ដោយយោងទៅដល់សំណូមពរកាលពីថ្ងៃទី ១៧
ខែ កុម្ភៈ ឆ្នាំ ២០១២របស់អង្គការមិនមែនរដ្ឋាភិបាល(NGO) ពេលជួបពិភាក្សា
ពីបញ្ហាគ្រោះមហន្តរាយទឹកជំនន់នៅឆ្នាំ ២០១១ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ក្នុងពិធីបិទសន្និបាទក្រសួងអភិវឌ្ឍន៍ជនបទថា
រាជរដ្ឋាភិបាលនឹងចាប់ផ្តើមរៀបចំវេទិការាជរដ្ឋាភិបាល និង NGO ក្នុងមួយឆ្នាំម្តង
ប៉ុន្តែលក្ខខណ្ឌនៃការជ្រើសរើសទុកឲ្យរាជរដ្ឋាភិបាល។ ព្រោះថា នៅកម្ពុជាមាន
NGO ចំនួន ៣១០៩ អង្គការដែលជាឋានសួគ៌លោកីយ៍ នៃ NGO ដែលយើងមិនអាចយកអង្គការទាំងអស់មកចូលរួមប្រជុំបានទេ។
សម្តេចតេជោថ្លែងថា យើងជ្រើសរើសតាមការជាក់ស្តែង
ដោយនៅមុនដល់វេទិការាជរដ្ឋាភិបាលជាមួយ NGO ក្រសួង-ស្ថាប័ននីមួយៗ ត្រូវរៀបចំ
NGO ដែលជាដៃគូជាមួយក្នុងដំណាក់កាលនោះ បើ NGO ចង់ផ្តល់អនុសាសន៍អ្វីត្រូវបញ្ជូន
តាមរដ្ឋមន្រ្តីស្ថាប័ននោះ ចំណែកនៅតាមខេត្ត គណៈអភិបាលខេត្តត្រូវយកចិត្ត
ទុកដាក់ធ្វើជាដៃគូនៃ គម្រោងនៅតាមខេត្តនោះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា យើងនឹងមានជំនួបប្រចាំឆ្នាំជាមួយ
NGO ហើយអ្នក ដែលមានសិទ្ធិក្នុងការចូលរួមក្នុងជំនួបនោះ គឺ NGO ដែលធ្វើការងារ
ពិតប្រាកដ មានដៃគូពិតប្រាកដ ជាមួយនឹងស្ថាប័នរដ្ឋ ដែលនេះជាលក្ខខណ្ឌវិនិច្ឆ័យ
ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអ្នករៀប ចំ។ សម្តេចតេជោថ្លែងថា យើងរៀបចំវេទិកានេះឡើង ព្រោះតួនាទី NGO សំខាន់ណាស់នៅក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍
ប៉ុន្តែយើងពិតជាមានការទើសទាល់ខ្លះជាមួយនឹង NGO ខ្លះដែលមិនធ្វើ ការអ្វី
សោះ ហើយគិតតែពីជេររាជរដ្ឋាភិបាល។
