Skip to main content

បទសម្ភាសន៍ លោក​បណ្ឌិត ឈឹម ផលវរុណ ជាមួយ​ទូរទស្សន៍​បាយ័ន ​ ស្តីពី សកម្មភាព​នៃការ​​ចាក​ចេញ​របស់​សកម្ម​ជន និង​មន្រ្តី​គណបក្ស​ប្រឆាំង​មកចូល​រួមជា​​​មួយ​នឹងគណបក្ស​ប្រជាជន​​កម្ពុជា​


ថ្ងៃទី ១៣ខែ កុម្ភះ​ ​ ឆ្នាំ២០១២

លោក សត្យា រក្ស
          សំណួរ៖ ​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​នៃ​ការ​ចាក​ចេញ​របស់​សកម្ម​ជន​នៃ​គណបក្ស​ ប្រឆាំង​ទាំង​ សម រង្ស៊ី ទាំង​ គណបក្ស​ កឹម សុខា យើង​ឃើញ​ថា ការ​ចាក​ចេញ​នេះ​មាន​លក្ខណៈ​ជា​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​ចូល​រួម​ជា​មួយ​គណបក្ស​​ប្រជាជន​កម្ពុជា​។​ អញ្ចឹង​ការ​ចាក​ចេញ​ដែល​ខុស​​​ពី​ប្រក្រតី​នេះ​ តើ​លោក​បណ្ឌិត​យល់​ឃើញ​យ៉ាង​ណាដែរ​​បាទ​?​

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  នៅ​ពេល​ដែល​យើង​គិត​ឃើញ​អំពី​ទិដ្ឋភាព​នៃ​ការ​ចាក​ចេញ​ពី​គណបក្ស​មួយ​ទៅ​ គណបក្ស​មួយ​​ យើង​កុំ​ទាន់​និយាយ​ថា ពី​គណបក្ស​ប្រឆាំង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ ។ ប្រជាពល​រដ្ឋ​ត្រូវ​គិត​ថា ស្អី​ទៅ​គណបក្ស?​ ហេតុ​អ្វី​បាន​មនុស្ស​បង្កើត​គណបក្ស​ ចូលរួម​គណបក្ស ​ហើយ​ស្រាប់​តែ​ចេញ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ ច្បាស់ជា​វា​មាន​បញ្ហា​អ្វី​មួយ​​ហើយ​។ អញ្ចឹង​ដើម្បី​ឲ្យ​យើង​ដឹង​ពី​បញ្ហា​ យើង​ត្រូវ​ដឹង​ថា​ គណបក្ស​ជា​អ្វី​?​ ហើយ​បើ​គណបក្ស​រៀប​អត់​ត្រូវ​ក្នុង​ទ្រឹស្តី​នៃ​​វិទ្យាសាស្រ្ត​នយោបាយ​ ក៏​ដូច​ជាទ្រឹស្តី​នៃ​នីតិ​រដ្ឋ​ធម្មនុញ្ញទេ ​គឺ​ការ​ប្រមូល​គ្នា​ធ្វើ​ជា​គណបក្ស​ហ្នឹង​ វា​អត់​បាន​អ្វី​ក្រៅ​ពី​លទ្ធផល​ឡប់​ឡែ​ហ្នឹង​ឯង​។ អញ្ចឹង​ហើយ​និយម​ន័យ​គណបក្ស​ក្នុង​ន័យ​ច្បាប់​ « គណបក្ស​គឺ​ជា​ក្រុម​មនុស្ស​មួយ​ក្រុម​ ដែល​មាន​ទស្សនៈ​នយោបាយ​ស្រដៀង​គ្នា​ រួម​គ្នា​ចងក្រង​​ជា​ក្រុម​នយោបាយ​មួយ​ ហើយ​ក្រុម​នយោបាយ​នេះ​នឹង​រីក​ចម្រើន​ធំធាត់​តទៅ​ក្នុង​ជីវភាព​នយោបាយ​ ដើម្បី​ទៅ​ប្រកួត​ប្រជែង​គ្នា​ជាមួយ​គណបក្ស​ដ៏ទៃ​ នៅ​លើ​ទីលាន​ប្រជា​ធិប​តេយ្យ​សេរីពហុបក្ស​ » បាន​ន័យ​ថា​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ហ្នឹង​ឯង​។​ អញ្ចឹង​ហើយ​បាន​ជា​ច្បាប់​​គេ​កំណត់​សឹង​តែ​ជា​ស្តង់​ដាហើយ។​​ ប្រទេស​យើង​ក៏​កំណត់​អញ្ចឹង​ដែរ បើ​គណបក្ស​មួយ​ប​ង្កើត​ហើយ​ខក​ខាន​ក្នុង​ការ​ចូលរួម​​ប្រកួត​ប្រជែង​បោះ​ ឆ្នោត​ពីរ​ដង​ គឺ​វា​មាន​ន​លក្ខណៈ​សម្បត្តិ​ជា​គណបក្ស​ ប៉ុន្តែ​នៅ​ក្នុង​ន័យ​វិទ្យាសាស្រ្ត​នយោបាយ​ គឺ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ បើ​សិន​ជា​គណបក្ស​ហ្នឹង​ទោះ​បី​មាន​លក្ខណៈ​ជា​ច្បាប់​ហើយ​ តែ​ការ​រៀប​ចំ​គណបក្ស​វា​អត់​មាន​ វា​មាន​តែ​សំបក​នៃ​ទម្រង់​ច្បាប់​មួយ​ថា​កើត​នឹង​គេ​ដែរ​ អញ្ចឹង​វា​អត់​មាន​ធាតុ​ខាង​ក្នុង​ដែល​យើង​ហៅ​ថា គោល​នយោបាយ​ កម្ម​វិធី​នយោបាយ​ អាហ្នឹង​ហើយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​នយោបាយ​របស់​សមាជិក​ បើ​វា​ខ្វះ​អាហ្នឹង​ ហើ​យ​អត់​មាន​រចនាសម្ព័ន្ធ​ ហើយ​អត់​មាន​ប្រជា​ធិប​តេយ្យ​ផ្ទៃក្នុង​បក្ស​ ដូច្នេះ​គណបក្ស​ហ្នឹង​អត់​អាច​រីក​ធំធាត់​ទេ​។​ ត្រង់​ហ្នឹង​ដែល​យើង​មើល​ទម្រង់​លក្ខណៈ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​​ ហើយ​មុន​មើល​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ យើង​មើល​គណបក្ស​ទូទៅ​កាល​បោះ​ឆ្នោត​ ១៩៩៣ កើត​ ២០ គណបក្ស​ ហើយ​សឹង​តែ​ទាំង​អស់​ លើក​លែង​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ ខ្លះ​កើត​ពី​រណសិរ្ស​ ខ្លះ​ទៅ​បង្កើត​ភ្លាម​ៗ​ដូច​ប្រញិប​ប្រញាប់​។​ ដល់​អញ្ចឹង​ទៅ​គណបក្ស​ខ្លះ​ដែល​អត់​បាន​អសនៈ​សភា​ ក៏​រលាយ​បាត់​ទៅ។​ ដល់​គណបក្សដែល​បំលែង​ពី​រណសិរ្ស​មក​គណបក្ស​នោះ នៅ​ពេល​បាន​អសនៈ​ ប៉ុន្តែ​អត់​បាន​រៀប​ចំ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​គណបក្ស​ពិត​ប្រាកដ​ វា​នៅ​ចរិត​ជា​រណសិរ្ស​​ ក្រោយ​មក​ក៏​បែក​បាក់​គ្នា​ អង្កន់​រហូត​ដល់​ពេល​នេះ​ ហើយ​យើង​ឆ្ងល់​ថា ហេតុ​ម៉េច​គណបក្ស​ប្រជា​ជន​កម្ពុជា​ មាន​ការ​វិវឌ្ឍន៍​រហូត​ ហើយ​មាន​សាវតា​យូរអង្វែង​​រាប់​ឆ្នាំ ប៉ុន្តែ​​អស់​លោក​ គណបក្ស ប្រឆាំង​មិន​ទទួល​ស្គាល់​ មាន​តែ​បន្តុះ​​បង្អាប់​ សាវតា​​ និង​អាយុ​គណបក្ស​ទៅវិញ​។ អតីតភាព​គណបក្ស​សំខាន់​ណាស់​ ដែល​គេ​វិវ​ឌ្ឍន៍​ពី​​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ ពី​ជំនាន់​ទៅ​ជំនាន់​មួយ​ ពីក្រុម​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន​ បន្ត​ន្ទាប់​ គឺ​ការ​លូត​លាស់​ហ្នឹង​វា​រត់​កាត់​អ្វី​ខ្លះ​ អាហ្នឹង​ហើយ​គឺ​ជា​នយោបាយ​នៃ​ការ​អភិវឌ្ឍន៍​ ផ្ទៃក្នុង​ និង​ទម្រង់​របស់​គណបក្ស​។​ ឯនៅ​គណបក្ស​​ សម រង្ស៊ី ពិត​មែន​គណបក្ស​ហ្នឹង​មាន​អាយុ​ច្រើន​ជាង​​គណបក្ស​កឹម សុខា ប៉ុន្តែ​គណបក្សហ្នឹង​ ពុំ​ទាន់​មាន​លក្ខណៈ​ពេញ​លេញ​ជា​គណបក្ស​ ដែល​សម​នឹង​អាយុ​ ដែល​កើត​​នៅ​ឆ្នាំ ១៩៩៤-១៩៩៥ ទេ ជា​មួយ​នឹង​មោទនភាព​ដែល​ការ​កើត​គណបក្ស​ សម រង្ស៊ី ភ្លាម​​ត្រូវ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ ១៩៩៨ បាន​ ១៥ អសនៈ​។​ ប៉ុន្តែ​គណបក្ស​ សម រង្ស៊ី ត្រូវ​រៀន​សូត្រ​​អំពី​បទ​ពិសោធន៍​និង​ការ​ជួប​ប្រទះ​ របស់​​គណបក្ស​ ហ៊្វុន​ស៊ីប៉ិច​ ហ្នឹង​បាន​ខ្លួន​ឯង​អាច​រៀប​គណបក្ស​បាន បើ​គ្រាន់​តែ​ខ្លួន​បែក​ចេញ​ពី​គណបក្ស​ ហ្វ៊ុន​ស៊ីន​ប៉ិច ប៉ុន្តែ​ធ្វើ​នយោបាយ​ដើម្បី​តែ​រឿង​ តតាំង​ប្រឆាំង​ តែ​អត់​រៀប​ចំ​ជា​យន្ត​​ការ​នយោបាយ​ច្បាស់​លាស់​ គណបក្ស​ ហ្នឹង​ទទួល​បាន​​​ត្រឹម​តែ​សម្លេង​ដែល​ប្រជា​ពលរដ្ឋ​​មិន​ទាន់​ពេញ​ចិត្ត​ នឹង​រដ្ឋាភិបាល​ទេ​ មិន​មែន​ជា​សម្លេង​ឆ្នោត​ដែល​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ស្រឡាញ់​កម្ម​ វិធីនយោបាយ​​គណបក្ស​ទេ​ ព្រោះ​វា​អត់​មាន​អ្វី​ស្រឡាញ់​ អញ្ចឹងបាន​​ជា​សន្លឹក​ឆ្នោត​ដែល​​ម្ចាស់​ឆ្នោត​អត់​ពេញ​ចិត្ត​នឹង​គណបក្ស​ ប្រជាជន​កម្ពុជា នេះ​យើង​និយាយ​​ឲ្យ​ត្រង់​តែ​ម្តង​​។​ អញ្ចឹង​ដរាប​ណា​អ្នក​ដែល​អត់​ស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជាតិច ដរាប​នោះ​គណបក្ស​ សម រង្ស៊ី ក៏​កាន់​តែ​ស្តួច​ អាហ្នឹង​អត់​ទាន់​និយាយ​បញ្ហា​ផ្ទៃ​ក្នុង​បក្ស​ផង ​។ មួយ​ទៀត​ គណបក្ស ​​សម រង្ស៊ី បង្កើត​ឡើង​មាន​ទម្រង់​ត្រឹម​តែ​ គេ​​ហៅ​ថា ក្រសួង​ការងារ​ទេ គឺ​ដើម្បី​យក​នយោបាយ​បាយ​ជា​មុខ​របរ​នៃ​ចំណូល និង​តំណែង។​​ ដល់​អញ្ចឹង​ទៅ​ការ​គិត​គូរ​អំពី​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​គណបក្ស​ ដើម្បី​ឲ្យ​យន្ត​ការ​នយោបាយ​ដើរ អត់​គិត​ទេ គិត​ធ្វើ​យ៉ាង​ណា​រក​មនុស្ស​ទៅ​ឈរ​ឈ្មោះ​ រក​មនុស្ស​ដែល​មាន​លុយ​ ដល់​អញ្ចឹង​ទៅ​ប្រកួត​ប្រជែង​យក​តំណែង​ យូរ​ៗ​ទៅ​មាន​ការ​អាក់​អន់​ចិត្ត​គ្នា មិន​មែន​អាក់​អន់​ចិត្ត​រឿង​អ្វី​ទេ អាក់​អន់​ចិត្ត​គ្នា​រឿង​ផល​ប្រយោជន៍​ហ្នឹង ក៏​មាន​ទំនាស់​។ ទាញ​មក​ប្រៀប​ធៀប​គណបក្ស កឹម សុខា គណបក្ស កឹម សុខា មាន​លក្ខណៈ​ផ្លូវ​ច្បាប់​ ដែល​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ក៏​ពិត​មែន​ ប៉ុន្តែ​នេះ​ជា​សំបក​ផ្លូវ​ការ​ទេ​ តែ​ក្នុង​គណបក្ស​ក៏​មិន​ទាន់​មាន​​លក្ខណៈ​​សម្បត្តិ​​ជា​គណបក្ស​​ ជា​ក្រុម​នយោបាយ​ទេ​ គ្រាន់​តែ​ជា​បន​នយោបាយ​ទេ​។​ ពាក្យ​បន​នយោបាយ​មិន​មែន​ចង់​បណ្តុះ​បង្អាប់​ទេ កាល​ណា​គេ​តិះ​តៀន​ថា ខ្លួន​កម្រិត​ត្រឹម​​តែ​បន​នយោបាយ​ ខ្លួនគួរ​​ខំប្រឹង​រៀប​ចំ​។ មូលហេតុ​អ្វី​ខ្ញុំ​ហ៊ាន​​ថា​ បន​នយោបាយ​។​ អារឿង​បង្កើត លោកនេះ​ជា​ប្រធាន​នេះ លោក​នោះ​ជា​ប្រធាន​នោះ​ នរណា​ក៏​គេ​ធ្វើ​បាន​ដែរ វា​គ្មាន​សំខាន់​ទេ តែ​សំខាន់​ថា យន្ត​ការ​​នយោ​បាយ​ទាំង​អស់​ដែល​ខ្លួន​ថា​មាន​ វា​ដើរ​ឬ​អត់?​​ ហើយ​ដើម្បី​ចង់​ឲ្យ​គណបក្ស​​មួយ​ដើរ​បាន​ គេ​យក​ចំណុច​បី យក​មក​វាស់​ ទី១​ តើ​អ្នក​ដែល​ចូល​រួម​ក្នុង​គណបក្ស​ហ្នឹង មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​ឆន្ទៈ​នយោបាយ​ក្នុង​ក្រុម​របស់​ខ្លួន​ដែរ​ អត់?​​ ទី២ តើ​អ្នក​ដែល​នៅ​ជា​សមាជិក​សមាជិកា​របស់​គណបក្ស​ មាន​លទ្ធភាព​ក្នុង​ការ​សម្តែង​ឆន្ទៈ​នយោបាយ​ ក្នុង​បក្សឬ​​អត់?​​ ទី៣ តើ​សមាជិក​សមាជិកា​​ គ្រប់​ជាន់​ថ្នាក់​មាន​លទ្ធភាព​កម្រឹត​ណា​ ក្នុង​ការ​ចូលរួម​ផ្ទាល់​​ ឬ​មិន​ផ្ទាល់​តាម​បែប​តំណាង​ ក្នុង​ការ​សម្រេច​ឆន្ទៈ​នយោបាយ​ក្នុង​បក្ស​ដែរ​ឬអត់?​​។ បើចំណុច​បី​ហ្នឹងខ្វះ​ហើយ អាហ្នឹង​ហើយ​បន​នយោបាយ​ បាន​ន័យ​ថា អ្នក​ដែល​ចូលរួម​ក្នុង​គណបក្ស​សិទ្ធិ​មនុស្ស​ គ្រាន់​តែ​ជា​បន​ភឿន​របស់​លោក កឹម សុខា ដង្ហែ​តាម​លោក​ កឹម សុខា ទេ ពី​ព្រោះ​អត់​មាន​អ្វី​ដែល​ផ្អែក​លើ​ឆន្ទៈ​នយោបាយ​ទេ។​ លោកកឹម សុខាក្រឡេកឃើញយាយមួយដើរអត់មានស្បែកជើងគាត់ថា គាត់ឈ្នះឆ្នោតគាត់ទិញស្បែកជើងឲ្យពាក់ស្រាប់តែឃើញយាយនោះសើចអត់មានធ្មេញ​​ គាត់ថាគាត់​​ឈ្នះឆ្នោតដូរធ្មេញឲ្យ​​ទៀត។ ​​ បាន​ន័យ​ថា អត់​មាន​របស់​មួយ​ដែល​បាន​ជជែក​គ្នា​​ជា​ក្រុម​ បង្កើត​នូវ​កម្ម​វិធី​នយោបាយ​ទេ ដល់​បន​ភឿន​របស់​គាត់​ទះ​ដៃ​ក្រេវ​​ៗ​ ហើយ​ក៏​និយាយ​បន្ទរ​តាម។​​ អាហ្នឹង​គេ​មិន​ហៅ​ថា គោល​នយោបាយ​ កម្ម​វិធី​នយោបាយ​ទេ អញ្ចឹង​ដល់​ពេល​ខ្វះ​អាហ្នឹង​ យូរ​ៗ​ទៅ​ម្នាក់​ៗ​ចូលរួម​ដោយ​សម្លឹង​លើ​​ផល​ប្រយោជន៍​ មិន​សម្លឹង​លើ​វត្ថុបំណង​ចង់​យក​គំនិត​នយោបាយ​របស់​ខ្លួន​ទៅ​ប្រកួត​ប្រជែង​ ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​គណបក្ស​ដ៏​ទៃ​ទៀត​ ដើម្បី​បង្ហាញ​អំពី​គំនិត​ និង​ជម្រើស​នៃ​ការ​កសាង​ប្រទេស​ទេ អញ្ចឹង​ហើយ​ដែល​យើង​មើល​ឃើញ​ ពួក​គាត់​ស្វែង​ចង់​បាន​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ គឺ​គាត់​គិត​តែ​ពី​វាយ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​វាយ​ទាំង​ងងឹត​ងងល់​ ឡើង​វិកល​ចរិត​។​ នយោបាយ​ហ្នឹង​នយោបាយ​វិកល​ចរិត​ហើយ ដល់​នយោបាយ​វិកល​ចរិត​យូរៗ​ទៅ​ អាផ្ទៃ​ក្នុង​ខ្លួន​ឯង​មើល​ទៅ​អស់​សង្ឃឹម​ វា​កើត​ហេតុ​ផល​នៃ​ការ​ចាក​ចេញ​ហើយ។​

លោក សត្យា រក្ស
          សំណួរ៖ ​បើ​យើង​ងាក​មក​មើល​ក្រុម​របស់​ កឹម សុខា ដែល​លោកបណ្ឌិតហៅ​ថា បន​របស់​កឹម សុខា យើង​ឃើញ​ថា ប៉ុន្មាន​ខែ​មុន​នេះ​គឺមាន​មនុស្ស​ពី​ សម រង្ស៊ី បាន​ចាក​ចេញ​មក​ចូលរួម​ជា​មួយ​គណបក្ស​ សិទ្ធិ​មនុស្ស របស់​កឹម សុខា ហើយ​ពេល​នោះ​យើង​ឃើញ​ថា កឹម សុខា គឺ​បាន​បំពង​សំលេង​ខ្លាំង​ណាស់​ថា​ អ្នក​ដែល​ចាក​ចេញពី​សម រង្ស៊ី ហ្នឹង​ គឺ​ដោយ​ហេតុ​ថា គណបក្ស​ សម រង្ស៊ី គ្មាន​ប្រជាធិបតេយ្យ ហើយ​គេ​បាន​អះ​អាង​ថា ពួក​ទាំង​នោះ​គឺ​ចេញ​ពី​​ងងឹត​មក​​ទី​​ភ្លឺ​ ដោយ​គាត់​អះ​អាង​ថា គណបក្ស​របស់​គាត់​ប្រជាធិតេយ្យ​ពិត​ប្រាកដ ប្រៀប​បាន​នឹង​ទី​ភ្លឺ​ រហូត​ដល់​អួត​ថា ពន្លឺ​ព្រះ​ច័ន្ធ​ ជា​ដើម​។ល។​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ឃើញ​ថា ចរន្ត​នៃ​ការ​ចាក​ចេញ​ទាំង​គណបក្ស​ សម រង្ស៊ី ក្តី ទាំង​គណបក្ស​ កឹម សុខា ក្តី គឺ​បាន​ចាក​ចេញ​យ៉ាង​គគ្រឹក​គគ្រេង​​ មក​ចូលរួ​ម​ជា​មួយ​គណបក្ស​ប្រជាជន​ ស្ទើ​តែ​គ្រប់​ខេត្ត​ខ័ណ្ឌ​ទូ​ទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា។​ អញ្ចឹង​ព្រឹត្តិការណ៍​នេះ​គឺ​បាន​ធ្វើ​ឲ្យ​ កឹម សុខា​ ហាក់​បី​ដូច​ជា ​ត្រូវ​គេ​យក​ដុំ​អ្វី​មួយ​ទៅ​ញុក​មាត់​កឹម សុខា អញ្ចឹង។ ហើយ​សម្រាប់​ខាង​ សម រង្ស៊ី នោះ​ក៏​ហាក់​បី​ដូច​ជា គ្មាន​ពាក្យ​អ្វី​ហ្នឹង​ថ្លែង​ដែរ​ អញ្ចឹង​ចំពោះ​អំនួត​​របស់​គណបក្ស កឹម សុខា ក្តី គណបក្ស សម រង្ស៊ី ក្តី តើ​លោក​បណ្ឌិត​មាន​អ្វី​ដើម្បី​បំភ្លឺ​​​ជូន​ជន​រួម​ជាតិ​?

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  អំម្បាញ់​មិញ​​នេះ​ខ្ញុំ​និយាយ​អំពី​ហេតុ​ផល​នៃ​កត្តា​សត្យានុម័ត​។​ ឥឡូវ​យើង​ចូល​ដល់​ហេតុ​ផល​នៃ​កត្តាមួយ​ ដូច​លោក សត្យារក្ស​ បានទាញ​មិញ​នេះ​ អស់​លោក ​គណបក្ស​ប្រឆាំង សម រង្ស៊ី ក្តី សិទ្ធិមនុស្ស​​​របស់​លោក កឹម សុខា ក្តី គឺ​គេ​គ្រាន់​តែ​បង្កើត​ ដូច​យើង​បង្កើត​ពាង​មួយ​ដើម្បី​ប្រមូល​ទឹក​ភ្លៀង​ទេ បើ​និយាយ​ភាសា​មួយ​ទៀត​គ្រាន់​តែ​បង្កើត​កន្លែង​​មួយ​ ដើម្បី​ប្រមូល​មនុស្ស​ អញ្ចឹង​គេ​អត់​ខ្វល់​ទេ។​​ មនុស្ស​ហ្នឹង​មាន​ទស្សនៈ​នយោបាយ​យ៉ាង​ម៉េច​គេ​អត់​ខ្វល់​​ទេ​ ធ្វើ​ម៉េច​ឲ្យ​តែ​បាន​មនុស្ស​រត់​ចូល​ ដូច​ក្រោល​គោ​ គណបក្ស​គេ​ គឺ​ជា​គណបក្ស​ទម្រង់​ក្រោល​គោ​។​ ខ្ញុំ​​អត់​​​ថា មនុស្ស​ដែល​ចូលរួមទេ​​​ តែត្រូវ​​យល់​អំពី​គោលនយោបាយ​របស់​គណបក្ស ត្រូវ​តែ​យល់​អំពី​កម្ម​វិធី​នយោបាយ​របស់​គណបក្ស និង​ត្រូវ​ទទួល​ស្គាល់​លក្ខន្តិក​របស់​គណបក្ស​ គេ​អត់​មាន​ទាម​ទារ​ទេ។​ យើង​មើល​រត់​ពី​ សម រង្ស៊ី មក​ចូល​ កឹម សុខា​។​កឹម សុខា​ ថា ល្អ​ណាស់​ ហើយ​ដៀល​ប្រមាថ​គណបក្ស​ សម រង្ស៊ី ថា ងងឹង ហើយ​ភ្លឺ​តែ​ឯង​អីអញ្ចឹង​ទៅ ។ អស់​លោក​គណបក្ស​ សម រង្ស៊ី ក៏​អញ្ចឹង​ដែរ​ នៅ​ពេល​ដែល​មនុស្ស​នៅ​ជុំ​គ្នា​ សុទ្ធ​តែ​អួត​ សុទ្ធ​តែ​ស្នេហាជាតិ​កំពូល​ គ្មាន​នរណា​ស្នេហា​ជាតិ​ដល់​ទេ សុទ្ធ​តែ​ទិញ​មិន​បាន សម្លុត​មិន​ខ្លាច​ ដល់​ពេល​របូត​ទៅ​ មិនមែន​​រឿង​សម្លុត​មិន​ខ្លាច​ទេ ទៅ​ជា​ស្លឹក​ឈើ​ជ្រុះ​​ ហើយ​ថា មាន​គេទិញ។​ អញ្ចឹង​បាន​ន័យ​ថា ពួក​គាត់​អត់​ផ្អែក​ទៅ​លើ​​ តើ​អ្នក​ទាំង​អស់​ហ្នឹង​ជា​សហ​សេវិក​​នយោបាយ​ជា​មួយ​ខ្លួន ខ្លះ​ជា​ស្ថាបនិក​​រាប់​ឆ្នាំ ​តើ​អ្នក​ហ្នឹង​គេ​ទិញ​តាំង​ពី​ពេល​ហ្នឹង​ ឬ​ ទើប​គេ​ទិ​ញ​ពេល​នេះ​​ ចុះ​បើ​ចៃដន្យ​ខ្លួន​ឯង​ជួប​ប្រទះ​វិញ​ ព្រោះ​យើង​យក​បទ​ពិសោធន៍​ គណបក្ស​ សម រង្ស៊ី ចេញ​មិន​ដឹង​ប៉ុន្មាន​ដំណរ​ហើយ។​ លោក សម រង្ស៊ី ខ្លួន​ឯង​ក៏​ធ្លាប់​ចេញ​ពី​ប្រវត្តិ​គណបក្ស​ដែរ​ ហើយ​មិន​ចេញ​ដោយ​ស្រួល​ទេ​ គេ​ដេញ​ទៅ​ទៀត​​ ហើយ​លោក​ សម រង្ស៊ី អនុវត្ត​នូវ​ប្រវត្តិ​របស់​គាត់​ដដែល​ហ្នឹង​ អ្នក​ដែល​អត់​ទាន់​ចេញ​ជេរ​ អ្នក​ចេញ​មុន​ អ្នក​ចេញ​បន្ទាប់​ដែល​ធ្លាប់​ជេរ​អ្នក​ចេញ​មុន ត្រូវ​អ្នក​នៅ​ជេរ​បន្ត​ទៀត​ អ្នក​ចេញ​បន្ទាប់​ទៀត​ ត្រូវ​អ្នក​នៅ​ជេរ​បន្ត​ទៀត​ ចេញជេរ​ៗ រហូត​ហេង​ស៊យ​​នៅ​តែ​ប៉ុន្មាន​អ្នក​ហ្នឹង ហើយ​តើ​គេ​គិតយ៉ាង​​ម៉េច​ឥឡូវ​ ស្អីគេ​ទៅ​គណបក្ស​ ប្រៀប​ដូច​គ្រាន់​តែ​ជា​ក្រោល​គោ​មួយ​ហើយ​នាំ​គ្នា​លក់​ហើយ​ទិញ ហើយ​មនុស្ស​ចូល​ទៅ​តាម​មេ​ហ្វូង​អញ្ចឹង​ វា​អត់​កើត​ នយោបាយ​គេ​អត់​គិត​អញ្ចឹង​ទេ។​​ គេ​គិត​តែ​ប្រមូល​មនុស្ស​ដែល​មាន​ទស្សនៈ​នយោបាយ​ដូច​គ្នា ឬ​ក៏​ស្រដៀង​គ្នា ដើម្បី​ពួតផ្តុំ​ជា​កម្លាំង​ចលករ​នយោបាយ​ ដល់​ពេល​គ្រាន់​តែ​អួត​ៗ សុទ្ធ​តែ​ប្រជាធិបតេយ្យ​អស្ចារ្យ​ ដល់​ពេល​អួត​បាន​ថ្ងៃ​ហ្នឹង​ ស្អែក​ឡើង​រត់​ចូល ​កឹម​ សុខា ទៅ​ជា​អ្នក​អត់​កើត ​​ដល់​ កឹម សុខា​ អ្នក​ទទួល​ផល​ព្រោះ​គាត់​ក្រោល​គោ​ថ្មី។​​ ខ្ញុំ​និយាយ​នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​ដែល​ចេញ​មិន​មែន​ជា​មនុស្ស​ទេ គឺ​គាត់​ជា​មនុស្ស​ ប៉ុន្តែ​និយាយ​​បន​នយោបាយ​លោក​ កឹម សុខា អា​ទម្រង់​ជា​អង្គការ​ចាត់​តាំង​ វា​គ្រាន់​តែ​ជា​ក្រោល​គោ​ប្រមូល​មនុស្ស​ទេ​​។​ នៅ​ពេល​ដែល​មនុស្ស​ចេញ​ពី​គណបក្ស​ សម រង្ស៊ី មក​ចូល​ក្រោ​ល​គោ​​គណបក្ស​របស់​លោក កឹម សុខា គាត់​ថា អ្នក​ហ្នឹង​ល្អ​ណាស់​ ប្រជា​ធិបតេយ្យ​ពិត​ ចេញ​ពី​ភព​ងងឹត​មក​ចូល​ភព​ភ្លឺ​ អត់​គិត​ថា គេ​យក​មក​ហ្នឹង​ តើ​អ្នក​ដែល​ចូល​ហ្នឹង​មាន​ទស្សនៈ​ដូច​ កឹម សុខា ឬ​អត់?​​ តើ​គេ​មាន​ទស្ស​នៈ​ចង់​បាន​អ្វី​ចំពោះ​នយោបាយ​ហ្នឹង?​​ តើ​គេ​យល់​អំពី​នយោបាយ​របស់​ កឹម សុខា ទេ​?​ ចំណុច​ហ្នឹង​គ្រាន់​តែ​ប្រមូល​​អត់​គិត​ពី​ទស្សនៈ​ អាហ្នឹង​ដូច​សត្វ​ធាតុ​អញ្ចឹង ដូច​ក្រោល​គោ​អញ្ចឹង​ មិន​មែន​មនុស្ស​ជា​គោ​ទេ គណបក្ស​ហ្នឹង​ជា​គណបក្ស​ក្រោល​គោ​ លក្ខណៈ​គ្រាន់​តែ​ប្រមូល​ហ្វូង​មនុស្ស​។​ ដល់​ពេល​គេ​ចូល​ ហើយ​ថ្មី​​ៗ​នេះ​ជាក់​ស្តែង​ អ្នក​ដែល​ចេញ​ពី​គណបក្ស សម រង្ស៊ី ចូល​ទៅ​ភ្លក់​​បាន​ពី​រ​ បី ខែ​បាន​គេ​ដឹង​ (ទើប​តែ​ពេល​នេះ​បាន​ដឹង​ច្បាស់​) បាន​ដឹង​ថា ចេញ​ពី​ទី​ងងឹត​​ មក​ងងឹត​សូន្យ​សុង ព្រោះ​ព្រះ​ច័ន្ទ​ចំពេល​ក្នើត​បាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រាន់​ភ្លឺ​លេង​ មួយ​សន្ទុះ​ទៅ​ ប្រយ័ត្ន​តែ​ប៉ះ​ខែ​រនោច​ ងងឹត​សូន្យ​សុង បើ​អត់​ប្រើ​ពន្លឺ​អ្វី​ផ្សេង​ៗ​ មើល​ម៉េច​ឃើញ។​​​ អញ្ចឹង​ចេញ​ពី​ទី​ងងឹត​​មក​ទី​ងងឹត​​សូន្យ​សុង​ ដល់​​អញ្ចឹងទៅ​​លោក កឹម សុខា អត់​មាន​អ្វី​និយាយ​ទេ​នៅ​ពេល​ដែល​អ្នក​ទាំង​អស់​ហ្នឹង​ គាត់​ចាប់​ផ្តើម​មើល​ឃើញ​ថា កន្លែង​កឹម សុខា យ៉ាប់។​​ យើង​មើល​បទសម្ភាសន៍​នៅ​តាម​ ទូរទស្សន៍ វិទ្យុ យើង​ឃើញ​ អស់​លោក​ដែល​គាត់​បាន​ចាក​ចេញ​គាត់​បញ្ជាក់​ហេតុ​ផល​ច្បាស់​ណាស់​ ហើយ​ហេតុ​ផល​មិន​ខុស​ពី​យើង​ តិះ​តៀន​គណបក្ស​ សម​ រង្ស៊ី និង​ គណបក្ស កឹម សុខា ​​ទេ​​​ គាត់​និយាយ​ដូច​យើង​អញ្ចឹង​ អញ្ចឹង​បាន​ន័យ​ថា គាត់​ទៅ​ភ្លក់​ដោយ​សារ​​​គាត់​អត់​បាន​ទៅ​ឃើញ​ផ្ទាល់​ តែ​យើង​ យើង​ស្វែង​យល់​ទេ​ អញ្ចឹង​ជា​ការ​ល្អ​ដែរ​កុំអាល​​ជឿ​ពួក​យើង​ ទៅ​ឲ្យ​ដល់​កន្លែង​ទៅ ទៅ​ដល់​ស្ទាប​ មើល​ឲ្យ​ឃើញ​ទៅ ថាតើ​វេទិកា​របស់​យើង​និយាយ​ខុស​ឬ​ត្រូវ​ ចំណុច​ហ្នឹង​ហើយ​ កឹម សុខា ឥឡូវ​នេះ​អត់​ហ៊ាន​និយាយ​ហេតុ​អ្វី​ តើ​មាន​ទស្សនៈ​អ្វី​ ចំពោះ​ការ​ចាក​ចេញ​របស់​មន្រ្តី​ សុទ្ធ​តែ​ថ្នាក់​ដឹក​នាំ​បក្ស​ខេត្ត​ បក្ស​ស្រុក អត់​ហ៊ាន​និយាយ​ទេ ព្រោះ​មិន​ដឹង​និយាយ​ថា ម៉េច​​ បើ​ខ្លួន​ទើប​អួត​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​។​

          លោក សត្យា​ រក្ស
          សំណួរ៖ ឥឡូវនេះ វេទិកា របស់ កឹម សុខា គឺគ្មានអ្វីក្រៅអំពី​ការលើកពីប្រវត្តិ​គណបក្ស​ប្រជាជន​​ លើកឡើងទាក់ទងទៅនឹងបញ្ហាផ្តាច់ការ​ គ្មានប្រជាធិបតេយ្យអីជាដើម​ ដែល កឹម សុខា ធ្លាប់​បាន​ប្រើប្រាស់ភាសានេះ​តាំងពីយូរមកហើយ​។ មកដល់ពេលនេះគឺចូលដល់តំណាក់កាលដែល កឹម សុខា រកពាក្យអ្វីដើម្បីនិយាយកើតត​ទៅទៀតហើយ​​។ មានកិច្ចសន្យាមួយដែល កឹម សុខា ធ្លាប់​កញ្ជ្រោល បោកបាច​ ក្រោយពីបោះឆ្នោតអាណត្តិទី៤នោះ​។​ គឺ កឹម សុខា បាន​អួតកាល​ពី​មុន​បោះឆ្នោត​ថា​ ខ្លួននឹងឈ្នះឈាន​ទៅដល់ប្រកាស​រដ្ឋាភិបាល កឺម សុខា ទៅទៀត​ ហើយគាត់ថា គាត់នឹង​ទទួល​បាន​ ៥០-៦០ អសនៈ ឯណោះ​។ ប៉ុន្តែដល់ពេលទទួលលទ្ធផលពិតប្រាកដ​ គឺទទួលបានតែ៣កៅអី​។ ហើយ​ពេលនោះ​គណបក្សដែលគាត់តែធ្លាប់​ស៊ីសាច់ហុតឈាម​ អួតគ្នា ប្រកួតប្រជែង​គ្នាជា​មួយ​គណបក្ស សម រង្ស៊ី នោះ​ ក្រោយពីបោះឆ្នោតគឺបបួលគ្នា​រួបរួម​។ ពេលនោះ សម រង្ស៊ី គាត់បាន​អះអាង​ច្បាស់​​ណាស់​ថា នឹងរួបរួមឲ្យខាងតែបាន​។ ចំណែកឯ កឹម សុខា គាត់អះអាង​ថា​ឆ្នាំ២០១២នេះ គាត់​នឹង​​រួម​បញ្ចូលគ្នា​​ឲ្យខាងតែបាន ដើម្បីយកជ័យជំនះ ផ្តួលរំលំ​គណបក្ស​ប្រជាជន​។ ជុំវិញបញ្ហានេះ តើលោក​​បណ្ឌិតមានអ្វីដើម្បីបញ្ជាក់ជូនជនរួមជាតិ​ បើ​ប្រៀបធៀប​ទៅនឹង​ចរិតអួតអាង​របស់ កឹម សុខា ដែល​ចេះ​​តែ​បរាជ័យ​​ជារហូត​មកនោះ​បាទ​​?​​​

          លោកបណ្ឌិតឈឹម ផលវរុណ
          ចម្លើយ​៖ ចំណុចនេះខ្ញុំចង់បញ្ជាក់នូវន័យចំតែម្តង​ ដើម្បីឲ្យងាយយល់​។ ខ្ញុំអាចនិយាយថា លោក កឹម សុខា គឺជាមេបក្សខួរក្បាលអន់​ ពីព្រោះដោយសារគំនិតទុច្ចរិតរបស់គាត់នោះហើយ ដែល​ធ្វើ​ឲ្យ​លោក កឹម សុខា មាន​បញ្ហាខួរក្បាល​ខាងការគិតគូរផ្នែកនយោបាយនេះ​នៅស្ទើរ​។ សាវតា​របស់​គាត់​ តើហេតុអ្វី​បានជាគាត់បានឈានទៅធ្វើជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​?​។ រឿង ប្រធាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជានេះ មិនមែនជាគោលបំណងដែលអាមេរិក​ ឬក៏ IRI សំឡឹងឃើញលោក កឹម សុខា ទេ​។ តាមពិត​គឺមានបេក្ខជនគេ ២-៣ នាក់ទៀត​ ដែលសុទ្ធតែជានិន្នាការគណបក្ស សម រង្ស៊ី គឺខ្ញុំចង់​បញ្ជាក់​ឲ្យ​អស់​ ហើយការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជានេះ ទោះបីដាក់ឈ្មោះអីផ្សេងក៏ដោយ​ គឺ​មជ្ឈមណ្ឌល​នេះអត់ទាន់កើតទេ ប៉ុន្តែអាមេរិកមានលុយបម្រុង​ឲ្យធ្វើការងារហើយ​។ អញ្ចឹង​លុយមាន​ហើយ គ្រាន់តែបង្កើតដើម្បីយកលុយនោះមកប្រើប្រាស់​ ដើម្បី​លើកស្ទួយ​ដល់​នយោបាយ​គណបក្ស​ប្រឆាំង​ នេះបើ​និយាយ​ឲ្យអស់​ ហើយពេលនោះលោក កឹម សុខា គឺមិនថិតនៅក្នុងចក្ខុរបស់អាមេរិកទេ​ ពីព្រោះលោក កឹម សុខា ត្រូវបានអាមេរិក និងអស់លោកខាលិច​គេមិនឲ្យ​តម្លៃរួច​ទៅ​ហើយ​នៅ​ពេល​ដែល​លោក កឹម សុខា​ ធ្វើជាអគ្គលេខាធិការ គណបក្សលោកតា សឺន សាន​ ។ គ្រាន់តែ​ចាញ់ឆ្នោត​ឆ្នាំ១៩៩៨ លោក កឹម សុខា សុខចិត្តរំលាយ​គណបក្សមួយដែលមានប្រវត្តិ​នៅក្នុងរណសិរ្ស ដើម្បី​ថ្នូរ​យក​​តំណែង​សមាជិក​ព្រឹទ្ធសភា​ ដូច្នេះគេចាត់ទុកថាគឺជាអគ្គលេខាធិការខួរក្បាលអន់​តាំងពីដើមទី​មក​ម្លេះ​ អញ្ចឹងគេមិនបានមើលឃើញលោក កឹម សុខា ក្នុងផ្លូវល្អទេ​។​ ប៉ុន្តែដោយសារលោក សម រង្ស៊ី គាត់​ត្រូវការ​លោក កឹម សុខា​ ដែរ ព្រោះគេចាត់ទុកថា​លោក កឹម សុខា ក៏ជាតួអង្គប្រឆាំងមួយ​ដែល​អាច​យក​ធ្វើ​ជា​គ្នា​​។ ចំណុចនេះហើយ​ ទើបបានលោក សម រង្ស៊ី គាំទ្រឲ្យលោក​ កឹម សុខា​ ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ហើយអាមេរិក គេតាមតែលោក សម រង្ស៊ី ទេ ពីព្រោះ​គេមាន​គោលជំហរ​​នយោបាយ​គាំពារនិន្នាការប្រឆាំង​រួចទៅ​ហើយ​ នេះគឺជាការ​ពិត។​ ដូច្នេះ​ហើយ​ទើបគេ​ដាក់​លោក កឹម សុខា​ ។ អញ្ចឹង លោក សម រង្ស៊ី គាត់គិតថា លោក កឹម សុខា គឺជាមនុស្សរបស់គាត់​។ ប៉ុន្តែ លោក កឹម សុខា គឺជាក្រពើវង្វេងបឹង យើងមិនបាច់ឆ្ងល់ទេ​ ពីព្រោះគាត់វង្វេងតាំងពីជីវិតឪ គាត់​ទៅទៀត​​។​ នៅពេលដែលធ្វើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលពេលនោះខ្ញុំនៅក្នុងនោះដែរ​ទើបខ្ញុំ​បាន​ដឹង​​ ។ អ្នកដែលមកចូលរួមនៅក្នុងវេទិការរបស់មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​កាលនោះ សឹងតែ​លើស​​ពី៩០% សុទ្ធតែជា​សកម្មជនរបស់គណបក្ស សម រង្ស៊ី អញ្ចឹង​ហើយ​ទើប​មានការ​ចូលរួម​ដល់​ទៅ​៥០០ ឬ៣០០​ និងមានពេលខ្លះដល់ទៅ៨០០ នេះជាការពិត​។ តើធ្វើម៉េចដើម្បីសកម្មជនគណបក្ស សម រង្ស៊ី ចូលរួម​បាន?​ មិនមែនមន្ត្រីមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាទៅប្រកូកប្រកាសបានទេ​ គឺ​គណបក្ស​ សម រង្ស៊ី បានប្រើ​អង្គការចាត់តាំង​​របស់ខ្លួន​តាមរយះ​អគ្គលេខាបក្ស​ រហូតទៅដល់មូលដ្ឋាន​ ចាត់ចែង ឬក៏រុញឲ្យ​សកម្មជនមូលដ្ឋានរបស់ខ្លួនចូលរួម​នៅក្នុង​វេទិការ​របស់​មជ្ឈមណ្ឌល​ សិទ្ធិមនុស្ស​កម្ពុជា​​។​ ត្រង់នេះហើយដែលយើងមើលឃើញទិដ្ឋភាពហ្នឹង​។ មានពេលខ្លះមានក្រុមប្រជាពលរដ្ឋ​មួយ​ក្រុម​ ដែលមាននិន្នាការគាំទ្រគណបក្សប្រជាជន​កម្ពុជា ចូលរួមដើម្បីចោទ​សំណួរតតាំងជាមួយលោក កឹម សុខា​ ហើយយើងឃើញថា លោក កឹម សុខា ហាក់ដូចជាមានចំណុចមួយព្រួយ​ រាង Error ខួរក្បាល ហើយខ្លាចអត់ហ៊ានមកចូលរួម​ក្នុងវេទិការផង​​។​ អញ្ចឹងសរុបមកវិញលោក កឹម សុខា គាត់​កេង​ចំណេញ​​ពីទិដ្ឋភាព​ ដែលចូលរួមគគ្រឹគគគ្រេងហ្នឹង​ គឺកេងចំណេញពីសកម្មជនគណបក្ស សម រង្ស៊ី ទេ​។ ចុងក្រោយគាត់បង្កើត​រចនាសម្ព័ន្ធភ្នាក់ងារស្មគ្រចិត្ត​ គឺយកសកម្មជនគណបក្ស សម រង្ស៊ីទាំងអស់​ ពីព្រោះ​ភាគច្រើន​អ្នកស្មគ្រចិត្ត​ទាំងនោះភាគច្រើន​សុទ្ធតែពួកលោក សម រង្ស៊ី​ ។​ ក្រោយមក​គាត់​ខ្ចប់​បាន​មួយ​បង្វិច​នៃអ្នកស្មគ្រចិត្ត​នោះមក​បង្កើតជា​ គណបក្ស​សិទ្ធិមនុស្ស នេះឯង​។ អញ្ចឹង​ហើយ​បាន​ជា​នៅ​ដំណាក់​កាល​មួយ​នោះ​ គឺគណបក្ស សម រង្ស៊ី និងលោក កឹម សុខា មានទំនាស់គ្នា​។ ពេលនោះ​គណបក្ស​ សម រង្ស៊ី បានប្រកាសលែងឲ្យ​មន្ត្រី​សកម្មជន​របស់ខ្លួនទៅចូលរួមនៅក្នុង​វេទិការ​។ ក្រោយ​ពី​ពេល​នោះមក​គឺគាត់​ពិបាករក​អ្នកចូលរួមខ្លាំងណាស់​ វេទិការលោក កឹម សុខា ធ្លាក់ចុះគ្រឹប​។ អញ្ចឹង​មាន​ន័យថា​ លោក កឹម សុខា កេងពីលោក សម រង្ស៊ី ពេលកេងទៅគឺគាត់មានមោទនៈភាពជ្រុលថា​នឹង​យក​បានសម្លេង សម រង្ស៊ី យ៉ាងកុះករ ទើប​បាន​បង្កើត​ជា​ផលិតផល​​ក្លែងក្លាយមួយថា នឹង​បាន៥៨ ទៅ៦០ កៅអី គឺបញ្ជីបេក្ខជន​ យកទាំងខាង សម រង្ស៊ីផង គឺយក​របស់ហ្នឹងទៅ​លក់​ឲ្យខ្មែរ​នៅក្រៅ​ប្រទេស​​ទៅ ទើបធ្វើ​ឲ្យគគ្រឹគគគ្រេង​​កាលពេល​ឃោសនាបោះឆ្នោតហ្នឹង​។​ គាត់គិត​ស្មានថាខ្លួនឈ្នះ តែ​ដល់​ពេល​បានតែ​៣កៅអី​ ទើបបានភ្ញាក់កំណើតថា អញចប់ហើយនយោបាយ​។ ពេលដែល​ដឹងថា​ចាញ់​ហើយ​ ក៏ប្រកាស​ចាប់ដៃជា​មួយ សម រង្ស៊ី ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត​ ហើយ​កៀកស្មា​គ្នា​ទៅ​ឡាំប៉ា​​នៅ​​ឯសហភាព​អ៊ឺរុប​។ ដូច្នេះចរឹតនយោបាយរបស់ពួកគាត់នេះគឺកេងប្រវ័ញ្ចគ្នា​។ ប៉ុន្តែលោក កឹម សុខា ដឹងថា មិនអាចរួបរួមជាមួយលោក សម រង្ស៊ីទេ​ ពីព្រោះលោក សម រង្ស៊ី អត់បាន​ទទួល​ស្គាល់​លោក កឹម សុខា ជា​សមភាគីទេ លោក សម រង្ស៊ីនៅតែចាត់ទុក​ថាលោក កឹម សុខា គឺជាកូនចៅ គឺជា​មនុស្ស​នៅក្រោម​ក្លៀក​របស់​គាត់។​​ ដល់អញ្ចឹងទៅ លោក កឹម សុខា ខូច​ គាត់ដឹងថា សម រង្ស៊ី មិន​រួបរួម​ទេ ប៉ុន្តែ​ខ្លួនយកពាក្យរួបរួម​ដើម្បីកេងចំណេញ​ អញ្ចឹងដើម្បីកេង​ចំណេញគាត់ត្រូវតែភូតរាស្ត្រ​​ គឺគាត់​ភូតថា​​ឆ្នាំ២០១២ នឹងធ្វើឲ្យបាន​ ប៉ុន្តែរហូតមកដល់ពេលនេះហើយគឺមិនទាន់បានធ្វើស្អីទេ។ បើនិយាយ​ឲ្យខ្លី​​ លោក កឹម សុខា ត្រូវមកលន់តួសុំទោស​យើង ពីព្រោះយើងបានប្រាប់ហើយ​ថា​សម្ព័ន្ធភាពនេះ គឺ​ទៅ​អត់រួច​ទេ​។ លោក កឹម សុខា ចោទមកថា យើងអត់ចង់ឲ្យគេរួបរួមទេ​ ព្រោះ​ខ្លាច​គេ​នោះ​ឈ្នះ​គណបក្ស​​ប្រជាជន​​កម្ពុជា​​​។​ តាមពិតការវិភាគរបស់យើងនោះគឺ​ច្បាស់ណាស់​ ហើយគាត់​ហ៊ានថា​ការវិភាគ​​របស់​យើងនេះជាចេតនា​អាក្រក់​ មិនចង់ឲ្យគេនោះរៀបអាពាពិពាហ៍​ក្លែងក្លាយ​ទៅទៀត​។ ដល់ពេលឥឡូវ​ បរាជ័យគឺមិនហ៊ានមាត់បន្តិចទេ​។​ បើសិនជាក្មេងមានសីលធម៌ គឺត្រូវ​មកលន់តួ​សុំទោស​យើង​ ហើយបើជាមេបក្សមានសីលធម៌ខ្ពស់​ គឺត្រូវសុំទោសប្រជាពលរដ្ឋ​ ដែលខ្លួន​ឯង​សន្និដ្ឋាន​បោកប្រាស់​នោះ​។

ដូច្នេះសូមប្រជាពលរដ្ឋយល់ថា ​ មិនអាចរួមគ្នាទេ ផ្ទុយទៅវិញ​ពួក​នោះដណ្តើមគ្នាទៅវិញទៅមក​ទេ​ ហើយចុងក្រោយបននយោបាយមិនអាចធ្វើអ្វីបានទៅមុខទេ​។ យើងឃើញថា​សូម្បីតែការ​ប្រកួត​ប្រជែង​គឺជាការប្រកួតប្រជែង របស់​ពួកគាត់​​រវាងគ្នាគាត់ តែប៉ុណ្ណោះ​។​ ការពិតគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី គឺអត់មានទៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនទេ គឺ​ពួកគេ​ប្រកួត​ប្រជែង​តែ​គ្នា​គេតែ​ប៉ុណ្ណោះ​។​ គណបក្ស សម រង្ស៊ី ខំធ្វើម៉េចឲ្យសម្លេងរបស់ខ្លួននៅដដែល​ បើ​មិនកើន​ក៏ហី​ទៅ​ចុះ ធ្វើម៉េចកុំឲ្យធ្លាក់ចុះ​ និងកុំឲ្យខាង កឹម សុខា យក​។​ ឯខាង កឹម សុខា គឺមិនអាច​យក​បាន​ពី​សម្លេង​អ្នក​គាំទ្រ​​របស់គណបក្ស​​ប្រជាជន​កម្ពុជាទេ​ គឺទៅយកពីគណបក្ស សម រង្ស៊ី ។ ដូច្នេះ​ពួកគេ​មាន​ការ​ប្រយ័ត្ន​គ្នា​ទៅវិញ​ទៅមក​​​។​ ប៉ុន្តែពេលទៅឃោសនា គេដើរតួខ្លួនជា​បេក្ខជននាយករដ្ឋមន្ត្រី​ ដូចជា​អស្ចារ្យ​ណាស់​​។​ តាមពិតមួយជីវិតគុណនឹង១០ ក៏ទៅមិនរួចដែរ​ ពីព្រោះវាមិនមែនជាគណបក្ស​ គឺវា​មាន​ត្រឹមតែ​ជា​បននយោបាយ​ វាអត់មានកម្មវិធីនយោបាយ​ និងគ្មានគោលនយោបាយ ។ ម្យ៉ាងទៀត​គឺ​អត់ចេះ​ធ្វើគោល​នយោបាយ​ថែមទៀត​។ បើប្រៀបធៀបជាមួយគណបក្សប្រជាជនកម្ពុជា​ គឺខុសគ្នា​ឆ្ងាយ​ណាស់ ។ កឹម សុខា​ សរសេរនយោបាយតែមួយឃ្លាមិនចេញផង ដូច្នេះទៅបង្កើត​កម្មវិធី​នយោបាយ​ម៉េច​នឹងចេញ​​។​ រីឯគណបក្ស សម រង្ស៊ី គឺអត់ខ្វល់នឹង​រឿងកម្មវិធីនយោបាយទេ​ គឺធ្វើ​ម៉េច​ឲ្យ​តែ​មាន​សកម្មភាព​តតាំងប្រឆាំង​​គគ្រឹគគគ្រេង​។ អញ្ចឹងការធ្វើនយោបាយគឺគេ​មិនធ្វើអញ្ចឹងទេ​។​

លោក សត្យា​ រក្ស
សំណួរ៖ សរុបមក យើងឃើញថា លោក កឹម សុខា កំពុងតែអស់ផ្លូវដើរហើយ​ ដោយសារ​តែ​ការ​ភូត​កុហក​របស់គាត់ហ្នឹង​ដល់ទីបញ្ចប់ហើយ​​ ពីព្រោះអស់ក្បួនភរត​ទៅទៀត​។ ចំណុចនេះ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើការពិចារណា​ទាំងអស់គ្នា​ យើងមិនគួរបន្តចាញ់បោក ឬមិនគួរបន្តជឿ​មនុស្សដូច កឹម សុខា ហ្នឹងទៀតទេ​ ពីព្រោះវានាំឲ្យខូចប្រយោជន៍ដែលយើងកំពុងបំពេញការងារ​ប្រចាំថ្ងៃរបស់យើង​។
 ខ្ញុំចង់ឲ្យលោកបណ្ឌិតបំភ្លឺចំណុចមួយទៀត ​ គឺឥឡូវនេះគណបក្សប្រឆាំង​ទាំងពីរ គឺទាំងកឹម សុខា ក្តី ទាំង សម រង្ស៊ីក្តី ហាក់បីដូចជាកំពុងខ្សោះខ្យល់ហើយ​ និងយ៉ាប់យឺនមែនទែន​។ ភាព​យ៉ាប់យឺន​របស់​គណបក្សប្រឆាំងនេះ តើ​វាធ្វើ​ឲ្យប៉ះពាល់​ទៅដល់​ដំណើរការប្រជា​ធិបតេយ្យ​នៅកម្ពុជាដែរឬទេ?​​​

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ៖ ទិដ្ឋ​ភាព​ជាក់​ស្តែង​ដែល​យើង​ឃើញ​ថា ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី និង​ កឹម សុខា កំពុង​ជួប​ចលាចល​ហ្នឹង​ វា​ជា​ទិដ្ឋ​ភាព​ល្អ​មួយ​ ដើម្បី​ឲ្យ​អន្តរជាតិ​ ដែល​ពី​មុន​មក​ជឿ ឲ្យ​តែ​លោក​ សម រង្ស៊ី និយាយ​ ឲ្យ​តែ​ កឹម សុខា និយាយ​ ឲ្យ​តែ​គណបក្ស​ប្រឆាំង​និយាយ​ថា រំលោភ​សិទ្ធិ​ រំលោភ​អី​ គេ​ជឿ​ រឹត​តែ​ថា គណបក្ស​គ្រប់​គ្រង​រដ្ឋាភិបាល​គាប​សង្កត់​អត់​មាន​ឱកាស​​ឲ្យ​គណបក្ស​ ប្រឆាំង​ធ្វើ​នយោបាយ​បាន​ស្រួល​ ។ល។​ ដល់​ឥឡូវ​បាន​គេ​ដឹង​ថា ទិដ្ឋ​ភាព​ដែល​គណបក្ស​ប្រឆាំង​​ស្រាត​ឲ្យ​គេ​ឃើញ​ ព្រោះ​លាក់​យូ​រ​ហើយ​។​​ អារឿង​ស្អុយ​គគ្រុក​​នៅ​ក្នុង​គណបក្ស​ រឿង​អសកម្ម​នៅ​ក្នុង​គណបក្ស​ លាក់​យូរ​ហើយ​ យើង​គិត​ប៉ុណ្ណេះ​ទៅ របៀប​គេ​លាក់​គេ​ពូកែ​ណាស់​ សូម្បីតែ​​រូប​ភាព​អភិវឌ្ឍន៍​ប្រទេស​ ខ្មែរ​ទាំង​មូល​ គេ​យក​វាំងនន​​ខ្មៅ​មក​បាំង​ កុំ​ឲ្យ​បរទេស​មើល​ឃើញ​ ហើយ​គេ​ទៅ​ចាប់ចំណុច​ល្ហែក​ៗ​តូច​ៗ​ ប្រាប់​បរទេស​ឲ្យ​មើល​ ហើយ​ផ្ទៃ​ធំ​រីក​ចម្រើន​គេ​បាំង​ជិត​។​ ល្បិច​គេ​បាំង​បាន​រាប់​ឆ្នាំ​ដែរ​ អាល្បិច​គេ​បាំង​​ភាព​អាក្រក់​របស់​​របស់​គណបក្ស​ខ្លួន​ក៏​អញ្ចឹង​ដែរ​ ដល់​ឥឡូវ​នេះ​បរទេស​​ សូម្បី​អាមេរិក​ បណ្តា​ប្រទេស​លោក​ខាង​លិច​ ក៏​គេ​ស្គាល់​សមត្ថភាព​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ សម រង្ស៊ី និង​កឹម សុខា ច្បាស់​ណាស់​ ខ្ញុំ​មិន​មែន​គ្រាន់​តែ​ថា ខ្ញុំ​ប្រស្រ័យ​ទាក់​ទង​ពិភាក្សា​​កិច្ច​ការ​នយោបាយ​នៅ​កម្ពុជា ការ​អភិវឌ្ឍន៍​នូវ​នយោបាយ​ការ​បរទេស​ រវាង​កម្ពុជា​ សហរដ្ឋ​អាមេរិ​ក​ កម្ពុជា ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​ ខ្ញុំ​បាន​ជួប​គេ​សុំ​សម្ភាសន៍​ ខ្ញុំ​ថា ការ​រីក​ចម្រើន​នេះ​​ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ឯង​ធ្លាប់​មើល​ច្រឡំ​ ដោយ​សារ​តែ​អស់​លោក​គណបក្ស​ប្រឆាំង​យក​វាំង​នន​បាំង​អ្នក​ឯង​ ឥឡូវ​អ្នក​ឯង​មិនបាច់​ខំ​ប្រឹង​មើល​ទេ​ គ្រាន់​តែ​យក​ដៃ​វែក​​វាំង​នន​ចេញ​បន្តិច​ អ្នក​ឯង​នឹង​ឃើញ​ពន្លឺ​ដ៏​ភ្លឺ​ពី​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា ហើយ​ជា​សុទិដ្ឋិនិយម​សម្រាប់​អ្ន​ក​ឯង​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា សហ​ប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​អ្នក​ឯង​គឺ​ល្អ​ណាស់​ បើ​អ្នក​ឯង​ជឿ​តែ​អស់​លោក ប្រឆាំង​​ គឺ​អត់​បាន​ការ ឥឡូវ​ទិដ្ឋភាព​ហ្នឹង​យើង​មើល​ឃើញ​។​ អញ្ចឹង​បាន​ខ្ញុំ​ចង់​ឆ្លើយ​មក​លោក សត្យា រក្ស ចង់​បញ្ជាក់​ថា ទិដ្ឋភាព​ ដែល​យើង​ឃើញ​ថា គណ​បក្ស​ប្រឆាំង​កំពុង​ជួប​បញ្ហា​ គឺ​ជា​ចំណុច​ល្អ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ ផ្តល់​ជូន​ប្រជាជន​កម្ពុជា​​ទាំង​មូលឲ្យ​​មើល​ឃើញ​ផង ផ្តល់​ជូន​មតិ​អន្តរជាតិ​ ដែល​ច្រឡំ​ជឿ​អស់​លោក​ប្រឆាំង​ ក៏​មើល​ឃើញ​ដែរ​ សូម្បី​តែ​អង្គការ​សិទ្ធិ​មនុស្ស​​បរទេស​ ដែល​ខំ​ស្រែក​ក្តែង​ៗ​ជួយ​អស់​លោក​ប្រឆាំង​ហ្នឹង​ ហើយ​ខំ​ស្រែក​ជេរ​ពី​ខាង​ក្រៅ​ ជេរ​រដ្ឋាភិបាល​ ក៏​ពួក​គាត់​ខ្សោះ​ដែរ​ ខ្សោះ​នឹង​ស្រែក​ជួយ​ បើ​ឈាម​នៅ​មាន តែ​វា​ស្ងួត​បំពង​ក ហើយ​យើង​ទាញ​មើល​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ​ដំណើរ​ប្រជាធិបតេយ្យ​វា​ត្រូវ​ការ​ចលករ​​នយោបាយ​ ប៉ុន្តែ​បើ​ចលករ​នយោបាយ​​គណបក្ស​ប្រឆាំង​មហាអន់​ រឿង​អ្វី​ទៅ​បន្ទោស​ចលករ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​ចលករ​ដឹក​នាំ​ប្រទេស។​​ ដំបូង​គេ​មើល​ឃើញ​មិន​ដឹង​ចលករ​ណា​អសកម្ម​ ឥឡូវ​នៅ​ពេល​ដែល​បង្ហាញ​ច្បាស់​ថា ចលករ​នយោបាយ​ប្រឆាំង​ គឺ​ខ្សោយ​ក្រោម​សូន្យ​ អញ្ចឹង​គេ​ដឹង​ថា ជា​ការ​គ្រប់​គ្រាន់​ហើយ​ដែល​ការ​គ្រប់​គ្រង​ប្រទេស​ទាំង​ស្រុង​ដោយ​គណបក្ស​ ប្រជាជន​កម្ពុជា​ គឺ​ជា​ឱ​កាស​មួយ​ដើម្បី​ឲ្យ​កម្ពុជា​ឈាន​ទៅ​អភិវឌ្ឍន៍​យ៉ាង​លឿន​ទៅ​មុខ ដោយ​គេ​ចាត់​ទុក​ថា កម្លាំង​ប្រឆាំង​អសមត្ថភាព​។​ ការ​ប្រឆាំង​​នេះ​ វាគ្រាន់​តែ​ជា​កម្លាំង​ទប់​ស្កាត់​ទេ​ មិន​មែន​       កម្លាំង​ជម្រុញ​​ទេ។​​ បើ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ជឿន​លឿន​ គឺ​គេ​ដើ​រ​តួ​ជា​គណបក្ស​ប្រឆាំង​បែប​ប្រជាធិបតេយ្យ​ កម្លាំង​ហ្នឹង​វា​ជួយ​រុញ​ ជួយ​កែ​ ជួយ​ទប់​នូវ​ចំណុច​ណា​អាក្រក់​ ជួយ​រុញ​នូវ​ចំណុច​ដែល​​ល្អ​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​កម្ពុជា​ អត់​បាន​រុញ​ទេ គឺ​មាន​តែ​ទាញ​ថយ​ក្រោយ​ ហើយ​គេ​អរ​ណាស់​នៅ​ពេល​ដែល​គេ​ទាញ​ថយ​ក្រោយ​ ហើយ​បរទេស​បាន​មើល​ឃើញ​ថា កម្ពុជា​ថយ​ក្រោយ​គេ​អរ​ណាស់​ ហើយ​បើបរទេស​ណា​ហ៊ាន​តែ​ច្រ​ឡំ​​អត់​ដឹង​ចិត្ត​អស់​លោក​ប្រឆាំង ហ៊ាន​តែ​ថា កម្ពុជា​ទៅ​មុខ​ គេ​ខឹង​បរទេស​នោះ​​ណាស់​ ។​

-មតិ​លោក សត្យា រក្ស
ជាក់ ​ស្តែង​ដូច​លោក​បណ្ឌិត​ជ្រាប​ហើយ ទាក់​ទង​នឹង​ការ​ស្ទង់​មតិ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ សូម្បី​តែ​គេ​ស្ទង់​មតិថា កម្ពុជា​ដើរ​ក្នុង​ផ្លូវ​ត្រូវ​ ៨៦% កឹម សុខា ច្រឡោត​តោតតូង។

-មតិ​លោកបណ្ឌិត ឈឹម ផលវរុណ
ហើយ ​ចោទ​ថាគេ​អត់​មាន​ស្តង់ដា ហើយ​អង្គការ​ហ្នឹង​ជាអង្គការ​ធ្លាប់​ ឲ្យ​លុយ​កឹម សុខា ធ្វើ​មជ្ឈមណ្ឌល​ផង​ ហើយ​អង្គការ​ហ្នឹងជា​អង្គការ​អត់​មាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ទេ​។​ ​លោក​ កឹម សុខា ខឹង​ណាស់​ត្រង់​ហ្នឹង​ហើយ​ដែល​ចង់​បញ្ជាក់​ថា ពួក​គាត់​នេះ​គ្មាន​បាន​ប្រយោជន៍​ ខ្ញុំ​ហ៊ាន​ប្រើ​ពាក្យ​ហ្នឹង ហើយ​អាចត​តាំង​គ្នាបាន​ គ្មាន​បាន​ប្រយោជន៍​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​ទេ​។​ អញ្ចឹង​ខ្ញុំ​ទាញ​បន្តិច​នៅ​អាល្លឺម៉ង់​។ អាល្លឺម៉ង​ក៏​ពហុបក្ស​ ដែរ​ ប៉ុន្តែ​មាន​គណបក្ស​ជ្រុល​និយម​ ជាតិ​និយម​ជ្រុល​ហួស​ហេតុ​​ គណបក្ស​គ្មាន​បាន​ប្រយោជន៍​ទេ ប៉ុន្តែ​លក្ខខ័ណ្ឌ​នៃ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​​ គេ​ចេះ​តែ​គោរព​​សិទ្ធិ​នយោបាយ​ហ្នឹង​ទៅ​ ប៉ុន្តែ​គ្មាន​ប្រជាពលរដ្ឋ​អាល្លឺម៉ង់​ណា​ទៅ​ឲ្យ​អស់​លោក​គណបក្ស​ជ្រុល​និយម ​ដូច​នេះ​ជាប់​ឆ្នោត​បានទេ​។​ ឯប្រជាពលរដ្ឋ​កម្ពុជា​ទោះ​បី​ជា​យើង​អនុវត្ត​ប្រជាធិបតេយ្យ​ទើប​បាន​ជិត​ ២០ ឆ្នាំ បើប្រៀប​ធៀប​នៅ​អាមេរិក​ក្តី នៅ​អាល្លឺម៉ង់​ក្តី ខុស​គ្នា ឆ្ងាយ​ណាស់​ ប៉ុន្តែ​ប្រជាពល​រដ្ឋ​ខ្មែរ​ ក៏​​មាន​បទ​ពិសោធន៍​យ៉ាង​ច្បាស់​មិន​អាច​យក​ពួក​ជ្រុល​និយម​ ឲ្យ​មក​ដឹក​នាំ​ប្រទេស​ទេ ពីព្រោះ​ចំណុច​នេះ​ហើយ​បាន​ជា​នយោបាយ​ជ្រុល​និយម​របស់​ កឹម សុខា ក្តី របស់​គណបក្ស​ សម រង្ស៊ី ក្តី គឺ​បើ​មិន​កែ​ទេ​ គឺ​គ្មាន​ភ័ព​​វាសនា​ទេ ក្នុង​ជីវិត​នយោបាយ​ប្រកួត​ប្រជែង​នោះ គ្រាន់តែ​បញ្ហា​យើង​គួរ​ពិចារណា​ប៉ុណ្ណេះ​ទេ ថា​តើ​មាន​ចរន្ធ​នយោបាយ​ណា​ផ្សេង​ទៀត​អាច​ដើរ​តួរ​ជា​ គណបក្ស​ប្រឆាំង​ក្នុង​ន័យ​ប្រជាធិបតេយ្យ​ ដើម្បី​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​ អាឡិអាឡក់​ទាំង​អស់​ហ្នឹង​ មកទប់​ស្កាត់​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ យើង​ជំនួស​​ដោយ​កម្លាំង​នយោបាយ​មួយ​ផ្សេង​ទៀត​ ដែល​ផ្តល់​នូវ​ជម្រើស​ អាហ្នឹង​យើង​ថា ល្អ​ប៉ុន្តែ​ខ្ញុំ​ជឿថា ពិបាក​រក​បន្តិច​ ព្រោះ​ថា ការ​ធ្វើ​នយោបាយ​​វាទាម​ទារ​នូវ​សមត្ថភាព​ ទាម​ទារ​នូវ​សុឆន្ទៈ​ សុភ័ក្ត​វិនិច្ឆ័យ​ចំពោះ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​សព្វ​ថ្ងៃ។​ បើ​គណបក្ស​ទាំង​អស់​នោះ​ ទោះ​កើត​ថ្មី​ កើត​ក្រោយ​នៅ​តែ​មិន​ទទួល​ស្គាល់​​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​​ បច្ចុប្បន្នទេ​ ហើយ​នៅ​តែ​ឈរ​ជំហរ​ដូច​ កឹម សុខា ដូច​ សម រង្ស៊ី ទេ ទោះ​គណបក្ស​ថ្មី​ហ្នឹង​ កើត​មួយ​រយ​លាន​ដង​ក៏​ដោយ​ ក៏​គ្មាន​បាន​ប្រយោជន៍​អ្វី​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដែរ​៕
សម្រង់ព័ត៌មាន លោក នូសាវុធឌី

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...