ដេរ ដែលជាឱកាស មួយយ៉ាង វិសេស វិសាល បំផុតរបស់កម្ពុជា ស្របពេលដែលប្រទេសនានា នៅលើពិភពលោកកំពុងតែប្រកួតប្រជែងឈាន ទៅរកបច្ចេកវិទ្យាទំនើប ហើយបំភ្លេចចោលនូវឱកាស នៃការរកចំណូលពីវិស័យទាំងនេះ។
តាមរយៈលទ្ធផលនាពេលកន្លងមក យើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់ និងមានភាពឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកបដោយគតិបណ្ឌិតព្រហ្មវិហារធម៌ បានបង្កើតឡើងនូវគោលនយោបាយ និងផែន ការយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព និងធ្វើឲ្យប្រទេសកម្ពុជាចាក ផុតពីវិបត្តិនៃភាពក្រីក្របាន។
ដូចនេះ កំណើនសេដ្ឋកិច្ច ៧.៥ % នៅក្នុងឆ្នាំ ២០១២ នេះ បើទោះបីជាស្ថិតក្នុងការព្យាករណ៍របស់ (IMF) យ៉ាងណា ក៏វាជាសញ្ញានៃចំណុចចាប់ផ្ដើមយ៉ាងល្អប្រសើរ នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជានឹងបន្តឆ្ពោះទៅមុខ ដោយគ្មានទីបញ្ចប់ ដែលជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការលើកតំកើងកំរិតជីវភាពរស់នៅក្នុងសង្គមជាតិទាំងមូល៕
ដោយៈ ឧត្ដម សក្ដិ