ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការអន្តរជាតិថ្នាក់កំពូលផ្នែកអភិរក្ស ទៅកាន់ប្រាសាទព្រះវិហារ
តាមសំណើររបស់ ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អ្នកជំនាញការអន្តរជាតិថ្នាក់កំពូលផ្នែកអភិរក្សមួយក្រុមក្នុងចំណោមប្រតិភូអន្តរជាតិ
ដែលបានចូលរួមក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ(ICC-Angkor) នាទីក្រុងសៀមរាបកាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០១១
បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៤ ខែធ្នូ
ឆ្នាំ២០១១ ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃការអំពីខូចខាតទៅលើប្រាសាទ
ដោយសារការប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធនានៅខែកុម្ភៈ ឆ្នាំ២០១១ កន្លងមក
និងផ្តល់អនុសាសន៍អំពីកិច្ចការដែលត្រូវធ្វើដើម្បីអភិរក្សប្រាសាទ។ សមាសភាពគណៈប្រតិភូ រួមមានអ្នកជំនាញការពិសេស និងតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា
១១រូប
អមដំណើរដោយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា មកពីទីស្តីការគណៈរដ្ឋមន្រ្តី និងអាជ្ញាធរជាតិព្រះវិហារចំនួន
១១រូប។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម សួស យ៉ារ៉ា
អនុប្រធានប្រចាំការក្រុមការងារពិសេសថ្នាក់ជាតិតំបន់ព្រះវិហារ បានធ្វើបទបង្ហាញជូនគណៈប្រតិភូ
ដែលមានខ្លឹមសារសំខាន់ៗជាអាទិ៍ថា៖
- សភាពការណ៍សន្តិសុខមានសភាពស្ងប់ស្ងាត់នៅតំបន់ប្រាសាទព្រះវិហារ
- ការសាងសង់ផ្លូវសុវត្ថិភាពឡើងទៅកាន់ប្រាសាទព្រះវិហារពីខាងកម្ពុជាជិតរួចរាល់ហើយ
- ភាគីកម្ពុជាបានផ្លាស់កម្លាំងយោធារបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារ
ដោយបានដាក់ជំនួសវិញនូវនគរបាលទេសចរណ៍
និងឆ្មាំប្រាសាទ។
បន្ទាប់ពីបានស្តាប់បទបង្ហាញអំពីសភាពការណ៍ទូទៅនៅតំបន់ប្រាសាទព្រះវិហារ
អ្នក ជំនាញការអន្តរជាតិបានអញ្ជើញទៅទស្សនាប្រាសាទព្រះវិហារ
និងពិនិត្យមើលកន្លែងដែលទទួលរងការខូចខាតដោយសារគ្រាប់កាំភ្លើងនៅគោបុរៈទី១
ទី២ ទី៣ ទី៤ និងទី៥ ដែលនៅទីតាំងខ្លះ អ្នកជំនាញការអន្តរជាតិបានឃើញថា ថ្មប្រាសាទបានពុកផុយដូចជាម្សៅទៅហើយ។
ការខូចខាតមិនត្រឹមតែកើតមាននៅលើផ្ទៃថ្មខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែធ្ងន់ធ្ងរជាងនេះទៅទៀត គ្រាប់កាំភ្លើង បានធ្វើឱ្យផ្នែកខាងក្នុងនៃថ្មប្រាសាទមានសភាពប្រេះស្រាំ
។
អ្នកជំនាការអន្តរជាតិ
ក៏បានឃើញរណ្តៅគ្រាប់កាំភ្លើងធំ ដែលបានធ្វើឱ្យរញ្ជួយដល់តួប្រាសាទ និងធ្វើឱ្យគ្រឹះប្រាសាទចុះខ្សោយ
ផងដែរ។
នៅក្នុងពេលធ្វើទស្សនកិច្ចនោះ
លោកសាស្រ្តាចារ្យ Azedine Beschaouch លេខាធិការអចិន្រ្តៃយ៍វិទ្យាសាស្រ្តនៃ ICC និងបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងវប្បធម៌នៃប្រទេសទុយណេស៊ី
បានមានប្រសាសន៍ថា៖
“ថ្ងៃនេះ
អ្នកជំនាញការបានមកពិនិត្យស្ថានភាពជាក់ស្តែងនៅប្រាសាទព្រះវិហារ និងផ្តល់អនុសាសន៍។
សម្រាប់យើងខ្ញុំ វាចាំបាច់ត្រូវអភិរក្ស និងចាត់វិធានការការពារជាបន្ទាន់”។ បន្ទាប់មក លោកសាស្រ្តាចារ្យក៏បានអញ្ជីញ លោកសាស្រ្តាចារ្យ
Mounir Bouchenaki អតីតអគ្គនាយកមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សា ដើម្បីការអភិរក្សនិងការស្តារសម្បត្តិវប្បធម៌ (ICCROM) និងជាបុរាណវិទូ មកពីប្រទេសអាល់ហ្សេរី
ឱ្យធ្វើបទអត្ថាធិប្បាយដែលមានខ្លឹមសារសំខាន់ៗដូចតទៅ៖
“ជាអកុសលប្រាសាទនេះ ត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងធំមួយចំនួននៅដើមឆ្នាំនេះ
ហើយជាមួយគ្នានេះដែរ អង្គការយូណេស្កូក៏បានទទួលរបាយការណ៍អំពីការខូចខាតនោះផងដែរ។
គំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន គឺឱ្យអ្នកជំនាញការធ្វើដំណើរមកកាន់ទីនេះ
ដើម្បីពិនិត្យមើលពីទីតាំងជាក់ស្តែងដែលទទួលរងការខូចខាត។ នេះគឺជា គោលបំណងដ៏សំខាន់ទីមួយ។
ជានិច្ចកាល នៅពេលដែលមានការខូចខាតបណ្តាលមកពីបញ្ហាសង្រ្គាម ឬវិបត្តិផ្សេងៗ អង្គការយូណេស្កូ
និងសហគមន៍អន្តរជាតិ ត្រូវតែមានរបាយការណ៍ឯករាជ្យពីអ្នកជំនាញការ។
ទីពីរ វត្តមានរបស់អ្នកជំនាញការ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ពួកយើងធ្វើការពិភាក្សាជាមួយនឹងអ្នកជំនាញការកម្ពុជា
ដែលជាអ្នកទទួលខុសត្រូវលើប្រាសាទនេះ ដូចជាឯកឧត្តម ជុច ភឿន (ប្រធានអាជ្ញាធរជាតិព្រះវិហារ)និងអ្នកជំនាញការដទៃទៀត ដែលមានវត្តមាននៅទីនេះស្រាប់
ដើម្បីពិនិត្យមើលថាតើគួរចាត់វិធានការបន្ទាន់បែបណា? យើងបានឃើញ ថ្មប្រាសាទមួយចំនួនបានរងនូវការខូចខាត។
ប្រសិនបើយើងទុកការខូចខាតនេះ ដោយមិនចាត់វិធានការ ការខូចខាតនេះនឹងមានសភាពរឹតតែធ្ងន់ធ្ងរ។
ដូច្នេះ យើងបាននាំអ្នកជំនាញការមកពីប្រទេសអ៊ីតាលី ចក្រភពអង់គ្លេស ដែលពួកគាត់យល់ដឹងពីអ្វីដែលត្រូវធ្វើសម្រាប់ការអភិរក្សថ្មប្រាសាទ។ ពួកយើងរីករាយនឹងវត្តមានរបស់អ្នកជំនាញការមកពីមន្ទីរ
ពិសោធន៍អភិរក្សនៃមហាវិទ្យាល័យប៉ាឡឺម័រ។ យើងមានពួកគេនៅទៅនេះ ដើម្បីផ្តល់នូវដំបូន្មាន
និងយោបល់ដ៏ល្អដែលជាប្រយោជន៏ដល់អ្នកជំនាញការកម្ពុជាក្នុងការអភិរក្សថ្មប្រាសាទ។
ដូចនេះខ្ញុំគិតថា ដំណើរទស្សនកិច្ចនេះនឹងមានផលប្រយោជន៍ក្នុងការអភិរក្សថ្មប្រាសាទដែលទទួលរងការខូចខាត។
ទីបី ប្រាសាទព្រះវិហារ គឺជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏សំខាន់មួយរបស់ប្រទេស កម្ពុជា
ហើយពួកយើងបានអញ្ជើញស្ថាបត្យករ និងវិស្វករសំណង់ ដែលធ្លាប់បានឃើញនូវ រចនាបទរបស់ប្រាសាទដូចនេះ
និងធ្លាប់បានមកទស្សនា ប្រាសាទនេះផងដែរកាលពីពេលមុន។ ខណៈពេលនេះ ពួកយើងបានឃើញប្រាសាទនេះ
ក៏ដូចជាប្រាសាទជាច្រើនទៀតដែលត្រូវបានកសាងឡើងក្នុងសម័យចក្រភពខ្មែរ ត្រូវការការអភិរក្ស
និងការធ្វើឲ្យរឹងមាំឡើងវិញ។ គោលបំណងទីបីនៃបេសកកម្មនេះ គឺដើម្បីផ្តល់នូវយោបល់ដល់អាជ្ញាធរ
និងស្ថាប័នពាក់ព័ន្ធ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីការងារដែលត្រូវធ្វើក្នុងពេលអនាគត
ដែលមិនមែនជាបញ្ហាដែលកើតឡើងពីសង្រ្គាមនាដើមឆ្នាំនេះទេ ប៉ុន្តែវាជាបច្ច័យនៃពេលវេលា។
ពួកយើងក៏បានអញ្ជើញអ្នកជំនាញការខាងចារិកសាស្ត្រ និងបុរាណវិទូផងដែរ។ ដូច្នេះហើយ
យើងគួរប្រមូលព័ត៌មានពាក់ព័ន្ធនឹងប្រាសាទឲ្យបានច្រើនក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ
។
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិព្រះវិហារ
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅនេះបានឲ្យដឹងថា មានភ្ញៀវទេសចរចំនួនប្រហែល៦០០០នាក់បានទៅទស្សនាប្រាសាទព្រះវិហារ
ក្នុងនោះ៦០០នាក់ជាភ្ញៀវទេសចរបរទេស។ ក្រុមអ្នកជំនាញការអន្តរជាតិក៏បានជួបជាមួយភ្ញៀវទេសចរអង់គ្លេស
និងជប៉ុននៅលើប្រាសាទផងដែរ។
សូមបញ្ជាក់ថា ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំលើកទី១៨
នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ(ICC-Angkor) ជាមួយនឹងការកោតសរសើរចំពោះសមិទ្ធផល
ដែល គណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ(ICC-Angkor) សម្រេចបាន
ហើយបាននិងកំពុងដើរតួនាទីជាស្ថាប័នគំរូនៅក្នុងពិភពលោក ស្តីពីការអភិរក្ស
និងអភិវឌ្ឍន៍សម្បត្តិបេតិកភណ្ឌឯកឧត្តមបណ្ឌិត សុខ អាន ក៏បានមានប្រសាសន៍សម្តែងនូវការសង្ឃឹមថា នៅពេលខាងមុខ គណៈកម្មាធិការមួយ
ដែលមានតួនាទីដូច គណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ(ICC-Angkor) នឹងកើតឡើងនៅតំបន់ប្រាសាទព្រះវិហារ៕




