ឯកឧត្តមបណ្ឌិត សុខ អាន និងលោកជំទាវផ្តល់ជ័យលាភីដល់បេក្ខជន នៃមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី២
បេក្ខជនបេក្ខនារីខ្មែរផ្នែកសិល្បៈចម្រៀងសម័យ
និងបុរាណសរុបចំនួន ២០ រូប មកពីបណ្តាខេត្តនានា និងមកពីបរទេសដែលទទួលបានចំណាក់ថ្នាក់បីលេខ១
ដល់ លេខ៥ បានទទួលរង្វាន់ជ័យលាភីពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ ក្នុងពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី២
នារសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១១ នៅមហោស្រពកោះពេជ្រ។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានចាត់ទុកមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលនេះ
ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់
ដែលអាចរួមវិភាគទានដោយផ្ទាល់ដល់ការងារអភិរក្ស
និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិឲ្យកាន់តែមានភាពប្រសើរឡើង។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា
លទ្ធផលដែលយើងទទួលបាននៅថ្ងៃនេះ
គឺមានអត្ថន័យមិនត្រឹមតែជាការផ្តល់នូវពានរង្វាន់ជូនជ័យលាភីនៅក្នុងវិស័យសិល្បៈចម្រៀងប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងជាការបង្ហាញនូវផលិតផលវប្បធម៌ថ្មីៗរបស់សិល្បៈចម្រៀងខ្មែរទៀតផង។
ជាមួយនឹងការលើកឡើងនូវទិសស្លោកសិល្បៈដើម្បីសិល្បៈ
សិល្បៈដើម្បីការអប់រំ សិល្បៈដើម្បីភាពរីករាយ
សិល្បៈដើម្បីការអភិវឌ្ឍ សិល្បៈដើម្បីផលកម្រៃ និងសិល្បៈដើម្បីវប្បធម៌សន្តិភាព ឯកឧត្តមបណ្ឌិត
សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា
ខ្ញុំសូមគាំទ្រនិងជំរុញឱ្យមានសកម្មភាពរៀបចំនិងបង្កើតទីផ្សារវប្បធម៌សម្រាប់បម្រើភ្ញៀវទេសចរ
នៅទូទាំងប្រទេសឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីទាញយកផលកម្រៃមកទ្រទ្រង់ជីវភាពប្រជាពលរដ្ឋយើង
ក៏ដូចជារួមចំណែកលើកកម្ពស់តម្លៃសិល្បៈវប្បធម៌និងកិត្យានុភាពជាតិឱ្យស្របតាមគោលដៅ
“កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌” រួមជាមួយនឹងយុទ្ធសាស្ត្រទេសចរណ៍ “កម្ពុជា៖
ព្រះរាជាណាចក្រអច្ឆរិយៈ”។
ឯកឧត្តមបណ្ឌិត សុខ អាន បានផ្តល់ជាអនុសាសន៍ថា ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ យើងទាំងអស់គ្នាគប្បីរួមចំណែកគាំទ្រនិងលើកទឹកចិត្តអ្នកនិពន្ធ
សិល្បករ និងសិល្បការិនីទាំងអស់ ឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងអាជីពរបស់ខ្លួន
តាមរយៈការគោរពនិងឱ្យតម្លៃចំពោះកម្មសិទ្ធិបញ្ញា ការប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈខ្ពស់
ជាពិសេស គឺជួយជំរុញឱ្យស្នាដៃសិល្បៈទាំងនោះមានបង្កប់ទៅដោយតម្លៃវប្បធម៌ និងអត្តសញ្ញាណជាតិ។
ជាងនេះទៅទៀត កវីនិពន្ធ តន្ត្រីករ តួសម្តែង និងសិល្បករ សិល្បការិនី គ្រប់រូបត្រូវតែខិតខំសិក្សាស្វែងយល់ឱ្យបានទូលំទូលាយ
និងស៊ីជម្រៅនូវចំណេះដឹងនិងបទពិសោធ នៅក្នុងវិជ្ជាជីវៈរបស់ខ្លួន ពិសេសគឺត្រូវស្វែងយល់ឱ្យបានត្រឹមត្រូវអំពីគោលនយោបាយនិងផែនការអាទិភាពផ្នែកវប្បធម៌ដើម្បីជាមូលដ្ឋាន
និងជាត្រីវិស័យតំរង់ទិសដល់ការតែងនិពន្ធ ការសម្តែងតួ ការអនុវត្ត និងការផលិតស្នាដៃសិល្បៈនានា
ដែលអាចឆ្លុះបញ្ចាំងនូវតថភាពសង្គម។
ឯកឧត្តម បណ្ឌិត សុខ អាន ក៏បានអំពាវនាវដល់ស្ថានីយទូរទស្សន៍ទាំងអស់
និងក្លឹបសិល្បៈនានា ឲ្យជួយជ្រោមជ្រែង និងផ្តល់ការងារជូនដល់សិល្បករ សិល្បការិនី
ដែលទើបទទួលបានជ័យលាភីនាពេលនេះ ដើម្បីឱ្យក្មួយៗមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ខ្លួនឯងផង
ក៏ដូចជា រួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ជាតិផងដែរ។ ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ថា “ខ្ញុំសូមស្នើឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
បន្តរៀបចំព្រឹត្តិការណ៏បែបនេះតទៅទៀត ដោយត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ
អង្គការ សមាគម ជាពិសេសដៃគូឯកជន ដើម្បីពង្រីក និងបង្កើនគុណភាពផលិតផល និងសេវាកម្មវប្បធម៌
ដែលជាសរសៃឈាម ឬជាឆ្អឹងខ្នងមួយនៃសេដ្ឋកិច្ចគ្រួសារ សហគមន៏ និងសង្គមជាតិ
ឱ្យកាន់តែមានភាពប្រសើរឡើង។ សកម្មភាពនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកផ្តល់ការងារ
រកចំណូលសម្រាប់សិល្បករសិល្បការិនីផង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ផង”។
ដោយមានការគាំទ្រពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ សហការជាមួយក្រសួងព័ត៌មាន
ក្រសួងទេសចរណ៍បានប្រារព្ធធ្វើមហោស្រពសិល្បចម្រៀងខ្មែរសកលលើកទី២
នេះ នៅរាជធានីភ្នំពេញចាប់ ពីថ្ងៃ ១១ ដល់ ២១ ធ្នូ ឆ្នាំ ២០១១ ។
មហោស្រពសិល្បចម្រៀងខ្មែរសកលលើកទី២នេះ
ក៏ទទួលបានគាំទ្រពីសប្បុរសជនជាក្រហ៊ុនឯកជននានា មានជាអាថ៍
ធនាគារកាណាឌីយ៉ា បណ្តាញទូរស័ព្ទ Beeline
ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្ឋាគារ និងក្លឹប ណាហ្គាវឺល
និងបណ្តាញទូរទស្សន៍បាយ័ន។ ក្រៅពីបេក្ខជន បេក្ខនារីមកពីបណ្តាខេត្តក្រុងក្នុងប្រទេសក៏មានបេក្ខជនមកពីប្រទេសបារាំង
ជប៉ុន អូស្រ្តាលី កាណាដា និងសហរដ្ឋអាមេរិកផងដែរ។ សិល្បៈករចម្រៀងសម័យ
និងបុរាណទាំងពីរភេទចំនួន ២០ រូបដែលទទួលបានចំណាត់ថ្នាក់ពីលេខ ១
ដល់លេខ ៥ ក្រៅពីបានទទួលថវិការឧបត្ថម្ភពីរាជរដ្ឋាភិបាលក៏ទទួលបានការឧបត្តម្ភពីឯកឧត្តមបណ្ឌិត
សុខ អាន និងលោកជំទាវ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
និងសប្បុរសជនមកពីក្រុមហ៊ុននានាផងដែរ។











