ភូមិភាគឥសាន្តនឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ គឺប៉ូលសេដ្ឋកិច្ច កសិ-ឧស្សាហកម្ម ក្រោយពីបញ្ជាប់ការតភ្ជាប់បណ្តាញគមនាគមន៍
នៅក្នុងឱកាសសម្ពោធដាក់ឲ្យ
ប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧៨ ពីអូរពងមាន់ ខេត្តស្ទឹងត្រែង
ដល់ក្រុងបានលុង ខេត្តរតនគីរី នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវការរំពឹងទុកថា
ក្រោយពីការតភ្ជាប់រួចរាល់នូវបណ្តាញគមនាគមន៍នៅភូមិភាគឥសាន្តវា
នឹងធ្វើឲ្យតំបន់នេះ ក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា
ជាមិនខានឡើយ។
ផ្លូវជាតិលេខ៧៨ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
មានប្រវែងជាង ១២១គីឡូម៉ែត្រ មានតម្លៃ ៧៣,៣លានដុល្លារសហរដ្ឋអាមេរិក
ជាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន
រួមនឹងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំសង្ឃឹមថា
នៅមិនយូរប៉ុន្មានការតភ្ជាប់ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី
មណ្ឌលគីរី វានឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤
នឹងចាប់ផ្តើមនៅភូមិភាគឥសាន្តរបស់កម្ពុជា
បន្ទាប់ពីប៉ូលសេដ្ឋកិច្ចទី១ នៅភ្នំពេញ ប៉ូលសេដ្ឋកិច្ចទី២
នៅខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣ នៅខេត្តសៀមរាប។
សម្តេចតេជោថ្លែងថា ប៉ូលសេដ្ឋកិច្ចទី៤
នេះគឺជាប៉ូលសេដ្ឋកិច្ចកសិ-ឧស្សាហកម្ម
ដែលវានឹងធានាទៅដល់ការអភិវឌ្ឍ
និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់យើងដែរ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធាររដ្ឋប្រជាមានិត
ចិន
ដែលបានផ្តល់ការគាំទ្រសម្រាប់ការកសាងបណ្តាញគមនាគមន៍នៅក្នុង
ក្របខ័ណ្ឌទូទាំងប្រទេស សម្តេចតេជោមានប្រសាសន៍ថា
ខ្ញុំពិតជាមានការរីករាយណាស់ដែលអ្វីៗជាទីសង្ឃឹម
ជាការស្រមៃបានក្លាយទៅជាការពិតមួយ
ដែលក្នុងនោះមិត្តចិនបានធ្វើឲ្យក្តីស្រមៃ
និងការសង្ឃឹមនេះក្លាយទៅជាការពិត
សម្រាប់ការតភ្ជាប់ខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគីរី។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា
ខ្ញុំធ្លាប់បាននិយាយហើយថា ខ្ញុំអត់មានការជឿជាក់ទាល់តែសោះ
បើគ្រាន់តែមានការតភ្ជាប់ជានយោបាយ និងរដ្ឋាភិបាល
ប៉ុន្តែគ្មានការតភ្ជាប់ជារូបវន្ត
ពិសេសទាក់ទងនឹងសមាហរណកម្មផ្ទៃក្នុងខ្លួនឯងអំពីប្រព័ន្ធផ្លូវនេះឯង។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា នយោបាយដែលមានសមធម៌បំផុត
គឺនយោបាយការធ្វើហេដ្ឋារចនាសម្ព័ន្ធ
ហើយការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌
និងទូលំទូលាយ ដែលមានន័យថា
ប្រើប្រាស់ថវិកាដែលយើងទទួលបានដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជា
ផ្លូវ ជាស្ពាន ជាប្រឡាយទឹក ជាសាលារៀន ជាមន្ទីរពេទ្យ
នោះគឺសមធម៌បំផុត ដែលការនេះក៏បានកាត់បន្ថយគម្លាតរវាងទីក្រុង
និងជនបទផងដែរ។
សម្តេចតេជោបានមានប្រសាសន៍អំពីទំនាក់ទំនងរវាងកម្ពុជា
ជាមួយប្រទេសចិនថា យើងសង្ឃឹមថា
អ្វីដែលជាការគិតគូរនៅក្នុងការចរចារវាងមេដឹកនាំចិន
ជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាតាមរយៈទស្សនកិច្ចរបស់ឯកឧត្តម វេន
ជាប៉ាវ
ស្តីអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យើងនឹងបន្តរីក
ចម្រើន ហើយទំហំពាណិជ្ជកម្មទ្វេភាគីនឹងរីកចម្រើនដល់
៥.០០០លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០១៧។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាតូចមែន
ប៉ុន្តែសក្តានុពលទិញ និងសក្កានុពលលក់
នៅពេលខាងមុខពេលដែលចិនបើកចំហរទីផ្សារឲ្យកម្ពុជានាំចេញអង្ករ
នាំចេញកសិផល និងទំនិញមួយចំនួនទៅកាន់ប្រទេសចិននឹងមានការកើនឡើង
ដែលធ្វើឲ្យចំណងមិត្តភាព
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់យើងក្នុងក្របខ័ណ្ឌនៃ
ភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
កាន់តែរឹងមាំថែមទៀតជាមិនខានឡើយ។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
បានថ្លែងឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ ៧៨
ដែលត្រូវបានសាងសង់ឡើងវិញនេះ
គឺជាផ្លូវយុទ្ធសាស្ដ្រយ៉ាងសំខាន់មានទិសដៅភ្ជាប់ចរាចរណ៍
ពីរាជធានីភ្នំពេញកាត់តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅក្រុងបានលុង
ទីរួមខេត្តរតនគិរី និងតំបន់ភូមិភាគឦសាន្ត
ដែលជាតំបន់មានសក្តានុពលខាងសេដ្ឋកិច្ច
សំបូរដីដែលមានជីរជាតិអំណោយផលសំរាប់ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម
ដូចជាកៅស៊ូ ដំឡូងមី ក្នុងគោលដៅសមាហរណកម្មផ្ទៃក្នុង
ពិសេសសំដៅបំរើឱ្យការដឹកជញ្ជូន
និងការធ្វើដំណីររបស់ប្រជាពលរដ្ឋរវាងខេត្តស្ទឹងត្រែង
និងខេត្តរតនគីរី ដែលជាខេត្តមួយស្ថិតនៅឆ្ងាយដាច់ស្រយាល។
បច្ចុប្បន្នតំបន់នេះកំពុងមានការអភិវឌ្ឍ
និងនៅពេលអនាគតខាងមុខបណ្តាខេត្តទាំងអស់ក្នុងភូមិភាគឦសាន
នឹងរួមគ្នាក្លាយទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់
គឺជាតំបន់ដែលសំបូរទៅដោយដីដ៏មានជីរជាតិសំរាប់ប្រកបរបរកសិកម្ម
និងកសិ-ឧស្សាហកម្ម និងជាមជ្ឈមណ្ឌលទេសចរណ៍
ធម្មជាតិដ៏មានសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា កំណាត់ខាងចុងនៃផ្លូវជាតិលេខ៧៨ ផ្លូវប្រវែង
៧០គីឡូម៉ែត្រ ដែលតភ្ជាប់ពីបានលុង ខេត្តរតនគីរី ឆ្ពោះទៅអូយ៉ាដាវ
ព្រំប្រទល់កម្ពុជា-វៀតណាម
បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួចហើយ កាលពីថ្ងៃទី១៨ ខែមីនា
ឆ្នាំ២០១០កន្លងទៅ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


