ព្រះវិហារ ៖ មានសំឡេងផ្ទុះដ៏ខ្លាំងជាបន្តបន្ទាប់ នៅលើអាកាស ចំណុចតំបន់ប្រាសាទព្រះវិហារ កាលពីវេលាម៉ោង ១០ និង ៣៥ នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១។ បន្ទាប់ពីឮសំឡេងផ្ទុះនោះ កងទ័ពកម្ពុជានៅចំណុចកើតហេតុ បានរកឃើញបំណែកដែកជាច្រើន ដែលធ្លាក់រាយប៉ាយ នៅតំបន់នោះ។
សេចក្ដីរាយការណ៍អោយដឹងថា មានស្នូរផ្ទុះនៅចំពីលើខាងជើងគោបុរៈទី ៥ ជាច្រើនគ្រាប់ថែមទាំងមានផ្សែង ប្រហែល ១០ នាទីក្រោយស្រាប់តែឃើញមានអំបែងធ្លាក់មកលើដី នៅចំណុចខាងកើតគោបុរៈ ទី ៥ ឈាងខាងជើងចម្ងាយប្រហែល ៨០ ម៉ែត្រ ចំនួនមួយបំណែកមានទំហំ ០.៨០ គុណ ០.៨០ នៅខាងត្បូងជណ្ដើរបុរាណក្បាលនាគខាងកើតមានចម្ងាយប្រហែល ១៥០ ម៉ែត្រប្រអប់មួយមានខ្សែភ្លើង(ទំហំដូចអាគុយ ៥០ A) ខាងលិចគោបុរៈទី ៥ ចម្ងាយប្រហែល ៦០ ម៉ែត្រ មួយអំបែងមានទំហំប្រហែល ០.២០ គុណ ០.៥០ និងមួយអំបែងទៀតមានចម្ងាយប្រហែល ៩០ ម៉ែត្រ មានទំហំប្រហែល ០.២០ គុណ ០.៥០ ៕
