ឯកឧត្ដមបណ្ឌិត សុខ អាន ចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នា ទៅវិញទៅមក ក្នុងមុខជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន និងពិធីប្រគល់សញ្ញាបត្របណ្ឌិតគ្រប់គ្រងទេសចរណ៍ (អេកូទេសចរណ៍) ជូនឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ឯកឧត្ដមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញ ជា អធិបតី ក្នុងសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយ និងអនុវត្ត
កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ក្នុង
មុខជំនាញវិជ្ជាជីវៈទេសចរណ៍អាសាន និងពិធីប្រគល់សញ្ញាបត្រ
ឯកឧត្តមបណ្ឌិត ថោង ខុន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ
ដែលប្រារព្ធធ្វើនៅនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តីនា
ព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០១២ ។
ថ្លែងនៅក្នុងពិធីជាមួយនឹងការអបអរសាទរ និងសរសើរចំពោះ ចំពោះឯកឧត្តមបណ្ឌិត ថោង ខុន
រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ដែលបានទទួលសញ្ញាបត្រ
បណ្ឌិតគ្រប់គ្រងទេសចរណ៍ជំនាញអេកូទេសចរណ៍ពីសាកលវិទ្យាល័យសេដ្ឋកិច្ច
ជាតិហាណូយ ឯកឧត្តមបណ្ឌិត សុខ អាន ក៏បានកោតសរសើរ
និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ
និងមន្ត្រីរាជការទាំងអស់របស់ក្រសួងទេសចរណ៍
និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់
ក្នុងការជំរុញការអនុវត្ត របស់កម្ពុជា
ក្នុងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក
ក្នុងជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន ដ៏មានសារៈសំខាន់នោះ ។
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេច
បាននូវសមិទ្ធផលធំៗជាច្រើនជូនជាតិមាតុភូមិ និងប្រជាជន ជាពិសេស
ការនាំមកនិងធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម
និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការដាក់ចេញនូវគោលនយោបាយ ផែនការ
និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
សំដៅលើកកំពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅឆ្នាំ ២០១១
កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ៧% ហើយអត្រាភាពក្រីក្រថយចុះមកត្រឹម ២៥,៨% ក្នុង
ឆ្នាំ ២០១០។ សមិទ្ធផលទាំងនេះ
គឺទទួលបានដោយសារការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយឆន្ទៈនយោបាយមោះមុត
និងភាពឈ្លាសវៃរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល
តាមរយៈការដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍត្រឹមត្រូវ
ច្បាស់លាស់ និងមានលក្ខណៈប្រាកដប្រជា
គួបផ្សំនឹងយន្តការស្ថាប័នគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា
វិស័យទេសចរណ៍ក៏ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ជាមាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ក្នុងការរួម
ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង ការថែរក្សាបរិស្ថាន ជាពិសេស
ចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់អង្គការ
សហប្រជាជាតិ
ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីពីររបស់រាជរដ្ឋាភិបាល ដើម្បី “កំណើន ការងារ ប្រសិទ្ធភាព និង សមធម៌”។
តាមរយៈឯកឧត្តមបណ្ឌិត សុខ អាន បាន
ឲ្យដឹងថា
កម្ពុជាសម្រេចបានសមិទ្ធផលគួរជាទីមោទនៈក្នុងការអភិវឌ្ឍវិស័យ
ទេសចរណ៍ដែលកំពុងមានសន្ទុះកំណើនដ៏គំហុកក្នុងរយៈកាលចុងក្រោយនេះ។
ជាក់ស្តែងក្នុងឆ្នាំ ២០១១ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២,៨លាននាក់ ដែលបាននាំមកនូវចំណូលប្រមាណ ១៩១២លានដុល្លារ ស្មើនឹងប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) ព្រមទាំងបង្កើតការងារដោយផ្ទាល់ប្រមាណ ៣សែន៥ម៉ឺននាក់ និង
ដោយប្រយោលរាប់សែននាក់បន្ថែមទៀត។
តាមការប៉ាន់ស្មានដោយក្រសួងទេសចរណ៍
កម្ពុជាសង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណ ៤,៥លាននាក់ នៅឆ្នាំ២០១៥ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដែលនឹងបង្កើត ការងារប្រមាណ ៨សែននាក់ នៅឆ្នាំ២០២០។
កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងជំនាញវិជ្ជាជីវៈទេសចរណ៍
ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១១
ដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសអាស៊ានទាំង ១០
នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងជំនាញវិជ្ជាជីវៈទេសចរណ៍
គឺផ្តោត ទៅលើចល័តភាព របស់ជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន៣២ មុខជំនាញ
ដោយផ្តោតលើសេវាកម្មសំខាន់ ២ គឺទី១ សេវាកម្មសណ្ឋាគារ ដែលរួមមាន
៤ផ្នែកគឺ ផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច
ផ្នែកផលិតកម្មម្ហូបអាហារ ផ្នែកសេវាកម្មអាហារ និងភេសជ្ជៈ ។ ទី២
សេវាកម្ម ធ្វើដំណើរ ដែលរួមមាន ២ផ្នែក គឺ ផ្នែកទីភ្នាក់ងារទេសចរណ៍
និងផ្នែកប្រតិបត្តិការខ្សែទស្សនកិច្ច។
ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា
ដើម្បីឆ្លើយតបនឹងការរីកចម្រើនឥតឈប់ឈរនៃវិស័យទេសចរណ៍
និងដើម្បីឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាននៅឆ្នាំ ២០១៥
អាស៊ានបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន(ATSP
2011-2015) ដែលបានអនុម័ត ដោយរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន
ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន(ATF-2011) នៅរាជធានីភ្នំពេញ
ដោយសំដៅធ្វើយ៉ាងណាឲ្យអាស៊ានជាដៅទេសចរណ៍លំដាប់ពិភពលោក(ASEAN-A
World Class Tourist Destination )
និងផ្តល់ភាពកក់ក្តៅដល់ទេសចរណ៍(ASEAN-Feel The Warmth)
ហើយក្នុងនោះ ការបង្កើនគុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍
គឺជាចំណុចគោលដៅយុទ្ធសាស្រ្តអាទិភាពមួយ
ក្នុងចំណោមគោលដៅយុទ្ធសាស្រ្តអាទិភាពទាំង៣ របស់ផែនការនេះ
ពោលគឺធើ្វយ៉ាងណាសម្រួលការបម្លាស់ទីអ្នកជំនាញទេសចរណ៍
រវាងប្រទេសជាសមាជិកឲ្យបានពេញលេញចាប់ពីឆ្នាំ ២០១៥ ទៅ ។
ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយក
រដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥
ទៅអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន ក្នុងជំនាញណាមួយ
នៃជំនាញទាំង៣២មុខ ដែលទទួលបាន
ការទទួលស្គាល់នូវវិជ្ជាជីវៈផ្នែកទេសចរណ៍ អាចមាន
លទ្ធភាពទៅបំពេញការងារក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានណាមួយក៏បាន។
ដើម្បីទទួលបាននូវការទទួលស្គាល់ បុគ្គលម្នាក់ត្រូវមាន
គុណវុឌ្ឍិជាក់ច្បាស់ ដូចដែលបានកំណត់
ទើបអាចទៅបំពេញការងារក្នុងជំនាញណាមួយបាន
គឺទាមទារអោយមានការបណ្តុះបណ្តាលត្រឹមត្រូវ ទៅតាមស្តង់ដាសមត្ថភាព
និងកម្មវិធីបណ្តុះបណ្តាលដែលបានដាក់ចេញក្នុងក្របខ័ណ្ឌអាស៊ាន។
ជាង
នេះទៀត ការរៀបចំកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក
គឺដើម្បីចូលរួមអនុវត្ត
ការធ្វើសមាហរណកម្មអាស៊ានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងតម្លាភាព
ដែលប្រទេសជាសមាជិកទទួលបានប្រយោជន៍ជាច្រើន
ដូចជាតាមរយៈការកាត់បន្ថយតម្លៃ បង្កើនភាពប្រកួតប្រជែង
ធានាលំនឹងទីផ្សារការងារក្នុងអាស៊ាន ជំរុញលំហូរពាណិជ្ជកម្ម
និងសេវាកម្ម ក្នុងតំបន់ជាដើម។ ជាពិសេសគឺធានាបាននូវការជឿទុកចិត្ត
ភាពជាដៃគូ និងកិច្ចសហការជិតស្និទ្ធ រវាងបណ្តាប្រទេសជាសមាជិក
ព្រមទាំងចូលរួមដល់ការ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស
និងគុណភាពសេវាកម្មទេសចរណ៍ផងដែរ ។
ដើម្បី
ធានាថាព្រះរាជាណាចក្រកម្ពុជា
ត្រៀមខ្លួនបានត្រឹមត្រូវក្នុងការចូលរួមជំរុញការអនុវត្តកិច្ច
ព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ នៅឆ្នាំ២០១៥
ឯកឧត្តមបណ្ឌិត សុខ អាន បានដាក់ចេញនូវអនុសាសន៍ចំនួន ៤ ចំណុចដូចខាងក្រោម ៖
- សូមឱ្យគ្រប់ស្ថាប័ន-គ្រឹះ ស្ថានអប់រំ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ត្រូវរួសរាន់ធ្វើបច្ចុប្បន្នភាពកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីសិក្សារបស់ខ្លួនឱ្យស្របតាមស្តង់ដាសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលដែលបានដាក់ចេញដោយគណៈកម្មាធិការជាតិអ្នកជំនាញ ទេសចរណ៍។ ក្នុងន័យនេះ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ “ត្រូវខិតខំរៀបចំឱ្យមានស្តង់ដាសមត្ថភាពអ្នកជំនាញទេសចរណ៍ កម្មវិធីបណ្តុះបណ្តាល ព្រមទាំងប្រព័ន្ធគុណវុឌ្ឍិសម្រាប់អ្នកជំនាញទេសចរណ៍កម្ពុជា ឱ្យបានឆាប់ ដើម្បីជាមូលដ្ឋានឱ្យគ្រប់គ្រឹះស្ថាន និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ យកទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តាល របស់ខ្លួន។
- ក្រសួង ទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិ ចាំបាច់នានាសម្រាប់ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ កម្ពុជា និង ដើម្បីឱ្យមានសុខដុមនីយកម្មនៃស្តង់ដាសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិតែមួយ នៅតាមសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់។
-
ទន្ទឹមនឹងការ ត្រៀមខ្លួនចូលរួមក្នុងចល័តភាពនៃអ្នកជំនាញអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ ខ្ញុំសូមស្នើឱ្យមានការជ្រើសរើសសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍គំរូ ដែលបានបណ្តុះបណ្តាល ដោយអនុវត្តតាមស្តង់ដាសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលអាស៊ាន ដើម្បីជាមូលដ្ឋានសម្រាប់ជំរុញឱ្យសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សេងៗទៀតអនុវត្តតាម។
- គណៈកម្មាធិការ ជាតិអ្នកជំនាញទេសចរណ៍ ត្រូវបន្តជំរុញធ្វើការផ្សព្វផ្សាយស្មារតីនៃកិច្ចព្រមព្រៀងនេះ ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅដល់គ្រប់ភាគីពាក់ព័ន្ធ ជាអាទិ៍សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន សិស្ស និងនិស្សិត នៅតំបន់គោលដៅទេសចរណ៍ធំៗនៅកម្ពុជា។
ជាមួយនឹងការប្រកាសគាំទ្រផែនការ និងកម្មវិធីការងារអនុវត្តបន្តរបស់គណៈកម្មាធិការជាតិដែលបានលើកទ្បើងដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ឯកឧត្តមបណ្ឌិត សុខ អាន ក៏
បានអំពាវនាវ ដល់សិស្សានុសិស្ស និស្សិតដែលកំពុងសិក្សាក្តី ឬ
អ្នកជំនាញវិជ្ជាជីវៈទេសចរណ៍កំពុងបម្រើការក្តី
ឲ្យយកចិត្តទុកដាក់អភិវឌ្ឍជំនាញរបស់ខ្លួនឱ្យបានល្អ
រួមផ្សំនឹងការអភិវឌ្ឍជំនាញភាសាបរទេសបន្ថែមផងដែរ
និងសូមឱ្យនិយោជកជាប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន សេវាកម្មស្នាក់នៅ
មេត្តាផ្តល់នូវវគ្គបណ្តុះបណ្តាលដល់និយោជិតរបស់ខ្លួន
ដើម្បីឱ្យពួកគាត់កាន់តែមានសមត្ថភាពប្រកួតប្រជែង
ដើម្បីជាប្រយោជន៍ដល់ការផ្តល់នូវសេវាប្រកបដោយគុណភាពដល់ភ្ញៀវទេសចរ
ក៏ដូចជាបង្កើននូវផលិតភាពការងារជូនក្រុមហ៊ុនវិញផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធីបើសិក្ខាសាលា ឯកឧត្តមបណ្ឌិត ថោង ខុន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលបន្ទាប់ពី បានធ្វើនិក្ខេបបទ
ដោយជោគជ័យនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ហាណូយទាក់ទិននឹង
អេកូទេសចរណ៍កម្ពុជា ត្រូវបានលោកសាស្ត្រាចារ្យ ង្វៀន វ៉ានណាម
(Nguyen Van Nam) សាកលវិទ្យាធិការ
នៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ និង សាស្ត្រាចារ្យ២រូបទៀត
នៃសាកលវិទ្យាល័យប្រគល់សញ្ញាបត្របណ្ឌិតគ្រប់គ្រងទេសចរណ៍
អេកូទេសចរណ៍ជូននៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយក
រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
និងការអបអរសាទរពីក្រុមគ្រួសារ និងមន្រ្តីនៃក្រសួងទេសចរណ៍
ព្រមទាំងវិស័យឯកជនដែលចូលរួមក្នុងសិក្ខាសាលា៕