ក្នុងជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង ឯកឧត្តម
Prasith SAYASITH ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅវិមានមិត្តភាពនាព្រឹកថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០១៤នេះ ភាគីទំាងពីរបានលើកឡើងពីបញ្ហាបើកច្រកព្រំដែនអន្តរជាតិមួយ
នៅត្រពាំងគ្រាល និងបានពិភាក្សាគ្នាអំពីការសាងសង់ស្ពាននៅព្រែកល្ពៅ សម្រាប់តភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ
ដើម្បីសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម សេដ្ឋកិច្ច កម្ពុជា-ឡាវឲ្យកាន់តែមានប្រសិទ្ធិភាព។
នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានឯកភាពផងដែរ
ថា នឹងខិតខំធ្វើយ៉ាងណាជំរុញការបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យបានឆាប់។
ឯកឧត្តម Prasith SAYASITH បានមានប្រសាសន៏ស្នើរឲ្យភាគីកម្ពុជាពន្លឿនការបោះបង្គោលព្រំដែនកម្ពុជា-ឡាវឲ្យបានឆាប់
ដើម្បីរួមចំណែកអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ និងសម្រាប់ដំណើរការពាណិជ្ជកម្ម
សេដ្ឋកិច្ច ដឹកជញ្ជូនទៅវិញទៅមកឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានបញ្ជាក់ថា ប្រទេសឡាវចង់ឲ្យមានការបើកស្ថានកុងស៊ុលឡាវប្រចាំនៅខេត្តសៀមរាប គឺដើម្បីជួយសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រជាជនឡាវទៅកាន់កម្ពុជា។
ជាមួយគ្នានេះដែរ ឧត្តមឧបនាយករដ្ឋមន្រ្តីសុខ អាន បានមានប្រសាសន៏ឯកភាពទៅលើការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ
គឺធ្វើយ៉ាងណាជំរុញឲ្យមានការបោះបង្គោលឲ្យបានឆាប់ សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការបោះបង្គោលព្រំដែនកម្ពុជា-ឡាវនេះ
បានសម្រេច ៨៦%ហើយ ភាគីទាំងពីរនឹងខិតខំបញ្ជប់ឲ្យបានឆាប់
ដើម្បីធ្វើសន្ធិសញ្ញារួមគ្នាយកទៅតម្កល់នៅអង្គការសហប្រជាជាតិ ។
ចំពោះបញ្ហានេះ ឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន បានគាំទ្រឲ្យមានការបើកស្ថានកុងស៊ុលឡាវប្រចាំនៅខេត្តសៀមរាប។
សូមរំលឹកថា ក្នុងឆ្នាំ២០១៣កន្លងមកនេះ ទេសចរណ៍ឡាវបានមកកម្ពុជាយើងមានជាង៤៤ម៉ឺននាក់
ដែលជាទំហំគួរឲ្យចាប់អារម្មណ៍។ បើនិយាយអំពីពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឡាវវិញ
នៅឆ្នាំ២០១៣មកនេះ បាននាំចេញពីកម្ពុជាទៅឡាវ មានចំនួនជាង ៥៨៦ពាន់ដុល្លារ
ហើយនាំចូលពីឡាវមកកម្ពុជាវិញមានជាង ៥លានដុល្លារ ដែលទំហំពាណិជ្ជកម្មទ្វេរភាគីនេះមានការកើនឡើងជានិច្ច។
អត្ថបទដោយ៖ ខេមរា


