ពាក់ព័ន្ធជាមួយបញ្ហាបំណុល
រវាងម្ចាស់បំណុលជាមួយប្រជាពលរដ្ឋដែលជាកូនបំណុលដែលរងគ្រោះដោយ គ្រោះមហន្តរាយទឹកជំនន់ឆ្នាំ
២០១១ វិញ សម្តេចតេជោប្រមុខរាជ
រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុម្ចាស់បំណុលពន្យាពេល
សម្រាប់ការប្រមូលបំណុលពីកូនបំណុលរបស់ខ្លួនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា ខ្ញុំមិនស្នើឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ
ឬអ្នកដែលមាន ប្រាក់ឲ្យប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះដោយទឹកជំនន់ខ្ចី
លុបចោលបំណុលទេ ប៉ុន្តែខ្ញុំអំពាវនាវសុំ ដោយទទូច មេត្តាយោគយល់ចំពោះប្រជាពលរដ្ឋនៃទឹកជំនន់កន្លងទៅ។
សម្តេចតេជោថ្លែងថា អ្នក ដែលឲ្យប្រាក់
ប្រជាពលរដ្ឋរងគ្រោះខ្ចីក៏ដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុ សូមយោគយល់ដែលអាចធ្វើតាម
រយៈពន្យាការសង សូមកុំតម្លើងការប្រាក់ទៅជាដើម ហើយបើអាច ធ្វើទៅបានសូមលើកលែងសេវាការប្រាក់។
សម្តេចតេជោ បញ្ជាក់ថា បើសិនជាធ្វើយ៉ាងដូច្នេះបាន…ក្នុងនាមរាជរដ្ឋាភិបាល
ខ្ញុំសូមថ្លែងអំណរគុណចំពោះមីក្រូហិរញ្ញវត្ថុ ក៏ដូចជាអ្នករកស៊ីចងការប្រាក់ទាំងអស់
ចំពោះការយោគយល់អាធ្យាស្រ័យដល់ជនរួមជាតិយើង ដែលមានការលំបាក។ ជាការពិតនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី
រាជរដ្ឋាភិបាល មិនមានសិទ្ធិក្នុងការលូកដៃចូលទៅក្នុងកិច្ចការរកស៊ីបានទេ
ប៉ុន្តែប្រសិនបើយើងអនុវត្តវិធានការផ្លូវច្បាប់ទៅលើសេវាបំណុលនេះនឹងក្លាយទៅជាទម្ងន់ធ្ងន់មួយទៀត
សម្រាប់គ្រួសារដែលរងគ្រោះដោយ ធម្មជាតិ ប៉ុន្តែលើកនេះ(ការជំពាក់បំណុល) មិនមែនរងគ្រោះដោយធម្មជាតិទេ
តែជាការរងគ្រោះដោយមនុស្សគ្នាឯងបង្ក ឡើងដោយខ្វះការយោគយល់។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ជាង ៣៥ ម៉ឺនគ្រួសារ មានត្រឹមតែរាប់ពាន់គ្រួសារ គ្រួសារប៉ុណ្ណោះ ដែលជាប់បំណុលនឹងខ្វះលទ្ធភាព
សងប្រាក់ដែលជំពាក់ ដោយសារតែទ្រព្យសម្បត្តិ និងផលដំណាំរបស់ខ្លួនត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិនោះ។
ប្រសិនបើយើងឆ្លៀតរឹបអូសផ្ទះសម្បែង ដីធ្លីរបស់ប្រជាពលរដ្ឋដែលរងគ្រោះនៅ
ក្នុងឱកាសនេះ នោះពិតជាមានការលំបាក សម្រាប់ប្រជាពលរដ្ឋទាំងនោះ នឹងធ្លាក់ទៅក្រោមបន្ទាត់នៃ
ភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបានកាត់បន្ថយក្នុងអត្រា ១% ក្នុងមួយឆ្នាំ ដែលនៅពេលនេះនៅសល់
ប្រមាណ ២៥%នោះ។
សម្តេចតេជោបានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល
និងក្នុងនាមអ្នកដែលជំពាក់ប្រាក់ខ្ញុំ សូមថ្លែងអំណរគុណ ប៉ុន្តែក៏សូមអំពាវនាវចំពោះអ្នកដែលជំពាក់ប្រាក់
កុំគិតថាបានម្ចាស់បំណុល យោគហើយ បែរជាមានប្រាក់ហើយមិនព្រមសងគេនោះ ដែលនាំឲ្យទៅជាទំលាប់មួយធ្វើឲ្យនាយក
រដ្ឋមន្រ្តីរងគ្រោះដោយសារតែការអំពាវនាវនេះ៕
