នៅក្នុងឱកាសនៃការស្នាក់អាស្រ័យ
បំពេញបេសកកម្មការងារនៅលើទឹកដី នៃខេត្តរតនគីរី នៅព្រឹកថ្ងៃទី៦
ខែធ្នូ ឆ្នាំ២០១២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញចុះសាកសួរសុខទុក្ខកុមារនៃភូមិកុមារអេសអូអេស
ខេត្តរតនគីរី ដែលមានទីតាំងនៅក្រុងបានលុង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍វាយតំលៃខ្ពស់
និងកោតសរសើរដល់ថ្នាក់ដឹកនាំ
និងបុគ្គលិកគ្រប់គ្រងទាំងអស់នៃភូមិកុមារអេសអូអេសខេត្តរតនគីរី
ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការថែរក្សាចិញ្ចឹម
បីបាច់កុមារកំព្រា និងកុមារអនាថា
ក្នុងភូមិកុមារអេសអូអេសខេត្តរតនគីរី
ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
ពិសេសការអប់រំបណ្តុះបណ្តាលសីលធម៌វិជ្ជាជីវៈប្រកបដោយគុណភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានធ្វើការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ
និងបុគ្គលិកគ្រប់គ្រងទាំងអស់នៃភូមិកុមារអេសអូអេសខេត្តរតនគីរី
ឲ្យបន្តធ្វើការសហការឲ្យបានជាប់ជាប្រចាំជាមួយថ្នាក់ដឹកនាំ
ខេត្តរតនគីរី
សំដៅធ្វើយ៉ាងណាជួយដល់កុមារកំព្រានិងកុមារអនាថាក្នុងភូមិកុមារ
អេសអូអេសខេត្តរតនគីរី ទទួលបានការស្នាក់នៅសិក្សារៀនសូត្រដូចគ្នា
និងកុមារដទៃទៀតក្នុងសង្គម ពិសេសធ្វើយ៉ាងណាឲ្យកុមារនៅក្នុង
មជ្ឈមណ្ឌលនេះ
ទទួលបាននូវចំណេះដឹងពិតប្រាកដដើម្បីបំរើប្រទេសជាតិទៅថ្ងៃអនាគត។
នៅក្នុងដំណើរនៃការអញ្ជើញចុះសាកសួរសុខទុក្ខដល់ទីន្លែង
ស្នាក់នៅរបស់កុមារ នៃភូមិកុមារអេសអូអេសខេត្តរតនគីរី
និងការស្វែងយល់ដោយផ្ទាល់ដល់ទីន្លែងស្នាក់នៅសិក្សារៀនសូត្រ
របស់ភូមិកុមារអេសអូអេសខេត្តរតនគីរីនេះ
សម្តេចតេជោនាយករដ្ឋមន្ត្រីបាននាំយកនូវអំណោយជាសម្ភារៈថវិកាមួយ
ចំនួន ចែកជូនថ្នាក់ដឹកនាំបុគ្គលិកនៃភូមិកុមារអេសអូអេសចំនួន
៣៧នាក់ម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល កុមារកំព្រា
និងកុមារអនាថាចំនួន ១០៤ នាក់ម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល
និងបានឧបត្ថម្ភថវិកាដល់ភូមិកុមារអេសអូអេស ថវិកា ៥លានរៀលផងដែរ។
គួរជម្រាបជូនថា កុមារអេសអូអេសខេត្តរតនគីរី
គឺជាមជ្ឈមណ្ឌលចិញ្ចឹមកុមារកំព្រា និងកុមារអនាថា
និងកុមារគ្មានទីពឹងដ៏ធំជាងគេបំផុត
នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាដែលត្រូវបានសម្ពោធដាក់ឲ្យ
ដំណើរការជាផ្លូវការកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១។
បច្ចុប្បន្ននេះភូមិកុមារអេសអូអេសខេត្តរតនគីរីមានមន្ត្រីបុគ្គលិក
គ្រប់គ្រងចំនួន ៣៧នាក់ និងកុមារកំព្រា និង
កុមារអនាថាស្នាក់នៅសិក្សារៀនសូត្រចំនួន ១០៤នាក់។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា
ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ
ធ្វើឲ្យភូមិកុមារអេសអូអេសបានទទួលនូវការអភិវឌ្ឍរីកចំរើនយ៉ាង
ឆាប់រហ័ស
ពិសេសការថែទាំយ៉ាងយកចិត្តទុកដាក់បំផុតលើជីវភាពរស់នៅរបស់កុមារ
កំព្រានិងកុមារអនាថា៕
