តុលាការបានសម្រេចបញ្ជូនខ្លួនអតីតអធិការខណ្ឌមានជ័យ លោក ហ៊ី ណារិន ទៅពន្ធនាគារព្រៃស
លោក
ហ៊ី ណារិន អតីតអធិការខណ្ឌមានជ័យ នៅថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៤នេះ
ត្រូវបានតុលាការរាជធានីភ្នំពេញ
សម្រេចបញ្ជូនខ្លួនទៅពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ
បន្ទាប់ពីចៅក្រម យូ ប៊ុនណា សួរចម្លើយអស់រយៈពេលជាង៣ម៉ោង។
លោក
ហ៊ី ណារិន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ
ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤
ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយកិបកេងលុយប្រមាណជិត៣ពាន់លានរៀល ។
អង្គភាពប្រឆាំងអំពើពុករលួយ
ក៏បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនផងដែរ កាលពីថ្ងៃទី១ ខែតុលា
ឆ្នាំ២០១៤
ដោយបានបង្ហាញនូវបទល្មើសជាច្រើនករណីពាក់ព័ន្ធនឹងសកម្មភាពកិបកេងលុយបង្កឡើងដោយលោក
ហ៊ី ណារិន ក្នុងនោះដូចជា ការបើកលុយប្រាក់ខែរបស់មន្ត្រីនគរបាលដែលអវត្តមានពីការងារ
ការតម្រូវឲ្យប្រជាពលរដ្ឋបង់លុយក្នុងការធ្វើសៀវភៅស្នាក់នៅ១ក្បាល៥ម៉ឺនរៀល
សៀវភៅគ្រួសារ១ក្បាល៥ម៉ឺនរៀល និងចុះឈ្មោះសមាជិកថ្មី២ម៉ឺនរៀល ការតម្រូវឲ្យមន្ត្រីក្រោមឱវាទទិញអាវចំណាំងផ្លាត
និងស្រោមកាំភ្លើងវែង
ការកិបកេងប្រាក់ឧបត្ថម្ភកងកម្លាំងហ្វឹកហាត់ការពារបាតុកម្ម
ការតម្រូវឲ្យមេល្បែងស៊ីសង ម្ចាស់អាជីវកម្ម រោងចក្រ
និងមន្ត្រីមួយចំនួនបង់ប្រាក់ជារៀលរាល់ខែ ការទាមទារលុយពីម្ចាស់ម៉ូតូដែលចាប់ទុកដោយសារគ្មានពន្ធ
និងការលក់ម៉ូតូដែលម្ចាស់គេមិនបានមកដោះស្រាយ ការប្រមូលលុយផាកពិន័យលើចំណតពីម្ចាស់ម៉ូតូដែលធ្វើចរាចរ
គ្មានស្លាកលេខ កញ្ចក់ និងមួក
និងការតម្រូវឲ្យបង់លុយពីការដោះស្រាយវិវាទគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ភាគរយ
នៃថ្លៃសំណង។

