សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន
ដាស់តឿនដល់យុវជនយុវនារីកម្ពុជា
កុំឲ្យប្រែក្លាយទិវានៃសេចក្តីស្រឡាញ់ ថ្ងៃ១៤កុម្ភៈ ដែលគេហៅថា
Valentine’s day ទៅជាការដឹកដៃគ្នាឡើងផ្ទះសំណាក់ ឬសណ្ឋាគារ។ សម្តេចតេជោនាយករដ្ឋមន្ត្រី
ក៏បានឧទ្ទិសដល់សេចក្តីស្រឡាញ់ ត្រូវកើតមានក្នុងដួងចិត្តយុវជន
ឲ្យបានគ្រប់ ៣៦៥ ក្នុងមួយឆ្នាំ និងមានរៀងរហូតមួយជីវិត។
ក្នុង
ពិធីសម្ពោធបើកការដ្ឋានសាងសង់ ពង្រីកកំណាត់ផ្លូវជាតិលេខ ៦ អា
ចាប់ពីគីឡូម៉ែត្រលេខ ៤ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដល់ថ្នល់កែង
ស្រុកបាធាយ ខេត្តកំពុងចាម
ក្រោមប្រាក់កម្ចីសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ សម្តេចតេជោនាយករដ្ឋមន្ត្រី
បានលើកឡើងថា "ថ្ងៃនេះ ជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់
តែការស្រឡាញ់នេះ មិនមែនទៅនាំគ្នាឡើងអូតែលទេ។ កុំ...
ហើយក៏មិនមែនជាវប្បធម៌របស់ខ្មែរទៅទៀត
ហើយស្រឡាញ់ក៏មិនមែនមួយថ្ងៃដែរ។ ស្រឡាញ់ ត្រូវមាន ៣៦៥ ថ្ងៃ
កុំស្រឡាញ់តែមួយថ្ងៃ។ ស្រឡាញ់តែមួយថ្ងៃនេះមិនគង់វង្សទេ។
ត្រូវតែស្រឡាញ់ ៣៦៥ ថ្ងៃ"។
សម្តេចតេជោ
បានមានប្រសាសន៍គូសបញ្ជាក់ថា "សុំផ្តាំផ្ញើទៅក្មួយៗ
ហើយបើបានជាស្រឡាញ់ ត្រូវស្រឡាញ់មួយជីវិតទៅ។
ស្រឡាញ់មិនមែនតែថ្ងៃបុណ្យសង្សារទេ ( បុណ្យសេចក្តីស្រឡាញ់
ថ្ងៃ១៤កុម្ភៈ ) នេះជាវប្បធម៌របស់បរទេសទេ។ ស្រឡាញ់របស់ខ្មែរ
ថ្ងៃណាក៏ជាថ្ងៃស្រឡាញ់ដែរ។ សម្តេចតេជោបានផ្តល់
អនុសាសន៍ថា ឥឡូវបើយើងរាំងស្កាត់ចំពោះយុវជនក៏វាលំបាក
តែសុំឲ្យយុវជនយុវនារី យល់ឃើញថា នេះមិនមែនជាវប្បធម៌របស់យើងទេ
ក៏ប៉ុន្តែធ្វើម៉េចបើក្មួយ ឬក៏អ្នកដទៃ បានជាធ្វើអាហ្នឹង (
ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ថ្ងៃ១៤កុម្ភៈ ) ទៅហើយ។
បុណ្យនៃក្តីស្រឡាញ់ ហើយអាក្តីស្រឡាញ់របស់យើង
គឺមិនមែនសំដៅតែចំពោះប្រុសស្នេហ៍ ឬស្រីស្នេហ៍នោះទេ
អាហ្នឹងឲ្យតែស្រឡាញ់ ហើយកុំឲ្យស្រឡាញ់តែមួយថ្ងៃ
សុំឲ្យស្រឡាញ់មួយជីវិត ហើយស្រឡាញ់ ២៤ម៉ោង ស្រឡាញ់មួយអាទិត្យ
ស្រឡាញ់មួយខែ ស្រឡាញ់ ៣៦៥ ថ្ងៃ ក្នុងមួយឆ្នាំ ស្រឡាញ់តរៀងរហូតទៅ។
កុំស្រឡាញ់តែមួយថ្ងៃនេះ ហើយស្អែកបោះបង់ចោល"។
