សម្តេចតេជោ បន្តអំពាវនាវឱ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាពង្រឹងគុណភាពអប់រំឲ្យកាន់តែប្រសើរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងនូវមោទនភាពជាថ្មីម្តងទៀតចំពោះគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងផ្តល់ឱ្យកាសឱ្យវិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ហើយសម្តេច នៅតែបន្តអំពាវនាវឱ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាពង្រឹងគុណភាពអប់រំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះក្នុងខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន ៤.២៥០នាក់ នៃសាកលវិទ្យាល័យបៀលប្រាយ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ។
យោងតាមរបាយការណ៍របស់លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាប័ត្រនេះ មានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាចាប់តាំងពីឆ្នាំសិក្សា ២០០៨ - ២០០៩ដល់ឆ្នាំសិក្សា២០១៣-២០១៤ ហើយក្នុងចំណោមនេះក៏មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១២៦នាក់ផងដែរ។
របាយការណ៍បានបន្តទៀតថា ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យបាន និងកំពុងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររបស់ខ្លួន និងគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយគិតមកដល់ឆ្នាំសិក្សា ២០១៣-២០១៤ សាកលវិទ្យាល័យ បាននិងកំពុងបណ្តុះបណ្តាល និសិ្សតចំនួន៦០.០៧៩នាក់ ចំណែកនិស្សិតដែលបានបញ្ចប់ការសិក្សាគ្រប់កំរិតពីសាកលវិទ្យាល័យនេះ មានចំនួនសរុប៣៧.៦១២នាក់ដោយគិតទាំងនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះផង។
ព្រមជាមួយនឹងការកោតសរសើរចំពោះវឌ្ឍនភាពទាំងឡាយដែលសាកលវិទ្យាល័យ បៀលប្រាយសម្រេចបាន សម្តេចតេជោ នៅតែបន្តអំពាវនាវឱ្យមានការខិតខំពង្រឹងគុណភាពអប់រំជាបន្តទៀត។ សម្តេចតេជោ បានលើកឡើងថា សាលានីមួយៗគឺត្រូវជំរុញការពង្រឹងគុណភាព ហើយរកសាស្ត្រាចារ្យដែលមានគុណភាពដើម្បីជំរុញការបណ្តុះ បណ្តាលឱ្យបានល្អ ព្រោះធនធានមនុស្សរបស់យើងត្រូវប្រកួតប្រជែងទីផ្សារក្នុងប្រទេសផង និងត្រូវប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសនានាក្នុងក្របខណ្ឌ តំបន់ និងពិភពលោកផងដែរ៕
អត្ថបទដោយ៖ ខេមរា

