កិច្ចព្រមព្រៀងស្តីពីការបង្កើតទំនាក់ទំនងមេត្រីភាព រវាង ខេត្តកណ្តាល និងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន
យោងតាមគោលការណ៏នៃសេចក្តីថ្លែងការណ៏ ស្តីពីទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជា ខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន នៃសាធារណរដ្ឋប្រជា មានិតចិន បានឯកភាពគ្នាក្នុងការបង្កើតនូវទំនាក់ទំនងជាមេត្រីភាព រវាងខេត្តនៃប្រទេសទាំងពីរ។
ពិធីនេះ បានធ្វើឡើងនៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី យ៉ា អភិបាលរងខេត្ត ហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ភាគីទាំង២បានឯកភាពតាមគោលការណ៏ទទួលផលប្រយោជន៏ពីគ្នាទៅវិញទៅមក ដោយធ្វើការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការតាមពហុទម្រង់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា វប្បធម៌ ការអប់រំកីឡា សុខាភិបាលនិងធនធានមនុស្សដើម្បីជំរុញឲ្យមានការអភិវឌ្ឍន៏។
ភាគី ទាំង២នឹងរក្សាទំនាក់ទំនងគ្នាជានិច្ច ដើម្បីពិគ្រោះពិភាក្សាគ្នា អំពីកិច្ចការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការព្រមទាំងបញ្ហាដែលភាគីទាំង២ផ្តោតការយក ចិត្តទុកដាក់។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល៥ឆ្នាំ ប៉ុន្តែ និងជម្រុញបន្តពិភាក្សាបន្ថែម ដើម្បីកិច្ចសហប្រតិបត្តិការទំនាក់ទំនងក្នុងវិស័យខាងលើ។
ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកសំណូមពរ ឲ្យខេត្តហឺណានជួយការងារបច្ចេកទេសដល់ខេត្តកណ្តាល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ភា្ជប់ទៅភ្នំពេញ និងតាមបណ្តាស្រុក រៀបចំប្រព័ន្ធទឹកលូ បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត និងការលើកឡើងទាក់ទងការងារកសិកម្មកសិឧស្សាហកម្ម និងទីផ្សារពាណិជ្ជកម្ម និងការអភិវឌ្ឍន៏វិស័យទេសចរណ៏ខេត្ត៕
អត្ថបទ៖ ខេត្តកណ្តាល



